យុវជន​កម្ពុជា​ក្នុង​និង​ក្រៅ​ស្រុក​ធ្វើ​សកម្មភាព​ផ្លូវ​ច្បាប់​អន្តរជាតិ និង​ទាមទារ​ឱ្យ​អាមេរិកទប់ស្កាត់​ F-16

0
225
តំណាង​ពលរដ្ឋ​​យក​ញត្តិ​ដាក់​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០២៥។
តំណាង​ពលរដ្ឋ​​យក​ញត្តិ​ដាក់​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០២៥។

យុវជន​កម្ពុជា​មួយ​រូប​គឺ​លោក មូន ពេជ្រ ដែល​តែងតែ​ធ្វើ​សកម្មភាព​ផ្លូវច្បាប់​នៅ​លើ​ឆាក​អន្តរជាតិ បាន​រាយការណ៍​បន្ថែម​ពីលើ​បណ្ដឹង​ចាស់​របស់​លោក ប្រឆាំង​នឹង​ពួក​មេដឹកនាំ​យោធា និង​អ្នកដឹកនាំ​នយោបាយ​ថៃ ទៅកាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ស្រប​ពេល​ដែល​យុវជន​មួយ​ក្រុម​នៅក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី២២ ខែ​ធ្នូ នេះ​ដែរ ទាមទារ​ឱ្យ អាមេរិក​ទប់ស្កាត់​ថៃ​ប្រើ​យន្តហោះ​ចម្បាំង F-16 ឈ្លានពាន​កម្ពុជា​ទាំង​កំរោល ដោយ​បាញ់​ចូល​ទីតាំង​ប្រជាជន​ស៊ីវិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។

យុវជន​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​រាយការណ៍​បន្ថែម​ពី​លើ​បណ្ដឹង​ចាស់​របស់​លោក ពី​បទ​ឧក្រិដ្ឋកម្ម​របស់​ពួក​មេ​យោធា និង​អ្នកដឹកនាំ​នយោបាយ​ថៃ មក​លើ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា ទៅ​កាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជា​ស្ថាពរ។ លោក​ថា ពាក្យ​បណ្តឹង​នេះ សរុប​មាន​ចំនួន ៥៦​ទំព័រ ដោយ​មិន​រាប់បញ្ចូល​បញ្ជី​ឈ្មោះ​អ្នកគាំទ្រ​ឡើយ។

យុវជន​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ។ រូបពីហ្វេសប៊ុកលោក មូន ពេជ្រ

លោក មូន ពេជ្រ សរសេរ​ថា ​«មិន​ថា​លទ្ធផល​យ៉ាងណា ពួក​យើង​នឹង​ទទួល​យក​ទាំងអស់គ្នា​។ ពួក​យើង​ទាមទារ​យុត្តិធម៌​ជូន​ប្រជាជាតិ​យើង មិនមែន​ដើម្បី​ការ​សង​សឹក​ឡើយ។ ប្រជាជន​យើង​ត្រូវការ​សន្តិភាព មិនមែន​សង្គ្រាម​ឈ្លានពាន។ ក្មេងៗ ត្រូវ​ការ​ការ​សិក្សា មិនមែន​ការ​ភ័យខ្លាច​ឡើយ​។ ទោះ​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​ពួក​យើង​មាន​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ពួក​យើង»។

នៅក្នុង​លិខិត​ទៅកាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC លោក មូន ពេជ្រ លើកឡើង​ថា ក្នុង​នាម​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ការ​ព្រួយបារម្ភ លោក​បាន​ធ្វើ​បច្ចុប្បន្នភាព ក្រោម​មាត្រា ១៥ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថ្មី និង​បន្ត​កើតមាន និង​ការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​នយោបាយ​ថៃ និង​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងយោធពល​ភូមិន្ទ​ថៃ (RTAF) ប្រឆាំង​នឹង​ប្រទេស​កម្ពុជា និង​ជន​ស៊ីវិល​កម្ពុជា ដោយ​បើក​ការវាយប្រហារ​ដោយ​ផ្ទាល់ និង​មិន​រើសមុខ​លើ​ជន​ស៊ីវិល​កម្ពុជា និង​គោលដៅ​ជន​ស៊ីវិល ដែល​បណ្តាល​ឱ្យ​មានការ​ស្លាប់​ជន​ស៊ីវិល របួស និង​ការភ័យខ្លាច។

ចំណែកឯ​នៅ​ទីក្រុង​ភ្នំពេញ​ឯនោះ​វិញ យុវជន​មួយ​ក្រុម​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​ទាមទារ​ឱ្យ​អាមេរិក​ទប់ស្កាត់​ថៃ​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាប់​គ្រាប់​ឈ្លានពាន​កម្ពុជា។ តំណាង​ពលរដ្ឋ​លោក អ៊ុង សេរីវុទ្ធ ដែល​បាន​ចូលរួម​ដាក់​ញត្តិ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែរ​លោក​មក​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា គឺ​ដើម្បី​ទាមទារ​ឱ្យ​អាមេរិក បញ្ឈប់​សកម្មភាព​យោធា​ថៃ ដែល​កំពុង​ប្រើ​យន្តហោះ​ចម្បាំង F-16 ដែល​ថៃ​ទិញ​ពី​អាមេរិក មក​ឈ្លានពាន​កម្ពុជា។ ប៉ុន្តែ​លោក​សោកស្តាយ​ដែល​ស្ថានទូត បង្វែរ​ឱ្យ​យក​ទៅ​ដាក់ នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​វិញ។

លោក អ៊ុង សេរីវុទ្ធ៖ «យើង​សង្ឃឹម​ថា សារ​នេះ​នឹង​ទៅដល់​សហរដ្ឋអាមេរិក​ជាពិសេស​ប្រធានាធិបតី​អាមេរិក​គឺ​លោក ដូណាល់ ត្រាំ (Donald Trump) ព្រោះថា​មែនទែន ទៅ​លោក​ខិតខំ​ប្រឹងប្រែង​ណាស់​ដើម្បី​បញ្ចប់សង្គ្រាម​នេះ ទាំង​បទ​ឈប់​បាញ់ ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​កូឡាឡាំពួរ ហើយ​លោក​ថ្លែង​សារ​ម្តង​ជា​ពីរ​ដង​ហើយ ឲ្យ​ថៃ​ងាក​មក​គោរព​បទ​ឈប់​បាញ់ កិច្ច​សន្តិភាព​អី​នោះ​វិញ ប៉ុន្តែ​ភាគី​ថៃ​ឯនោះ​ទេ​ដែល​មិន​ព្រម ហើយ​តែងតែ​ចោទប្រកាន់​មក​លើ​កម្ពុជា​យើង​ថា យើង​ជា​អ្នក​ឈ្លានពាន​ទៅលើ​ទឹកដី​របស់​គេ»។

លោក អ៊ុង សេរីវុទ្ធ បាន​បន្ថែម​ថា លោក​ចង់​ផ្ញើ​សារ​ទៅ​ពិភពលោក​ឲ្យ​ក្រឡេក​មក​មើល​កម្ពុជា ថា​កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ដោយសារ​ថៃ កម្ពុជា​ពុំ​មែន​ជា​អ្នក​ឈ្លានពាន​ប្រទេស​ថៃ​នោះ​ទេ ហើយ​កម្ពុជា​ក៏​ពុំ​មែន​ជា​អ្នក​ដែល​រំលោភ​នូវ​បទ​ឈប់​បាញ់​ដែរ។

កន្លងមក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​តុលាការ​មាន​ចំណាត់ការ​ទៅលើ​បណ្តឹង​របស់​កម្ពុជា​នៅឡើយ​ទេ ខណៈ​យោធា​ថៃ​កំពុង​បន្ត​រំលោភបំពាន​បទ​ឈប់​បាញ់ និង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ដោយ​បន្ត​ការវាយប្រហារ​ដ៏​កំរោល​មក​លើ​កម្ពុជា បាញ់ប្រហារ​មក​លើ​អគារ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល​កំពុង​រស់នៅ។

សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២២ ធ្នូ ជន​ស៊ីវិល​កម្ពុជា​ស្លាប់​កើន​ដល់​២០​នាក់ ក្នុង​នោះ​មាន​ទារក ១​នាក់ និង​អ្នក​រងរបួស​មាន​ចំនួន​៧៩​នាក់ ដោយសារ​ការឈ្លានពាន​របស់​ទ័ព​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​។ ការ​ឈ្លានពាន​របស់​ទ័ព​ថៃ ឈាន​ចូល​ថ្ងៃទី​១៦ ហើយ និង​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ស៊ីវិល​កម្ពុជា ៥២​ម៉ឺន​នាក់ ក្លាយជា​ជនភៀសសឹក ក្នុង​នោះ​មាន​ស្ត្រី​ជាង ២៧​ម៉ឺន​នាក់ និង​កុមារ​១៦​ម៉ឺន​នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ