លោក ហ៊ុន ម៉ាណែត ស្នើ​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី​ពិនិត្យ​ផ្កាយរណប​ដើម្បី​ដឹង​អ្នកណា​វាយ​ប្រហារ​មុន

0
113
(ពីឆ្វេង) ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) លោកនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។ រូប៖​ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្នើ​កងទ័ព ឬ​ស្ថាប័ន​ជំនាញ​របស់​អាមេរិក និង​​ម៉ាឡេស៊ី អាច​ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន ដូចជា​រូបភាព​ផ្កាយរណប​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ភាគី​ណា​បាញ់​មុន។


លោក ហ៊ុន ម៉ាណែត សរសេរ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ធ្នូ ក្រោយ​បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។ លោក​អះអាង​ថា កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ក្នុង​ការ​ស្វែងរក​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្របតាម​ស្មារតី​នៃ​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូឡាឡាំពួរ។

លោក​បញ្ជាក់​ថា ហេតុការណ៍​បាញ់ប្រហារ​នៅ​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៥ បាន​បណ្ដាល​ឱ្យ​មាន​ការ​ផ្ទុះ​ការ​ប្រយុទ្ធ​ជាថ្មី​រវាង​ប្រទេស​ទាំងពីរ។ លោក​ផ្តល់​យោបល់​ថា កងទ័ព ឬ​ស្ថាប័ន​ជំនាញ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ាឡេស៊ី អាច​ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន​របស់​ពួកគេ ដូចជា​រូបភាព​ផ្កាយរណប​ដែល​បាន​ថត​អំឡុង​ពេលនោះ និង​ក្រោយ​ពេលនោះ​រយៈពេល ២៤ ម៉ោង ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ភាគី​ណា​បាញ់​មុន។

លោក​បន្ថែម​ថា វិធីសាស្ត្រ​នេះ​អាច​ជា​វិធីសាស្ត្រ​ងាយស្រួល និង​មាន​តម្លាភាព​បំផុត ក្នុង​ការ​ផ្ទៀងផ្ទាត់​ហេតុការណ៍​នេះ ហើយ​កម្ពុជា​ត្រៀមខ្លួន​សហការ ក្នុង​ករណី​មាន​តម្រូវការ។


កាល​ពី​ថ្ងៃ​ទី៧ ធ្នូ យោធា​ថៃ​បាន​បើក​វាយ​ប្រហារ​ចូល​ដី​កម្ពុជា ក្រោម​លេស​ទាហាន​ខ្លួន​ត្រូវ​ទាហាន​ខ្មែរ​បាញ់​សម្លាប់ ប៉ុន្តែ​ពុំ​មាន​របាយការណ៍​ស៊ើបអង្កេត​លម្អិត​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ។ ចំណែក​ភាគី​កម្ពុជា​អះអាង​ថា ពុំ​បាន​វាយ​តបត​វិញ​ទេ រហូត ២៤​ម៉ោង​ក្រោយ​ការ​អត់ធ្មត់ ទើប​កម្ពុជា​បង្ខំ​ចិត្ត​វាយ​បក​ដើម្បី​ការពារ​ខ្លួន ​និង​ពលរដ្ឋ​ស៊ីវិល ដែល​យោធា​ថៃ​បាន​វាយ​ប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់​គ្រាប់​ប្រភេទ ទាំង​ទម្លាក់​គ្រាប់​តាម​អាកាស​​ចូល​ជ្រៅ​ក្នុង​ដី​ខ្មែរ ដើម្បី​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទះសម្បែង និង​​​សម្លាប់​ពលរដ្ឋ​ស៊ីវិល​ខ្មែរ​ជា​បន្ត​បន្ទាប់។


គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៣ ធ្នូ ពលរដ្ឋ​ស្លូត​ត្រង់​កម្ពុជា​ចំនួន ១១​នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន ទារក​ម្នាក់​ផង និង​របួស​ធ្ងន់​ជិត ១០០​នាក់។ ចំណែក​ពលរដ្ឋ​ភៀស​សឹក​កើន​ជាង ៣០​ម៉ឺន​នាក់។


កាល​ពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៣ ធ្នូ ពលរដ្ឋ​រស់​នៅ​ទី​រួម​ខេត្ត​កោះកុង បាន​ជម្លៀស​ខ្លួន​ទៅ​ស្រុក​បទុមសាគរ ក្រោយ​ពី​យោធា​ថៃ​បាញ់​ផ្លោង​ចូល​ទី​ប្រជុំជន​នៃ​ខេត្ត​នេះ ដោយ​ពុំ​បាន​ខ្វល់​ថា ជា​ភូមិ​ឋាន​របស់​ពលរដ្ឋ​ស៊ីវិល​នោះ​ទេ។ នេះ​បើ​យោង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក។


នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា យោធា​ថៃ​បន្ត​ប្រើ​យន្តហោះ F-16 ទម្លាក់​គ្រាប់​បែក​នៅ​ថ្មដា និង​ផ្លោង​គ្រាប់​បែក​ធុន​ធ្ងន់​លើ​អគារ​កាស៊ីណូ និង​ទម្លាក់​គ្រាប់​កម្ទេច​​ស្ពាន​ជ័យជំនះ ហៅ​ស្ពាន​មេទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ