

ប្រមុខការពារជាតិកម្ពុជាសម្រេចចុះហត្ថលេខាលើបទឈប់បាញ់បណ្ដោះអាសន្នជាមួយយោធាថៃ រយៈពេល ៧២ម៉ោង ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០២៥ តទៅ។ នេះជាបទឈប់បាញ់លើកទី២ ក្រោយពីយោធាថៃបានវាយប្រហារឈ្លានពានកម្ពុជាយ៉ាងកម្រោល និងគ្មានត្រាប្រណី។
លោក ទៀ សីហា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយចុះហត្ថលេខាលើបទឈប់បាញ់ថា លោកសោកស្ដាយចំពោះការស្លាប់របស់ពលរដ្ឋខ្មែរ និងអរគុណពលរដ្ឋដែលគាំទ្ររដ្ឋាភិបាលក្នុងកាលៈទេសៈនេះ។
លោក ទៀ សីហា៖ «សូមថ្លែងអំណរគុណបងប្អូនពលរដ្ឋជាមហាគ្រួសារខ្មែរទាំងអស់ ដែលកន្លងមកមានការគាំទ្រ ហើយជាពិសេសទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងកាលៈទេសៈដែលលំបាកនេះ ហើយក៏សូមសម្ដែងនូវការសោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់នូវសមាជិកជាទីស្រឡាញ់ ក្នុងការប៉ះទង្គិចព្រំដែននៅពេលនេះផងដែរ»។
នេះជាថ្ងៃទី២១ ចាប់តាំងពីយោធាថៃបានវាយប្រហារឈ្លានពានកម្ពុជា តាមផ្លូវគោក អាកាស និងទឹក ដោយបានផ្តាច់ផ្តិលជីវិតជនស៊ីវិលខ្មែរចំនួន ៣១នាក់ និងរបួសជិត ១០០ នាក់។ ចំណែកផ្ទះសម្បែងពលរដ្ឋ សាលារៀន ប្រាសាទបុរាណ បានរងការខូចខាតយ៉ាងច្រើន ហើយមនុស្សជិត ៧០ម៉ឺននាក់បានភៀសខ្លួន ដោយសារយោធាថៃបានទម្លាក់គ្រាប់បែកពីលើអាកាស ផ្លោងគ្រាប់បែកធុនធ្ងន់ពីនាវាចម្បាំង និងកាំភ្លើងធំជាដើម។
លោក ទៀ សីហា និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៅព្រឹកថ្ងៃទី២៧ ធ្នូ ដោយព្រមព្រៀងលើលក្ខខណ្ឌ ១៦ចំណុច។ កិច្ចព្រមព្រៀងទាំងនោះមាន បទឈប់បាញ់ ៧២ម៉ោង ការឈរជើងនៅទីតាំងរបស់ខ្លួន ព្រមទាំងមិនចល័តទ័ព ឬបង្កការប៉ះពាល់ដល់ការងារខណ្ឌសីមាព្រំដែនជាដើម។ ចំណែកពលរដ្ឋស៊ីវិលនឹងអនុញ្ញាតឱ្យត្រឡប់មកផ្ទះសម្បែងរស់នៅដូចធម្មតាវិញ ក្នុងពេលឆាប់ៗ។ លើសពីនេះភាគីថៃយល់ព្រមដោះលែងយោធិនកម្ពុជា ១៨នាក់ បើបទឈប់បាញ់ មានប្រសិទ្ធភាពក្រោយ ៧២ម៉ោង។ ចំណែកការសម្របសម្រួល ភាគីទាំងពីរបន្តជ្រើសរើសក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ទោះយ៉ាងណា បទឈប់បាញ់នេះ ហាក់បន្សល់នូវមន្ទិលសង្ស័យដល់ពលរដ្ឋលើទីតាំងឈរជើងដែលយោធាថៃកំពុងកាន់កាប់ ដូចជាតំបន់អានសេះ ដែលកងវិស្វកម្មថៃបានប្រើគ្រឿងចក្របំផ្លាញរូបសំណាកព្រះវិស្ណុ នៅក្បែរនឹងអគារកាស៊ីណូរបស់លោក ទ្រី ភាព ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីព្រំដែននៃប្រទេសទាំងពីរ និងរូបសំណាក់លោកតាអ៊ុំ និងផ្សារនៅច្រកអានសេះផង។
រហូតមកដល់ពេលនេះ ក្រសួងការពារជាតិពុំទាន់បកស្រាយដល់សាធារណជននោះទេ ចំពោះបញ្ហារសើបទាំងនោះ។ ចំណែកផ្ទះសម្បែងពលរដ្ឋ វត្តអារាម ស្ពានថ្នល់ សាលារៀន ប្រាសាទបុរាណ ជាដើម ដែលរងការបំផ្លាញពីយោធាថៃ ក៏មិនមានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមនេះថា ភាគីណាជាអ្នកទទួលខុសត្រូវដែរ ដោយកន្លងទៅក្រសួងការពារជាតិកម្ពុជាតែងចោទថា យោធាថៃបានឈ្លានពានកម្ពុជាយ៉ាងកម្រោល និងអមនុស្សធម៌ជាទីបំផុត។
ចំណែកក្រសួងមហាផ្ទៃកម្ពុជាក៏តែងបង្ហាញពីរូបភាពសោកនាដកម្មនានាដែលយោធាថៃបានបំផ្លាញ និងសម្លាប់ពលរដ្ឋស៊ីវិលកម្ពុជា។ រីឯក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏ថ្កោលទោសយោធាថៃយ៉ាងខ្លាំង នូវការបំផ្លាញប្រាសាទតាក្របី និងតំបន់ប្រាសាទព្រះវិហារ ដោយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិជាដើម។
ប៉ុន្តែ សេចក្ដីថ្លែងការណ៍រួមលើបទឈប់បាញ់ជាលើកទី២នេះ មិនមាននិយាយទាល់តែសោះ បើទោះបីជា ក្រសួងការពារជាតិកម្ពុជាតែងតែចោទប្រកាន់ថា យោធាថៃជាអ្នកវាយប្រហារមុន និងឈ្លានពានកម្ពុជាយ៉ាងឃោរឃៅ និងបំពានច្បាប់អន្តរជាតិក្តី។
បទឈប់បាញ់នៅពេលនេះដែរ វាបានកើតមានក្រោយពេលប្រមុខការទូតអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានចេញមុខបញ្ជាក់ជាថ្មីជាមួយកម្ពុជាថា អាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ ទៅតាមបំណងប្រាថ្នារបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)៕









