

ក្រុមអ្នកតស៊ូមតិកម្ពុជានិងអ្នកឃ្លាំមើលសង្គម សង្ស័យថា ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ដែលជាមេឧក្រិដ្ឋជនអនឡាញចេញពីប្រទេសកម្ពុជាដោយប្រញាប់ប្រញាល់ គឺជាវិធីតែមួយគត់ដើម្បីបិទបាំងការស៊ើបអង្កេតរបស់តុលាការ ពាក់ព័ន្ធនឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ជាងនេះទៀត ការចាប់បញ្ជូននេះក៏អាចពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនយោបាយ និងសេដ្ឋកិច្ចរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ដែលផ្តល់បុព្វសិទ្ធិពិសេសដល់ជនជាតិចិននៅក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកតស៊ូមតិកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ បានធ្វើសេចក្តីវិភាគផ្លូវច្បាប់ចេញពីទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia) ដោយអះអាងថា ការបំភ្លឺរបស់រដ្ឋាភិបាលកម្ពុជាក្នុងករណីបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅប្រទេសចិន ជាការរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ក្រុមអ្នកតស៊ូមតិកម្ពុជា អះអាងថា រដ្ឋាភិបាលបច្ចុប្បន្នឱ្យតម្លៃលើកិច្ចសន្យាជាមួយបរទេស ធំជាងច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ជាតិខ្លួនឯង ហើយការចាប់បញ្ជូនខ្លួនចេញភ្លាមៗបែបនេះ ធ្វើឱ្យសិទ្ធិទទួលបានការការពារខ្លួនរបស់លោក ចេន ហ្សី ត្រូវបាត់បង់ទាំងស្រុង និងជាការកម្ទេចភស្តុតាងក្នុងការរកការពិតនៃបទល្មើសដែលកើតឡើងក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកតស៊ូមតិកម្ពុជាបន្ថែមថា ការដែលរដ្ឋាភិបាលអះអាងថា ការទទួលបានសញ្ជាតិរបស់លោក ចេន ហ្សី ជាការបន្លំ គឺជាការសន្និដ្ឋានដោយរំលងនីតិវិធីច្បាប់ និងរំលងអំណាចតុលាការដែលជាយន្តការស្វែងរកយុត្តិធម៌ពិតប្រាកដ។ លោក ចេន ហ្ស៊ី មានឋានៈខ្ពស់ស្មើរដ្ឋមន្ត្រី ដែលបង្ហាញថា ទំនាក់ទំនងរបស់លោកជាមួយថ្នាក់ដឹកនាំ គឺជាទំនាក់ទំនងពិសេស និងអាថ៌កំបាំង។ ពួកគេករណីនេះ វាអាចសន្និដ្ឋានបានថា លោក ចេន ហ្ស៊ី គឺជាភ្នាក់ងារបរទេសដែលដើរតួជាស្ពានចម្លងប្រភពទុនពី ប្រទេសចិនមកកាន់កម្ពុជា តាមរយៈថ្នាក់ដឹកនាំគណបក្សកាន់អំណាច ឬក៏អាចជាភ្នាក់ងារតំណាងក្នុងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យជនជាតិចិនមករស់នៅកម្ពុជាក្នុងចំនួនដ៏ច្រើនលើសលប់។
ក្រុមអ្នកតស៊ូមតិកម្ពុជាយល់ថា សកម្មភាពចាប់បញ្ជូនខ្លួនលោក ចេន ហ្សី នេះហាក់ដូចជាការបំបាត់ភស្តុតាងនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការលាងសម្អាតប្រាក់ ដែលធ្វើឱ្យកម្ពុជាមិនអាចរកការពិតឃើញ និងធ្វើឱ្យជនរងគ្រោះមិនអាចស្វែងរកយុត្តិធម៌បាន។
ទាក់ទងទៅនឹងរឿងនេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា មើលឃើញស្រដៀងគ្នាដែរថា ការចាប់ខ្លួនលោក ចេន ហ្ស៊ី ដែលជាមេឧក្រិដ្ឋជនឆបោកអនឡាញ គឺមានភាពប្រញាប់ប្រញាល់ ដោយពុំទុកឱកាសឲ្យជនរងគ្រោះប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីរកយុត្តិធម៌។
លោក ស៊ឹង សែនករុណា៖ «យើងមើលឃើញថា ការចាប់ខ្លួនហ្នឹងវាគ្រាន់តែធ្វើឡើងដោយបុគ្គល ហើយខ្ញុំមិនទាន់ជឿជាក់ទាំងស្រុងទេថាតើការចាប់ខ្លួនហ្នឹងវាមានការធ្វើឡើងដោយសុឆន្ទៈពិតប្រាកដក្នុងការបោសសំអាតក្នុងរឿងអនឡាញ»។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី២៦ មករា ថា ការបណ្តេញលោក ចេន ហ្ស៊ី ត្រឡប់ទៅប្រទេសចិនវិញ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា និងផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ ហើយការដកសញ្ជាតិលោក ចេន ហ្ស៊ី គឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ។ ការចេញបកស្រាយរបស់ក្រសួងការបរទេស គឺស្រដៀងទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ដែលបានថ្លែងប្រាប់សារព័ត៌មានបរទេសនៅពេលត្រូវបានសួរនាំពីការចាប់បញ្ជូនខ្លួនឧក្រិដ្ឋជន ចេន ហ្សី ចេញពីកម្ពុជា ។ ប៉ុន្តែការបកស្រាយរបស់លោក ប្រាក់ សុខុន និងក្រសួងការបរទេសនេះ ត្រូវទទួលរងការរិះគន់ថា មិនសមហេតុផល និងគ្មានការទទួលខុសត្រូវ ជាពិសេសនោះ នរណាក៏ដឹងដែរថា លោក ហ៊ុន សែន គឺជាអ្នកមានអំណាចដែលផ្តល់សញ្ជាតិឱ្យលោក ចេន ហ្សី ហើយឧក្រិដ្ឋជនរូបនេះក៏ត្រូវបានលោក ហ៊ុន សែន ផ្តល់គោរមងារឧកញ៉ា និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងមន្ត្រីមានអំណាចកំពូលមួយចំនួនទៀត។

លោក ចេន ហ្ស៊ី និងគ្នីគ្នាចំនួន ២នាក់ទៀត ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិនវិញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ តាមសំណើរបស់អាជ្ញាធរចិន។ ទីក្រុងប៉េកាំងបានចាត់ទុកឧក្រិដ្ឋជន ចេន ហ្ស៊ី ថា ជាមេខ្លោងដ៏សំខាន់មួយក្នុងបទល្មើសឆបោកឆ្លងដែនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងសន្តិសុខសាធារណៈចិនបានប្រកាស កាលពីថ្ងៃទី១៥ ខែមករា ថា អាជ្ញាធរនឹងអត់ឱនទោសចំពោះជនទាំងឡាយណា ដែលមានសេចក្តីក្លាហានចូលខ្លួនសារភាពទទួលកំហុសពីការប្រព្រឹត្តបទល្មើសឆបោកអនឡាញដែលពាក់ព័ន្ធនឹងឧក្រិដ្ឋជន ចេន ហ្ស៊ី។
ឧក្រិដ្ឋជន ចេន ហ្ស៊ី ត្រូវបានគេដឹងថា គឺជាប្រភពលុយដ៏សំខាន់មួយជួយដល់គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារត្រកូលហ៊ុន ដើម្បីពង្រឹងអំណាចតាមបែបផ្ដាច់ការ។ កាលពីអំឡុងជំងឺកូវីដ-១៩ ឧក្រិដ្ឋជន ចេន ហ្ស៊ី បានផ្ដល់ឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ប្រមាណ ៣លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ តែការបរិច្ចាគនេះត្រូវបានគេមើលឃើញថា ឧក្រិដ្ឋជនរូបនេះបានសំដែងធ្វើជាជនមានទឹកចិត្តសប្បុរសម្នាក់ តែតាមពិតនៅពីក្រោយសកម្មភាពសប្បុរសធម៌នេះ លោក ចេន ហ្សី គឺជាមេខ្លោងនៃអំពើឧក្រិដ្ឋកម្មសាហាវៗជាច្រើន៕









