
រដ្ឋាភិបាលអូស្ត្រាលី ប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២សែន ៥ម៉ឺន(២៥០.០០០)ដុល្លារ ដើម្បីជួយដល់ប្រជាជនភៀសសឹកកម្ពុជាដែលត្រូវបានផ្លាស់ទីលំនៅដោយសារភ្លើងសង្គ្រាមតាមព្រំដែនរវាងខ្មែរ និងថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានចុះផ្សាយ កាលពីថ្ងៃទី១ ខែមករា។
ស្ថានទូតអូស្ត្រាលី បញ្ជាក់ថា តាមរយៈអង្គការអុកស្វាម (Oxfam) គឺអូស្ត្រាលី កំពុងផ្តល់ទឹកស្អាត សម្ភារៈអនាម័យ អាហារកញ្ចប់សម្ភារៈចាំបាច់សម្រាប់ស្ត្រី និងកុមារី និងកន្លែងស្នាក់នៅបណ្ដោះអាសន្ន។ បន្ថែមពីនេះ រដ្ឋាភិបាលអូស្ត្រាលី សង្ឃឹមថា ពលរដ្ឋភៀសសឹកនៅសងខាងព្រំដែននៃប្រទេសទាំងពីរ អាចត្រឡប់ទៅលំនៅឋានវិញបានឆាប់រហ័ស។
ដោយឡែក រដ្ឋាភិបាលចិនកាលពីថ្ងៃទី២៨ ធ្នូ បានផ្តល់ជំនួយដល់កម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន ឬស្មើប្រមាណជិត ៣លានដុល្លារអាមេរិក។ ជំនួយនេះបូកបញ្ចូលទាំងសម្ភារៈជំនួយដំបូងដែលត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៨ ធ្នូ រួមមាន តង់ ភួយ និងអាហារ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពិន (Wang Wenbin) ជឿជាក់ថា ជំនួយសម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារជម្លោះ លើកកំពស់ជីវភាពរស់នៅ និងសម្រួលការលំបាកក្នុងពេលបច្ចុប្បន្ន។ បើតាមលោក វ៉ាង វិនពិន ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយក៏ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ។
ក្នុងសង្គ្រាមរយៈពេល២១ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប្រមាណជាងកន្លះលាននាក់ បានបង្ខំចិត្តភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ប៉ុន្តែក្រសួងមហាផ្ទៃ ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១ ខែមករា មានជនភៀសសឹកជាង ១សែន(១០៣,១៧៧) នាក់ បានវិលទៅទីលំនៅវិញ ខណៈនៅសល់ជនភៀសសឹកសរុបជាង៤សែន(៤០៩,១៨៦) នាក់ទៀត ក្នុងនោះរួមទាំងស្ត្រីនិងកុមារប្រមាណជាង ៣សែននាក់។
ទន្ទឹមគ្នានេះ ពលរដ្ឋខ្លះ ឲ្យដឹងថា មានពលរដ្ឋភៀសសឹករាប់ពាន់គ្រួសារទៀត កំពុងរស់នៅបៀមទុក្ខសោក និងគ្មានសង្ឃឹមថា ពួកគាត់ អាចវិលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគាត់បានវិញនោះទេ។ ពួកគាត់គ្មានសង្ឃឹមបែបនេះ ដោយសារផ្ទះសម្បែង និងដីភូមិរបស់ពួកគាត់ ត្រូវបានយោធា ឈូសឆាយកម្ទេច និងកំពុងពង្រាយកម្លាំងឈរជើងគ្រប់នៅតំបន់ទាំងនោះ ដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ តំបន់បឹងត្រកួន តំបន់ថ្មដា តំបន់អូស្មាច់ និងតំបន់អានសេះជាដើម៕










