ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្តូរ​ឈ្មោះ​មក អេច ផេ ក្រោយ​រង​ទណ្ឌកម្ម​ពី​អាមេរិក

0
179
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» ដែល​រង​ការចោទប្រកាន់​ជាច្រើន​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​លាងលុយកខ្វក់​រាប់​សិប​ពាន់​លាន​ដុល្លារ សម្រាប់​ក្រុម​សង្គម​ងងឹត និង​ក្រុម​ឆបោក​អនឡាញ (Online) ពេល​នេះ​បាន​ប្ដូរ​ឈ្មោះ​យីហោ​ក្រុមហ៊ុន​នៅ​ទីស្នាក់ការ​កណ្ដាល​ស្ថិតនៅ​ផ្លូវ​នរោត្តម​ភ្នំពេញ​ទៅជា «អេច ផេ​» (H-Pay) វិញ។

ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «​ហួយ​វ័ន ផេ» (Huione Pay) របស់​ក្មួយប្រុស​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ដោយ​ស្ងាត់ៗ​ក្រោយ​រង​ទណ្ឌកម្ម​ពី​សហ​អាមេរិក និង​សម្ពន្ធមិត្ត។ ទន្ទឹម​គ្នា​នេះ អតិថិជន​ជាច្រើន​នាក់​កំពុង​ប្រឈម​នឹង​ការ​ដក​ប្រាក់​មិនបាន។

ការ​ប្តូរ​ឈ្មោះ​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ក្រុមហ៊ុន​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ និង​ការប្រកាស​ផ្អាក​អាជីវកម្ម​ប្រតិបត្តិការ​សាច់ប្រាក់​របស់​ខ្លួន ខណៈ​អតិថិជន​រាប់​រយ​នាក់​ដែល​មាន​លុយ​ក្នុង​កម្មវិធី​ទូទាត់ «​ហួយ​វ័ន ផេ​» ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក់ ដក​លុយ​មិនបាន​។ ក្រុមហ៊ុន ហួយ​វ័ន ផេ បាន​ប្រកាស​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ចំពោះ​ការ​ផ្អាក​សេវាកម្ម​បណ្ដោះអាសន្ន និង​ការិយាល័យ​សេវាកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៥ ដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៦ ដោយ​ក្រុមហ៊ុន​ពន្យល់​ថា ប្រតិបត្តិការ​ទីផ្សារ​ខាងក្រៅ​ធ្វើ​ប្រតិបត្តិ​ការ​ពិបាក ទើប​ក្រុមហ៊ុន​មិនអាច​ទូទាត់​សាច់​ដល់​អតិថិជន​ទាន់​ពេល​វេលា​បាន។

ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

ក្រុមហ៊ុន ហួយវ័ន ផេ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ដែល​មាន​ក្មួយបង្កើត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​នៃ​ក្រុមហ៊ុន​នេះ។ ក្រុមហ៊ុន​ទាំងនេះ​ក៏បាន​បង្កើត​កម្មវិធី​ទីផ្សារ​អនឡាញ​ជាច្រើន​ទៀត ដើម្បី​បង្វិល​លុយ​ទូទាត់​តាម​អនឡាញ​មានឈ្មោះ​ដូចជា ហួយវ័ន ផេ «​ហួយ​វ័ន ហ្គារេនធី» (Huione Guarantee) ដែល​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ អាច​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​នោះ​រួមមាន​ទាំង​កម្ពុជា ដើម្បី​លាងលុយកខ្វក់។

ក្រសួង​រតនាគារ​អាមេរិក​កាលពី​ខែ​តុលា កន្លង​ទៅ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ហួយវ័ន គ្រុប ដោយ​អាមេរិក​បាន​កាត់​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក។ ក្រសួង​រតនាគារ​អាមេរិក​រក​ឃើញ​ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២១ មក​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ និង​បណ្ដាញ​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​បាន​ជួយ​លាងលុយកខ្វក់​ចំនួន​យ៉ាងតិច ៤​ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ក្រុម​ចោរ​បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង (North Korea) និង​ក្រុម​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ទាក់ទង​នឹង​រឿង​នេះ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី៣ ខែ​ធ្នូ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់​ជា​ថ្មី​ទៀត​ចំពោះ​ការ​ដក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ហួយវ័ន ផេ និង​បាន​បញ្ជាក់​ពី​ការ​បំពេញ​កាតព្វកិច្ច​ជម្រះបញ្ជី​រំលាយ​គ្រឹះស្ថាន​តាម​នីតិវិធី​ច្បាប់​ជា​ស្ថាពរ​ដោយ​យោង​តាម​សេចក្ដីសម្រេច​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៥​។ ក្នុង​ន័យ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា រាល់​កាតព្វកិច្ច​ទូទាត់​ដល់​ម្ចាស់បំណុល​ដែល​ក្នុង​នោះ​រួមមាន​អតិថិជន​ផង​របស់​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់ ហួយវ័ន ផេ ត្រូវ​បាន​បំពេញ​រួចរាល់​ស្របតាម​ច្បាប់​។ សេចក្ដីប្រកាស​ព័ត៌មាន​ធនាគារជាតិ​នៃ​កម្ពុជា​ដដែល​សង្កេតឃើញ​ថា មាន​ការ​ចរាចរ ទិញ លក់ ឬ​ទូទាត់​ទ្រព្យសកម្ម​គ្រីបតូ (Crypto) ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្ដីពី ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីបតូ អាច​បង្ក​ហានិភ័យ​ដល់​ប្រព័ន្ធ​ធនាគារជាតិ​នៃ​កម្ពុជា និង​សាធារណជន។ ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​គ្រឹះស្ថាន​ណា​ទទួល​បាន​អាជ្ញាប័ណ្ណ​សេវា​ទូទាត់​ទ្រព្យសកម្ម​គ្រីបតូ​នៅឡើយ និង​បាន​ព្រមាន​ដល់​សាធារណជន​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​វិស័យ​គ្រីបតូ។

ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រុមហ៊ុន ហួយវ័ន ផេ គឺជា​ទីកន្លែង​ដ៏​ងាយស្រួល​សម្រាប់​ធ្វើ​ប្រតិបត្តិការ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​។ លោក​បន្ថែម​ថា ថ្វី​ត្បិត​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ ក៏​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​បើក​ការស៊ើបអង្កេត និង​មាន​ចំណាត់ការ​លើ​អ្នក​ពាក់ព័ន្ធ​ដែរ ព្រោះ​លោក​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងនោះ​កំពុង​ជួយ​ការពារ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​កំពុង​បើក​ក្រុមហ៊ុន​ប្រតិបត្តិការ​លាងលុយ​កខ្វក់។

លោក គឹម សុខ៖ «ការ​ការពារ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​ឧកញ៉ា ហ៊ុន តូ ក្ដី​ក្រុមហ៊ុន​ព្រីនស៍ (Prince) របស់ ចេន ហ្សី (Chen Zhi) ក្ដី ដោយ​ក្រុម​គ្រួសារ​ហ៊ុន គឺជា​ឧទាហរណ៍​ពីរ​ដែល​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​ក្រុម​គ្រួសារ ហ៊ុន ជា​ឆ្អឹងខ្នង​ប្រតិបត្តិ​ម៉ាហ្វីយ៉ា (Mafia) ឧក្រិដ្ឋកម្ម​ឆ្លងដែន​ហ្នឹង។ ដូច្នេះ​គ្មាន​វិធី​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​នៅ​ប្រទេស​កម្ពុជា​បាន​នោះ​ទេ ដរាបណា​មិន​ប្ដូរ​អំណាច​ក្រុម​គ្រួសារ​ហ៊ុន»។

ទូរទស្សន៍​អាស៊ីសេរី​មិន​ទាក់ទង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី៣ ខែ​ធ្នូ។ ចំណែក បងជីដូនមួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ក៏​ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

ក្រុមហ៊ុន ហួយ​វ័ន ផេ ក្រៅពី​បង្កើត​កម្មវិធី​ទូទាត់​សាច់ប្រាក់​តាម​អនឡាញ ក្រុមហ៊ុន​នេះ​ក៏បាន​បង្កើត​ទីផ្សារ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram marketplace) ដែល​ត្រូវ​បាន​គេ​កំណត់​ថា ជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​សាច់ប្រាក់​ខុសច្បាប់​ក្នុង​ទំហំ​រហូតដល់ ២៤​ពាន់​លាន​ដុល្លារ។ របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ឱ្យ​ដឹង​ថា ទីផ្សារ​នៅ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) របស់​ក្រុមហ៊ុន ហួយវ័ន ផេ បាន​ក្លាយជា​សរសៃឈាម​ដ៏​សំខាន់​មួយ​នៃ​ដំណើរការ​ពាណិជ្ជកម្ម​ខុសច្បាប់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ជា​តំបន់​កំពុង​ប្រឈម​ការ​រីក​រាលដាល​នៃ​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​កាន់តែ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ