អង្គការ​សិទ្ធិ​កុមារ​បារម្ភ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​សង្គ្រាម ខណៈ​ជនភៀសសឹក​កើនឡើង

0
121
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​កម្ពុជា (Would Vision) ព្រួយបារម្ភ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កុមារ ទាំង​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ ស្របពេល​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​-​ថៃ បាន​កើត​ឡើងជា​ថ្មី​។ ពួកគាត់​ថា កុមារ​ភៀស​សឹក​កម្ពុជា​ជាច្រើន​ខ្វះខាត​អាហារ និង​ទីជម្រក​សមរម្យ ដែល​បាន​បង្ក​ការ​ប៉ះទង្គិច ផ្លូវចិត្ត ការ​រំខាន​ការសិក្សា និង​សុវត្ថិភាព​ក្នុង​ការ​រស់នៅ។

អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៥ ខែ​ធ្នូ ថា ជម្លោះព្រំដែន​កម្ពុជា​-​ថៃ កំពុង​ធ្វើ​ឱ្យ​កុមារ​ស្ថិត​ក្នុងចំណោម​អ្នករងគ្រោះ​បំផុត ព្រោះ​ពួកគេ​ប្រឈម កង្វះ​អាហារូបត្ថម្ភ គ្មាន​ទីជម្រក​សមរម្យ ខ្វះ​ទឹក​អនាម័យ និង​សេវា​ថែទាំ​សុខភាព ទើប​ធ្វើ​ឱ្យ​ប៉ះទង្គិច​ផ្លូវចិត្តធ្ងន់ធ្ងរ។

នាយក​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា លោក ជេនេស អ៊ីម៉ានូអ៊ែល (Janusz Emanuel) បាន​លើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា គ្រួសារ​ជនភៀសសឹក នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ បាន​កើនឡើង​ច្រើន ខណៈ​តម្រូវ​ការ​អាហារ ទីជម្រក និង​សេវា​ថែទាំ​សុខភាព កំពុងតែ​ត្រូវការ​ជាបន្ទាន់​។ លោក​បន្ត​ថា ការ​គាំទ្រ​ផ្នែក​ស្បៀង និង​សម្ភារៈ​ឱ្យ​ទាន់​ពេលវេលា ពិតជា​សំខាន់ ក្នុង​ការ​ការពារ​និង ជួយសង្គ្រោះ​ជីវិត​កុមារ។

ជាមួយ​គ្នា​នេះ អង្គការ​ទស្សនៈ​ពិភពលោក បាន​អំពាវនាវ​ដល់​សាធារណជន និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ចូលរួម​ផ្ដល់​មូលនិធិ​ជាបន្ទាន់​ដើម្បី​ឱ្យ​ភ្នាក់ងារ​មនុស្សធម៌​អាច​បង្កើន​ជំនួយ​សង្គ្រោះ​ជីវិត រួម​ទាំង​អាហារ ទឹក​ស្អាត អនាម័យ ជម្រក​សង្គ្រោះ​បន្ទាន់ សេវា​សុខភាព​ជាដើម​។ មួយវិញទៀត លោក​ក៏​ទទូច​ឱ្យ​ផ្ដល់​អាទិភាព ក្នុង​ការ​ការពារ​កុមារ ដូចជា​សេវា​ផ្នែក​ចិត្តសាស្ត្រ និង ការអប់រំ ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​ធានា​សុវត្ថិភាព​និង​សុខុមាលភាព​រយៈពេល​វែង របស់​កុមារ​។ ចុងក្រោយ ទទូច​ឱ្យ​ជួយ​ជាបន្ទាន់ ដល់​សហគមន៍​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ឱ្យ​បាន​ឆាប់រហ័ស ដោយ​សុវត្ថិភាព និង​សមធម៌។

ស្របគ្នា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១៥ ខែធ្នូ បាន​ចេញ​របាយការណ៍ ដោយ​បង្ហាញ​ថា ចាប់តាំងពី​យោធា​ថៃ​បើក​ការឈ្លានពាន​កម្ពុជា​ដោយ​កម្លាំងយោធា​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ សាលារៀន ជាង​១​ពាន់ ( ១.០៣៩) កន្លែង​ត្រូវ​បាន​បិទ ខណៈ​សិស្ស​ជាង​២​សែន​៤​ម៉ឺន (២៤២.៨៨១)​នាក់ បាន​ផ្អាក​ការ​សិក្សា​បណ្ដោះអាសន្ន​។ ដូច្នេះ ក្រសួង​បាន​លើកឡើង​ថា សេវា​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ ដល់​កុមារ រាប់​សែន​នាក់ កំពុង​ភៀស​សឹក គឺជា​រឿង​ចាំបាច់​បំផុត​ត្រូវតែ​មាន ដើម្បី​ឱ្យ​ពួកគេ​បន្ត​សិក្សា និង​ការ​ថែទាំ​សុខភាព​ផ្លូវចិត្ត។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៧ ខែធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល។

ទោះជា​យ៉ាងណា ដើម្បី​ឆ្លើយ​ទៅ​នឹង​ស្ថានភាព​ដ៏​លំបាក​របស់​កុមារ​ដែល​កំពុងតែ​ភៀស​សឹក​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ពុំ​ទាន់​ទទួល​បាន​ការសិក្សា​ឡើងវិញ​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​រៀបចំ​តង់​កៅស៊ូ​ជាច្រើន ដែល​មាន​កម្ពស់​ជាង ៣​ម៉ែត្រ ទំហំ​ធំ​ទូលាយ ដែល​អាច​បើក​ជា​ថ្នាក់រៀន បណ្ដោះអាសន្ន ទៅកាន់​កុមារ​នៅ​តាម​ជំរំ​ភៀស​សឹក​។ ការរៀបចំ​ថ្នាក់រៀន ធ្វើ​ពី​តង់​កៅស៊ូ​នេះ ក្រសួង​រំពឹង​ថា នឹង​ជួយ​កុមារ​បាន​ខ្លះ ដើម្បី​ឱ្យ​ពួកគាត់​បាន​រៀនសូត្រ​ឡើងវិញ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CHRAC លោក រស់ សុដ្ឋា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ព្រួយ​បារម្ភ អំពី​ស្ថានភាព​ជនភៀសសឹក ខ្វះខាត​ស្បៀង​ទីជម្រក​សមរម្យ និង​ការបាត់បង់​ការសិក្សា របស់​កុមារ​ក្នុង​ស្ថានភាព​សង្គ្រាម​នេះ ជា​រឿង​ត្រឹមត្រូវ ព្រោះ​ថា កុមារ​ជា​ជន​ងាយ​រងគ្រោះ ក្នុង​ចំណោម​ជន​ដទៃទៀត ដូចជា មនុស្ស​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​។ ទន្ទឹមគ្នា​នោះ​លោក​ថា ផល​ប៉ះពាល់​ការសិក្សា​របស់​កុមារ​នឹង​ក្លាយជា​បន្ទុក​ធ្ងន់​នៅ​ពេល​អនាគត ដូច្នេះ​តម្រូវ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​រៀបចំ​ឱ្យ​មាន​វគ្គ​បង្រៀន​បណ្ដោះអាសន្ន នៅ​តាម​ជំរំ និង​ត្រូវ​ផ្ដល់​នូវ​សេវា​ថែទាំ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

លោក រស់ សុដ្ឋា៖ «ករណីនេះ​ពាក់ព័ន្ធ​ថវិកាជាតិ​ដែរ ធ្វើ​ម៉េច ឱ្យ​មាន​ថវិកា និង​កៀរគរ​យ៉ាងណា ដើម្បី​ឱ្យ​គាត់​បាន​ថវិកា អាច​បាន​សិក្សា​ក្នុង​អន្តរកាល​សង្គ្រាម​នេះ​។ ហើយ ការ​ស្នាក់នៅ​ទីនោះ អាច​មាន​ការ​ខ្វះខាត​សម្ភារៈ​មួយចំនួន ក៏ដូចជា​ការ ថែរក្សា​សុខភាព ថ្នាំ​ការពារ​មូស ម៉ុង​ភួយ សំលៀកបំពាក់ ថ្នាំ​បង្ការ ពី​ជំងឺ​ផ្សេងៗ​។ ជា​ការ​ចាំបាច់​ដែល​ត្រូវ​ផ្ដល់​ជំនួយ​ឱ្យ​បាន​គ្រប់ទិសទី គ្រប់​ទីកន្លែង»។

បើ​ទោះជា​បែបនេះ អ្នកឃ្លាំមើល​ថា អំឡុង​ស្ថាន​ភាព​លំបាក​នេះ អាជ្ញាធរ​គួរតែ​រៀបចំ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ មិន​ថា​ការសិក្សា​របស់​កុមារ ទីជម្រក អនាម័យ និង​ទឹក ត្រូវតែ​មាន​ឱ្យ​បាន​គ្រប់គ្រាន់​។ ជាមួយគ្នា​នោះ គួរតែ​ប្រមូល​ពលរដ្ឋ​ភៀស​សឹក ដែល​ស្នាក់នៅ តាម​វាលស្រែ និង​តាម​ព្រៃ ឱ្យ​ពួកគាត់​ទៅ​រស់នៅ​ជំរំ​ភៀស​សឹក​ជុំគ្នា ដើម្បី​ជួយ ការពារ​សុវត្ថិភាព​។ បន្ថែម​ពី​នោះ ពួកគាត់​ថា មក​ទល់​ពេល​នេះ ជនភៀសសឹក​ខ្លះ នៅតែ​ត្អូញត្អែរ ពិបាក​រក​ទីកន្លែង​សម្រាប់​ស្នាក់នៅ ខណៈ​នៅ​តំបន់​ភៀស​សឹក​ខ្លះ ដាក់​ចំនួន មនុស្ស​មាន​កំណត់ ហើយ​បើ​ពលរដ្ឋ​ណា ចង់​រស់នៅ​ជំរំ​ដែល​មាន​ចំនួន​មនុស្ស​ពេញ​ហើយ​នោះ អាជ្ញាធរ​ប្រាប់​ពួកគាត់​ថា អាច​ស្នាក់​នៅ​បាន ប៉ុន្តែ​មិន​ទទួល​បាន​អំណោយ​ណាមួយ ពី​សប្បុរសជន​នោះ​ឡើយ។

កាល​ពី​ផ្ទុះអាវុធ​លើក​ទី​១ រវាង​កម្ពុជា​-​ថៃ ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​២៨​ខែកក្កដា បាន​បង្ខំ​ឱ្យ​ពលរដ្ឋ រាប់​ម៉ឺន​គ្រួសារ ចាក់​ចេញពី​លំនៅឋាន ទៅ​រស់នៅ​ជំរំ​ជនភៀសសឹក។ កាលពី​ថ្ងៃទី​១២ ខែសីហា អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា (World Vision) រកឃើញ​ថា ជនភៀសសឹក​ជាង ៦០% មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ក្រោយ​ពី​ជម្លៀស​ចេញពីផ្ទះ​សម្បែង ហើយ​កុមារ​ជាច្រើន​បាន​ផ្អាក​ការសិក្សា និង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ខណៈ​អាហារូបត្ថម្ភ ទឹក​ប្រើប្រាស់ និង​អនាម័យ ពុំ​សូវ​មាន ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​រស់នៅ​ប្រកបដោយ​ផាសុកភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ