
គ្រួសារជនរងគ្រោះម្នាក់ ដែលសមត្ថកិច្ចខេត្តក្រចេះ បាញ់ច្រឡំបណ្ដាលឲ្យស្លាប់ក្នុងពេលចុះបង្ក្រាបគ្រឿងញៀន កាលពីខែកុម្ភៈកន្លងទៅនេះ ស្នើសុំឲ្យអាជ្ញាធរថ្នាក់ជាតិជួយរកយុត្តិធម៌ជូនពួកគាត់ ក្រោយពីប៉ូលិស ខេត្តក្រចេះ បានគេចវេះមិនទទួលខុសត្រូវ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ក្នុងរឿងនេះមានភាពមិនប្រក្រតីជាច្រើនចំណុច ដូច្នេះអាជ្ញាធរពាក់ព័ន្ធ គួរតែចុះស៊ើបអង្កេតលើបញ្ហានេះ ឲ្យបានគ្រប់ជ្រុងជ្រោយ។
គ្រួសារជនរងគ្រោះម្នាក់ នៅឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ទទូចឲ្យអាជ្ញាធរថ្នាក់ជាតិជួយរកយុត្តិធម៌ បន្ទាប់ពីកូនប្រុសត្រូវបាននគរបាលខេត្តក្រចេះ បាញ់ច្រឡំបណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង ហើយសមត្ថកិច្ចគេចវេះមិនទទួលខុសត្រូវ។
ម្ដាយជនរងគ្រោះ លោកស្រី ពុំ សាវុន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១២ ខែមីនាថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ សមត្ថកិច្ចខេត្តក្រចេះជាច្រើននាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានចុះចាប់អ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះ ពុំ ស៊ីឌន ដែលមានផ្ទះនៅតំបន់នោះ ប៉ុន្តែសមត្ថកិច្ចមិនបានចាប់បុរសដែលប្រព្រឹត្តនោះទេ ផ្ទុយទៅវិញសមត្ថកិច្ចបានដកកាំភ្លើងបាញ់សម្លាប់កូនរបស់លោកស្រី ដែលជាមនុស្សស្អាតស្អំ។ លោកស្រីបន្ថែមថា នៅពេលកូនរបស់លោកស្រីត្រូវគ្រាប់កាំភ្លើងភ្លាមៗនោះ សមត្ថកិច្ចបានដឹកកូនលោកស្រីទៅមន្ទីរពេទ្យ ប៉ុន្តែកូនលោកស្រីបានបាត់បង់ជីវិតទៅហើយ ក្រោមមកអាជ្ញាធរប្រាប់ថា ក្នុងខ្លួនកូនរបស់លោកស្រីមានលាក់គ្រឿងញៀនទៅវិញ។
លោកស្រី ពុំ សាវុន៖ «កូនខ្ញុំទៅស្រោចទឹកឲ្យតា ចំពេលនឹងឯង ហើយអ្នករត់មុននឹង កូនខ្ញុំដើរទៅមើល ហើយម្នាក់កាន់អាយកូមថារត់ទៀតហើយ ចាប់មិនបានទេ ហើយក៏ថាបើចាប់មិនបាន បាញ់ឲ្យងាប់ទៅ ហើយប៉ូលិសដែរបាញ់បាននិយាយថា គាត់មិនបានធ្វើទេ គាត់រត់ដួល ខ្ញុំនិយាយឲ្យអស់ នៅពេលស្រាវជ្រាវថាម៉េចៗ គឺនិយាយអស់ហើយ ពេលដីកាមកចាប់មនុស្សតែម្នាក់ទេ ហេតុអ្វីបានបាញ់កូនខ្ញុំស្លាប់អញ្ចឹង ខ្ញុំបានដាក់ពាក្យបណ្ដឹងរកយុត្តិធម៌ឲ្យកូនខ្ញុំទៅមុខទៀត មិនដឹងយ៉ាងម៉េចទេ ចាំមើលច្បាប់គេដោះស្រាយធ្វើម៉េចទៀតឲ្យដឹង»។
លោកស្រី ពុំ សាវុន អះអាងទៀតថា អាជ្ញាធរមូលដ្ឋាន និងអ្នកភូមិបានដឹងច្បាស់ថា កូនរបស់លោកស្រីមិនមែនជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដូចការចោទប្រកាន់ឡើយ។ លោកស្រីថា បច្ចុប្បន្នលោកស្រីបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលមូលដ្ឋាន និងតុលាការខេត្តក្រចេះរួចហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនោះទេ។ លោកស្រីបន្ថែមថា ប្រសិនបើអាជ្ញាធរថ្នាក់ជាតិមិនជួយរកយុត្តិធម៌នោះទេ ដោយបណ្ដោយឱ្យនគរបាល ដែលប្រព្រឹត្តខុសច្បាប់រួចខ្លួនបែបនេះ គឺជាគំរូអាក្រក់មួយ និងហាក់ដូចជាលើកទឹកចិត្តឱ្យករណីបែបនេះកើតឡើងញឹកញាប់។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យស្នងការនគរបាលខេត្តក្រចេះ លោក ហ៊ន ប៉ូច ដើម្បីសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ ខែមីនា។ ចំណែក ប៉ុស្តិ៍នគរបាលឃុំសណ្ដាន់ ក៏ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ស្នងការនគរបាលខេត្តក្រចេះបានចេញសេចក្ដីបំភ្លឺថា ករណីនេះសមត្ថកិច្ចខេត្តក្រចេះបានចុះបង្ក្រាប មុខសញ្ញាក្រុមជួញដូរគ្រឿងញៀន និងមានបទល្មើសចំនួន១០ដីកា ដែលមានអ្នកជាប់ពាក់ព័ន្ធចំនួន៤នាក់ ហើយនៅថ្ងៃកើតហេតុនោះ បុរសឈ្មោះ ថា មករា ដែលជាជនសង្ស័យ បានកាន់កាំបិតផ្គាក់ដងខ្លី ក្នុងគោលបំណងរារាំងសមត្ថកិច្ច ដើម្បីឲ្យបក្សពួករបស់ខ្លួនរត់គេច ទើបអាជ្ញាធរផ្ទុះអាវុធ ធ្វើឲ្យលោក ថា មករា រងរបួសធ្ងន់ និងបាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ចបានរកឃើញម្សៅពណ៌សចំនួន៤កញ្ចប់ ដែលសមត្ថកិច្ចសង្ស័យថា ជាគ្រឿងញៀន។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ដែលចុះស៊ើបអង្កេតរឿងនេះ លើកឡើងថា ក្នុងករណីនេះមានភាពមិនប្រក្រតីជាច្រើនចំណុច ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរចុះស៊ើបអង្កេតលើបញ្ហានេះ ឲ្យបានគ្រប់ជ្រុងជ្រោយ។ លោកថា ប្រសិនបើសមត្ថកិច្ចប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួន មិនគួរបាញ់កាំភ្លើងសំដៅចំកន្លែងគ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ។ លោកបន្ថែមថា អាជ្ញាធរមានជម្រើសផ្សេងទៀត ដើម្បីបាញ់កុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ។
លោក យិន ម៉េងលី៖ «មធ្យោបាយសមត្ថកិច្ចមានច្រើនណាស់ បើសិនសមកិច្ចបើចង់ប្រើប្រាស់សិទ្ធិការពារខ្លួននោះ តែហេតុអ្វីផ្ទុះតែមួយគ្រាប់ចេញចំខ្នងចេញទៅខាងមុខ នេះ គឺជាចំណុចដែលទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីព្រះរាជអាជ្ញា ឬពីក្រុមអធិការកិច្ចពិសេសណាមួយដែលចុះពីក្រសួង ព្រោះបើស្នងការអធិការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស៊ើបអង្កេតនោះ យើងមានការបារម្ភថា មិនយុត្តិធម៌ អញ្ចឹងយើងសូមឲ្យមានការស៊ើបអង្កេតពិសេសដើម្បីរកយុត្តិធម៌ក្នុងរឿងនេះ»។
គ្រួសារជនរងគ្រោះ រៀបរាប់ថា នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះ ឈ្មោះ ថា មករា មានអាយុ ២៧ឆ្នាំ បានជិះម៉ូតូទៅងូតទឹកឲ្យជីតាចាស់ជរាមិនអាចងើបពីកន្ទេលរួច ដែលមានផ្ទះជាប់របងជាមួយផ្ទះជនសង្ស័យឈ្មោះ ពុំ ស៊ីឌន ជារៀងរាល់ថ្ងៃ។ បន្ទាប់ពីងូតទឹកឲ្យជីតារួច កូនរបស់លោកស្រី បានអង្គុយចុចទូរស័ព្ទ នៅខាងក្រោយផ្ទះ ដោយមិនដឹងថា មានសមត្ថកិច្ចចុះទៅទីនោះឡើយ ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទុះ មីងរបស់ យុវជនឈ្មោះ ថា មករា បានដើរទៅមើលខាងក្រោយផ្ទះ ស្រាប់តែឃើញយុវជនរូបនេះដួលផ្កាប់មុខនៅក្នុងផ្លុងឈាម ដោយមានស្នាមគ្រាប់កាំភ្លើងបាញ់ពីខាងក្រោយ ធ្លុះទៅខាងមុខ។ គ្រួសារជនរងគ្រោះ ចាក់ទុកការបាញ់សម្លាប់យុវជន ថា មករា ជាការបាញ់ច្រឡំមនុស្ស ទម្លាក់កំហុសឲ្យយុវជននោះ ថាជាអ្នកជួញដូរគ្រឿងញៀន គឺដើម្បីគេចវេះមិនទទួលខុសត្រូវចំពោះមុខច្បាប់។
ករណីមន្ត្រីសមត្ថកិច្ចប្រើអំពើហិង្សាទាំងបំពានច្បាប់លើប្រជាពលរដ្ឋ ឬចាប់មនុស្សច្រឡំ ព្រមទាំងបាញ់ច្រឡំបណ្ដាលឲ្យពលរដ្ឋ ឬជនសង្ស័យស្លាប់ក្នុងពេលចុះបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាននោះ ត្រូវបានគេសង្កេតឃើញថា កើតមានជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលយល់ថា មូលហេតុ ដែលសមត្ថកិច្ចតែងតែប្រព្រឹត្តអំពើខុសច្បាប់បែបនេះ គឺដោយសារពួកគេមិនសូវយល់ដឹងពីច្បាប់ និងតែងតែរួចខ្លួនពីសំណាញ់ច្បាប់ ព្រមទាំងទំនងជាទម្លាប់អាក្រក់ ដែលបន្សល់មកពីរបបខ្មែរក្រហម បូករួមទាំងគ្មានគំរូល្អ ពីថ្នាក់ដឹកនាំកំពូលៗថែមទៀតផងដែរ៕










