

គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា (JBC) ប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំង។ ការអះអាងដូច្នេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានព័ទ្ធបន្លាលួស ក្រោយវាយកាន់កាប់ទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពាន២លើកមកនេះ។
គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាចេញផ្សាយគោលជំហររបស់ខ្លួនក្នុងសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី២៩ ធ្នូ ថា ភាគីកម្ពុជានឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យឆាប់បំផុតជាមួយគណៈកម្មាធិការចម្រុះព្រំដែនគោកថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំង។
គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាអះអាងថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) និងអនុសញ្ញា សន្ធិសញ្ញាបារាំងសៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់ គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាពេលកន្លងទៅ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាបានស្នើភាគីថៃបើកកិច្ចប្រជុំពិសេសបន្ទាន់មួយ នៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តវាស់វែង និងខណ្ឌសីមា ចន្លោះបង្គោល ៤២-៤៧ នៅភូមិសាស្ត្រអូរបីជាន់ ស្រុកអូរជ្រៅ, ចន្លោះបង្គោល ៥២-៥៩ នៅភូមិសាស្ត្រឃុំបឹងរាំង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង, ចន្លោះបង្គោល ៣៣-៣៧ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់ព្រំដែនអូរភ្លុកដំរី តំបន់ព្រំដែនច១ នឹងតំបន់ព្រំដែនផ្សេងទៀត។។
លើសពីនេះ កិច្ចប្រជុំពិសេសបន្ទាន់នេះក៏នឹងជជែកពីការបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា តាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ក្រោយកម្ពុជាថៃបានឯកភាពបទឈប់បាញ់ជាលើកទី២ កាលពីថ្ងៃទី២៧ ធ្នូ យោធាថៃបានបញ្ចេញវីដេអូជាបន្តបន្ទាប់ពីការកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែងនៅតាមបណ្ដោយព្រំដែន។ ចំណែកពលរដ្ឋ និងកាសែតក្នុងស្រុកក៏បានចុះផ្ដិតរូបភាពដែលយោធាថៃពង្រីកការរាយបន្លាលួសចូលជ្រៅបន្ថែមទៀតក្នុងដីខ្មែរ ដូចជា តំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ច្រកព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ជាដើម៕









