CCHR ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥​នាក់ និង​លោក កើត សារ៉ាយ

0
205
សកម្មជនសិទ្ធិការងារ និងគណបក្សនយោបាយ លើកបដាទាមទារ​តុលាការ​ដោះលែង​សកម្មជនបរិស្ថាន​នៃចលនាមាតាធម្មជាតិ ៥នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី១ ធ្នូ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជនសិទ្ធិការងារ និងគណបក្សនយោបាយ លើកបដាទាមទារ​តុលាការ​ដោះលែង​សកម្មជនបរិស្ថាន​នៃចលនាមាតាធម្មជាតិ ៥នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី១ ធ្នូ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​ក្រុម​សកម្មជន​សង្គម​នៅតែ​ស្នើ​ដល់​តុលាការ និង​ស្ថាប័ន​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ ៥​នាក់ និង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សា​រ៉ា​យ ឱ្យ​មាន​សេរីភាព​។ ពួកគាត់​យល់ថា ការ​បន្ត​ឃុំខ្លួន​សកម្មជន​បរិស្ថាន និង​សង្គម​គឺជា​រូបភាព​សម្លុត​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃទៀត​ដែល​ហ៊ាន​ឈឺ​ឆ្អាល​និយាយ​រឿង​បញ្ហា​បរិស្ថាន និង​សង្គម។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃទី​០២ ខែ​ធ្នូ នៅតែ​បន្ត​ផ្សព្វផ្សាយ​រូបភាព​សាច់ញាតិ អ្នក​នយោបាយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​មួយចំនួន​លើក​បដា​តវ៉ា​ទាមទារ​ឱ្យ​សាលាឧទ្ធរណ៍​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥​នាក់ ឱ្យ​មាន​សេរីភាព បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគាត់។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក សេង សុវឌ្ឍនា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សកម្មភាព​របស់​សកម្មជន​បរិស្ថាន​ទាំង ៥​នាក់​គឺជា​ស្មារតី​ក្នុង​ការ​ការពារ​ធម្មជាតិ និង​រួមចំណែក​រាយការណ៍​ពី​ការ​បំផ្លិចបំផ្លាញ​ដល់​សមត្ថកិច្ច​ដែល​អាជ្ញាធរ​គួរ​យកចិត្តទុកដាក់​ជាជាង​ចាប់ចង​បំបិទ​សំឡេង​ពួកគេ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ក៏​ព្រួយបារម្ភ​ចំពោះ​លំហ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចង្អៀត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ បន្ត​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥​នាក់​ទុក​ជា​បាន​ការ​ដដែល។ សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ រួមមាន​លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ដែល​កំពុង​ជាប់ឃុំ​ជាង ១​ឆ្នាំ ៤​ខែ​ហើយ​។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី ៦​ឆ្នាំ ទៅ ៨​ឆ្នាំ ពី​បទ​ចោទ «​រួមគំនិត​ក្បត់​» និង «​ប្រមាថ​ព្រះមហាក្សត្រ​» កាលពី​ខែកក្កដា ឆ្នាំ​២០២៤ ដោយសារតែ​ភាព​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន និង​ហ៊ាន​និយាយ​លាតត្រដាង​ពី​វិនាសកម្ម​ធនធានធម្មជាតិ​នៅ​កម្ពុជា។

ក្រៅពី​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥​នាក់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏បាន​បន្ត​ស្នើ​ឱ្យ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យ​មាន​សេរីភាព។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ថា អ្នកការពារ​សិទ្ធិមនុស្ស លោក កើត សារ៉ាយ បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង ៦០០​ថ្ងៃ​មក​ហើយ ខណៈ​សាលាឧទ្ធរណ៍​ភ្នំពេញ​មិនទាន់​កំណត់ពេល​បើក​សវនាការ​លើ​បណ្ដឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង​របស់​លោក​ពី​បទ «​ញុះញង់​» នៅឡើយ​។ សាលាដំបូង​ក្រុងភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក កើត សារ៉ាយ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ៤​ឆ្នាំ​ពី​បទ​ញុះញង់ បន្ទាប់ពី​លោក​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ក្នុង​ជម្លោះដីធ្លី​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ កាល​ពី​ដើម​ឆ្នាំ​២០២៤។

លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KSILA) កាល​ពី​ពេល​មិនទាន់ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ។ (រូប៖ ហ្វេសប៊ុក)

ជុំវិញ​រឿង​នេះ អ្នកការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា លើកឡើង​ថា ការ​បន្ត​ឃុំខ្លួន​សកម្មជន​ការពារ​បរិស្ថាន​មាតា​ធម្មជាតិ​ទាំង ៥​នាក់ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្សលោក កើត សារ៉ាយ រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ទទួលផល​ចំណេញ​អ្វី​ឡើយ ផ្ទុយទៅវិញ​គឺ​បាន​បង្ក​ការឈឺចាប់​ដល់​សាច់ញាតិ​ជន​ជាប់ឃុំ និង​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ថ្កោល​លើ​រដ្ឋាភិបាល។

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​បាន​ផ្ទេរអំណាច​ឱ្យ​កូនប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត នៅតែ​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ចំពោះ​ការដឹកនាំ​បែប​ផ្ដាច់​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​តាមរយៈ​ការប្រើប្រាស់​គ្រប់​វិធី​ក្ដៅ​បង្ក្រាប​សំឡេង​អ្នកនយោបាយ​ប្រឆាំង សកម្មជន​សង្គម បរិស្ថាន ពលរដ្ឋ​ទូទៅ​ដែល​មាន​មតិផ្ទុយ​ហ៊ាន​រិះគន់​រដ្ឋាភិបាល ក្រោយ​មានការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧។

អង្គការ​ការពារ​សិទ្ធិមនុស្ស (LICADHO) លីកាដូ​រក​ឃើញ​ថា គិត​ត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៥ មនុស្ស​ជិត ១០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគាត់​បាន​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​រិះគន់​ទៅលើ​រដ្ឋាភិបាល​។ អង្គការ​លីកាដូ​បញ្ជាក់​ថា មនុស្ស​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន រួមមាន​អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ