
អគ្គស្នងការនគរបាលជាតិលោក ស ថេត ប្ដេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បន្ទាប់ពីក្រុមគ្រួសារត្រកូល ហ៊ុន បានការពារឧក្រិដ្ឋជន និងព្យាយាមបំបិទព័ត៌មានឧក្រិដ្ឋកម្មនេះអស់រយៈពេលជាច្រើនឆ្នាំ។ អ្នកឃ្លាំមើលមិនរំពឹងថា មេខ្លោងធំៗនឹងត្រូវបានចាប់ខ្លួន និងយល់ថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញគ្រាន់តែជាយុទ្ធសាស្ត្ររបស់ត្រកូល ហ៊ុន ដើម្បីគេចចេញពីការរិះគន់ និងសម្ពាធអន្តរជាតិដែលអាចធ្វើឱ្យប៉ះពាល់ដល់ការក្រាញអំណាចរបស់ខ្លួន។
រដ្ឋាភិបាលត្រកូល ហ៊ុន បានព្យាយាមការពារឧក្រិដ្ឋជន និងប្រឹងប្រែងលុបបំបាត់ព័ត៌មានជាប់ទាក់ទងនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាជាច្រើនឆ្នាំមកហើយ។ យ៉ាងណា របរខ្មៅងងឹតនេះត្រូវបានលាតត្រដាងការពិតដែលធ្វើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញហាក់គ្មានជម្រើសអ្វីក្រៅពីបង្ហាញយុទ្ធនាការបង្ក្រាបដដែលៗដោយចាប់ជនល្មើសតូចតាច និងរំដោះជនរងគ្រោះពីទីតាំងអគារអនឡាញ។
អគ្គស្នងការនគរបាលជាតិលោក ស ថេត នៅថ្ងៃទី៦ ខែកុម្ភៈ បានប្រកាសពីការប្ដេជ្ញាចិត្ត និងបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ចត្រូវតែបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ លោក ស ថេត បញ្ជាក់ថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាបានរីករាលដាលកាន់តែធំ។ លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងារនៃក្រុមប្រតិបត្តិការជំនាញបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក ស ថេត លើកឡើងទៀតថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល និងកម្លាំងសមត្ថកិច្ចបន្តយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំលើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនាពេលនេះ ក៏ដើម្បីស្ដារកេរ្តិ៍ឈ្មោះ និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការប្រកាសពីការប្ដេជ្ញាចិត្តនេះ លោក ស ថេត ក៏ជាមន្ត្រីជាន់ខ្ពស់មួយរូបដែលអាមេរិករកឃើញថា បានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ សមាជិកសភាអាមេរិកបានស្នើដាក់ឈ្មោះ លោក ស ថេត ចូលបញ្ជីដាក់ទណ្ឌកម្មក្នុងសេចក្តីស្នើច្បាប់ (H.R5490)។ ក្រៅពីលោក ស ថេត សមាជិកសភាអាមេរិកក៏រកឃើញថា មន្ត្រីកំពូលៗ និងគ្រួសាររបស់ពួកគេរួមទាំងអ្នកជំនួញធំៗផ្សេងទៀតដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ និងត្រូវជាប្អូនថ្លៃរបស់លោក ហ៊ុន ម៉ាណែត គឺលោក ឌី វិជ្ជា បងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ អភិបាលខេត្តកណ្តាល លោក គួច ចំរើន ម្ចាស់ក្រុមហ៊ុនកាស៊ីណូក្រោន និងជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច លោក កុក អាន អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងកូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ រួមទាំងមនុស្សមួយចំនួនទៀតក៏បានពាក់ព័ន្ធដោយផ្ទាល់នឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងស្នើឱ្យដាក់ឈ្មោះពួកគេចូលក្នុងបញ្ជីខ្មៅផងដែរ។
ចំណែក ក្រសួងមហាផ្ទៃក៏បានប្រកាសថ្មីៗនេះដោយអះអាងថា កម្ពុជាកំពុងបន្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការកម្ចាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យអស់នៅត្រឹមអំឡុងខែមេសាខាងមុខ។ ចំណែក អភិបាលខេត្តណាដែលពាក់ព័ន្ធ ឬមិនអើពើបង្ក្រាបឧក្រិដ្ឋកម្មនេះក្រសួងមហាផ្ទៃមិនបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់បែបណានោះទេ ប៉ុន្តែព្រមានថា ពួកគេនឹងប្រឈមមុខជាមួយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន។
ទាក់ទងនឹងរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើងថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញគ្រាន់តែជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីគេចចេញពីការរិះគន់ និងសម្ពាធអន្តរជាតិដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃការក្ដោបក្ដាប់អំណាចរបស់ខ្លួន។ លោកយល់ថា មូលហេតុឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា គឺមិនមែនរដ្ឋាភិបាលគ្មានសមត្ថភាព ឬខ្វះព័ត៌មានដើម្បីបង្ក្រាបឡើយ ប៉ុន្តែគឺដោយសារជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍សេដ្ឋកិច្ច នយោបាយរវាងអ្នកមានអំណាច និងឧក្រិដ្ឋជន។
លោក សេង វណ្ណលី៖ «របាយការណ៍ស៊ើបអង្កេតពីមជ្ឈដ្ឋានអន្តរជាតិ និងតម្រុយជាក់លាក់ពីសហរដ្ឋអាមេរិកបានបង្ហាញជារឿយៗថា ទីតាំងនៃអាជីវកម្មកខ្វក់ទាំងនេះភាគច្រើនស្ថិតក្រោមការការពារ និងមានការជាប់ពាក់ព័ន្ធនឹងឥស្សរជននយោបាយជាន់ខ្ពស់នៅក្នុងជួរគណបក្សកាន់អំណាច។ ការមិនអើពើចំពោះសារព្រមានរបស់អន្តរជាតិបានក្លាយជាឆ្អឹងទទឹងក សម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែរព្រោះលោកស្ថិតក្នុងស្ថានភាពលំបាកក្នុងការជ្រើសរើសសម្អាតផ្ទះខ្លួនឯងដែលនាំឱ្យប៉ះពាល់ខ្នងបង្អែកនយោបាយបក្ខពួកខ្លួន ឬក៏អាចនៅតែធ្មេចភ្នែកម្ខាង ដើម្បីរក្សាលំនឹងនយោបាយផ្ទៃក្នុង»។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដឹងថា ចាប់ពីដើមខែមករា រហូតមកដល់ដើមខែកុម្ភៈ សមត្ថកិច្ចបានបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញជិត ២រយកន្លែង (១៩០) នៅតំបន់ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពត កណ្តាល ស្វាយរៀង ពោធិ៍សាត់ ព្រៃវែង មណ្ឌលគិរី ជាដើម និងបានបិទកាស៊ីណូចំនួន ៤៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យបានជាង ២ពាន់នាក់ (២.៥០៨)។ ក្រៅពីនេះ ជនបរទេសជាង ១១ម៉ឺននាក់ផ្សេងទៀតដែលភាគច្រើនជាជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីនាំគ្នាសម្រុកចេញពីអគារអនឡាញនានានៅកម្ពុជា ដើម្បីគេចចេញពីការបង្ក្រាបរបស់សមត្ថកិច្ចក្នុងរយៈពេលជាងមួយខែមកនេះ៕










