កងទ័ព​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ ៧១​នាក់ ដោយ​ចោទ​ថា លួច​ឆ្លងដែន​ខុសច្បាប់

0
156
ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ៧១នាក់ ​រង​ការ​ចាប់​ខ្លួន​ពេល​ឆ្លងដែន​ចូល​ប្រទេស​ថៃ​តាម​ច្រករបៀង​នៅ​ពេល​យប់​តាម​បណ្តោយ​ព្រំដែន​ក្នុងស្រុក​ពោងណាមរ៉ន (Pong Nam Ron) ខេត្ត​ចន្ទបុរី (Chanthaburi) កាល​ពី​ថ្ងៃ​ទី១៣ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​កងទ័ព​ជើងទឹកថៃ
ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ៧១នាក់ ​រង​ការ​ចាប់​ខ្លួន​ពេល​ឆ្លងដែន​ចូល​ប្រទេស​ថៃ​តាម​ច្រករបៀង​នៅ​ពេល​យប់​តាម​បណ្តោយ​ព្រំដែន​ក្នុងស្រុក​ពោងណាមរ៉ន (Pong Nam Ron) ខេត្ត​ចន្ទបុរី (Chanthaburi) កាល​ពី​ថ្ងៃ​ទី១៣ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​កងទ័ព​ជើងទឹកថៃ

កងទ័ពជើងទឹក​ថៃ​បាន​ចាប់ខ្លួន​ក្រុម​ពលករ​ចំណាកស្រុក​កម្ពុជា​ចំនួន ៧១ នាក់​ទៀត ដោយ​ចោទ​ថា បាន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ លោក ប៉ារ៉ាច រតនាឆៃយ៉ាផាន់ (Parach Rattanachaiyapan) ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​១៣ ខែ​មករា ថា កង​កម្លាំង​ការពារ​ព្រំដែន​ខេត្ត​ចន្ទបុរី (Chanthaburi) និង​ត្រាត (Trat) បាន​ចាប់ខ្លួន​ពលករ​ចំណាកស្រុក​កម្ពុជា​ចំនួន ៧១នាក់ ក្នុង​នោះ​មាន​ទាំង​បុរស ស្ត្រី និង​កុមារ ដែល​បាន​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់​តាម​ច្រករបៀង​នៅ​ពេល​យប់ តាម​បណ្តោយ​ព្រំដែន​ក្នុងស្រុក​ពោងណាមរ៉ន (Pong Nam Ron) ខេត្ត​ចន្ទបុរី (Chanthaburi)។

យោធា​ថៃ អះអាង​ថា បន្ទាប់ពី​ធ្វើការ​សាកសួរ ក្រុម​ពលករ​ខ្មែរ បាន​ប្រាប់​ថា ពួកគាត់​កំពុង​រង​ទុក្ខ​ហើយ​មូលហេតុ​ពួកគាត់​លួច​ឆ្លងដែន​ខុសច្បាប់​បែបនេះ គឺ​ដោយសារ​កត្តា​ជីវភាព​ខ្វះខាត ក្នុង​ការ​រស់នៅ នៅ​ឯ​ស្រុកកំណើត ដែល​បណ្ដាល​មក​ពី​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ឱកាស​ការងារ​មាន​ភាព​ចង្អៀត។ ក្រោយពី​ការសាកសួរ​រួច កងទ័ពជើងទឹក​ថៃ បាន​ផ្តល់​ថ្នាំពេទ្យ អាហារ និង​ទឹក​ដល់​ពលករ​ខ្មែរ មុននឹង​ប្រគល់​ពួកគេ​ទៅ​ឱ្យ​មន្ត្រី​ស៊ើបអង្កេត និង​អន្តោប្រវេសន៍​សម្រាប់​អនុវត្ត​នីតិវិធី​បន្ត។

កាលពី​ថ្ងៃទី​១១ ខែមករា ទាហានជើងទឹក​ថៃ​របស់​ខេត្ត​ចន្ទបុរី បាន​ចាប់ខ្លួន​ពលករ​ខ្មែរ ដែល​មាន​ទាំង​មនុស្ស​ចាស់ និង​កុមារ ចំនួន​៣០​នាក់ ម្ដង​រួច​មក​ហើយ។ អាជ្ញាធរ​ថៃ​អះអាង​ថា ពួកគេ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ ដោយសារ​ជួប​ការ​លំបាក នៅ​ឯ​ស្រុកកំណើត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ