ពលរដ្ឋ​ខ្មែរ​បារម្ភ​សង្គ្រាម​បន្ត​យូរ​ទៀត ក្រោយ​ប្រទេស​ថៃ​រំលាយ​សភា

0
103
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard

បន្ទាប់ពី​ប្រទេស​ថៃ​រំលាយ​សភា ប្រជាពលរដ្ឋ​ខ្មែរ​បារម្ភ​សង្គ្រាម​បន្ត​យូរ​ទៀត ពីព្រោះ​អំណាច​នៅ​ថៃ ធ្លាក់​ទៅលើ​កណ្ដាប់​ដាប់​ដៃ​ពួក​យោធាដែល​នៅតែ​ចិញ្ចឹមចិត្ត​ធ្វើ​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា។

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆាន់វីរៈគុល (Anutin Charnvirakul) កាលពី​ថ្ងៃទី​១១ ធ្នូ បាន​ដាក់​សំណើ សុំ​ព្រះមហាក្សត្រ​ថៃ​រំលាយ​សភា ដែល​ជា​យន្តការ​ត្រួសត្រាយ​ផ្លូវ​ឈាន​ទៅ​រក​ការបោះឆ្នោត​ថ្មី​មុន​អាណត្តិ ដោយ​លោក​អះអាង​ថា ជា​ការ​ប្រគល់​អំណាច​ជូន​ប្រជាជន​ថៃ​វិញ។ ទោះជា​យ៉ាងណា ការប្រកាស​រំលាយ​សភា​យ៉ាង​តក់ក្រហល់​ហើយ​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ថៃ​អនុញ្ញាត​នៅ​ពេល​នេះ កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​កើនឡើង​សន្ទុះ​នៃ​ការ​បាញ់​ផ្លោង​របស់​កងទ័ព​ថៃ​ចូល​ទឹកដី​ប្រទេស​កម្ពុជា។

ខណៈ​លោក អានុទីន អះអាង​ថា ការ​រំលាយ​សភា​ពុំ​ប៉ះពាល់​ដល់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ថៃ​-​កម្ពុជា​នោះ ពលរដ្ឋ​ខ្មែរ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ទូរទស្សន៍ អាស៊ីសេរី ថា ការ​រំលាយ​សភា​នៅ​ប្រទេស​ថៃ​នេះ នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថា ទាហាន​ថៃ​នឹង​បន្ត​ឈ្លានពាន​កម្ពុជា​ទៀត។

ពលរដ្ឋ៖ «អ៊ីចឹង​ខ្មែរ​យើង​ចង់បាន​ការ​ឈប់​បាញ់​ដោយសារតែ​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​មួយៗ​គ្រាប់ ភៀសសឹក បូក​ទាំង​នៅ​ភូមិ​ខ្ញុំ​ដែរ​។ វា​បាញ់​នៅ​ឃុំ ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ហើយ F-16 បាន​ទម្លាក់​បាន​ពីរ​គ្រាប់ ដែរ​។ ថៃ​នៅ​បន្ត​ពី​ម្សិលមិញ​បាន​ទម្លាក់​នៅ​ស្រុក​ត្បែងមានជ័យ​ផង នៅ​ស្រុក​ជ័យសែន ផង និយាយ​ទៅ​ឆ្វេង​មក​ជុំ​ខេត្ត»។

យុវជន ភារុន ក៏​យល់ឃើញ​ដែរ​ថា ការ​រំលាយ​សភា​នៅ​ប្រទេស​ថៃ មិនមែន​ជា សញ្ញា​ឈប់​បាញ់​ទេ ប៉ុន្តែ ជា​សញ្ញា​បន្ត​សង្គ្រាម ព្រោះ ភាគី​ថៃ​តែងតែ​ប្រើ ទម្លាប់​បែបនេះ​។ លោក​ថា កាលណា​រំលាយ​សភា​ហើយ កងទ័ព​ថៃ​ជា អ្នក​កាន់ កាប់ អំណាច​ទាំងស្រុង និង​មាន​សិទ្ធិ​ផ្ដាច់មុខ ក្នុង​ការ​សម្រេចចិត្ត ធ្វើ​សង្គ្រាម ខណៈ​កងទ័ព​ថៃ​នៅតែ​ចង់​បន្ត​សង្គ្រាម​វាយ​ចូល​កម្ពុជា។

យុវជន ភារុន៖ «កាលណា​នាយករដ្ឋមន្ត្រី​លាលែង​រំលាយ​សភា អាហ្នឹង បើ​តាម​គាត់​និយាយ​មក គឺ​គាត់​ផ្ដល់​សិទ្ធិអំណាច​ដល់​ពលរដ្ឋ​វិញ​។ អ៊ីចឹង​ដូច​យើង ដឹង​ស្រាប់​នៅ​ថៃ​ក្រៅពី​នាយករដ្ឋមន្ត្រី ក្រៅពី​សភា គឺ​សិទ្ធិ​ធំ​ជាង​គេ គឺ​នៅ​មេទ័ព។ ខ្ញុំ​គិតថា នៅតែ​បន្ត​អ៊ីចឹង ដោយសារ​មេទ័ព​របស់​ថៃ​នៅតែ​ចង់​ធ្វើ​សង្គ្រាម ជាមួយ​ខ្មែរ​។ ខ្ញុំ​គិតថា អត់​ឈប់​ទេ សង្គ្រាម​នៅតែ​បន្ត»។

ស្របពេល​កម្ពុជា​កំពុង​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ទប់ទល់​នឹង​យោធា​ថៃ​ឈ្លានពាន យុវជន​រូប​នេះ​ថា ភាគី​កម្ពុជា​ត្រូវ​ប្រើ​យន្តការ​អន្តរជាតិ​បន្ថែម​ទៀត ដើម្បី​តទល់​នឹង​ថៃ ដូចជា​ការរៀបចំ​ឯក​សារ ភស្តុតាង​ដាក់​ទៅកាន់​តុលាការ​អន្តរ ជាតិ​ឱ្យ​បាន​ឆាប់រហ័ស។

យុវជន ភារុន៖ «សម្រាប់​ខ្ញុំ​គិតថា ដូច​អី​ដែល​អ្នកវិភាគ​គាត់​បាន​អ៊ីចឹង​។ ខ្ញុំ​គិតថា ខ្មែរ​យើង ប្រសិនជា​ប្រយុទ្ធ​តទល់​អាវុធ​និង​អាវុធ វា​នៅតែ​មាន​អ្នក​ជម្លៀស​សឹក នៅ​តែ​មាន​បញ្ហា​ផ្លោង​ទៅវិញទៅមក​។ ខ្ញុំ​គិតថា ការស្វែងរក​ជំនួយ​ការទូត​ឬក៏ ប្ដឹង​ទៅ​តុលាការអន្តរជាតិ អាហ្នឹង​ជា​ផ្នែក​មួយ ដែល​អាច​ធ្វើ​ឲ្យ​ខ្មែរ​មាន​ច្រកចេញ មួយទៀត ជាជាង​យើង​ទៅ​ប្រឈមមុខ​ភ្ជង់​កាំភ្លើង​ជាមួយ​ថៃ»។

រីឯ​យុវតី ស្រី​ពៅ យល់ឃើញ​ដែរ​ថា កាលណា​រំលាយ​សភា​ថៃ ហើយ​យោធា​ថៃ​កាន់អំណាច​នោះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​សង្គ្រាម កាន់តែ​អាក្រក់​ទៅៗ។

ចំពោះ​ភាគី​កម្ពុជា​វិញ កញ្ញា និយាយ​ថា ដើម្បី​ទប់ទល់​ស្ថានការណ៍​អាក្រក់ ដែល បន្ត​កើតមាន​លោក ហ៊ុន សែន គួរតែ​បញ្ឈប់​ការ​លើកឡើង​នូវ​សារ​នយោបាយ បញ្ឆេះ​កំហឹង​ជាតិ​សាសន៍ ដែល​នាំ​តែ​ឡើង​កំដៅ​សង្គ្រាម​។ កញ្ញា​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ស្វែងរក​ការ​ស្រុះស្រួល​ផ្ទៃក្នុង​ជាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កក់ក្ដៅ ហើយ​ក្រសួង​ការពារជាតិ​ក៏​គួរតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស បើក​លំហ​ប្រព័ន្ធ ផ្សព្វផ្សាយ និង ដោះលែង​អ្នកទោស​មនសិការ​ជាដើម។

យុវតី ស្រី​ពៅ៖ «យើង​មាន​អ្នកទោស​មនសិការ​ច្រើន​ដែល​បាន​ជាប់​ឃុំឃាំង ពេល​ដែល​មុន​មាន​សង្គ្រាម គឺ​បាន​ចាប់ខ្លួន ក៏ប៉ុន្តែ​អំឡុង​ពេល​មាន​សង្គ្រាម​នេះ​ពួកគាត់​ក៏​នៅ​តំបន់​រងគ្រោះ តំបន់​ដែល​សៀម​វា​ទម្លាក់​គ្រាប់បែក​មក​អ៊ីចឹង គឺ​មាន​បញ្ហា​មែនទែន​។ អ្វី​ដែល​ខ្ញុំ​ស្នើសុំ ចង់បាន​ខ្លាំង គឺ​ការ​រួបរួម​គ្នា ជា​សំខាន់ គឺ​ស្មារតី ព្រោះថា​ឥឡូវ​កំពុង​ប៉ះពាល់​ស្មារតី​ខ្លាំង​មែនទែន។ អ៊ីចឹង​ស្មារតី​ជនជាតិ ខ្មែរ​ដូចគ្នា ស្នើ​ឲ្យ​រដ្ឋាភិបាល​បើកឱកាស បើ​អាច​ដោះលែង​អ្នកទោស​មនសិការ អ្នកទោស​សង្គម​ឲ្យ​គាត់​មក​និយាយ​ពី​បញ្ហា​ទាំងអស់​ហ្នឹង ព្រោះ​អី​ពួកគាត់​ក៏​ជា សំឡេង​មួយ សម្រាប់​ផ្ញើ​ទៅកាន់​ពិភពលោក​ដែរ។ មួយវិញទៀត​អ្នក​ក្រៅ​ស្រុក ដោយសារតែ​ខ្ញុំ​ឃើញ​ព័ត៌មាន​ទាក់ទង​នឹង​លោក ជុន ច័ន្ទបុត្រ ពួកគាត់​ចង់​មក ស្រុក​វិញ ដើម្បី​ផ្សាយ​ព័ត៌មាន​ពិត អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​ពេល​ដែល​គាត់​ស្នើសុំ​ទៅ តាម​ព័ត៌មាន​ដែល​ខ្ញុំ​ឃើញ លោក ហ៊ុន សែន បដិសេធ​សម្ដេច ហ៊ុន សែន បដិសេធ។ អ៊ីចឹង​កន្លែង​នេះ សំណូមពរ​ពី​ខ្ញុំ​ទៅ​ក្នុង​នាម​ជា​កូន​ខ្មែរ​ម្នាក់ គឺ​ខ្ញុំ​ចង់​ឃើញ គាត់​បើកឱកាស​ឲ្យ​សារព័ត៌មាន ទាំង​ក្នុង​ទាំង​ក្រៅ​ស្រុក បើក​ហើយ ឲ្យ​ពួកគាត់​មក​យក​ព័ត៌មាន​ដោយ​ផ្ទាល់ៗ​ពី​ស្ថានភាព​ពិត ដែល​កំពុង​កើតមានឡើង ក្នុង​ជម្លោះ​ហ្នឹង ដោយសារតែ​បញ្ហា​សារព័ត៌មាន នេះ ហើយ ដែល​យើង​អត់​សូវ បាន​ព័ត៌មាន​ទូលំ​ទូទៅ​កាន់​ពិភពលោក។ ភាគី​ថៃ​មាន​សារព័ត៌មាន​ធំៗ​ហើយ​គេ follow​ច្រើន​អ៊ីចឹង គេ​និយាយ​អី​ក៏​ខាង ពិភពលោក ជឿ​ដែរ ជឿ​លឿន។ អ៊ីចឹង​យើង​ចង់​ឲ្យ​មាន​សារព័ត៌មាន​ឯករាជ្យ សារព័ត៌មាន​សេរី ឲ្យ​បាន​ច្រើន​មកវិញ​បើ​អាច​បើក​មកវិញ ផ្ដល់​ឱកាស​ពួកគាត់​ចូល​ស្រុក យើង ព័ត៌មាន​ពិត ព្រោះ​អី​ពួកគាត់​មាន​អ្នក follow​ច្រើន»។

អ្នកឃ្លាំមើល​ខ្លះ​លើកឡើង​ថា មធ្យោបាយ​ដែល​កម្ពុជា​អាច​ប្រើប្រាស់​នៅ​ពេល​នេះ​ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ថៃ គឺ​ការ​ពង្រឹង​កម្លាំង​ការពារ​ខ្លួន​ឱ្យ​បាន​ខ្លាំងក្លា និង​រឹងមាំ និង​ត្រូវ​យក​សំណុំរឿង​ព្រំដែន និង​វិនាសកម្ម​បង្កឡើង​ដោយ យោធា ថៃ​ប្តឹង​ទៅកាន់​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (PPA) តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ឲ្យ​ជួយ​រក ដំណោះស្រាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ