
ក្រសួងការបរទេសកម្ពុជា ជាថ្មីម្តងទៀត ថ្កោលទោសការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដោយចាត់ទុកការវាយប្រហារតាមផ្លូវអាកាសរបស់ថៃ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ ក៏ដូចជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពធម្មនុញ្ញអាស៊ាន ព្រមទាំងស្មារតីនៃសហគមន៍អាស៊ាន។
លិខិតរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅយប់ថ្ងៃទី១៥ ធ្នូ ថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងចូលជ្រៅក្នុងដីកម្ពុជា ប្រមាណ៩០គីឡូម៉ែត្រ គឺជាការប្រើប្រាស់កម្លាំងមិនសមាមាត្រ និងពុំត្រឹមត្រូវឡើយ។
ក្រសួងការបរទេសកម្ពុជាអំពាវនាវឱ្យភាគីថៃឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែកពីលើអាកាស និងប្រតិបត្តិការយោធាណាមួយ ដែលបង្កហានិភ័យដល់ជនស៊ីវិល និងជំរុញឱ្យយោធាថៃគោរពច្បាប់អន្តរជាតិ ព្រមទាំងផ្ដល់អាទិភាពលើការពារពារជនស៊ីវិល និងគោលដៅស៊ីវិល។
កម្ពុជាបញ្ជាក់ជំហរអនុវត្តបទឈប់បាញ់ ២៨ កក្កដា និងកិច្ចព្រមព្រៀងសន្តិភាព ២៦ តុលា និងទាមទារឱ្យភាគីថៃបញ្ឈប់ការប្រើប្រាស់កម្លាំង ក្នុងការកំណត់ព្រំដែន និងត្រឡប់ទៅដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមគោលការណ៍ភាពជាអ្នកជាតិខាងល្អ និងច្បាប់អន្តរជាតិ។
រយៈពេល ៩ថ្ងៃមកនេះ យោធាថៃបានវាយប្រហារឈ្លានពានកម្ពុជាយ៉ាងខ្លាំង និងប្រើអាវុធធន់ធ្ងន់គ្រប់ប្រភេទចូលទឹកដីកម្ពុជា ដោយទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្ទះពលរដ្ឋស៊ីវិល ប្រាសាទបុរាណ វត្តអារាម សាលារៀនជាដើម។ សង្គ្រាមឈ្លានពាននេះបានសម្លាប់ពលរដ្ឋស៊ីវិលកម្ពុជាអស់ ១៥នាក់ របួសធ្ងន់ជិត ១០០នាក់ និងបង្កការភ័យខ្លាចធ្វើឱ្យពលរដ្ឋភៀសសឹក ជាង ៤០ម៉ឺននាក់៕









