

ក្រសួងការពារជាតិកម្ពុជាច្រានចោលព័ត៌មានចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាបង្ខំពលរដ្ឋថៃមិនឱ្យចាកចេញពីកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅព្រឹកថ្ងៃទី១៥ ធ្នូ ថា ក្រសួងការពារជាតិបានសង្កេតឃើញបណ្ដាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា បានផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានច្បាប់និងអនុសញ្ញាអន្តរជាតិ។ អ្នកស្រីបន្តថា ក្រសួងបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ភាគីថៃ។
បន្ថែមពីនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញកាលពីរសៀលថ្ងៃទី១៤ ធ្នូ ដោយលោកអះអាងថា វិធានការបិទចរាចរណ៍ផ្លូវគោកគឺដើម្បីសុវត្ថិភាពពលរដ្ឋថៃ ខណៈយោធាថៃបន្តវាយប្រហារឈ្លានពានកម្ពុជាមិនរើសគោលដៅលើតំបន់ជនស៊ីវិល។ លោក ហ៊ុន សែន ថា ពលរដ្ឋថៃអាចចាកចេញពីកម្ពុជាវិញបានដោយសេរី តាមច្រកព្រំដែនប្រទេសផ្សេង ឬធ្វើដំណើរតាមយន្តហោះចាកចេញពីប្រទេសកម្ពុជាតាមរយៈពេលអាកាសយានដ្ឋាននៅរាជធានីភ្នំពេញ ឬខេត្តសៀមរាប។
ក្រសួងការពារជាតិកម្ពុជាអះអាងថា ភាគីថៃតែងផ្សាយបំភាន់ការពិតទៅកាន់អន្តរជាតិ និងបង្កើតព័ត៌មានក្លែងក្លាយគ្រប់រូបភាពចោទប្រកាន់ខ្មែរ ដើម្បីបានលេសប្រើអាវុធវាយប្រហារឈ្លានពានកម្ពុជាកាន់តែខ្លាំង។
នេះជាថ្ងៃទី៩ ដែលកងទ័ពថៃបានឈ្លានពានកម្ពុជា ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស ហើយបានវាយប្រហារកម្ទេចលើទីតាំងពលរដ្ឋស៊ីវិលរស់នៅ និងទីប្រជុំជនជាច្រើនកន្លែង នៅតាមបណ្ដាខេត្តជាប់ព្រំដែនរបស់កម្ពុជា។
គិតត្រឹមម៉ោង ២រសៀលថ្ងៃទី១៥ ធ្នូ នេះ ពលរដ្ឋខ្មែរភៀសសឹកបានកើនឡើងលើស ៤សែននាក់ ស្មើជាង ១១ម៉ឺនគ្រួសារ និងមានជនស៊ីវិលស្លាប់ ១៥នាក់ ក្នុងនោះមានទារកម្នាក់ផង និងរបួស ៧៣នាក់ ដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃ៕









