កងទ័ព​ខ្មែរ​អះអាង​ថា ស្ថាប័ន​ការពារ​ជាតិ​ចាក់ស្រេះ​ដោយ​អំពើពុករលួយ​ធ្ងន់ធ្ងរ

0
149
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា (ស្ដាំ) និងឪពុក​ដែលជាអតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ ចូលរួមកម្មវិធីប្រកួតវាយកូនគោល កាលពីថ្ងៃទី១១ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា (ស្ដាំ) និងឪពុក​ដែលជាអតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ ចូលរួមកម្មវិធីប្រកួតវាយកូនគោល កាលពីថ្ងៃទី១១ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា

កងទ័ព​ខ្មែរ​មួយចំនួន ដែល​កំពុង​ឈរជើង​នៅ​តាម​តំបន់​ព្រំដែន អះអាង​ថា នៅក្នុង​ស្ថាប័ន​ការពារ​ជាតិ​របស់​​កម្ពុជា មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​បែប​យ៉ាង រាប់​តាំងពី​ការបង្កើត​ឈ្មោះ​ទាហាន​ខ្មោច ការ​លក់​ឈ្មោះ​ទាហាន ការ​កិបកេង​សម្ភារៈ និង​ហិរញ្ញវត្ថុ សម្រាប់​ផ្គត់ផ្គង់​កងទ័ព និង​ការបែងចែក​បក្ខពួក​ជាដើម។ ពួកគាត់​ថា ករណី​នេះ បាន​បង្ក​ឱ្យ​កម្លាំង​ការពារ​ជាតិ​ចុះ​ខ្សោយ ដែល​ធ្វើ​ឱ្យ​កម្ពុជា ចាញ់​សង្គ្រាម​បាត់បង់​ទឹកដី។

បន្ទាប់ពី​នៅ​សល់​ជីវិត ដោយ​បាន​រួច​រស់​ពី​សង្គ្រាម​ជាមួយ​ថៃ​មក ពេល​នេះ​ទាហាន​ខ្មែរ​មួយ​ចំនួន​បាន​បញ្ចេញ​រឿងរ៉ាវ អំពើពុករលួយ​ក្នុង​វិស័យ​កងទ័ព ដែល​ពួកគាត់​បាន​លាក់​ទុក​ក្នុង​ចិត្តជា​យូរ​មក​ហើយ។

ទាហាន​ខ្មែរ​ម្នាក់ កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្តព្រះវិហារ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ថា ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​វិស័យ​កងទ័ព បាន​ក្លាយជា​ទម្លាប់​ដ៏​សាមញ្ញ​ទៅ​ហើយ ដោយមាន​ការប្រព្រឹត្ត​ចាប់តាំងពី​ថ្នាក់លើ​កំពូល​ចុះ​មក​ក្រោម ដោយ​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ រកស៊ី​ទាំង​នៅក្នុង​ជុំរុំ ដោយ​កិបកេង​ទាំង​របប​កូនទាហាន​។ លោក​បន្ត​ថា អំពើពុករលួយ​នៅក្នុង​ជួរ​កងទ័ព ដែល​សម្បូរ​ជាងគេ​នោះ គឺ​ការបង្កើត​ទាហាន​ខ្មោច ដើម្បី​ស៊ីប្រាក់ខែ ការ កួកជេ លក់​ឈ្មោះ​ទាហាន ការ​កិបកេង​របប​ទាហាន និង​ការ​រត់​ការ​ដើម្បី​ឡើង​ស័ក្ដិ​ជាដើម។

យោធា​ទី​១៖ «​ចង់​ពង្រឹង​កងទ័ព​ឬ ចង់​ពង្រឹង​វិស័យ​យោធា​ឬ ២០០​ឆ្នាំ​ទៀត​ក៏​មិន​អាច​ធ្វើ​បាន​ដែរ ទាល់តែ​រដ្ឋាភិបាល មាន​ឆន្ទៈ​ម៉ឺងម៉ាត់​មួយ ទៅលើ​មន្ត្រី​តាំងពី​ក្រសួង​ការពារជាតិ រហូត​ដល់​ថ្នាក់ក្រោម​ផុត​លេខ»។

កងយោធពល​ខេមរភូមិន្ទ ដែល​ជា​ស្ថាប័ន​កងទ័ព​ជាតិ​របស់​កម្ពុជា បាន​បង្កើត​ឡើងវិញ បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ ដោយមាន​ការ​រួម​បញ្ចូល​គ្នា​នូវ​កងកម្លាំង​ប្រដាប់​អាវុធ​ពី​បក្សនយោបាយ និង​ក្រុម​រណសិរ្ស​ផ្សេងៗ​គ្នា និង​ក្រោយមក មានការ​ចូលរួម​សមាហរណកម្ម​ជា​បន្តបន្ទាប់ របស់​ទ័ព​ខ្មែរក្រហម ដែល​តស៊ូ​នៅ​តាម​តំបន់​ព្រំដែន បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន សន្យា​ផ្ដល់​អំណាច និង​បុណ្យស័ក្ដិ​ដល់​ពួកគេ។

ក៏ប៉ុន្តែ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ទី​១ គឺ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ឆ្នាំ​១៩៩៧ មក​លោក ហ៊ុន សែន បាន​ក្ដោប​ក្ដាប់​អំណាច​យោធា​ផ្ដាច់មុខ​ទាំងស្រុង ដោយ​លោក​បាន​បង្កើត​កង​អង្គរក្ស​BHQមួយ​បន្ថែម​ទៀត​កាលពី​ឆ្នាំ​២០០៩ ដើម្បី​ការពារ​អំណាច​គ្រួសារ​របស់​លោក និង​បញ្ចូល​កូនចៅ​សែស្រឡាយ​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ក្នុង​ជួរ​កងទ័ព។

យ៉ាងណាមិញ វិស័យ​ការពារ​ជាតិ​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គ្រួសារ​ត្រកូល​ហ៊ុន រយៈពេល​ជាង ៣០​ឆ្នាំ​មកនេះ បាន​បង្កើត​ឱ្យ​មាន​អំពើពុករលួយ​ចាក់ឫស​យ៉ាង​ជ្រៅ នៅក្នុង​ជួរ​កងទ័ព ដោយ​មេទាហាន​គ្រាក់ៗ ដែល​ស្និទ្ធ​ជាមួយ​មេដឹកនាំ​បក្ស​កាន់អំណាច បាន​យក​តួនាទី និង​អំណាច​ទៅ​កាង​មុខរបរ​រកស៊ី និង​ប្រព្រឹត្ត​អំពើពុករលួយ រហូត​ក្លាយជា​អ្នកមាន ខណៈ​កូនទាហាន ដែល​រំពឹង​លើ​ប្រាក់ខែ ដើម្បី​ចិញ្ចឹមជីវិត បាន​ធ្លាក់ខ្លួន​ក្រ រហូត​អ្នកខ្លះ កាន់​ផ្តិល​ដើរ​សុំទាន​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​សមត្ថភាព​វិញ យោធា​ខ្មែរ​បាន​អះអាង​ថា ក្រៅពី​បង្កើត​អំពើពុករលួយ​ហើយ​នោះ ការ​ហ្វឹកហ្វឺន និង​បំពាក់បំប៉ន​បច្ចេកទេស​សម្រាប់​យោធា ក៏​នៅ​មាន​ក្រិត​ផង​ដែរ ដោយ​មួយឆ្នាំ​ទល់​មួយឆ្នាំ ទាហាន​ខ្មែរ​ភាគច្រើន ស្ទើរតែ​មិនបាន​ហ្វឹកហាត់ និង​ចាប់​កាន់​អាវុធ​បាញ់​នោះ​ទេ ហើយ​ទាហាន​ខ្មែរ​ភាគច្រើន ត្រូវ​មេបញ្ជាការ​តាម​អង្គភាព ប្រើ​ឱ្យ​ធ្វើការ​សំណង់ រហូត​ទាល់​តែ​មាន​សង្គ្រាម​ផ្ទុះឡើង ទើប​កងទ័ព​មានឱកាស​ចាប់​កាន់​អាវុធ​តតាំង​ជាមួយ​សត្រូវ។

ទាហាន​ទី​១៖ «រាល់ថ្ងៃ​ទាហាន​ស្រុក​ខ្មែរ មាន​ពូកែ​ច្បាំង​អី បើ​ទៅ​ធ្វើ​សំណង់​គឺ​ពូកែ។ ទាហាន​ស្រុក​ខ្មែរ និយាយ​ឱ្យ​ត្រង់​ហ្មង។ ហើយ​ទាហាន​ដូច​ពួក​ខ្ញុំ​នេះ មិន​បាច់​និយាយ​ទេ អា​រឿង​រៀប​ឥដ្ឋ និង​ប្រយោល​ហ្នឹង​។ ប៉ុន្តែ​បើ​និយាយ​ពី​យុទ្ធសាស្ត្រ​សង្គ្រាម គឺ​អត់​ចេះ​ទេ។ ពេល​មាន​សង្គ្រាម បាន​គេ​បញ្ចេញ​កាំភ្លើង​ឱ្យ​យើង»។

កងទ័ព​ខ្មែរ​អះអាង​ទៀត​ថា បើ​និយាយ​ពី​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា​នៅ​ក្នុង​សម័យ​សន្តិភាព​របស់​លោក ហ៊ុន សែន នេះ​វិញ មិន​ត្រឹម​តែ​មាន​ភាព​កន្តឿ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ភាព​ជរា​ថែមទៀត ដោយ​អាវុធ​ទំនើបៗ ត្រូវ​បាន​បំពាក់​ឱ្យ​កង​អង្គរក្ស ដែល​ការពារ​គ្រួសារ​មេដឹកនាំ ខណៈ​កងទ័ព​ខ្មែរ​ដែល​ចេញ​ច្បាំង​ភាគច្រើន បាន​ប្រើប្រាស់​អាវុធ​ច្រែះ​ចាប់ ជំនាន់​សហភាពសូវៀត ដែល​សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល ដូចជា បេ ប្រឆាំង​រថក្រោះ RPG កាំភ្លើង AK-47 កាំជ្រួច​ហ្វូង BM-21 និង​យន្តហោះ MIG-17 ដែល​ចត​ទុកចោល​ជាដើម។

ចំណែក​រឿង​ប្រកាន់​បក្ខពួក​និយម​វិញ ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​ខេត្តព្រះវិហារ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ឈរជើង​នៅ​ព្រំដែន​ជិត ២០​ឆ្នាំ​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ស័ក្ដិ​ពាក់​នោះ​ទេ ទោះបីជា​លោក​បាន​ឆ្លងកាត់​សមរភូមិ​ជាច្រើនលើក និង​មាន​ស្នាដៃ​ក៏ដោយ។

ទាហាន​ទី​២៖ «អត់​ខ្សែ​អត់​បក្ខពួក​ពិបាក​ណាស់​បង​។ ទោះបី​យើង​មាន​ស្នាដៃ​ធំ​ប៉ុណ្ណា ក៏​គេ​នៅតែ​បំបាត់​ឈ្មោះ​យើង»។

សព្វថ្ងៃ វិស័យ​ការពារ​ជាតិ​នៅ​ស្រុក​ខ្មែរ បាន​គ្រប់គ្រង​តាម​បែប​គ្រួសារ​បក្ខពួក​និយម តាំងពី​គល់ រហូត​ដល់​ចុង​ទៅ​ហើយ ដោយ​ប្រមុខ​មេដឹកនាំ បាន​ផ្ទេរ​តួនាទី​ក្នុង​វិស័យ​នេះ បន្ត​ទៅ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ។ ក្នុង​នោះ​លោក ហ៊ុន សែន គឺជា​មេ នាំអាទិ៍ មុនគេ ដោយ​លោក​បាន​ផ្ទេរតំណែង​ជា​នាយករដ្ឋមន្ត្រី ឱ្យទៅ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន ខណៈ​កូនប្រុស​លោក​ម្នាក់ទៀត គឺ​លោក ហ៊ុន ម៉ានិត ត្រូវ​បាន​តែងតាំង​ជា អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក។ ចំណែក លោក ទៀ បាញ់ បាន​ផ្ទេរតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៅ​ឱ្យ​កូនប្រុស គឺ​លោក ទៀ សីហា។ រីឯ​លោក ទៀ វិញ ដែល​ជា​មេបញ្ជាការ​កងទ័ពជើងទឹក បាន​ផ្ទេរតំណែង​ទៅ​ឱ្យ​កូនប្រុស គឺ​លោក ទៀ សុខា ដូចគ្នា​ដែរ។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) លោក សយ ច័ន្ទវិចិត្រ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​។ ចំណែក លោក ឱម យិនទៀង ដែល​ជា​ប្រធាន​ស្ថាប័ន​នេះ បាន​បដិសេធ មិន​ផ្ដល់​បទសម្ភាសន៍។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ឃើញ​ថា ដើម្បី​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​វិស័យ​យោធា​បាន លុះត្រាតែ​រុះរើ រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅក្នុង​ស្ថាប័ន​ការពារ​ជាតិ​ចោល និង​បង្កើត​ឱ្យ​ស្ថាប័ន​នេះ ក្លាយជា​ស្ថាប័ន​ឯករាជ មិន​ចំណុះ​ឱ្យ​គណបក្ស​នយោបាយ​នោះ​ឡើយ។ លោក​បន្ត​ថា ក្រៅពី​លុបបំបាត់​អំពើពុករលួយ កម្ពុជា​ត្រូវតែ​ធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ​វិស័យ​យោធា តាមរយៈ​ការ​ចម្រាញ់ និង​អភិវឌ្ឍ​ធនធានមនុស្ស ឱ្យ​ចូល​បម្រើ​ក្នុង​វិស័យ​មួយ​នេះ។

លោក ស៊ឹង សែនករុណា៖ «​ខ្ញុំ​និយាយ​នេះ មិនមែន​ក្នុង​ន័យ​បន្ទោស​បង្អាប់​ទៅលើ​យោធា ដែល​លោក​ហ៊ាន​លះបង់​ជីវិត ស្មោះស្ម័គ្រ ដើម្បី​ការពារ​ជាតិ​នោះ​ទេ​។ ប៉ុន្តែ​យើង​បន្ទោស​នេះ គឺ​សំដៅ​ទៅដល់​មេដឹកនាំ ដែល​អសមត្ថភាព​ពង្រឹង​វិស័យ​យោធា​ឱ្យ​រឹងមាំ»។

យោធិន​ខ្មែរ លើកឡើង​ថា អំពើពុករលួយ​ក្នុង​វិស័យ​ការពារ​ជាតិ គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឱ្យ​កម្ពុជា បាន​ចាញ់​សង្គ្រាម និង​ធ្វើ​ឱ្យ​ថៃ​ចូល​មក​ឈ្លានពាន​កម្ពុជា ព្រោះ​អំពើពុករលួយ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ សមត្ថភាព​យោធា និង​កម្លាំង​ការពារ​ជាតិ​ចុះខ្សោយ​។ ពួកគាត់​លើកឡើង​ថា ក្នុងនាម​លោក ហ៊ុន ម៉ាណែត ដែល​រៀន​ចប់​បណ្ឌិត​យោធា ពី​សហរដ្ឋអាមេរិក លោក​គួរតែ​ប្រើ​ចំណេះដឹង​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ និង​ជៀសវាង​ការ​យក​កងទ័ព មក​ធ្វើជា​ឧបករណ៍​ផ្នែក​នយោបាយ​តទៅទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ