
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដឹកនាំដោយ លោក សម រង្សី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលនៅជុំវិញពិភពលោក បង្កើនចលនារួមកម្លាំងគ្នាធ្វើបាតុកម្ម ដើម្បីទាមទារឱ្យប្រទេសថៃ បញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជា និងជំរុញឱ្យមេដឹកនាំកម្ពុជា បង្ហាញពីឆន្ទៈ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលភាគីថៃយកធ្វើជាលេស ចូលមកឈ្លានពានកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី១៨ ខែធ្នូ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានស្នើឱ្យប្រជាពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក រួមគ្នាធ្វើបាតុកម្ម ដើម្បីទាមទារ ចំនួន៧ចំណុច ពាក់ព័ន្ធនឹងវិវាទព្រំដែន រវាងកម្ពុជា និងថៃ។ ចំណុចទាំងនេះ រួមមាន ការថ្កោលទោស និងទាមទារឱ្យយោធាថៃ បញ្ឈប់ការឈ្លានពានមកលើកម្ពុជា ការជំរុញឱ្យភាគីថៃ ជាប្រទេសហត្ថលេខី ត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ដែលតម្រូវឱ្យគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
ក្នុងនោះ រដ្ឋាភិបាលក្រៅប្រទេសមួយនេះ បានស្នើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ បង្ហាញពីរូបមន្តជាក់លាក់ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន ការលាងលុយកខ្វក់ និងបង្ហាញពីយុទ្ធសាស្ត្រទប់ទល់នឹងលេសរបស់យោធាថៃ ដែលប្រើហេតុផលនេះជាឧបករណ៍ប្រាប់ទៅសហគមន៍អន្តរជាតិ អំពីការឈ្លានពានរបស់ពួកគេមកលើកម្ពុជា។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានជំរុញឱ្យមេដឹកនាំកម្ពុជា ស្នើទៅសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំឡើងវិញ ដើម្បីដោះស្រាយវិបត្តិដែលយោធាថៃ ចូលឈ្លានពានកម្ពុជា និងលើកយកសំណុំរឿងនេះ ប្ដឹងទៅតុលាការអន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធនឹងករណីយោធាថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរ និងបំផ្លាញប្រាសាទបុរាណខ្មែរ។
ចំពោះចំណុចចុងក្រោយវិញ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានជំរុញឱ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញពីគោលជំហរផ្សះផ្សាជាតិ ដោយចាប់ផ្ដើមដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការ និងត្រូវទម្លាក់ចោលបទចោទប្រកាន់របស់ពួកគេ ដើម្បីបើកផ្លូវ ឱ្យមានការប្រកួតប្រជែងនយោបាយ ដែលមានភាពត្រឹមត្រូវ។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នេះបានទេ ដោយលោកបានបដិសេធមិនផ្ដល់បទសម្ភាសន៍។
នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងទទួលរងការវាយប្រហារ ដូចផ្លេកបន្ទោរពីសំណាក់កងទ័ពថៃនេះ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអ្នកមានទស្សនៈផ្ទុយ បានទម្លាក់រឿងនយោបាយចុះ ហើយរួមគ្នារៃអង្គាសថវិកាជួយទៅដល់ជនភៀសសឹក និងធ្វើបាតុកម្ម ទាមទារឱ្យយោធាថៃ បញ្ឈប់ការឈ្លានពានមកលើកម្ពុជា។
ក៏ប៉ុន្តែ សម្រាប់មេដឹកនាំកម្ពុជា នៅទីក្រុងភ្នំពេញ ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមឥស្សរជននយោបាយថៃវិញ មិនបានប្រកាសពីគោលជំហរ ឬបើកផ្លូវដើម្បីផ្សះផ្សាជាតិ ជាមួយអ្នកនយោបាយខ្មែរដូចគ្នានោះឡើយ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ទទូចឱ្យអ្នកនយោបាយខ្មែរគ្រប់និន្នាការ រួបរួមគ្នា ដោយតម្កល់ប្រយោជន៍ជាតិជាធំ។ លោកបន្តថា ទាំងរដ្ឋាភិបាលក្នុងប្រទេស និងក្រៅប្រទេស អាចធ្វើការងារជាមួយគ្នាបាន ដោយបែងចែកភារកិច្ចរៀងៗខ្លួន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «រដ្ឋាភិបាលក្រៅប្រទេស បើអាចដើរតួនាទីណាមួយ ក្នុងនាមជាអ្នកនយោបាយខ្មែរ ត្រូវធ្វើការទំនាក់ទំនងបរទេសនានា ជាមួយប្រទេសលោកសេរី ឬប្រទេសមានឥទ្ធិពល អាចធ្វើសេចក្ដីថ្លែងការណ៍ ឬជួបជាមួយមេដឹកនាំប្រទេសណាមួយ ដើម្បីនិយាយអំពីការព្រួយបារម្ភ អំពីការឈ្លានពានរបស់ប្រទេសថៃ ទៅបណ្ដាប្រទេសទាំងអស់នោះ»។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា បានអះអាងថា លក្ខខណ្ឌទាំង ៧ចំណុច ដែលបានលើកឡើងខាងលើនេះ គឺជាដំណោះស្រាយធ្វើឱ្យកម្ពុជា មានស្ថិរភាព ទាំងនៅចំពោះមុខ និងយូរអង្វែង។ នៅក្នុងហេតុផលនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនចលនាធ្វើបាតុកម្ម ទាមទារការអនុវត្ត លើចំណុចទាំង ៧នេះ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះ និងជួបទុក្ខវេទនា នៅក្នុងប្រទេសកម្ពុជា៕









