

ក្រុមយោធាកម្ពុជា និងក្រុមយោធាថៃ បានជួបប្រជុំគ្នាជាថ្មីដើម្បីដោះស្រាយបញ្ហាព្រំដែន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ នៅច្រកអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ប៉ុន្តែពុំមានដំណោះស្រាយរួមនោះទេ។ អ្នកឃ្លាំមើលយល់ថា ការបរាជ័យនេះ គឺដោយសារភាគីថៃ គ្មានឆន្ទៈចរចាជាមួយកម្ពុជានោះទេ ព្រោះយោធាថៃ កំពុងមានប្រៀបក្នុងការគ្រប់គ្រងទឹកដីកម្ពុជា។
កិច្ចប្រជុំរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២របស់ភាគីថៃ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនបានរកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ។ ដោយសារកិច្ចប្រជុំមិនអាចរកដំណោះស្រាយរួមបាន ភាគីទាំងពីរបានឯកភាពគ្នាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្ដូរឯកសារ និងគ្រោងជួប ពិភាក្សាគ្នានៅពេលខាងមុខទៀត។កិច្ចប្រជុំកម្រិតយោធភូមិនៃភាគីកម្ពុជា-ថៃ ដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែននេះ ក៏មានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។
ទោះជាយ៉ាងណា ក្រសួងការពារជាតិមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលធ្វើឲ្យភាគីទាំងទាំងពីរ បរាជ័យដោះស្រាយជម្លោះព្រំដែននេះឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍លម្អិតរបស់លោក ថា ថៃ ដូចតទៅ








