
គ្រួសាររបស់សកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ឃុំបង្ហាញការខកចិត្ត ចំពោះរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដែលមិនអត់ឱនឲ្យខ្មែរដូចគ្នា ទោះបីជាកម្ពុជាកំពុងរងការឈ្លានពានពីបរទេស។ ពួកគាត់ លើកឡើងថា សកម្មជននយោបាយខ្លះបានជាប់ឃុំទាំងអយុត្តិធម៌រយៈពេលជាង៥ឆ្នាំហើយ ដូច្នេះលោក ហ៊ុន ម៉ាណែត គួរតែដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ ដើម្បីបង្ហាញ ពីការរួបរួមជាតិ និងការស្តារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
បើទោះបីជាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រកាសឲ្យប្រជាពលរដ្ឋខ្មែររួបរួមគ្នាជាធ្លុងមួយក្នុងពេលប្រទេសកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃក្តី ប៉ុន្តែជាក់ស្តែងឪពុកកូនទាំងពីរនាក់ នៅតែចាត់ទុកអ្នកប្រឆាំងជាសត្រូវ និងបន្តតាមធ្វើទុក្ខបុកម្នេញឥតឈប់ឈរ។
ថ្មីៗនេះ មានតែសកម្មជនបក្សប្រឆាំង សកម្មជនសង្គម និងសហជីព ដែលបាន ជាប់ឃុំគ្រប់ចំនួនកំណត់ប៉ុណ្ណោះទើបមានការដោះលែង ខណៈអ្នកជាប់ឃុំដោយសារមូលហេតុនយោយបាយ និងការបញ្ចេញមតិជាច្រើននាក់ទៀតដែលមិន ទាន់ ជាប់ឃុំគ្រប់ចំនួនកំណត់ គឺមិនទាន់ត្រូវបានរដ្ឋាភិបាលត្រកូល”ហ៊ុន” ដោះលែង ដោយក្តីអនុគ្រោះនោះទេ ទោះបីជាពួកគាត់ ជាប់ឃុំរយៈពេលវែងរហូតដល់៤ ទៅ៥ឆ្នាំហើយក្តី។
ប្រពន្ធសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ លោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចាន់ថា សោកស្ដាយ ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបន្ធូរបន្ថយ ឬលើកលែងទោសឲ្យប្ដីលោកស្រី និងអ្នកទោសមនសិការ ដទៃទៀត ដែលជាប់ពន្ធនាគារទាំងគ្មានកំហុសសោះ។ លោកស្រីប្រាប់ ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៩ ខែមករា ថា ប្ដីលោកស្រីនឹងត្រូវតុលាការដោះលែង នៅខែឧសភា ខាងមុខនេះ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារ គ្រប់ចំនួន ៦ឆ្នាំពេញ។
លោកស្រី ព្រំ ចាន់ថា៖ «សោកស្ដាយណាស់សម្រាប់រាជរដ្ឋាភិបាល ដាក់ទោសទណ្ឌ គាត់យ៉ាងយូរ អត់មានករណីលើកលែងឬកាត់តម្រឹមអត់មានសោះតែម្ដង គឺពេញ ៦ ឆ្នាំគត់តែម្ដង។ អ៊ីចឹងខ្ញុំមានអារម្មណ៍ សោកស្ដាយ ទី១ វាអត់មានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ការគោរព សិទ្ធិមនុស្ស ដូចថា យើង បញ្ចេញមតិអត់បាន អ៊ីចឹង»។
រីឯកូនស្រីរបស់សមាជិកគណបក្សសង្គ្រោះជាតិម្នាក់ទៀត លោក ហេង ច័ន្ទសុទ្ធី គឺកញ្ញា ហេង បូរី លើកឡើងថា កញ្ញាឈឺចាប់ ដែលឪពុកជាប់ពន្ធនាគាររហូតដល់ ៦ឆ្នាំពេញ ទាំងមិនបានធ្វើខុសអី្វសោះ។ កញ្ញាយល់ថា ការមិនដោះលែងឪពុកកញ្ញា និងអ្នកទោសមនសិការផ្សេងទៀតបង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រមអត់ឱនឲ្យខ្មែរដូចគ្នា ហើយបន្តបិទសិទ្ធិសេរីភាព និងធ្វើទុក្ខបុកម្នេញលើអ្នកមានមតិផ្ទុយ។
កញ្ញា ហេង បូរី៖ «ដូច្នេះ វាបង្ហាញថា កម្ពុជាយើងនៅតែមានការឹតត្បិត គាបសង្កត់គ្មានសិទ្ធិសេរីភាពពេញលេញ នៅតែបន្តធ្វើទុក្ខបុកម្នេញពួកគាត់។ អ៊ីចឹង ក្នុងអំឡុងពេលនេះ បើគាត់គ្មានការបន្ធូរបន្ថយក៏ដូចជាដោះលែង ពួកគាត់ទាំងអស់ដើម្បីឲ្យមានការផ្សះផ្សាជាតិនោះទេ ខ្ញុំយល់ថា សង្គមយើងមិនអាចមានសន្តិភាពពិតប្រាដកនោះទេ»។
ជាមួយគ្នានេះប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន ចេញពីប្រទេសថៃ លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី៩ ខែមករា ថា ប្ដីរបស់លោកស្រី ត្រូវតុលាការកាត់ទោសពីរករណី ដោយជាប់ពន្ធនាគារ ១១ឆ្នាំ ប៉ុន្តែប្រសិនបើតុលាការស្រូបទោស គឺប្ដីលោកស្រីជាប់ពន្ធនាគារតែ ៦ឆ្នាំទេ។ លោកស្រីថា ទោះបីជាត្រូវជាប់ពន្ធនាគារទាំងអយុត្តិធម៌ ប៉ុន្តែប្ដីលោកស្រីមិនព្រមសុំទោសរដ្ឋាភិបាល ជាថ្នូរនឹងការប្ដូរសេរីភាពឡើយ ហើយគិតមកដល់បច្ចុប្បន្ន ប្ដីរបស់លោកស្រីជាប់ពន្ធនាគារ ជាង ៤ឆ្នាំទាំងគ្មានកំហុស។
លោកស្រី ទៀង ចិន្តា៖ «ពេលនេះ កំពុងតែមានសង្គ្រាមឈ្លានពាន។ ចង់ស្នើសុំឲ្យរាជរដ្ឋាភិបាលដោះលែង អ្នកទោសមនសិការ ក៏ដូចជា អ្នកទោសសង្គមដើម្បីឲ្យមានការរួបរួមគ្នា ហើយទម្លាក់រាល់បទចោទទាំងអស់ទៅ ឲ្យពួកគាត់មានសេរីភាពវិញ»។
ក្រៅពីលោក កាក់ កុម្ភារ លោក ហេង ច័ន្ទសុទ្ធី និងលោក វឿង សំណាង នោះ ក៏មានសកម្មជនបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ឲ្យពួកគាត់ជាប់ពន្ធនាគារចន្លោះពី ៥ទៅ៧ ឆ្នាំ ក្រោមបទ ចោទប្រកាន់«ញុះញង់និងរួមគំនិតក្បត់»ដោយគ្មានការបន្ធូរបន្ថយទោសឡើយ។
ជាក់ស្តែង សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា បានសម្រេចផ្ដន្ទាទោស ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំលោក អេង ស្រូយឲ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ក្រោម បទចោទប្រកាន់ ញុះញង់បង្កឱ្យ មានភាពវឹក វរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម និងបទ បរិហារកេរ្តិ៍ជាសាធារណៈ ដូចសាលាដំបូង រាជធានីភ្នំពេញសម្រេចដែរ។ លោក អេង ស្រូយ ក៏ជាគ្រូនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិដែរ។ លោក បានទទូលរងអយុត្តិធម៌ផ្ទួនៗ ព្រោះ ថ្នាក់លើគឺអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោក ប្រាក់ ណារ៉ុង បានទះ កំផ្លៀងលោក ហើយបន្ទាប់មកក្រសួងមហាផ្ទៃ មិនត្រឹមតែមិនជួយរកយុត្តិធម៌នោះទេ ថែមទាំងបណ្តេញលោកចេញពីក្របខណ្ឌ និងក្រោយមកចាប់ ឃុំខ្លួន ដល់សព្វថ្ងៃ ដោយសារតែលោកចូលរួមនយោបាយជាមួយគណបក្សប្រឆាំង។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៩ ខែមករាថា ក្នុងនាមអង្គការសង្គមស៊ីវិល ក៏ដូចជាអង្គការ អន្តរជាតិ តែងតែទទូចឲ្យរដ្ឋាភិបាល និងតុលាការដោះលែងអ្នកទោសមនសិការ ទាំងអស់ឲ្យមានសេរីភាពវិញ។ លោកថា ប្រទេសកម្ពុជាប្រកាន់យកគោលការណ៍ ប្រជាធិបតេយ្យ ដូច្នេះ សេរីភាពការបញ្ចេញមតិ សេរីភាពចូលរួមនយោបាយ គួរតែ ត្រូវបើកឲ្យទូលាយ ដើម្បីប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ពួកគាត់ដោយគ្មានការ រឹតត្បិត។
លោក នី សុខា៖ «ផ្ទុយទៅវិញយើងឃើញថា កន្លងមកនេះ មានការរឹតត្បិត មានការចាប់ទៅលើសកម្មជនទាំងអស់នោះដោយសារតែការបញ្ចេញមតិ ដោយសារតែសកម្មភាពសកម្មខាងនយោបាយរបស់ខ្លួន អាហ្នឹងវាជារឿងមួយរំលោភទៅលើ គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្ស។ អ៊ីចឹងហើយបាន យើងតែងតែទទូចឲ្យមានការដោះលែង ស្នើឲ្យមានការដោះលែង តែផ្ទុយទៅវិញ រហូតមកដល់ពេលនេះ រដ្ឋាភិបាល ជាពិសេសតុលាការនៅតែបន្តឃុំខ្លួនសកម្មជន ទាំងអស់ហ្នឹង ដូច្នេះហើយបានកន្លងមក រដ្ឋាភិបាលក៏ទទួលរងការរិះគន់ពីមតិជាតិ អន្តរជាតិច្រើនណាស់ដែរ»។
លោក នី សុខា ស្នើឲ្យរដ្ឋាភិបាលពិចារណាទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងទៅលើសកម្មជននយោបាយ សង្គម បរិស្ថាន សហជីព ឲ្យមានសេរីភាពវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងស្ដារមុខមាត់កម្ពុជា លើឆាតអន្តរជាតិ ហើយក៏ជាស្មារតីបង្រួបបង្រួមជាតិ ស្របតាមគោលការណ៍ រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕










