

មន្ត្រីបរិស្ថាននៅខេត្តក្រចេះ ចាប់ខ្លួនតំណាងពលរដ្ឋម្នាក់ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ដោយចោទពីបទកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។ ប៉ុន្តែពលរដ្ឋអះអាងថា តំណាងរបស់ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់មន្ត្រីបរិស្ថានខេត្តក្រចេះនោះទេ ដោយចាត់ទុកការចាប់ខ្លួនតំណាងរបស់ពួកគាត់ គឺជាការសងសឹក និងគំរាមកំហែងដល់ពលរដ្ឋដទៃទៀត មិនឲ្យចេញតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅខេត្តក្រចេះ អះអាងថា មន្ត្រីបរិស្ថាន បានចុះទៅចាប់តំណាងរបស់ពួកគាត់ម្នាក់ ឈ្មោះ ភេន ឡៃ ដោយចោទប្រកាន់ពីបទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់ ខណៈមន្ត្រីបរិស្ថានមិនមានភស្តុតាងច្បាស់លាស់នោះឡើយ។ ពលរដ្ឋថា ការណ៍ចាប់ខ្លួន លោក ភេន ឡៃ គឺជាការសងសឹក និងបំបាក់ស្មារតីរបស់ពលរដ្ឋ ដែលធ្លាប់ចេញតវ៉ាបញ្ហាដីធ្លីដល់អាជ្ញាធរថ្នាក់ជាតិ និងមិនព្រមចាកចេញពីលំនៅឋាន និងប្រគល់ដីស្រែចម្ការឲ្យទៅក្រុមហ៊ុនវៀតណាម ឈ្មោះកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) និងក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង។
តំណាងពលរដ្ឋម្នាក់នៅខេត្តក្រចេះ គឺលោកស្រី អែល រ៉ូស្សា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ ខែមករាថា កាលពីថ្ងៃទី៩ មន្ត្រីបរិស្ថាន បានចាប់ខ្លួនតំណាងពលរដ្ឋរងគ្រោះដីធ្លី លោក ភេន ឡៃ ដោយចោទប្រកាន់ពីបទកាប់រុករានទន្ទ្រានដីព្រៃដោយខុសច្បាប់ ខណៈនៅក្នុងខ្លួនរបស់ លោក ភេន ឡៃ មិនមានសម្ភារៈកាប់បំផ្លាញព្រៃឈើ ដូចការចោទប្រកាន់របស់មន្ត្រីបរិស្ថានខេត្តក្រចេះនោះឡើយ។ លោកស្រីថា ការចាប់ខ្លួនតំណាងពលរដ្ឋបែបនេះ គឺជាការគំរាមកំហែង និងបំបាក់ស្មារតីពលរដ្ឋ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ពីព្រោះពលរដ្ឋមិនព្រមចាកចេញពីលំនៅឋាន និងប្រគល់ដីស្រែចម្ការឲ្យទៅក្រុមហ៊ុន តាមសំណើរបស់អាជ្ញាធរ។
លោកស្រី អែល រ៉ូស្សា៖ «ចាប់លោក ភេន ឡៃ នេះ គឺជាការគំរាមកំហែងប្រជាពលរដ្ឋទាំង៥ភូមិមិនឲ្យតវ៉ា កាលណាយើងតវ៉ាបានដីមកវិញ គេអត់មានដីលក់ អញ្ចឹងហើយគំរាមកំហែងប្រជាពលរដ្ឋ ដើម្បីបំបាក់ស្មារតី ដើម្បីកុំឲ្យតវ៉ាទៀត ធ្វើនេះដូចមិនយុត្តិធម៌សោះ បែរជាទៅចាប់មនុស្សស្លូតត្រង់ថាបំផ្លាញព្រៃឈើ ខ្ញុំអត់យល់សោះ»។
ជុំវិញរឿងនេះទូរទស្សន៍អាស៊ីសេរី នៅមិនទាន់អាចទាក់ទងអភិបាលខេត្តក្រចេះ លោក វ៉ា ថន និង ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ នៅថ្ងៃទី១៣ ខែមករា។
តំណាងពលរដ្ឋអះអាងទៀតថា រហូតមកដល់ពេលនេះ មន្ត្រីបរិស្ថានខេត្តក្រចេះ មិនទាន់ដោះលែង តំណាងរបស់ខ្លួនត្រលប់មកវិញនោះទេ ខណៈមេភូមិ និងមេឃុំ កំពុងរៀបចំលិខិតធានា លោក ភេន ឡៃ ដើម្បីឲ្យមន្ត្រីបរិស្ថានដោះលែងមកវិញ។ លើសពីនោះ លោកស្រីថា នៅថ្ងៃដែលមន្ត្រីបរិស្ថានព័ទ្ធចាប់ខ្លួន លោក ភេន ឡៃ ក្នុងខ្លួនរបស់លោកមានតែទូរស័ព្ទ១គ្រឿង និងម៉ូតូកញ្ចាស់១គ្រឿង ដោយលោកគ្មានគោលបំណងទៅកាប់រុករានតំបន់ព្រៃការពារនោះឡើយ។
លោកស្រី អែល រ៉ូស្សា៖ «ខ្ញុំឈឺចាប់ណាស់ ខ្ញុំឈឺចាប់តែម្ដង ដោយអ្វីដោយសារពួកខ្ញុំមានដីបន្តិចបន្តួចធ្វើស្រែចម្ការ ណាមួយយកលុយសងធនាគារផង ណាមួយកូនចៅរៀនសូត្រ ណាមួយចិញ្ចឹមក្រពះមួយថ្ងៃបីពេលមិនគ្រប់មិនគ្រាន់ទៀត សួរថា ជិះម៉ូតូ១គ្រឿងកញ្ចាស់អែនេះហើយទូរស័ព្ទ១គ្រឿង តើទៅបំផ្លាញព្រៃឈើកើតឬអត់ គួរតែយល់ តើទៅបំផ្លាញព្រៃឈើកើតទេ»។
ជុំវិញបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រសិនបើមន្ត្រីបរិស្ថាន មិនមានភស្តុតាងជាក់ស្ដែង និងមិនមានដីកាចាប់ខ្លួនពីតុលាការ ការចាប់ខ្លួននេះជាទង្វើខុសច្បាប់ ហើយមន្ត្រីបរិស្ថានមិនត្រូវសាកសួរពលរដ្ឋលើសពេលកំណត់នោះដែរ។ លោកបន្ថែមថា ប្រសិនបើការចាប់ខ្លួននេះពាក់ព័ន្ធជាមួយករណីចាស់ ដែលក្រុមហ៊ុនបានប្ដឹងពលរដ្ឋកន្លងទៅ គួរតែទុកឲ្យពលរដ្ឋតស៊ូមតិតាមផ្លូវច្បាប់នៅតុលាការ។
លោក យិន ម៉េងលី៖ «បើសិនជារឿងនេះ ជារឿងចាស់ ការចាប់ខ្លួននេះជាការបំបាក់ស្មារតី និងជាការគំរាមកំហែងហើយ មុនសវនាការមកដល់ហើយ ប្រសិនបើរឿងនេះជារឿងចាស់ទុកឲ្យតុលាការគាត់ដំណើរការ ពីព្រោះរឿងនេះមិនមែនរឿងតែ លោក ភេន ឡៃ តែម្នាក់នោះទេ ជាប់បណ្ដឹងនៅតុលាការមានតំណាង៥ទៅ៦នាក់ទៀត ដែលកំពុងជាប់បណ្ដឹងនៅតុលាការ អញ្ចឹងគប្បីតែធ្វើការពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនគាត់នេះ»។
កាលពីឆ្នាំ២០២៥ លោក ភេន ឡៃ បានដឹកនាំពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ជាង៣០០គ្រួសារ មកពីភូមិចំនួន៥ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរថ្នាក់ជាតិ ជួយរកដំណោះស្រាយឲ្យបានសមរម្យដល់ពលរដ្ឋ ដោយកាត់ឆ្វៀលដីធ្លី ផ្ទះសម្បែង និងស្រែចម្ការរបស់ពលរដ្ឋចេញពីបរិវេណក្រុមហ៊ុន។ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធមិនបានរកដំណោះស្រាយឲ្យពលរដ្ឋនោះឡើយទេ។
ក្រុមហ៊ុនវៀតណាម ឈ្មោះ កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (NK Agri) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ក្នុងទំហំជិត ១ម៉ឺន ៧ពាន់ (១៦.៥២៧) ហិកតារ កាលពីឆ្នាំ២០០៩ ដើម្បីដាំដំណាំអំពៅ។ ក្រោយមក ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ បានក្ស័យធនកាលឆ្នាំ២០១៧ ហើយនៅឆ្នាំ២០២១ ក្រុមហ៊ុនវៀតណាមដដែល និងក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង បានសហការគ្នាដំណើរការ ដាំដំណាំអំពៅឡើងវិញ សម្រាប់ផលិតជាស្ករស ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា និងវៀតណាម។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនក៏ចាប់ផ្ដើមឈូសឆាយបំផ្លាញផលដំណាំ របស់អ្នកភូមិ ហើយហ៊ុមព័ទ្ធយកដីព្រៃសហគមន៍ ដីស្រែចម្ការពលរដ្ឋថែមទៀតផង ដោយចោទថា ពលរដ្ឋរំលោភយកដីក្រុមហ៊ុន ខណៈពលរដ្ឋអះអាងថា ពួកគាត់បានកាន់កាប់ដីក្នុងតំបន់នោះ តាំងពីឆ្នាំ១៩៨០ និង២០០៨ នៅមុនក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលទៅទៀត៕









