ពលរដ្ឋ​ស្នើ​ឱ្យ​មេដឹកនាំ​កម្ពុជា​បញ្ចេញ​ទ្រព្យសម្បត្តិ​ជួយ​ដល់​ជនភៀសសឹក និង​បង្រួបបង្រួម​ជាតិ

0
252
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ពលរដ្ឋ​មួយចំនួន​ដែល​កំពុង​ភៀស​សឹក ក្នុង​សង្គ្រាម​វាយប្រហារ​របស់​ថៃ ស្នើ​ឱ្យ​គ្រួសារ​របស់​មេដឹកនាំ​កម្ពុជា បញ្ចេញ​ទ្រព្យសម្បត្តិ ដើម្បី​ជួយ​ដល់​ពលរដ្ឋ ដោយសារតែ​កន្លងមក ពួកគេ​តែងតែ​សម្ញែង​សម្ភារៈ​និយម និង​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ថ្លៃ នៅក្នុង​កម្មវិធី​ជួបជុំ​នានា។ ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត បាន​ស្នើ​ឱ្យ​មេដឹកនាំ​កម្ពុជា បង្ហាញ​ពី​គោលជំហរ​ផ្សះផ្សា​ជាតិ ជាមួយ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ ដើម្បី​រួម​សាមគ្គី​គ្នា ទប់ទល់​នឹង​ការឈ្លានពាន​របស់​យោធា​ថៃ។

ពលរដ្ឋ​លើកឡើង​ថា ស្ថានភាព​ជនភៀសសឹក​នៅ​ពេល​នេះ មាន​ចំនួន​កាន់តែ​ច្រើន ខណៈ​ជំនួយ​របស់​សប្បុរសជន ក៏​មាន​កម្រិត ក៏ប៉ុន្តែ​ពួកគាត់ នៅ​មិនទាន់​ឃើញ​គ្រួសារ​មេដឹកនាំ ចំណាយ​ធនធាន​ទ្រព្យសម្បត្តិ​របស់​ខ្លួន ជួយ​ដល់​ពលរដ្ឋ​នៅឡើយ។

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Insane Luxury ចុះ​ផ្សាយ​អំពី​នាឡិកា​លោក ហ៊ុន សែន ពាក់ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។ រូប៖ ហ្វេសប៊ុក​ឈ្មោះ Insane Luxury

ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ លោកស្រី ចាន់ ស្រីមុំ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ថា កន្លងមក​លោកស្រី​តែងតែ​ឃើញ​គ្រួសារ និង​សាច់ញាតិ​មេដឹកនាំ​បាន​បង្ហាញ​ទ្រព្យសម្បត្តិ មាសពេជ្រ កែវកង នាឡិកា​ដៃ​ដាំ​ពេជ្រ និង​យានជំនិះ​ជាដើម ដែល​របស់​ទាំងនេះ មានតម្លៃ​ចាប់ពី​រាប់​សិប​ម៉ឺន រហូត​ចូល​ដល់​ខ្ទង់​លាន់​ដុល្លារ​ទៀត​ផង​។ លោកស្រី​យល់​ថា ប្រសិនបើ​គ្រួសារ​មេដឹកនាំ​កម្ពុជា លក់​គ្រឿងអលង្ការ ឬ​នាឡិកា​ដៃ​ដាំ​ពេជ្រ ម្នាក់​មួយ​គ្រឿង ដើម្បី​យក​លុយ​ជួយ​ជនភៀសសឹក​នោះ ក៏​គ្រួសារ​មេដឹកនាំ​កម្ពុជា មិន​ធ្លាក់ខ្លួន​ក្រ​នោះ​ឡើយ។

លោកស្រី ចាន់ ស្រីមុំ៖ «​មិនបាច់​សុំ​អី​ច្រើន​ទេ ត្រឹមតែ​នាឡិកា មួយ​ខ្សែ​១​លាន​ដុល្លារ​ហ្នឹង យក​មក​លក់​ចាត់ចែង​ជួយ​ពលរដ្ឋ​អ្នក​ភៀស​សឹក ពិសា​ឱ្យ​បរិបូរណ៍ គ្រប់គ្រាន់​ផង»។

ជាទូទៅ គ្រួសារ​មេដឹកនាំ​កម្ពុជា ដែល​មាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ជា​មេ​គ្រួសារ តែងតែ​ផ្ដល់​លុយ​ដល់​សកម្មជន ឬ​សមាជិក​គណបក្ស​ប្រឆាំង ដែល​មក​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច និង​ពេល​ខ្លះ​ទៀត លោក​បាន​ចំណាយ​លុយ​ជួយ​ដល់​ពលរដ្ឋ មួយ​ចំនួន​ទៀត​ផង​ដែរ តែ​ទាល់តែ​ពួកគេ​ទាំងនោះ គឺជា​បុគ្គល​ដែល​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម ដូចជា​ជន​ក្រក្រី​តោកយ៉ាក និង​កុមារ​ដែល​មាន​ជីវភាព​ខ្វះខាត​ជាដើម គឺ​មិនមែន​ជួយ​ដល់​បុគ្គល​ទូទៅ​នោះ​ឡើយ។

ក៏ប៉ុន្តែ នៅក្នុង​កាលៈទេសៈ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​គ្រួសារ កំពុង​ភៀស​សឹក ដោយសារ​យោធា​ថៃ បើក​ការវាយប្រហារ និង​ត្រូវការ​ជំនួយ​ចាំបាច់​នោះ គេ​មិនទាន់​ឃើញ​មានការ​ផ្សព្វផ្សាយ​អំពី​ការ​ផ្ដល់​ជំនួយ របស់​គ្រួសារ​មេដឹកនាំ​កម្ពុជា​នោះ​ឡើយ ក្រៅ​តែ​ពី​សប្បុរសជន ឈ្មួញ​ពាណិជ្ជករ ជនបរទេស និង​ក្រុម​ឧកញ៉ា​មួយ​ចំនួន។

ពលរដ្ឋ​ម្នាក់ទៀត ដែល​បាន​ភៀស​សឹក​មកពី​ភូមិ​ជោគជ័យ គឺ​លោកស្រី យ៉ូវ វិញ ស្នើ​ឱ្យ​មេដឹកនាំ​កម្ពុជា ជួយ​សាងសង់​ទីជម្រក​ដល់​ប្រជាពលរដ្ឋ នៅ​ក្រោយ​ពេល​ដែល​ជម្លោះព្រំដែន​ត្រូវ​បិទ​បញ្ចប់ ដោយសារតែ​ផ្ទះសម្បែង​របស់​លោក​ស្រី និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង បន្ទាប់​ពី​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ។

លោកស្រី យ៉ូវ វិញ៖ «​ចង់ឱ្យ​គាត់​ធ្វើ​ផ្ទះ​ឱ្យ យ៉ាងម៉េច​ក៏​បាន​ដែរ កុំឱ្យ​យើង​នេះ​ហាល​ក្ដៅ ហាលភ្លៀង ព្រោះ​យើង​ចេញ​ពី​នេះ បានតែ​អង្ក​តិចតួច​ទុក​ហូប​ហ្នឹងឯង ព្រោះ​នៅផ្ទះ​យើង​ក៏​អត់​មានអី​ឱ្យ​សល់​ដែរ»។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៧ ខែធ្នូ នេះ ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ភៀស​សឹក មាន​ចំនួន​ជាង ១៣​ម៉ឺន​គ្រួសារ (១៣៤.៦៦៨) ស្មើនឹង​ជាង ៤៤​ម៉ឺន​នាក់ (៤៤៧ ៥០៩) មក​ស្នាក់​នៅក្នុង​ជំនុំ​ភៀស​សឹក​ចំនួន ៨​ខេត្ត។

ទោះជា​យ៉ាងណា ក្នុង​ចំណោម​ជនភៀសសឹក​ទាំងនោះ ពួកគេ​បាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា បញ្ហា​អាកាសធាតុ​ត្រជាក់​ដោយសារ​ខ្វះ​តង់​កៅស៊ូ កង្វះ​ទឹក​ស្អាត បង្គន់​អនាម័យ និង​ផ្នែក​សុខាភិបាល​ជាដើម។

ដោយឡែក ងាក​មក​ខាង​ផ្នែក​នយោបាយ​វិញ ពលរដ្ឋ​បាន​ស្នើ​ឱ្យ​មេដឹកនាំ​កម្ពុជា បង្ហាញ​ឆន្ទៈ ក្នុង​ការ​ផ្សះផ្សា​ជាតិ ជាមួយ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ ដើម្បី​រួម​សាមគ្គី​គ្នា ទប់ទល់​នឹង​ការឈ្លានពាន​របស់​យោធា​ថៃ។

មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក លី ម៉េងឃៀង លើកឡើង​ថា នៅ​ពេល​ដែល​កម្ពុជា ត្រូវ​ប្រទេសជិតខាង​ឈ្លានពាន ពលរដ្ឋ​ខ្មែរ​ដែល​មាន​និន្នាការ​ផ្ទុយ បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួម​សាមគ្គី​គ្នា​រួចហើយ តាមរយៈ​ការ​រៃអង្គាស​ជំនួយ​ជួយ​ជនភៀសសឹក និង​ធ្វើបាតុកម្ម​នៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​នឹង​យោធា​ថៃ ក៏ប៉ុន្តែ មេដឹកនាំ​កម្ពុជា​វិញ មិនបាន​បង្ហាញ​ពី​គោលជំហរ​ផ្សះផ្សា​ជាតិ​នោះ​ឡើយ ដោយ​នៅតែ​បន្ត​ឃុំខ្លួន​ក្រុម​សកម្មជន និង​អ្នកនយោបាយ​ប្រឆាំង​ដដែល។

លោក លី ម៉េងឃៀង៖ «មក​ដល់​ពេល​នេះ អត់​ឃើញ​លោក ហ៊ុន សែន សាមគ្គី​ជាមួយ​ខ្មែរ​ទូទៅ​ទេ​។ គាត់​ចង់​ឱ្យ​តែ​ខ្មែរ​នៅក្នុង​ស្រុក​ទេ ដែល​សាមគ្គី​ជាមួយ​គាត់ ចុះ​ចូល​នឹង​គាត់ ប៉ុន្តែ​មិន​សាមគ្គី​ជាមួយ​ខ្មែរ​ទូទៅ ដើម្បី​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន​តែមួយ​នោះ​ទេ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា បង្ហាញ​ពី​ឆន្ទៈ​ផ្សះផ្សា​គ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​រួបរួម​គ្នា ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​យោធា​ថៃ ព្រោះ​ប្រទេស​កម្ពុជា មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «មែនទែន​ទៅ គ្រួសារ​មេដឹកនាំ​ហ្នឹង គេ​ឱ្យមក​កាន់អំណាច មិនមែន​ដោយសារ​យក​ប្រទេស​ហ្នឹង មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​នោះ​ទេ ប៉ុន្តែ​ជូន​កាល​មេដឹកនាំ​ហ្នឹង យល់​ច្រឡំ​ខ្លួនឯង នៅ​ពេល​បាន​អំណាច គាត់​លោភលន់ ពុករលួយ អ៊ីចឹង​ទើប​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​ហានិភ័យ​មិនល្អ»។

យ៉ាងណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ​ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់អំណាច ដែល​ធ្លាប់​និយាយ​ពី​ភាព​ចាស់ទុំ​ក្នុង​ផ្នែក​នយោបាយ ជាមួយ​ក្រុម​មេដឹកនាំ​ថៃ​នោះ គួរតែ​ប្រើប្រាស់​ភាព​ចាស់ទុំ​នេះ ជាមួយ​ពលរដ្ឋ​ខ្មែរ​ដូចគ្នា​វិញ​ម្ដង បើ​មិន​ដូច្នោះ​ទេ ពួកគាត់​នឹង​មើល​ឃើញ​ថា មេដឹកនាំ​កម្ពុជា គឺ​ស្រលាញ់​អំណាច ជាង​ផល​ប្រយោជន៍​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ