លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​អសមត្ថភាព​ទើប​ថៃ​ឈ្លានពាន​ដោយ​គ្មាន​ការ​ភ័យខ្លាច

0
156
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ល្មោភ​អំណាច និង​អសមត្ថភាព ទើប​ធ្វើ​ឱ្យ​យោធា​ថៃ​បន្ត​ឈ្លានពាន​យក​ទឹកដី​ខ្មែរ ដោយ​គ្មាន​ការភ័យខ្លាច។ ការ​លើកឡើង​នេះ ធ្វើ​ឡើង ក្រោយ​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​ទាំង​គ្មាន​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ បើទោះបី​ជា ថៃ​បាន​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​អស់​ជាច្រើន​កន្លែង និង​ដុត​បំផ្លាញ លំនៅឋាន របស់​ពលរដ្ឋ​អស់​រាប់ពាន់​ខ្នង​ក្ដី។

មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​លើកឡើង​ថា ពុំ​មែន​ជា​រឿង​ចម្លែក​ទេ ដែល​លោក ហ៊ុន ម៉ាណែត ពុំ​ប្ដឹង​ថៃ ទៅ​តុលាការអន្តរជាតិ និង​បង្ហាញ​ពី​គោល​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ទាមទារ​ដែន​អធិបតេយ្យ​ដែល​ថៃ បាន​វាយ​ដណ្ដើមយក​ពី​កម្ពុជា ក្នុង​សង្គ្រាម​២១​ថ្ងៃ មក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។ ពួកគាត់​ថា ករណី​នេះ​ជា ភាព​កំសាក និង​អសមត្ថភាព របស់​មេដឹកនាំ​ត្រកូល​«​ហ៊ុន​» ដែល​បណ្ដោយ​ឱ្យ​សត្រូវ​បន្ត​ឈ្លានពាន យក​ទឹកដី​ខ្មែរ​បាន​ដោយ​ងាយៗ។

ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែ​មករា​ថា បញ្ហា​យោធា​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ​អស់​ជាច្រើន​កន្លែង ហើយ​លោក ហ៊ុន ម៉ាណែត និង ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មិន​ប្ដឹង​ថៃ ទៅ​តុលាការអន្តរជាតិ​នោះ គឺជា​រឿង​ដ៏​ឆោតល្ងង់​បំផុត។ លោក​ថា វិវាទ​នេះ​គ្មាន​ជម្រើស​អ្វី ក្រៅពី​ការ​ដោះស្រាយ តាម​ច្បាប់​អន្តរជាតិ​នោះ​ទេ ដូចនេះ​លោក​ថា កម្ពុជា​ត្រូវតែ​ប្ដឹង​ថៃ ឱ្យ​បាន​ឆាប់​បំផុត នោះ​ទើប​អាច​មាន​សង្ឃឹម​ផ្ដល់​យុត្តិធម៌ និង​ទាមទារ​ដីធ្លី និង ផ្ទះ​សម្បែង ជូន​ពលរដ្ឋ​វិញ​បាន។

លោក ជា យូហ៊ន៖ «ចោរ​សៀម​នឹង​វា​មក​លួច វា​មក​ប្លន់​ទឹកដី​យើង​។ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា យើង​ត្រូវតែ​ប្ដឹង បើ​យើង​មិន​ប្ដឹង​ទេ យើង​នឹង​រលាយ​អស់​ស្រុក​ខ្មែរ​នឹង​ហើយ​។ ខាងកើត​ក៏​យក ខាងលិច​ក៏​យក បន្តិចទៀត​នឹង​អស់ហើយ​។ យើង​ទាំងអស់​គ្នា​នឹង​មិន​ដឹង​រក​ទីកន្លែង​ណា​នឹង​ជ្រកកោន​បានទេ បាទ​!»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​យប់​ថ្ងៃទី​១០ ខែ​មករា បាន​ថ្លែង​សារ​ពិសេស ដោយមាន​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល​ជាច្រើន បាន​ផ្សាយ​បន្ត​ផ្ទាល់ និយាយ​ពី ជនភៀសសឹក និង​ផល​លំបាក របស់​កងទ័ព​ជួរមុខ ដែល​គ្មាន​លទ្ធភាព​សងបំណុល ។ ក្នុង​នោះ លោក​បាន​អំពាវនាវ​ឱ្យ​ជនភៀសសឹក ជាង​១៦​ម៉ឺន [១៦១.៤៧២​នាក់ ]​នាក់ ដែល​បន្ត​រស់នៅ ក្រោម​តង់​កៅស៊ូ រក្សា​ភាព​អត់ធ្មត់ និង​ស្នើ​ឱ្យ​ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជួយ​បន្ធូរបន្ថយ​បញ្ហា​បំណុល។

បន្ថែម​ពី​នោះ លោក ហ៊ុន ម៉ាណែត សន្យា​ថា នឹង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដូចជា​ផ្លូវ ថ្នល់ សាលារៀន និង​មន្ទីរពេទ្យ​ឡើងវិញ ក្រោយ​ពី​ខូចខាត​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ ទោះជា​យ៉ាងណា គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ហាក់​ថ្លែង​សារ​ដោយ​ការប្រុងប្រយ័ត្ន​បំផុត ក្នុង​នោះ​លោក មិន​ហ៊ាន​ប្រើ​ពាក្យ​ថា «​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​»​ដូច​មុនៗ​នោះ​ទេ ជំនួស​មកវិញ លោក​ប្រើ ត្រឹម​ពាក្យ​ថា​«​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​»។ ម្យ៉ាងទៀត ក្នុង​សារ​ថ្លែង ជាង ១២​នាទី លោក ហ៊ុន ម៉ាណែត ពុំ​ឮ​និយាយ​សោះ អំពី​គោលជំហរ​ក្នុង​ការ​ប្ដឹង​ថៃ​ទៅ​តុលាការអន្តរជាតិ និង​គោលជំហរ​ទាមទារ​ទឹកដី ដែល​ថៃ​បាន​ដណ្ដើមយក​ពី​កម្ពុជា មក​ឱ្យ​ប្រជាពលរដ្ឋ​វិញ​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ​សង្ឃឹមថា បណ្ដា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត នឹង​បន្ត​ជួយ​ដល់​កិច្ច​ដំណើរការ​របស់​កម្ពុជា ឆ្ពោះ​ទៅ​រក​ប្រក្រតី​ភាព​ឡើងវិញ​។ ជាពិសេស​ក្នុង​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ និង​ជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន»។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​បញ្ជាក់​បន្ថែម ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី​១២ ខែ​មករា។

ស្រប​ពេល លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន តែងតែ​អួត​ពី​យុទ្ធសាស្ត្រ​«​ស្ងប់ស្ងាត់ តែ​មិន​នៅ​ស្ងៀម​» ជុំវិញ​បញ្ហា​យោធា​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​ជា​លើក​ទី​២ និង​ដុត​កម្ទេច​ផ្ទះ អ្នកភូមិ​អស់​រាប់ពាន់​ខ្នង​មក​នេះ គេ​សង្កេត​ឃើញ​ថា ទឹកដី​ខ្មែរ ដែល​ថៃ​បាន​កាន់កាប់ ពួកគេ​កំពុងតែ​មមាញឹក​ជា​ខ្លាំង ក្នុង​ការ​សាងសង់ លេណដ្ឋាន និង​ពង្រាយ​កងទ័ព​ឈរជើង ដោយមាន​ទីតាំង កាំភ្លើង​ធំ ជាច្រើន​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ ស្រុក អូរជ្រៅ និង តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

ចំណែក​នៅ​តាម ភ្នំ​៣៥០ ភ្នំ​២២៥ ភ្នំ​ទ្រព្យ ប្រាសាទ​មាន់​ធំ តំបន់​អានសេះ និង​ប្រាសាទ​តា​ក្របី ក្នុង​ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ជាដើម​នោះ យោធា​ថៃ ក៏បាន​សាងសង់ សំណង​រឹង ដូចជា​ផ្លូវ​បេតុង លេណដ្ឋាន រូបសំណាក​ព្រះពុទ្ធ និង​បង្គោល ដាក់​ទង់ជាតិ​ថៃ ជាច្រើន​កន្លែង ហើយ​ថែមទាំង​បាន​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល និង​ព្រះសង្ឃ​ថៃ ធ្វើដំណើរ​ចេញចូល​ទស្សនា​ដោយ​សេរី។ រីឯ នៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ យោធា​ថៃ​ក៏​បាន​សាងសង់​ផ្លូវ​បេតុង កន្លែង​ប៉ម សម្រាប់​យាម​របស់​យោធា​ថៃ និង​ព័ទ្ធ​បន្លា​លួស នៅ​លើ​ទឹកដី​ខ្មែរ យ៉ាង​តឹងរ៉ឹង​ផង​ដែរ។


ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើក​ឡើង​ថា ការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត កំពុង​តែ​ដើរ​ដល់​ចំណុច​ទល់​ច្រក ដូច្នេះហើយ​លោក ហ៊ុន ម៉ាណែត ពេល​ថ្លែង​សារ​ម្ដងៗ​លោក​ហាក់​ប្រុងប្រយ័ត្ន​ណាស់ ជាពិសេស​រឿង​ទាមទារ​ទឹកដី​ពី​ប្រទេស​ថៃ​មកវិញ ព្រោះ​លោក​ដឹងខ្លួន​ឯង​ថា ជា​មេដឹកនាំ​អសមត្ថភាព។ ទន្ទឹមគ្នា​នោះ លោក​ថា លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន គឺជា​មេដឹកនាំ ល្មោភ​អំណាច ជាហេតុ​ដែល​លោក​មិន​ហ៊ាន​ប្ដឹង​ថៃ ទៅ​តុលាការអន្តរជាតិ តែ​ខ្លាច​ថៃ បង្ក​សង្គ្រាម​ឡើងវិញ​ផ្ដួល​រលំ​អំណាច​របស់​លោក ដូចដែល​ថៃ​ធ្លាប់​គំរាមកំហែង​កន្លង​មក។

លោក អ៊ុំ សំអាន៖ «នៅ​ពេល​ដែល​បាត់បង់​ទឹកដី យើង​ឈឺចាប់​ណាស់។ ប៉ុន្តែ លោក ហ៊ុន សែន គាត់​អត់​ឈឺចាប់​ទេ ព្រោះ​មនុស្ស​ស៊ាំ​ធ្លាប់​កាត់​ទឹកដី​ឱ្យ​វៀតណាម​ច្រើន​ហើយ​។ អ៊ីចឹង​ដល់ពេល​កាត់​ទឹកដី​ឱ្យ​ថៃ គាត់​អត់​មាន​ទៅ​សោកស្ដាយ អត់​មាន​ទៅ​ឈឺក្បាល​នោះ​ទេ សំខាន់​គាត់​បាន​រក្សា​អំណាច គាត់​គង់វង្ស»។

ការ​លើកឡើង​ពី​ការ​ភ័យខ្លាច​របស់ លោក ហ៊ុន ម៉ាណែត ជុំវិញ​ការ​គំរាមកំហែង​របស់​ថៃ នេះ ក៏​ហាក់​ស្របគ្នា​នឹង​ការ​គំរាម​ជាថ្មី របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក នីកនដេត ផ្លាំងគូន (Nikorndej Balankura) កាលពី​ថ្ងៃទី​៨ ខែមករា ដោយ ទាមទារ​ឱ្យ កម្ពុជា​បញ្ឈប់​ជាបន្ទាន់ ចំពោះ​ការចោទប្រកាន់ ប្រទេស​ថៃ​ថា បាន​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​។ ក្រោយមក លោក ហ៊ុន ម៉ាណែត ក៏​លែង ហ៊ាន​ប្រើ​ពាក្យ​នេះ​បន្ត​ទៀត ខណៈ ប្រព័ន្ធ​ឃោសនា​របស់​លោក និង​សារព័ត៌មាន​ក្នុងស្រុក ជាច្រើន ក៏​លែង​សូវ​ហ៊ាន​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ពាក់ព័ន្ធ​រឿង​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ផង​ដែរ។

ទោះជា​បែបនេះ​ក្ដី អ្នកវិភាគ និង​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក នៅតែ​បន្ត​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ជុំវិញ​ទង្វើ​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​យោធា​ថៃ បាន​បំពាន​មក​លើ​កម្ពុជា។ ទន្ទឹមគ្នា​នោះ ពួកគាត់​ទទូច​ឱ្យ​លោក ហ៊ុន សែន និង លោក ម៉ាណែត គួរតែ​ចុះ​ចេញពី​អំណាច បើ​នៅតែ​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បូរណភាព​ទឹកដី មិន​បាន​ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ