កម្ពុជា​ឆ្លើយតប​ទៅ​ថៃ​ដែល​ចង់​បិទ​ច្រក​ផ្លូវ​សមុទ្រ​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចរាល់

0
106
អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ផន រឹម។ រូប៖ ហ្វេសប៊ុក
អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ផន រឹម។ រូប៖ ហ្វេសប៊ុក

កម្ពុជា​ឆ្លើយតប​ទៅ​ភាគី​ថៃ​ដែល​ចង់​បិទ​ច្រក​ផ្លូវ​សមុទ្រ​កម្ពុជា​នាំ​ទំនិញ​ចូល ដោយ​អះអាង​ថា បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ នៅ​ចំពោះមុខ​ការវាយប្រហារ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ផន រឹម សរសេរ​លើ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ ថា កម្ពុជា​មិនមែន​ក្មេង​បៀម​ដៃ។ កម្ពុជា​បាន​គិត​គូរ​រឿង​នេះ និង​បាន​ត្រៀមលក្ខណៈ​រួចរាល់ ឆ្លើយតប​គ្រប់​ទម្រង់ ចំពោះ​មហិច្ឆតា​បង្ក​សង្គ្រាម​ពង្រីក​ទំនាស់​របស់​ថៃ។

លោក​លើកឡើង​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ ឃើញ​កាសែត​ថៃ​ដកស្រង់​សំដី​មន្ត្រីជាន់ខ្ពស់​ថៃ​ពាក់ព័ន្ធ​ការព្រមាន បិទ​រាំង​ខ្ទប់ ដំណើរ​នាវាចរ​ដឹកទំនិញ​តាមផ្លូវ​សមុទ្រ​ឆ្លងកាត់​ឈូង​សមុទ្រ​ថៃ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ពួកគេ​យក​លេស​ផ្សេងៗ​មក​សំអាង ក្នុង​គោលដៅ​ចិញ្ចឹម​មហិច្ឆតា​ឈ្លានពាន បង្ក​សង្គ្រាម ពង្រីក​ជម្លោះ​ជាមួយ​កម្ពុជា។

លោក ផន រឹម បន្ត​ថា កម្ពុជា​មាន​ច្រក​ដឹកទំនិញ​សមុទ្រ​ចម្រុះ និង​ប្រទាក់ក្រឡា ដែល​មាន​សក្ដានុពល និង​ធានា​បាន​នូវ​ឯករាជ្យភាព និង​ម្ចាស់ការ​លើ​គ្រប់​ទម្រង់ ស្រប​តាម​ច្បាប់ និង​វិធាន​អន្តរជាតិ។

កាលពី​ថ្ងៃទី​១៤ ធ្នូ យោធា​ថៃ​បាន​ចេញ​បញ្ជា​បន្ទាន់​មួយ ឱ្យ​បិទ​ឈូង​សមុទ្រ​ថៃ ដើម្បី​ស្ទាក់​ចាប់​ការ​ដឹក​ជញ្ជូន​ប្រេង និង​សម្ភារៈ​យោធា​ចូល​កម្ពុជា ហើយ​បាន​ប្រកាស​ដាក់​ដែនទឹក​ជុំវិញ​កំពង់ផែ​កម្ពុជា ថា ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ