មេដឹកនាំ​ត្រកូល​ហ៊ុន​រក្សា​ភាព​ស្ងប់ស្ងាត់ រឿង​ជម្លោះព្រំដែន​ជាមួយ​ថៃ ក្រោយ​ភាគី​ថៃ​ព្រមាន​ពី​ការ​ផ្ទុះ​សង្គ្រាម​លើក​ទីបី

0
37
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំ​កម្ពុជា​ពីរ​នាក់​ឪពុក និង​កូន នៃ​គ្រួសារ​ត្រកូល​ហ៊ុន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុង​រឿង​ជម្លោះ​ព្រំដែន ក្រោយ​យោធា​ថៃ​បាន​គំរាម​ពី​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ជា​លើក​ទី​បី ជាច្រើនលើក។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​គាំទ្រ​ឱ្យ​ប្អូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យចូលឆ្នាំ​ខ្មែរ​ឱ្យ​បាន​ធំ​ទៅវិញ​។ មន្ត្រី​បក្ស​ប្រឆាំង​យល់ថា ភាព​ស្ងៀមស្ងាត់​នេះ មិន​ទំនងជា​ការភ័យខ្លាច​សារ​គំរាម​របស់​យោធា​ថៃ និង​ភាពទាល់ច្រក​របស់​មេដឹកនាំ​កម្ពុជា។

ខណៈ​យោធា​ថៃ និង​ពលរដ្ឋ​របស់​ថៃ កំពុង​មមាញឹក​សាង​សាង​សំណង​ផ្សេងៗ​រាល់ថ្ងៃ​នៅ លើ​ទឹកដី​ខ្មែរ​ដែល​ពួកគេ​បាន​ឈ្លានពាន​កាន់កាប់​នោះ ភាគី​មេដឹកនាំ​កម្ពុជា​វិញ ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បញ្ចេញមតិ​អ្វី​ទៀត​នោះ​ទេ។

នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ហ៊ុន សែន នៅ​រយៈកាល​ចុងក្រោយ​នេះ ក៏​មិន​បាន​ចេញ​សារសំខាន់​អំពី​រឿង​ព្រំដែន​នោះ​ដែរ ក្រៅ​តែ​ពី​ការ​បង្ហោះ​វីដេអូ​បទ​ចម្រៀង ដែល​មាន​អត្ថន័យ​អួត​សរសើរ​រឿង​ផ្ទាល់ខ្លួន​នោះ​ឡើយ។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ ក៏​មិន​ខុសគ្នា​ពី​ឪពុក​នោះ​ដែរ ដោយ​លោក​បាន​បង្ហាញ​ពី​សកម្មភាព​ចុះ​ជួប​តំណាង​អង្គការ និង​តំណាង​ប្រទេស​អន្តរជាតិ​មួយចំនួន។

យ៉ាងណាមិញ ថ្លែង​នៅក្នុង​កម្មវិធី បិទ​សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​សុក្រ នេះ លោក ហ៊ុន ម៉ាណែត បាន​រំលេច​បញ្ហា​នេះ​បន្តិច​ដែរ ដោយ​លោក​អះអាង​ថា ទោះបី​កម្ពុជា មាន​បញ្ហា​ព្រំដែន​ជាមួយ​ថៃ តែ​មិនបាន​យក​ប្រជាពលរដ្ឋ​ថៃ ធ្វើជា​សត្រូវ​នោះ​ទេ ចំណែក​រឿង​ជាតិ​ទឹកដី និង​រឿង​កងទ័ព ក៏​រដ្ឋាភិបាល មិន​បំភ្លេច​ភ្លេច​នោះ​ដែរ​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​គាំទ្រ​គម្រោង​រៀបចំ​កម្មវិធី​បុណ្យ​ចូលឆ្នាំថ្មី របស់​ប្អូន​លោក គឺ​លោក ហ៊ុន ម៉ានី ដោយ​អះអាង​ថា ដើម្បី​កុំឱ្យ​ពិបាកចិត្ត និង​ដើម្បី​រំលឹក​ដល់​កងទ័ព និង​ជនភៀសសឹក។

លោក ហ៊ុន ម៉ាណែត៖ «យើង​រៀប ឬ​មិន​រៀប​នៅពេល​ចូលឆ្នាំ យើង​មិនអាច​សុំ​ទេវតា​ពន្យារពេល​ចុះ​បានទេ​។ ទី​ពីរ តើ​ការ​លំបាក របួស​ដៃ​របួស​ជើង​ហ្នឹង តើ​យើង​ត្រូវ​ដេក​ស្ដូក​ទេ​។ អត់​ទេ កងទ័ព​នៅ​ខាងមុខ​ខំប្រឹង​ការពារ​ទឹកដី ដើម្បី​ឱ្យ​ប្រទេសជាតិ​នៅ​ខាងក្រោយ​រឹងមាំ ដើម្បី​ឱ្យ​ដំណើរការ​ប្រក្រតី​ជួយ​ពង្រឹង​ខ្លួន​។ បើសិនជា​គាត់​ការពារ​នៅ​ខាង​មុខ អ្នក​នៅ​ខាងក្រោយ​លែង​ធ្វើ​អ្វី​អស់ហើយ តើ​យ៉ាងម៉េច»។

ទោះជា​យ៉ាងណា នៅក្នុង​សុន្ទរកថា​នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​លើកឡើង​ពី​ស្ថានភាព​នៅ​តាម​ព្រំដែន ការ​គំរាម​រឿង​ផ្ទុះ​សង្គ្រាម ពី​សំណាក់​យោធា​ថៃ និង​យន្តការ​ដោះស្រាយ​ជាក់លាក់​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ហាក់​មាន​គោលបំណង​ថ្នម​ស្ថានការណ៍ និង​គេចវេះ​ពី​ការទទួលខុសត្រូវ​។ លោក​បន្ត​ថា មេដឹកនាំ​កម្ពុជា ទំនង​មានការ​ភ័យខ្លាច បន្ទាប់ពី​ភាគី​ថៃ បាន​គំរាម​ពី​ការ​ផ្ទុះ​សង្គ្រាម​ជា​លើក​ទី​បី ដែល​អាច​ប៉ះពាល់​ដល់​តុល្យភាព​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន ទើប​និយាយ​ពី​បញ្ហា​នេះ បែប​សុភាព ដែល​ខុសពី​ពេលមុន​ផ្ទុះ​សង្គ្រាម។

លោក អ៊ុំ សំអាន៖ «ការបាត់បង់​ទឹកដី​មិនអាច​ទាមទារ​មកវិញ​បាន ហើយ​ថៃ​កំពុង​ឈ្លានពាន បែរជា​នាំគ្នា​សប្បាយ​ទៅវិញ​។ ហើយ​ប្រពន្ធ​កូន ទាហាន​ខ្មែរ ដែល​កំពុង​កាន់ទុក្ខ កំពុង​សោកសៅ យើង​បែរជា​សប្បាយ​ក្នុង​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ការ​ប្រមាថ​ដល់​វិញ្ញាណក្ខន្ធ​របស់​ទាហាន​ខ្មែរ ដែល​ពួកគាត់​បាន​បូជា​អាយុជីវិត ដើម្បី​ការពារ​ទឹកដី»។

​កាលពីមុន​ផ្ទុះ​សង្គ្រាម​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ថៃ មេដឹកនាំ​កម្ពុជា បាន​ថ្លែង​សារ​បែប​ក្ដៅ​ជា​បន្តបន្ទាប់ ដោយ​លោក ហ៊ុន សែន បាន​ព្រមាន​ប្រទេស​ថៃ ពី​ការ​លេង​ល្បែង​បិទ​ព្រំដែន និង​លូកដៃ​ចូល​កកូរកកាយ​រឿង​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​។​ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត បាន​ព្រមាន​ថៃ​ពី​ឱសានវាទ​បន្ទាត់​ក្រហម បើ​ថៃ​ឈ្លានពាន​មក​លើ​កម្ពុជា​។ ក្រោយ​ការ​ថ្លែង​សារ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​មេដឹកនាំ​ពីរ​នាក់​ឪពុក និង​កូន​កើនឡើង និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ក្រោយ​ស្លាក​រួបរួម​គ្នា។

ក៏ប៉ុន្តែ​កាលនោះ លោក ហ៊ុន ម៉ាណែត ដែល​ធ្លាប់​ត្រូវ​ឪពុក​និយាយ​លើក​សរសើរ​ពី​ជំនាញ​ក្នុង​វិស័យ​យោធា ហាក់​មិនបាន​ប៉ាន់ប្រមាណ​ពី​កម្លាំងយោធា​របស់​កម្ពុជា​នោះ​ឡើយ រហូត​ដល់ពេល​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន កម្ពុជា​បាន​ចាញ់​ប្រៀប​ថៃ នៅ​លើ​មរ​ភូមិ​ចំនួន ២​លើក រហូត​ត្រូវ​យោធា​ថៃ​ចូលកាន់​កាប់​ទឹកដី​ជា​បន្តបន្ទាប់ ចំនួន​ជាង ៤០​តំបន់។

បន្ទាប់ពី​ចាញ់​ប្រៀប​នៅ​លើ​សមរភូមិ​មក លោក ហ៊ុន ម៉ាណែត ហាក់​មិនទាន់​អស់​ទ្រឹស្ដី​និយាយ​នោះ​ឡើយ​។ លោក​បាន​ថ្លែង​នៅ​តាម​វេទិកា​ដោយ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ភាព​ជឿជាក់ និង​បន្ត​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល និង​លើកឡើង​ពី​យុទ្ធសាស្ត្រ ដែល​លោក​បាន​ដាក់​ឈ្មោះថា «​ស្ងាត់ តែ​មិន​ស្ងៀម​»​។ ក៏ប៉ុន្តែ ក្រៅ​ស្នើសុំ​ភាគី​ថៃ​ចរចា​ទ្វេភាគី ការ​ដាក់​លិខិតតវ៉ា និង​ការ​និយាយ​លាតត្រដាង​នៅក្នុង​សារព័ត៌មាន​អន្តរជាតិ និង​វេទិកា​របស់​អង្គការ​សហប្រជាជាតិ ហើយ​នោះ លោក ហ៊ុន ម៉ាណែត មិនទាន់​ប្រកាស អំពី​ការ​ប្ដឹង​ថៃ​ទៅ​ការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នោះ​ឡើយ។

ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា បើ​ទោះ​បី​ជា​មេដឹកនាំ​កម្ពុជា ឡើង​និយាយ​ថ្លែង​សារ ឬ​អត់​ក្ដី ក៏​គ្មាន​បាន​ផល​ចំណេញ​អ្វី​ដល់​កម្ពុជា​នោះ​ឡើយ ប្រសិនបើ​កម្ពុជា មិនទាន់​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ខណៈ​យោធា​ថៃ កំពុង​ធ្វើ​សកម្មភាព​ពង្រីក​ការឈ្លានពាន​ចូលក្នុង​ទឹកដី​កម្ពុជា កាន់តែ​ជ្រៅ។

លោក ម៉ែន ណាត៖ «បើ​លោក ហ៊ុន សែន នៅតែ​ចេញ​មក​និយាយ​ច្រើន​ដូច​មុន វា​នឹង​ធ្វើ​ឱ្យ​មានរឿង​សៅហ្មង​ច្រើនណាស់ ដូចដែល​ថៃ​ឈ្លានពាន​មក​លើ​កម្ពុជា​អ៊ីចឹង គឺ​ដោយសារ​លោក ហ៊ុន សែន ស្រែក​ឡូឡា​ហ្នឹងហើយ ដែល​នាំ​ឱ្យ​ថៃ​យក​លេស​វាយប្រហារ​មក​លើ​កម្ពុជា និង​កំពុង​ពង្រីក​ការឈ្លានពាន​មក​លើ​កម្ពុជា​បន្ថែម​ទៀត។ ដូច្នេះ​លោក ហ៊ុន សែន គួរតែ​រក្សា​ភាព​ស្ងប់ស្ងាត់​ទៅ។ ហើយ​បើ​ជៀសវាង​បាន គួរ​កុំ​បង្ហោះ​ចម្រៀង​សប្បាយៗ​ច្រើនពេក ព្រោះ​វា​អត់​បាន​ចំណេញ​ជាតិ​ទេ»។

ក្រៅពី​ភាព​ស្ងប់ស្ងាត់​របស់​មេដឹកនាំ​ជុំវិញ​ការ​លើកឡើង​រឿង​បញ្ហា​ព្រំដែន ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន ដូចជា​ក្រសួងការពារជាតិ បាន​ចេញ​សេចក្ដីថ្លែងការណ៍ ពី​បច្ចុប្បន្នភាព​តាម​ព្រំដែន ដោយ​បង្ហាញ​តែ​ព្រឹត្តិការណ៍​ទូទៅ និង​ការ​អះអាង ដែល​មាន​ខ្លឹមសារ​ដដែលៗ ប៉ុណ្ណោះ ដោយ​ក្រសួង​មិនបាន​ប្រកាស​ពី​ព័ត៌មាន​ស៊ីជម្រៅ និង​ភាព​តានតឹង​នៅ​តាម​ព្រំដែន​នោះ​ឡើយ។

អ្នកឃ្លាំមើល​ព្រមាន​ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​គ្មាន​សកម្មភាព​យន្តការ​ច្បាប់​អន្តរជាតិ របស់​មេដឹកនាំ​កម្ពុជា និង​ធ្វើ​ឱ្យ​យោធា​ថៃ​ពង្រីក​ការឈ្លានពាន​មក​លើ​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​កាន់តែ​ជ្រៅ និង​បណ្ដាល​ឱ្យ​កម្ពុជា បាត់បង់​ទឹកដី​ទាំងនោះ​ជា​អចិន្ត្រៃយ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ