

ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ភ្នំ៣៣៣ ថ្មឆត្រ និងជប់អង្គុញ ឥតដាច់ តាំងពីយប់ រហូតមកដល់ពេលព្រឹក ដោយយោធាថៃ បានប្រើប្រាស់រថក្រោះ កម្លាំងថ្មើរជើង កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាត វាយសម្រុកទៅលើទីតាំងយោធាខ្មែរ។
ទោះជាយ៉ាងណា ក្រសួងការពារជាតិបានអះអាងថា កងទ័ពខ្មែរបានបន្តឈរជើងនៅតំបន់ប្រាសាទតាក្របី យ៉ាងរឹងមាំដដែល។
ដោយឡែកចំពោះភាគីថៃ វិញ យោធាភូមិភាគ២របស់ថៃ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ថា មានទាហានថៃចំនួន ២នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពខ្មែរ នៅតំបន់ប្រាសាទតាក្របី។ យោធាថៃបានអះអាងថា ពួកគេកំពុងបង្កើនប្រតិបត្តិការយោធា នៅតំបន់ជុំវិញប្រាសាទតាក្របីនោះ៕









