

ពលរដ្ឋ និងអ្នកឃ្លាំមើលលើកឡើងថា អំពើឆបោកតាមអនឡាញ (Online Scam) មិនអាចធានាស្ថិរភាពសេដ្ឋកិច្ច និងជីវភាពពលរដ្ឋបានឡើយ និងរិះគន់ថា រដ្ឋាភិបាលត្រកូល ហ៊ុន អនុញ្ញាតឧក្រិដ្ឋកម្មនេះរីករាលដាល គឺដើម្បីប្រមូលលុយពង្រឹងអំណាច។ ទន្ទឹមគ្នានេះ អ្នកធ្វើការលើវិស័យនេះទទួលស្គាល់ថា ទោះការឆបោកតាមអនឡាញអាចរកចំណូលបានខ្ពស់ ប៉ុន្តែវាជាប្រភេទការងារខុសច្បាប់ និងមានហានិភ័យខ្ពស់។
អ្នកកំពុងបម្រើការឆបោកតាមអនឡាញម្នាក់នៅខេត្តព្រះសីហនុថ្លែងសុំលាក់អត្តសញ្ញាណព្រោះបារម្ភពីបញ្ហាសុវត្ថិភាពឱ្យទូរទស្សន៍អាស៊ីសេរីដឹងនៅថ្ងៃទី៥ ខែធ្នូថា ការងារឆបោកតាមអនឡាញពិតជាបានផ្ដល់ចំណូលខ្ពស់ដល់បុគ្គលិកខ្មែរ និងបានរួមចំណែកខ្លះជួយដល់អ្នករកស៊ីលក់ដូរតូចតាចក្បែរៗអគារ។ យ៉ាងណា បុគ្គលិករូបនេះថា វាជាការងារខុសច្បាប់ទាំងស្រុង ដោយសារតែជាប្រភេទការងារឆបោកជនបរទេសជុំវិញពិភពលោក។
បុគ្គលិករូបនេះបានប្រលូកចូលធ្វើការងារឆបោកតាមអនឡាញនៅខេត្តព្រះសីហនុជាង ៣ឆ្នាំមកហើយ។ ប្រភពដដែលទម្លាយឱ្យដឹងថា ស្ទើរតែគ្រប់អគារនៅក្រុងព្រះសីហនុគឺសុទ្ធតែមានជនជាតិចិនគ្រប់គ្រង ដើម្បីបង្ខាំងជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់បង្ខំឱ្យបម្រើការងារឆបោកតាមអនឡាញ។ បុគ្គលិកដដែលអះអាងថា អំពើឧក្រិដ្ឋកម្មជាច្រើនទៀតដូចជា ការសម្លាប់មនុស្សបំបិទមាត់ ការធ្វើទារុណកម្មជនបរទេស និងជួញដូរគ្រឿងញៀននៅតាមអគារអនឡាញក៏ធ្លាប់ឃើញកើតមានជារឿយៗ ប៉ុន្តែព័ត៌មានទាំងនេះគឺអាជ្ញាធរតែងតែព្យាយាមបំបិទ និងមិនឱ្យបែកធ្លាយទៅខាងក្រៅឡើយ។

ពលរដ្ឋលាក់ឈ្មោះ៖ «ពួកអាចិនហ្នឹង ជួនកាលវាទិញគ្នាវាមកវាលក់មនុស្ស បើយើងអត់ស្ដាប់តាមគេដឹងតែត្រូវហើយ បើមិនឆក់ខ្សែភ្លើងគឺសម្លាប់ចោល បើថា បន្ទប់ដេកបន្លាលួសចាក់ពេញហ្នឹងអត់ឱ្យចេញទេ ខ្ញុំឃើញហ្មង ខ្ញុំធ្វើអនឡាញខ្ញុំឃើញទាំងអស់។ អគារវាសុទ្ធតែមានកញ្ចក់ មានបន្លាលួសបាំងទាំងអស់អត់ឱ្យចេញបណ្ដោយ។ ដូចពួកប៉ាគីស្ថានធ្វើនៅឆៃណាថោន (China Town) ចិនមានបើកលុយឱ្យឯណាកាលចូលប៉ុន្មានខែចិនអត់បើកលុយឱ្យបោកកុំព្យូទ័រ។ ពួកប៉ាគីស្ថានហ្នឹងវាមកពួកអាចិនហ្នឹងដកលិខិតឆ្លងដែនវា ភាគច្រើនវាដកលិខិតឆ្លងដែនបណ្ដោយ។ អ្នកខ្លះវាមានសម្ពាធផ្សេងៗ ដូចថា បន្តធ្វើទៀតដូចជាប់គុក បើគេទារុណកម្មគ្នាផង អីផង ដូចថា គ្នាងាប់ទៅវាផុតហើយមនុស្ស ពួកខ្លះណាហក់ពីលើអគារបើថា អត់សម្ពាធក៏អត់ហក់ដែរ»។
បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានអគារខ្ពស់ស្កឹមស្កៃជាច្រើន និងមានភ្លើងចម្រុះពណ៌ដូចជាទីក្រុងទំនើប ប៉ុន្តែអ្នកកំពុងធ្វើការលើវិស័យឆបោកតាមអនឡាញឱ្យដឹងថា អគារទាំងអស់នោះ ល្អមើលតែពីខាងក្រៅ ចំណែកនៅខាងក្នុងអគារភាគច្រើនពោរពេញដោយរូបភាពខ្មៅងងឹត និងអំពើឧក្រិដ្ឋកម្មជាច្រើនដែលមិនសូវមានអ្នកដឹង។
យ៉ាងណាក៏ដោយ នៅក្បែរអគារខ្ពស់ៗដែលភាគច្រើនជាអគារកាស៊ីណូ និងអនឡាញ គេឃើញមានពលរដ្ឋខ្មែរក្រីក្រជាច្រើនបានខិតខំប្រកបរបរលក់ដូរបន្តិចបន្តួចតាមរយៈការរៀបចំតូប និងរទេះតូចៗដើម្បីចិញ្ចឹមជីវិត។ ចំណែក អ្នករត់តាក់ស៊ីខ្លះតែងចតឡានក្បែរៗអគារទាំងនោះ ដើម្បីអាចរកចំណូលបានខ្លះតាមរយៈការដឹកជនបរទេសចេញចូលក្នុងអគារអនឡាញ។
អ្នករត់ឡានតាក់ស៊ីម្នាក់នៅខេត្តព្រះសីហនុគឺលោក កេត ពេជ្រ លើកឡើងថា ការរីករាលដាលនៃអំពើឆបោកតាមអនឡាញនៅខេត្តព្រះសីហនុមិនបានជួយជំរុញសេដ្ឋកិច្ចពលរដ្ឋឱ្យបានល្អប្រសើរនោះទេ ហើយអ្នកដែលរកចំណូលបានតាមរយៈការលក់ដូរនៅក្បែរៗអគារអនឡាញក៏មិនបានធ្វើឱ្យសេដ្ឋកិច្ចពួកគាត់មានស្ថិរភាពដែរ។ លោកបញ្ជាក់ថា កន្លងមកលោកក៏ធ្លាប់ធ្វើជាអ្នកបើកឡានឱ្យចិនដើម្បីដឹកជនបរទេសចម្រុះជាតិសាសន៍ចេញចូលខាងអគារអនឡាញដែរ ប៉ុន្តែក្រោយមកលោកបានបោះបង់ការងារនេះចោលដោយសារតែមានហានិភ័យខ្ពស់ និងរកចំណូលគ្មានស្ថិរភាព។
លោក កេត ពេជ្រ៖ «តាមពិតសម្រាប់ខ្មែរយើង ចិនអត់មានឱ្យប៉ះពាល់ធ្វើអីសម្រាប់ខ្មែរយើងទេ មុខរបរយើងដែលលក់ដូរតាមរទេះហ្នឹងគឺយើងលក់ឱ្យខ្មែរគ្នាឯងទេ ព្រោះអីចិនគេទិញតែចិនគ្នាវាទេ វាមិនដែលជួយខ្មែរទេ។ ខ្ញុំបើកឡានដឹកតែបុគ្គលិកខ្មែរអ៊ីចឹងទៅ ហើយអ្នកធ្វើការខ្លះជនជាតិបង់ក្លាដេស ជនជាតិឥណ្ឌាខ្លះអ៊ីចឹងទៅ ហើយមុខរបរតាក់ស៊ីពួកខ្ញុំវាមានប្រឈមមុខ ហើយកាលណាតម្លៃកក់ (Boxing) ទាបវាប៉ះពាល់។ កំពង់សោមយើងបើភ្ញៀវទេសចរអឺរ៉ុបមានតែខែប្រាំងទេ ខែវស្សាចូលឆ្នាំហើយគឺស្ងាត់ហើយ ជួនណាខ្ញុំដើរធ្វើសំណង់ ដើម្បីដោះស្រាយគ្រួសារដែរហ្នឹងរកអីមិនបាន»។
ទាក់ទងនឹងបញ្ហានេះ ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង និងស្នងការនគរបាលខេត្តនេះគឺលោក ស រដ្ឋា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី៥ ខែមករា។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា មកដល់ពេលនេះ រដ្ឋាភិបាលត្រកូល ហ៊ុន មិនមែនគ្មានសមត្ថភាពលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ ប៉ុន្តែពួកគេគឺជាអ្នកនៅក្រោយខ្នងក្រុមឧក្រិដ្ឋជនឱ្យបន្តប្រតិបត្តិការអំពើខុសច្បាប់ទាំងនេះ ដើម្បីទទួលបានលុយយកមកពង្រឹងអំណាចខ្លួន។
លោក គឹម សុខ ជំរុញឱ្យយុវជនខ្មែរដកខ្លួនឱ្យឆ្ងាយពីការងារពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
លោក គឹម សុខ៖ «ការផ្លាស់ប្ដូរប្រទេសទៅភាពប្រសើរឡើងបាន លុះត្រាតែយុវជនមានការផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនដែរ កុំនាំគ្នាលង់នឹងអន្ទាក់នៃឧក្រិដ្ឋកម្មរបស់អ្នកដឹកនាំប្រទេសឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅពេលដែលយុវជនដឹងថា ការងារទាំងអស់នោះដែលពួកគាត់ធ្វើនោះគឺជាការងារបោកប្រាស់គេទៅហើយ។ ដូច្នេះ កែប្រែគំនិតឡើងផ្លាស់ប្ដូរអ្នកដឹកនាំប្រទេសដែលកំពុងតែបង្កនូវវិនាសកម្ម សម្រាប់ជនជាតិខ្មែរ ហើយផ្លាស់ប្ដូរអ្នកដឹកនាំហ្នឹងចេញ ទើបអាចផ្លាស់ប្ដូរសង្គមយើងឱ្យទៅកាន់ភាពប្រសើរបាន»។
ក្រុងព្រះសីហនុត្រូវបានអន្តរជាតិសម្លឹងឃើញថា ជាមជ្ឈមណ្ឌលធ្វើសកម្មភាពឧក្រិដ្ឋកម្មរបស់ក្រុមម៉ាហ្វីយ៉ា (Mafia) ចិនរួមមានការឆបោកតាមអនឡាញ លាងលុយកខ្វក់ អំពើចាប់ជំរិត ការជួញដូរមនុស្ស អាវុធ និងការជួញដូរគ្រឿងញៀន ជាដើម។ អ្នកធ្វើការវិស័យអនឡាញឱ្យដឹងថា នៅតាមកាស៊ីណូភាគច្រើនក៏មានការរៀបចំលាងលុយកខ្វក់ជាប្រព័ន្ធ ដោយជនជាតិចិនជួលឱ្យជនជាតិខ្មែរភ្នាល់លេងជំនួសក្នុងទំហំទឹកប្រាក់រាប់លានដុល្លារទៀតផង៕









