ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​បារម្ភ​ខ្លាចលោក ហ៊ុន ម៉ាណែត មិនអាច​ទាមទារ​ទឹកដី និង​ប្រាសាទខ្មែរ​ត្រឡប់​មក​វិញ

0
226
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស បារម្ភ​ខ្លាច​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​អាច​ទាមទារ​ទឹកដី និង​ប្រាសាទ​របស់​កម្ពុជា ដែល​ទាហាន​ថៃ​បាន​ឈ្លានពាន និង​ព័ទ្ធ​បន្លា​លួស ត្រឡប់មកវិញ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទឹកដី និង​ប្រាសាទខ្មែរ ជាច្រើន​កន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន។

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវ​ប្ដឹង​ភាគី​ថៃ ទៅ​តុលាការអន្តរជាតិ​(ICJ) ដើម្បី​ទាមទារ​ទឹកដី និង​ប្រាសាទខ្មែរ និង​ត្រូវ​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់ ផ្អែក​តាម​ផែនទី​បារាំង​-​សៀម ដើម្បី​ការពារ​បូរណភាព​ទឹកដី។

ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​(South Korea) លោក ឃឹម វិជ្ជាធន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ខែធ្នូ ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ទទួល​ស្គាល់​នូវ​ការពិត និង​ត្រូវ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ICJ ពាក់ព័ន្ធ​ទាហាន​ថៃ បើក​ការវាយប្រហារ​ឈ្លានពាន និង​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទឹកដី ប្រាសាទខ្មែរ​ជាច្រើន​កន្លែង ត្រឡប់មកវិញ​ឡើយ​។ លើស​ពី​នោះ លោក​ថា ដើមហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​កើតឡើង ដោយសារតែ​ទំនាស់​ផលប្រយោជន៍ និង​លោក ហ៊ុន សែន ទៅ​ប៉ះពាល់​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អ្នកនយោបាយ ទាំងអស់​រួបរួម​គ្នា ដើម្បី​ជួយ​ការពារ​ប្រយោជន៍​ជាតិ។

លោក ឃឹម វិជ្ជាធន៖ «​ខ្ញុំ​សង្ឃឹមថា អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ទាំងអស់ ចេះ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ប្រទេសជាតិ​របស់​យើង​រឹងមាំ​ទៅ​ថ្ងៃ​អនាគត ហើយ​ការ​បង្រួបបង្រួម​នេះ​ដែរ ខ្ញុំ​គិតថា​ទាល់តែ​មានការ​ផ្ដើម​ចេញ​ពី​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​ពិតប្រាកដ ជាពិសេស​លោក ហ៊ុន ម៉ាណែត។ ហើយ​លោក ហ៊ុន ម៉ាណែត គួរតែ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ប្រទេស​ជប៉ុន លោក មួន យន លើកឡើង​ថា ដោយសារតែ​មេដឹកនាំ​អសមត្ថភាព ទើប​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​។ លោក​ថា គ្រួសារ លោក ហ៊ុន សែន គួរតែ​ចុះ​ចេញពី​តំណែង ខណៈ​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន តែងតែ​បង្កើត​រឿង​ស្មុកស្មាញ​ដល់​ប្រទេសជាតិ និង​ធ្វើ​ឲ្យ​ពិភពលោក​ស្អប់ខ្ពើម​កម្ពុជា។

លោក មួន យន៖ «​បើ​បន្ត​ឲ្យ​ត្រកូល​នេះ​ដឹកនាំ​បន្ត​ទៀត យើង​នឹង​បាត់បង់​ប្រទេស​ខ្មែរ​ទាំងស្រុង​តែម្ដង អញ្ចឹង​មានន័យថា យើង​កុំ​ឲ្យ​បាត់​ទាំងស្រុង មិនអាច​ការពារ​ទឹកដី​បាន បើសិនជា​មិន​ផ្ដាស់ប្ដូរ និង​ចុះ​ចេញពី​តំណែង​ទេ យើង​នឹង​បាត់បង់​ប្រទេស​ខ្មែរ​ទាំងស្រុង​តែម្ដង»។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បានទេ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ធ័ន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ដើម្បី​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី (Australia ) លោក អ៊ិន ណាត យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ប្រញាប់​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ និង​សហប្រធាន កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឆាប់​បញ្ចប់​ជម្លោះ និង​ការពារ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​ឲ្យ​បាន​គង់វង្ស។

លោក អ៊ិន ណាត៖ «ការ​រំលោភបំពាន​របស់​ថៃ​នេះ គឺជា​ទង្វើ​ខុសច្បាប់ ដែល​យើង​ត្រូវតែ​ប្ដឹង កាលណា​យើង​អត់​ប្ដឹង យើង​នឹង​បាត់បង់​ហើយ គេ​នឹង​យក​ហើយ ពីព្រោះ​ថៃ​តែង​តែង​ចង់​ពង្រីក​ទឹកដី​តាំង​ពី​ដើម​មក»។

គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា (JBC) កាលពី​ថ្ងៃទី​២៩ ខែធ្នូ បាន​ចេញ​សេចក្ដីប្រកាស​មួយ ដោយ​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​ណាមួយ ដែល​កើត​ចេញ​ពី​ការប្រើប្រាស់​កម្លាំង​នោះ​ឡើយ​។ លើស​ពី​នោះ គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា​អះអាង​ថា កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) និង​អនុសញ្ញា សន្ធិសញ្ញា​បារាំង​សៀម និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់ គណៈកម្មការ​បោះបង្គោល​ព្រំដែន ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ពេល​កន្លង​ទៅ។

បើ​ទោះ​ជា​បែបនេះ​ក្ដី ក្រោយ​មាន​បទ​ឈប់​បាញ់ ភាគី​ថៃ​អះអាង​ថា តំបន់​ដែល​យោធា​ថៃ​ដណ្ដើម​បាន​ពី​កម្ពុជា ភាគី​ថៃ​នឹង​មិន​ប្រគល់​ឱ្យទៅ​កម្ពុជា​វិញ​នោះ​ទេ ហើយ​ទីតាំង​ដែល​មានផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ ដូចជា​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​រស់នៅ​វិញ​ឡើយ។

ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅ​ខាងក្រៅ​ប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក ក៏​បញ្ហា​ការ​ព្រួយ​បារម្ភ នៅ​លើ​បណ្ដាញ​សង្គម ដោយ​ខ្លាច​ភាគី​ថៃ មិន​ប្រគល់​ទឹកដី និង​ប្រាសាទ ដែល​ពួកគេ​បាន​វាយ​កាន់កាប់ ត្រឡប់​មក​កម្ពុជា​វិញ អាច​ធ្វើ​ឲ្យ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ អូស​បន្លាយ​យូរអង្វែង​ទៅមុខ​បន្ត​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ