
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង សោកស្ដាយដែលរដ្ឋាភិបាលកម្ពុជា មិនពន្លឿនប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិICJ បើទោះបីជាបារាំងបានប្រកាសជំហរជាថ្មីថា នឹងសហការជាមួយកម្ពុជា ក្នុងការផ្ដល់ឯកសារ ពាក់ព័ន្ធ។ ទន្ទឹមគ្នានោះ ពួកគាត់ថា ការដែលលោក ហ៊ុន ម៉ាណែត មិនហ៊ានប្ដឹងថៃទៅស្ថាប័នអន្តរជាតិ ព្រោះ លោកខ្លាចយោធាថៃបង្កសង្គ្រាម ជាលើកទី៣ ដែលធ្វើឱ្យរង្គោះរង្គើអំណាចរបស់មេដឹកនាំត្រកូល «ហ៊ុន» ទើបមិនប្ដឹងថៃទៅតុលាការអន្តរជាតិ។
ស្របពេល យោធាថៃ កំពុងសាងសង់លេណដ្ឋាន និងសំណងរឹងនៅលើដែនអធិបតេយ្យកម្ពុជា ដោយខុសច្បាប់ ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលទទូចឱ្យរដ្ឋាភិបាលត្រូវប្ដឹងថៃទៅតុលាការអន្តរជាតិ បើពុំដូច្នោះទេទឹកដីខ្មែរ ដែលថៃឈ្លានពានយក នឹងមិនបានមកកម្ពុជាវិញនោះឡើយ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៦ ខែ មករាថា ការត្រៀមខ្លួនសហការរបស់ប្រទេសបារាំងជួយផ្ដល់ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជាជាការឆ្លុះបញ្ចាំងថា បារាំងគាំទ្រយុត្តិធម៌ ។ ប៉ុន្តែ ផ្ទុយទៅវិញ លោកថា មកទល់ពេលនេះកម្ពុជា នៅពុំទាន់ បង្ហាញគោលជំហរ ច្បាស់លាស់ក្នុងប្ដឹងថៃ នោះឡើយ។
លោកបន្តថា កម្ពុជាគួរតែរៀបចំគណៈកម្មាធិការដែលមានសមត្ថភាពខ្ពស់ សម្រាប់ធ្វើការជាមួយប័ណ្ណសារដ្ឋានបារាំង ក្នុងការរៀបចំសំណុំរឿងព្រំដែន ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈវិទ្យាសាស្ត្រ ដើម្បីប្ដឹងថៃ ទៅ តុលាការអន្តរជាតិICJ ហើយកម្ពុជាត្រូវមានភាពម្ចាស់ការលើសំណុំរឿងនេះ ឱ្យបានម៉ត់ចត់ ក្នុងការឆ្លើយឆ្លងជាមួយតុលាការ។ ទន្ទឹមគ្នានោះលោកថា កម្ពុជាមិនត្រូវផ្ដេកផ្ដួលទៅតាម ស្ថានការណ៍នយោបាយ របស់ប្រទេសថៃនោះទេ ព្រោះថា ការធ្វើបែបនេះ នាំតែកម្ពុជាខាតពេលវេលា និងបាត់បង់ការការពារដែនអធិបតេយ្យភាពរបស់ខ្លួនឯង។
លោក សេង វណ្ណលី៖ «ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការគាំទ្ររបស់បារាំងកម្ពុជាត្រូវការអនុវត្ត យុទ្ធសាស្ត្រ ពហុវិស័យ។ជាដំបូងកម្ពុជាគួរតែបង្កើនកិច្ចសហការ បច្ចេកទេសឱ្យកាន់តែ ស៊ីជម្រៅជាមួយអ្នកជំនាញផែនទី មេធាវីអន្តរជាតិដែលមានបទពិសោធន៍ ដើម្បីបកប្រែ នឹងវិភាគរកទិន្នន័យដែលទទួលបានពីបារាំង ឱ្យទៅជាភស្តុតាងវិទ្យាសាស្ត្រ ដែលងាយយល់ និងមានទម្ងន់។ ទន្ទឹងការងារច្បាប់ កម្ពុជាក៏ត្រូវប្រើប្រាស់យន្តការការទូតសាធារណៈ ដើម្បីពន្យល់ដល់សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋ អំពីភាពត្រឹមត្រូវ នៃផ្លូវច្បាប់ដែលខ្លួនកំពុងដើរ»។
ការលើកឡើងនេះ ក្រោយពីឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង លោក លុយ ដាវីត នៅថ្ងៃទី២៥ ខែមករា បានបង្ហោះសារយ៉ាងខ្លីនៅលើគណនីហ្វេសប៊ុក របស់លោកថា ប្រទេសបារាំង បានត្រៀមខ្លួន ជាស្រេចក្នុងការផ្ដល់ឯកសារ និងផែនទី ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJតាមផ្លូវចិត្ត។
ទូរទស្សន៍ អាស៊ីសេរីពុំអាចទាក់ទង លោក លុយ ដាវីត ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានបានទេ នៅថ្ងៃទី២៦ ខែមករា។ គេក៏នៅមិនទាន់ឃើញភាគីបារាំងអះអាងជាសាធារណៈ ឬបញ្ជាក់បន្ថែមជុំវិញការលើកឡើងរបស់លោក លោក លុយ ដាវីត នេះដែរ។ រីឯ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា លោក ប៉ែន បូណា លើកឡើងនៅក្នុងការផ្សាយផ្ទាល់អំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ នៅ ថ្ងៃទី២៦ ខែមករាថា ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែននិងថៃមកកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្ដីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ សរុបចំនួនជិត៧០០លើក។ ប៉ុន្តែយ៉ាងណា លោកពុំបានបញ្ជាក់ថា តើកម្ពុជាបានប្ដឹងថៃ ទៅតុលាការអន្តរជាតិនោះទេ។
លោក ប៉ែន បូណា៖ «សេនាធិការរបស់រដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុតដើម្បីការពារដែនអធិបតេយ្យភាពជាតិ បូរាណភាពទឹកដី។ ក៏ដូចជាយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹកដោយចាត់ទុកជាការអភិវឌ្ឍន៍ចម្បងបំផុតរបស់រដ្ឋាភិបាល។ ជាក់ស្ដែង ក្នុងអំឡុងពេល ៦ខែចុងក្រោយនេះក្រសួង និងស្ថាប័ន នានារបស់រដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្ដីថ្លែងការណ៍ ញត្តិថ្កោលទោស លិខិតបកស្រាយ ឬលិខិតឆ្លើយ តបផ្សេងៗ គ្រប់ទម្រង់សរុបជិត៧០០លើក»។
ស្របពេល កម្ពុជាកំពុងតែ ជាប់គាំងមិនអាចចរចា ទ្វេភាគីជាមួយថៃ ហើយមិនអាច ប្រើយន្តការ ការទូត ដើម្បីដាក់ សម្ពាធភាគីថៃ ឱ្យដកកងទ័ព ចេញពីដែនអធិបតេយ្យរបស់កម្ពុជានោះយោធាថៃ គ្មានបន្ធូរបន្ថយ ក្នុងការឈ្លានពានទឹកដីខ្មែរ ជាថ្មីបន្ថែមទៀតនោះឡើយ។ ជាក់ស្ដែង នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ យោធាថៃកំពុងតែ ពង្រាយកងទ័ពឱ្យឈរជើង និងកាត់ផ្ដាច់ប្រព័ន្ធទឹកមិនឱ្យពលរដ្ឋខ្មែរអាចរស់នៅតំបន់នោះបានទៀត។ ស្របពេលនោះយោធាថៃក៏ បានរាយបន្លាលួសព័ទ្ធយកដីខ្មែរ ជាបន្តបន្ទាប់ ក្រោយពី អ្នកភូមិ ចាកចេញពីទីនោះ។
ចំណែកនៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ យោធាថៃបាន សាងសង់ លេណដ្ឋាន និងពន្រាយកុងតឺន័រ និង ដុតផ្ទះអ្នកភូមិចោល សឹងតែទាំងស្រុង។ ជាមួយគ្នានោះនៅតំបន់ភ្នំទ្រព្យ ភ្នំ២៥០ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ និងតាមជូរភ្នំជិតប្រាសាទព្រះវិហារ និងតំបន់អានសេះ ខេត្តព្រះវិហារជាដើម ក៏ត្រូវបានយោធា ពលរដ្ឋ និងព្រះសង្ឃថៃកំពុងសស្រាក់សស្រាំធ្វើ ផ្លូវបេតុង កសាងរូបសំណាកព្រះពុទ្ធ និងដំឡើងទង់ជាតិថៃ ហាក់កំពុងប្រែក្លាយ ទៅជាតំបន់គ្រប់គ្រងអចិន្ត្រៃយ៍ របស់យោធាថៃទាំងស្រុង។ រីឯកងទ័ពខ្មែរ បានត្រឹមតែ ឈរនៅតាមជើងភ្នំ ហើយពុំហ៊ានរារាំង យោធាថៃនោះទេ បើទោះបី ជាឃើញយោធាថៃរាយបន្លាលួស ចូលទឹកដីខ្មែរជាច្រើនកន្លែង ក្រោយបទឈប់បាញ់ទៀត ក្ដី។
ពលរដ្ឋរស់នៅតំបន់អូរស្មាច់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ប្រាប់អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះ បារម្ភពី សុវត្ថិភាព លើកឡើងថា នៅតំបន់អូរស្មាច់ អ្នកភូមិ ពុំអាចរស់នៅបានទេ ព្រោះយោធាថៃ បានកាន់កាប់តំបន់មួយចំនួន ហើយប្រព័ន្ធទឹក ក៏ត្រូវបានកាត់ផ្ដាច់ចោលអស់។ លោកថាប្រសិនបើកម្ពុជាមិនប្ដឹងថៃ ទៅតុលាការអន្តរជាតិទេ អ្នកភូមិមិនដឹងពេលណា ទើបអាចរស់នៅ ដោយសុខសាន្តឡើងវិញនោះទេ។
«ខ្ញុំថាបើបានប្ដឹងនៅអង្គការអន្តរជាតិ ខ្ញុំថាសំខាន់ណាស់ ទុកឱ្យគេកាត់ក្ដី អ្នកណាត្រូវ អ្នកណាខុសលើតុលាការអន្តរជាតិ។ បើអត់បានដាក់ពាក្យប្ដឹងធ្វើឱ្យប្រជាពលរដ្ឋយើងមានការបារម្ភ។ បើនិយាយទៅខ្ញុំព្រួយបារម្ភគ្រប់ពេលវេលា។ ដេកគិតស្រមៃនៅក្នុងនោះ។ បើនិយាយពីការសោកស្ដាយ បើដីដែលធ្លាប់រស់នៅ មិនចង់ឱ្យវាមានការបាត់បង់ទេ។ យើងធ្លាប់រស់នៅ រាប់សិបឆ្នាំកន្លងមកហើយ។ មិនចង់ឱ្យបាត់បង់បានទៅភាគីណាទេ នេះសម្រាប់រូបខ្ញុំ»។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័ន អធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន លើកឡើងថា ការដែលកម្ពុជាពុំប្ដឹងថៃទៅតុលាការអន្តរជាតិ ហើយ បន្តរង់ចាំតែការដោះស្រាយ តាមរយៈ ទ្វេភាគីជាមួយថៃបែបនេះ គឺបង្ហាញថា លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន កំពុងយកដែនអធិបតេយ្យកម្ពុជាមកលេងសើច ហើយកំពុងតែកុហក បោកប្រាស់ប្រជាពលរដ្ឋ។ លោកថា ករណីនេះគឺជារឿងដ៏ឈឺចាប់ ហើយ គ្មានថ្ងៃ កម្ពុជាអាច ទាមទារទឹកដីចំនួន ៤០ទីតាំង ដែលបាត់បង់នោះ បានមកវិញនោះទេ។

លោក អ៊ុំ សំអាន៖ «បើកម្ពុជាខ្លាចថៃបង្កសង្គ្រាម បង្កជម្លោះ ៤០ទីតាំងដែលបាត់បង់នោះអត់បានមកវិញទេ។ ស៊ូបាត់បង់៤០ទីតាំង ឬយើងនៅតែខ្លាចថៃ។ បើខ្លាចថៃពេកសូម្បីតែប្ដឹងមិនហ៊ានប្ដី ខ្ញុំយល់ថាអត់មានបំណងទាមទារទឹកដី ចំនួន៤០ទីតាំងយកពីថៃមកវិញនោះទេ។ ហើយ លើកពីភាពស្មុគស្មាញថា ថៃមិនឡើងទៅICJ ហ្នឹង! ឥឡូវប្ដឹងសិនទៅ បើមិនទាន់ប្ដឹងផង ធ្វើម៉េចបានដឹងថា គេមិនទៅ។ ប្ដឹងទៅថៃ អាចនឹងឡើងទៅ ប្ដឹងទៅតុលាការICJគេ អាចនឹងកោះហៅថៃ»។
អ្នកវិភាគ និងប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក នៅតែបន្តជំរុញឱ្យ លោក ហ៊ុន ម៉ាណែត ប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញទង្វើឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាម ដែលយោធាថៃ បានបំពានមកលើកម្ពុជា។ ពួកគាត់ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន មិនព្រមប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនោះទេ មេដឹកនាំនៃគ្រួសារត្រកូលហ៊ុន ត្រូវទទួលខុសត្រូវនៅ ចំពោះមុខប្រជាពលរដ្ឋ និងប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីខ្មែរនៅពេលនេះ៕










