ទាហាន​ខ្មែរ​អះអាង​ថា មន្ត្រី​បក្ស​កាន់​អំណាច​បាន​ដើរ​ប្រមូល​ទាហាន​ស្ម័គ្រចិត្ត​មុន​ផ្ទុះ​សង្គ្រាម​នៅ​ព្រំដែន​ថៃ

0
125
រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ប្រចាំ​ក្រុង​ប៉ោយប៉ែត​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៉ាន់ខែម ប៊ុនថន (ស្ដាំ) បង្ហោះរូបជាមួយមន្ត្រី​ទាហាន កាលពីថ្ងៃទី២៥ ​ខែ​កក្កដា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម
រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ប្រចាំ​ក្រុង​ប៉ោយប៉ែត​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៉ាន់ខែម ប៊ុនថន (ស្ដាំ) បង្ហោះរូបជាមួយមន្ត្រី​ទាហាន កាលពីថ្ងៃទី២៥ ​ខែ​កក្កដា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម

ទាហាន​មួយចំនួន​ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា ពួកគាត់​ត្រូវ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា អូសទាញ​ឱ្យ​ចូល​បម្រើ​ទ័ព​ស្ម័គ្រចិត្ត នៅ​មុន​ពេល​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន ដោយ​ការសន្យា​ផ្ដល់​ក្របខ័ណ្ឌ​ជា​ទាហាន​ពេញ​សិទ្ធិ ក្រោយ​ឈរជើង​បាន ៣​ខែ។ ក៏ប៉ុន្តែ ពួកគាត់​ថា ក្រោយ​ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​ជាង ២០​ថ្ងៃ និង​ហួស​កាលកំណត់​ហើយ​នេះ ពួកគាត់​ត្រូវ​គេ​ទុកចោល​យ៉ាង​កម្សត់​នៅ​តំបន់​ព្រំដែន និង​មិនបាន​ផ្ដល់​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ​តាម​ការសន្យា​នោះ​ឡើយ។

ទាហាន​ម្នាក់ កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា នៅមុខ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​ថៃ​ជា​លើក​ទី​២ លោក ប៉ាន់ខែម ប៊ុនថន ដែល​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ប្រចាំ​ក្រុង​ប៉ោយប៉ែត របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មក​ប្រកាស​ជ្រើសរើស​ទាហាន​ស្ម័គ្រចិត្ត​នៅ​ភូមិ​បឹងជង្រុក ក្នុងស្រុក​ម៉ាឡៃ ដើម្បី​ឱ្យទៅ​ឈរជើង​នៅ​តាម​តំបន់​ព្រំដែន ដោយ​មន្ត្រី​រូប​នេះ បាន​ធានា​ថា នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​មួយ​ខែ​ចំនួន ១​លាន​រៀល និង​បញ្ចូល​ឈ្មោះ​ជា​យោធា​ពេញ​សិទ្ធិ បន្ទាប់​ពី​ចូល​បម្រើការ​បាន​រយៈពេល ៣​ខែ។

លោក​បន្ត​ថា ក្រោយ​ធ្វើ​កងទ័ព​ស្ម័គ្រចិត្ត​អស់​រយៈពេល​ជិត ៣​ខែ​មក សង្គ្រាម​តាម​ព្រំដែន​ថៃ​បាន​ផ្ទុះឡើង ហើយ​លោក​ត្រូវ​ថ្នាក់លើ​បញ្ជា​ឱ្យ​ចេញ​ច្បាំង រហូតដល់​សង្គ្រាម​ត្រូវ​បាន​ផ្អាក លោក​នៅតែ​បន្ត​ឈរជើង​នៅ​តំបន់​ព្រំដែន​ដដែល ព្រោះ​ខ្លាច​បាត់​សិទ្ធិ​បញ្ចូល​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​ទាហាន។

ទោះជា​យ៉ាងណា លោក​អះអាង​ថា មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង ៤​ខែ​ទៅ​ហើយ លោក​នៅ​មិន​ទាន់​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ក្របខ័ណ្ឌ​ទាហាន​នោះ​ឡើយ ផ្ទុយទៅវិញ អង្គភាព​របស់​លោក ត្រូវ​ថ្នាក់​លើ​ទុក​ចោល​នៅ​តំបន់​ព្រំដែន ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​នោះ​ឡើយ។

ទាក់ទិន​រឿង​នេះ នាយទាហាន​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ ដែរ​នោះ បាន​អះអាង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ពិតជា​មានការ​ប្រមូល​ទាហាន​ស្ម័គ្រចិត្ត​យក​ទៅ​ច្បាំង​នៅ​តំបន់​ព្រំដែន​ពិតប្រាកដ​មែន​។ លោក​បន្ត​ថា ទាហាន​ស្ម័គ្រចិត្ត​ទាំងនេះ ភាគច្រើន​ជា​អតីត​ទាហាន​ខ្មែរក្រហម និង​ទាហាន​របស់​ក្រុម​រណសិរ្ស​ផ្សេងៗ មកពី​តំបន់​បឹង​ជង្រុក និង​តាម​បណ្ដា​ខេត្ត ដែល​មាន​ចំនួន​សរុប​ប្រហែល​ជាង ៣​រយ​នាក់។

ទាហាន៖ «សួរ​ថា រើស​ធ្វើ​អី រើស​ម្ដង​៤​ពាន់​នាក់ សួរ​ថា​អ្នកស្ម័គ្រចិត្ត​នៅ​ហ្នឹង​អត់​ដាក់​បញ្ចូល​មក​។ សូម្បី​ខោអាវ​ទាហាន បាន​ទាហាន​ពេញ​សិទ្ធិ​ហ្នឹង​ហើយ​អ្នក​ឱ្យ និង​រើស​ខោអាវ​អ្នក​រត់ចោល​ជួរ​មក​ស្លៀក»។

យោធិន​រូប​នេះ អះអាង​ថា ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ ទាហាន​ស្ម័គ្រចិត្ត​ទាំងនោះ គ្មាន​នរណា​ម្នាក់​រត់ចោល​ជួរ​នោះ​ឡើយ ទោះបីជា​ពួកគាត់​មួយចំនួន​គ្មាន​វិទ្យុ​ទាក់ទង គ្មាន​កាំភ្លើង​ប្រយុទ្ធ និង​ខ្លះ​ទៀត ទទួល​បាន​តែ​កាំភ្លើង ដែល​ឡើង​ស្និម និង​បាញ់​ស្ទើរតែ​មិន​ចេញ​គ្រាប់​ក៏ដោយ។

ទាហាន​៖ «ទោះបីជា​មិន​បាន​ហ្វឹកហាត់ ក្នុង​សង្គ្រាម​២១​ថ្ងៃ គាត់​អត់​បាន​រត់ចោល​ជួរ​ទេ គាត់​នៅ​តតាំង ចំណែក​ទាហាន​ដែល​ស៊ី​ឈ្មោះ និង​សូក​លុយ បាន​រត់ចោលជួរ​ទាំង​កាំភ្លើង​ទៀត»។

ទោះជា​យ៉ាងនេះ​ក្ដី ក្រោយ​ផ្អាក​សង្គ្រាម ទាហាន​ស្ម័គ្រចិត្ត​មួយចំនួន បាន​អះអាង​ថា ពួកគាត់​ត្រូវ​អង្គភាព​ទុកចោល​ឱ្យ​រស់នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​នៅ​ក្នុង​លេណដ្ឋាន ក្រោម​សំពត់​តង់​កៅស៊ូ​ធ្លុះធ្លាយ និង​ខ្វះខាត​ការ​ផ្គត់ផ្គង់​ចំណីអាហារ ដោយ​មួយ​រយៈកាល​កន្លង​មក​នេះ ពួកគាត់​បរិភោគ​តែ​មី​កញ្ចប់ និង​ត្រីខ​កំប៉ុង រហូត​បណ្ដាល​ឱ្យ​កើតរោគ​ក្រពះ និង​ក្អួត​ចង្អោរ​ជា​ញឹកញាប់។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា និង​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៉ាន់ខែម ប៊ុនថន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា ប្រសិនបើ​លោក ប៉ាន់ខែម ប៊ុនថន ពិតជា​បាន​ជ្រើសរើស​ទាហាន​ស្ម័គ្រចិត្ត ដូច​ការ​លើកឡើង​មែន​នោះ ករណីនេះ​គឺជា​ការ​ជ្រៀតជ្រែក​ចូលក្នុង​ការងារ​កងទ័ព ពី​សំណាក់​មន្ត្រី​ស៊ីវិល របស់​គណបក្ស​កាន់អំណាច ដែល​ធ្វើ​ឱ្យ​ការគ្រប់គ្រង​វិស័យ​ការពារ​ជាតិ​មាន​ភាព​ច្របូកច្របល់ ចុះ​ទន់ខ្សោយ និង​មិន​ឯករាជ្យ។

លោក អ៊ុំ សំអាន៖ «ការ​ជ្រើសរើស​ទាហាន ដោយ​មិន​ឆ្លងកាត់​ក្រសួង​ការពារជាតិ និង​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ធ្វើ​ម៉េច​នឹង​ច្បាំង​ឈ្នះ​គេ ដល់ពេល​អ៊ីចឹង​គឺ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ហើយ​ការ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ហ្នឹង គឺជា​អំពើ​ក្បត់ជាតិ។ នេះ​គឺជា​រឿង​ធំ​សម្រាប់​ប្រទេសជាតិ ដូច្នេះ​អ្នក​ដែល​ប្រព្រឹត្តិ​ខុស គួរតែ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់»។

លោក អ៊ុំ សំអាន បន្ត​ថា ករណីនេះ ក៏បាន​បង្ហាញ​ពី​អំពើពុករលួយ​នៅក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ដែល​មាន​ការ​បង្កើន​ឈ្មោះ​ទាហាន​ខ្មោច ដែល​ធ្វើ​ឱ្យ​ចំនួន​កងទ័ព ច្រើនតែ​តួលេខ ទាហាន​ពិត​ដែល​ទៅ​ច្បាំង​នៅ​លើ​សមរភូមិ មាន​ចំនួន​តិចតួច។

ទាហាន​ស្ម័គ្រចិត្ត បាន​អះអាង​ថា ពួកគាត់​បានសម្រេច​ចិត្ត​ចូល​បម្រើកងទ័ព​នៅពេល​នេះ គឺ​មិនមែន​ប្រាថ្នា​ចង់បាន​ប្រាក់ខែ ឬ​ប្រាក់​ចូលនិវត្តន៍ និង​តំណែង​បុណ្យស័ក្ដិ​នោះ​ទេ ព្រោះ​ពួកគាត់​ភាគច្រើន សុទ្ធ​តែ​មាន​អាជីព និង​មុខរបរ​ដែល​អាច​ចិញ្ចឹមជីវិត​ដោយ​សមរម្យ​ទៅ​ហើយ ប៉ុន្តែ​ពួកគាត់​ចូល​មក​នេះ គឺ​ដើម្បី​បម្រើ​ប្រទេស​ជាតិ​ជាធំ ដោយសារ​ឈឺចាប់​នឹង​ទង្វើ​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា។

ពួកគាត់​ចោទ​ថា ហេតុ​ដែល​នាំ​ឱ្យ​កម្ពុជា​ចាញ់​សង្គ្រាម​ជាមួយ​ថៃ ដូច​ក្នុង​ពេល​កន្លង​ទៅ​នេះ គឺ​មកពី​មេដឹកនាំ​គ្រប់គ្រង​ស្ថាប័ន​ការពារ​ជាតិ បែប​សែស្រឡាយ បក្ខពួក​និយម និង​ផាត់​ចោល​មនុស្ស​ដែល​មាន​ឆន្ទៈ និង​សមត្ថភាព ទើប​ធ្វើ​ឱ្យ​ស្ថាប័ន​មួយ​នេះ គ្មាន​ការ​រីកចម្រើន និង​ទន់ខ្សោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ