កម្ពុជា​និង​ថៃ​មិនបាន​ឈាន​ដល់​ការព្រមព្រៀង​ឈប់​បាញ់​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

0
36
កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅ​ទីក្រុង​កូឡាឡាំពួរ (Kula Lampur) នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក ASEAN
កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅ​ទីក្រុង​កូឡាឡាំពួរ (Kula Lampur) នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក ASEAN

កិច្ចប្រជុំ​ពិសេស​នៃ​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២២ ខែធ្នូ​នេះ មិនបាន​ធ្វើ​ឱ្យ​កម្ពុជា​និង​ថៃ ឈាន​ដល់​ការព្រមព្រៀង​ណាមួយ ដើម្បី​អនុវត្ត​ឡើងវិញ​នូវ​បទ​ឈប់​បាញ់​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៨ ខែកក្កដា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃទី​២៦ ខែតុលា​នោះ​ឡើយ​។

សេចក្ដីថ្លែងការណ៍​ស្ដីពី​លទ្ធផល​ចំនួន​១០​ចំណុច នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅក្នុង​ទីក្រុង​កូឡាឡាំពួរ (Kula Lampur) នៅ​ថ្ងៃទី​២២ ខែធ្នូ​នេះ បាន​ត្រឹម​លើកឡើង​ពី​ការ​ព្រួយបារម្ភ ជុំវិញ​ការ​កើនឡើង​ភាព​តានតឹង​និង​អរិភាព ដែល​បណ្ដាល​ឱ្យ​ជន​ស៊ីវិល​ស្លាប់ របួស និង​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ហើយ​បាន​ទទូច​ឱ្យ​កម្ពុជា​-​ថៃ អត់ធ្មត់​ជា​អតិបរមា ដើម្បី​ចាត់វិធានការ​បន្ទាន់ ឆ្ពោះ​ទៅ​រក​ការ​បញ្ឈប់​រាល់​អរិភាព​ជាមួយគ្នា​គ្រប់​ទម្រង់​ទាំងអស់។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ​បន្ត​ថា ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ស្វាគមន៍ ចំពោះ​ការពិភាក្សា​ដើម្បី​ឈាន​ទៅ​បន្ត​អនុវត្ត​ឡើងវិញ​នូវ​បទ​ឈប់​បាញ់ និង​ការ​បញ្ចប់​អរិភាព និង​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ខាងមុខ​នេះ ដើម្បី​ពិភាក្សា​ស្ដីពី​ការ​អនុវត្ត និង​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ ខណៈ​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​សង្ឃឹមថា នឹង​អាច​ជួយ​កាត់បន្ថយ​អរិភាព​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស។

លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ នឹង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ខកបំណង ដោយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាកូស រ៉ូប៊ីអូ (Marco Rubio) បាន​ដាក់​ក្ដី​សង្ឃឹម​នៅ​មុន​កិច្ចប្រជុំ​នេះ​ថា កម្ពុជា​និង​ថៃ​នឹង​អាច​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ត្រឹម​ថ្ងៃ​ចន្ទ ឬ​ថ្ងៃ​អង្គារ​ស្អែក​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ