ក្រសួង​វប្បធម៌​ថ្កោលទោស​ការ​វាយ​ប្រហារ​បំផ្លាញ​ប្រាសាទ​តាក្របី​ទាំង​ស្រុង​ពី​យោធា​ថៃ

0
151
រូបភាព​​ប្រាសាទ​តាក្របី (ពី​ឆ្វេង) បង្ហាញ​ពី​រូប​ភាព​នៅ​ល្អ និង​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ និង​វាយ​ប្រហារ​បំផ្លាញ​ទាំងស្រុង​ពី​យោធា​ថៃ កាល​ពី​ថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា
រូបភាព​​ប្រាសាទ​តាក្របី (ពី​ឆ្វេង) បង្ហាញ​ពី​រូប​ភាព​នៅ​ល្អ និង​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ និង​វាយ​ប្រហារ​បំផ្លាញ​ទាំងស្រុង​ពី​យោធា​ថៃ កាល​ពី​ថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា

នៅ​ថ្ងៃ​ទី១១ ធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​ចេញ​លិខិត​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​យោធា​ថៃ ដែល​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​បំផ្លាញ​ប្រាង្គ​ប្រាសាទ​តាក្របី​ទាំង​ស្រុង។ កម្ពុជា​ចាត់ទុក​​ទង្វើ​នេះ​ថា ជា​អំពើ​អសីលធម៌​បំផុត​របស់​យោធា​ថៃ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សំដែង​ការ​សោកស្ដាយ និង​​កាន់ទុក្ខ​នូវ​ការ​ខូចខាត​ប្រាង្គ​ប្រាសាទ​ដែល​ជា​សម្បត្តិ​មរតក​ដូនតា​ខ្មែរ។ កាល​ពី​ថ្ងៃទី៩ ធ្នូ យោធា​ថៃ​បាន​វាយ​ប្រហារ​ប្រាសាទ​​តាក្របី​ម្ដង​ហើយ ដោយ​ទម្លាក់​គ្រាប់​បែក​ចំ​កំពូល និង​ខ្លួន​ប្រាសាទ ខូចខាត​យ៉ាង​ដំណំ។ ក្រសួង​បន្ត​ថា នៅ​ថ្ងៃទី១០ ធ្នូ យោធា​ថៃ​បន្ត​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក​ទៀត រហូត​បង្ក​ការ​ខូចខាត​ទាំងស្រុង។

ប្រាសាទ​តាក្របី ត្រូវ​បាន​សាងសង់​នៅ​អំឡុង​សតវត្ស​ទី​១១ ក្នុង​សម័យ​ព្រះបាទ សូរ្យវរ្ម័ន​ទី១ និង​ព្រះបាទ ឧទ័យទិត្យ វរ្ម័ន​ទី២ ស្ថិត​នៅ​ភូមិ​សែនមនោរម្យ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ។ ប្រាសាទ​បុរាណ​នេះ​ជា​ទី​បុរាណដ្ឋាន​អភិរក្ស​យ៉ាង​ខ្ជាប់ខ្ជួន​របស់​ស្ថាប័ន​វប្បធម៌​កម្ពុជា និង​ជាទី​សក្ការៈ តាម​ជំនឿ ប្រពៃណី ទំនៀមទំលាប់​របស់​ខ្មែរ។

ក្រសួង​វប្បធម៌​អំពាវនាវ​ប្រទេស​លើ​ពិភពលោក អ្នក​ជំនាញ​អន្តរជាតិ​ចូលរួម​ថ្កោលទោស​​ទង្វើ​ឧក្រិដ្ឋកម្ម​របស់​យោធា​ថៃ។ កម្ពុជា​ស្នើ​ជា​បន្ទាន់​ដល់​យោធា​ថៃ​ឱ្យ​​បញ្ឈប់​សកម្មភាព​បំផ្លាញ​​វប្បធម៌​កម្ពុជា និង​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ