
មន្ត្រីរដ្ឋាភិបាលអំពាវនាវដល់ពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្ដាញសង្គមប្រយ័ត្នគណនីក្លែងក្លាយដាក់ជាឈ្មោះខ្មែរ សរសេរខ្មែរ ក្នុងរូបភាពបំបែកស្មារតីសាមគ្គី ខណៈយោធាថៃកំពុងឈ្លានពានកម្ពុជា។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៦ ធ្នូ ថា បច្ចុប្បន្នមានគណនីក្លែងក្លាយជាច្រើន ដែលដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ មកបំបែកបំបាក់ស្មារតីខ្មែរ។ លោកអះអាងថា លើសពីសង្គ្រាមប្រដាប់អាវុធឈ្លានពានទឹកដីកម្ពុជា ថៃក៏កំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រនៅលើបណ្ដាញសង្គម ដើម្បីបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព និងពលរដ្ឋ ជាមួយថ្នាក់ដឹកនាំ។
លោក ប៉ែន បូណា ស្នើដល់ពលរដ្ឋខ្មែរទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងធ្លាក់ក្នុងអន្ទាក់សត្រូវឈ្លានពាន ដែលកំពុងប្រើគ្រប់មធ្យោបាយដើម្បីវាយប្រហារកម្ពុជា។
គេសង្កេតឃើញថា ក្នុងពេលយោធាថៃកំពុងឈ្លានពានកម្ពុជា មានព័ត៌មានព្រោងព្រាតត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលពេលខ្លះធ្វើឱ្យអ្នកប្រើប្រាស់ពិបាកកំណត់ថា តើព័ត៌មានណាពិត និងក្លែងក្លាយ ខណៈម្ចាស់គណនីខ្លះប្រើប្រាស់បណ្ដាញសង្គមជាមធ្យោបាយដើម្បីទទួលបានការចែករំលែកបន្ត និងអាចរកលុយពីការផ្សព្វផ្សាយ ហើយខ្លះទៀតក៏ប្រឌិតរឿងឡើងដើម្បីទទួលបានផលប្រយោជន៍អ្វីមួយ។
ឆ្លើយតបនឹងនិន្នាការនេះ ក្រសួងការពារជាតិតែងចេញសារអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្ន ដោយមិនត្រូវចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ខ្លាចក្រែងជាព័ត៌មានបោកប្រាស់ កុហក របស់ភាគីថៃ៕










