ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​របស់​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា គ្រាន់តែ​បញ្ចៀស​សម្ពាធ​អន្តរជាតិ

0
59
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល «​ហ៊ុន​» កំពុង​សម្ដែង​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដើម្បី​បញ្ចៀស​ពី​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក៏បាន​រិះគន់​ពី​ចំណាត់ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព​លើ​ឧក្រិដ្ឋកម្ម​នេះ និង​បាន​លើកឡើង​ពី​ក្ដី​កង្វល់​ពាក់ព័ន្ធ​ជន​ជាតិ​ចិន​ជាច្រើន​ករណី បាន​បាត់​ខ្លួន​ដោយសារតែ​រង​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា នៅតែ​ត្រូវ​បាន​រង​ការ​ចោទ​ពាក់ព័ន្ធ​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​បង្ក​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ខណៈ​សហគមន៍​អន្តរជាតិ​រួម​ទាំង​ចិន​ផង កំពុង​បង្កើន​ការ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចាត់វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» បាន​ពឹង​ផ្អែកលើ​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន និង​ក្បត់​ទំនុកចិត្ត​ចិន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន​ចិន​មួយចំនួន​មក​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​នា​ពេល​កន្លងមក​។ លោក​ថា ភាគី​ចិន​ទំនង​ចង់​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចាប់​អ្នក​ពាក់ព័ន្ធ​បន្ថែម​ព្រោះ​ការពង្រីក​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​កម្ពុជា​នេះ​ក៏បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​ចិន​ជាច្រើន។

អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ។ រូប៖ ហ្វេសប៊ុក

ជាមួយ​គ្នា​នេះ លោក គឹម សុខ ហៅ​ចំណាត់ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា គ្រាន់តែ​ជា​យុទ្ធនាការ ដើម្បី​គេច​ចេញ​ពី​ការរិះគន់ និង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ ដោយ​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។

លោក គឹម សុខ៖ «ប្រសិនបើ​ក្រុម​គ្រួសារ ហ៊ុន កម្ចាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មែន មិនមែន​ចាប់ ចេន ហ្ស៊ី ហើយ​បញ្ជូន​ទៅ​ស្រុក​ចិន​ទេ កាលណា​គេ​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចេន ហ្ស៊ី ត្រូវ​ប្រឈម​នឹង​តុលាការ​កម្ពុជា​សិន ជា​ពិសេស​បណ្ដាញ​ធំៗ​ត្រូវ​សួរ ចេន ហ្ស៊ី បណ្ដាញ​នៅ​ឯណា​ខ្លះ​? ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ខ្លះ ក្រុម​គ្រួសារ ហ៊ុន ប៉ុន្មាន​នាក់ មន្ត្រី​រដ្ឋាភិបាល​ប៉ុន្មាន​នាក់? ហើយ​ចាត់ការ​ទៅលើ​ពួក​មេ​បណ្ដាញ​ធំៗ​ហ្នឹង​ទើប​អាច​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អន្តរជាតិ​បាន»។

រដ្ឋាភិបាល​ប្រទេស​ចិន​ថ្មីៗ​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ការ​ការពារ​ពលរដ្ឋ​របស់​ខ្លួន បន្ទាប់ពី​រកឃើញ​ថា មាន​ជនជាតិ​ចិន​ច្រើន​នាក់​បាត់​ខ្លួន​នៅ​កម្ពុជា។ យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនពីន (Wang Wenbin) ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា កាលពី​ថ្ងៃទី​១៧ ខែ​មករា ឱ្យដឹង​ថា រដ្ឋាភិបាល​ចិន​មាន​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ជនជាតិ​ចិន​ជាច្រើន​នាក់​ដែល​បាន​បាត់​ខ្លួន ឬ​មិនអាច​ទាក់ទង​បាន ហើយ​ករណី​ជនជាតិ​ចិន​ដែល​បាត់​ខ្លួន​ភាគច្រើន​គឺ​ពួកគាត់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​។ ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា បញ្ហា​នេះ​បាន​បង្ក​ជា​ឧបសគ្គ និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​ទំនាក់ទំនង​កម្ពុជា និង​ចិន។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាន វិនបិន (Wang Wenben)។ រូប៖ ហ្វេសប៊ុក

ឯកអគ្គរដ្ឋទូត​ចិន​លោក វ៉ាង វិនពីន ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួម​ទាំង​ការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ពី​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ការ​ក្លែងបន្លំ​តាម​អ៊ីនធឺណិត​ដែល​កំណត់​គោលដៅ​លើ​ជនជាតិ​ចិន ដើម្បី​ជួយសង្គ្រោះ និង​ធានា​សុវត្ថិភាព​របស់​ពួកគេ​នៅ​កម្ពុជា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការជំរុញ​របស់​ភាគី​ចិន​បង្ហាញ​ឱ្យ​ឃើញ​ថា ចំណាត់ការ​បង្ក្រាប និង​ស៊ើបអង្កេត​របស់​អាជ្ញាធរ​នៅ​មាន​ចន្លោះប្រហោង​ច្រើន​ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

លោក អំ សំអាត៖ «ជនបរទេស​ទាំង​ចិន និង​ជនបរទេស​ផ្សេងៗ​មានការ​រត់ចេញ​ពី​តំបន់​ផ្សេងៗ​គ្នា​ដែល​ចំណុច​នេះ​ហើយ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​មានការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត។ ប្រសិនបើ​ឧក្រិដ្ឋជន ឬ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​ធានា​ថា នឹង​ចាប់​យក​មក​អនុវត្ត​តាម​ផ្លូវច្បាប់ ហើយ​ចំពោះ​ជនរងគ្រោះ​ក៏​យើង​ត្រូវ​ធានា​ពី​សុវត្ថិភាព​របស់​ពួកគេ និង​ជួយសង្គ្រោះ​ពួកគេ​ផង​ដែរ»។

ទន្ទឹម​នឹង​ការរិះគន់​របស់​អន្តរជាតិ​ចំពោះ​ចំណាត់ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព និង​តម្លាភាព​លើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​កម្ពុជា ជនបរទេស​រាប់​សិប​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា ព្រះសីហនុ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ និង​ភ្នំ​បូកគោ​ខេត្តកំពត នៅតែ​នាំគ្នា​សម្រុក​ចេញពី​អគារ​ឆបោក​តាម​អនឡាញ​យ៉ាងណា​អនាធិបតេយ្យ។ រូបភាព​នៃ​ជនបរទេស​សម្រុក​ចេញពី​អគារ​ទាំងនោះ​ក៏​ត្រូវ​បាន​អ្នកឃ្លាំមើល​រិះគន់​ថា កន្លងមក​រដ្ឋាភិបាល​កម្ពុជា​មិនបាន​អើពើ​ក្នុង​ការ​ស៊ើបអង្កេត និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នោះ​ទេ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ដកថយ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ​ឡើយ។ លោក​យល់ថា ការ​មិន​ដកថយ​របស់​អន្តរជាតិ​ក្នុង​ការ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នេះ​ក៏​ជា​សញ្ញា​រាំង​ខ្ទប់​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រឈម​បាត់បង់​អំណាច​ដែរ​ព្រោះ​លោក​ថា ឧក្រិដ្ឋជន​ដែល​តែង​ផ្ដល់​លុយកាក់​ដល់​រដ្ឋាភិបាល​ត្រកូល ហ៊ុន នោះ​នឹង​គ្មាន​ស្ថិរភាព​ធានា​ដល់​អំណាច​រដ្ឋាភិបាល​ត្រកូល ហ៊ុន ទៀត​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ