ពលរដ្ឋ​ខ្មែរ​រួមគ្នា​ផ្ញើ​សារ​ទៅ​ថៃ​ដោយ​បង្ហាញ​ស្មារតី​គាំទ្រ​សន្តិភាព និង​បទ​ឈប់​បាញ់

0
46
ពលរដ្ឋ​ខ្មែរ​ចូលរួម​ដំណើរ​ព្យុហយាត្រា បង្ហាញ​ស្មារតី​គាំទ្រ​សន្តិភាព និង​បទ​ឈប់​បាញ់ កាល​រសៀល​ថ្ងៃទី​១៨ ធ្នូ ២០២៥។ រូប៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
ពលរដ្ឋ​ខ្មែរ​ចូលរួម​ដំណើរ​ព្យុហយាត្រា បង្ហាញ​ស្មារតី​គាំទ្រ​សន្តិភាព និង​បទ​ឈប់​បាញ់ កាល​រសៀល​ថ្ងៃទី​១៨ ធ្នូ ២០២៥។ រូប៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាន​រួម​គ្នា​ធ្វើដំណើរ​ព្យុហយាត្រា​ជា​លើក​ទី​ពីរ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ថៃ ដោយ​បង្ហាញ​ស្មារតី​គាំទ្រ​សន្តិភាព និង​បទ​ឈប់​បាញ់ ព្រមទាំង​ជំរុញ​ឱ្យ​យោធា​ថៃ​ងាក​មក​ចរចា​សន្តិភាព​ដែល​មាន​ស្រាប់​។​

​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៨ ធ្នូ ដឹកនាំ​ដោយ​កូនប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ គេ​ឃើញ​ពលរដ្ឋ សិស្ស និស្សិត នាំមុខ​ដោយ​ព្រះសង្ឃ​ព្រះហស្ដ​កាន់​ដងទង់​ជាតិ និង​លើក​បដា​សរសេរ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស ក្នុង​អត្ថន័យ​ថា កម្ពុជា​ត្រូវការ​សន្តិភាព​។​

​កម្មវិធី​នេះ​ចាប់ផ្ដើម​ពី​ម៉ោង​៣​រសៀល​រហូតដល់​យប់ ដោយ​អ្នកចូលរួម​ធ្វើដំណើរ​ថ្មើរជើង​ចម្ងាយ ៣ គីឡូម៉ែត្រ ពី​ផ្សារ​រាត្រី​មុខមាត់​ទន្លេ រហូតដល់​វិមានឯករាជ្យ និង​មានការ​ថ្លែង​សារ​ជាដើម​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អះអាង​ថា ដំណើរ​ព្យុហយាត្រា​នេះ​ដើម្បី​បង្ហាញ​ពី​បំណង​របស់​កម្ពុជា​ដែល​ចង់បាន​សន្តិភាព មិន​ចង់​ឃើញ​ការ​បំផ្លិចបំផ្លាញ វិនាសកម្ម និង​ការបាត់បង់​ណាមួយ​បន្ថែម​ទៀត​ឡើយ។

កាលពី​ថ្ងៃទី​១៨ មិថុនា ក្រុម​យុវជន​ទាំងនេះ​ធ្លាប់​បាន​ធ្វើ​ព្រឹត្តិការណ៍​ដូចគ្នា​នេះ​ម្ដង​រួចហើយ ដោយ​ពួកគេ​អះអាង​ថា មាន​អ្នកចូលរួម​ប្រមាណ​១​សែន​នាក់​។ កាលណោះ​ពួកគេ​ធ្វើឡើង​ដើម្បី​ស្មារតី​ដែល​គេ​ហៅថា ស្មារតី​រួម​កម្លាំង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ទាំង​សកម្មភាព ទាំង​កាយវិការ និង​សំឡេង​នៃ​ការ​គាំទ្រ​រដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ​។ ព្រឹត្តិការណ៍​នោះ​ធ្វើឡើង​បន្ទាប់ពី​ទាហាន​ការពារ​ព្រំដែន​របស់​ខ្មែរ​ម្នាក់​គឺ​លោក សួន រ៉ោន ត្រូវ​បាន​យោធា​ថៃ​លួច​បាញ់សម្លាប់​ក្នុង​លេណដ្ឋាន​របស់​កងកម្លាំង​កម្ពុជា នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ។

ហេតុការណ៍​ទាំងនោះ​ហើយ ជា​ដើមចម​រហូត​មានការ​វាយ​ប្រយុទ្ធ​គ្នា ៥​ថ្ងៃ កាលពី​ចុងខែ​កក្កដា និង​ការ​ប្រយុទ្ធ​សាជាថ្មី​ក្នុង​ពេល​បច្ចុប្បន្ន។ យោធា​ថៃ​បាន​វាយប្រហារ​កាន់តែ​ធ្ងន់​ឡើងៗ ដោយ​ប្រើ​អាវុធ​គ្រប់​ប្រភេទ និង​វាយប្រហារ​គ្រប់​ទីតាំង​ទាំង​កន្លែង​ស៊ីវិល ប្រាសាទបុរាណ​ខ្មែរ ផ្ទះ​ពលរដ្ឋ វត្ត​អារាម មន្ទីរពេទ្យ និង​ផ្ដាច់​ស្ពាន​ថ្នល់​ជាដើម​។ ចំណែក​ពលរដ្ឋ​ខ្មែរ​បាន​ស្លាប់ និង​របួស​ជិត ១០០​នាក់ ព្រមទាំង​ភៀសខ្លួន​ជិត កន្លះ​លាន​នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៧ ធ្នូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ