

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជាប់ឈ្មោះជាមេដឹកនាំពូកែខាងរំលោភអំណាចជាច្រើនឆ្នាំមកហើយ។ ការរំលោភអំណាចទាំងនោះរួមមានដូចជា ការបង្ក្រាបសំឡេងប្រជាពលរដ្ឋ បំបិទស្ថាប័នឯករាជ្យ និងការសម្លាប់ដៃគូប្រកួតប្រជែងផ្នែកនយោបាយជាដើម ដើម្បីក្ដោបក្ដាប់អំណាចតវង្សត្រកូលនៅកម្ពុជា។ កេរ្តិ៍ឈ្មោះអាស្រូវចុងក្រោយរបស់លោក ហ៊ុន សែន កំពុងល្បីល្បាញចុងក្រោយពាសពេញពិភពលោកនោះគឺលោកបានស្នើឱ្យព្រះមហាក្សត្រលក់សញ្ជាតិខ្មែរឱ្យឧក្រិដ្ឋជន និងការឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋកម្មតាមអនឡាញនៅកម្ពុជា។
រឿងរ៉ាវនៃអំពើឧក្រិដ្ឋកម្មកម្មឆបោកតាមអនឡាញរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ដែលធ្លាប់ទទួលបានកាងការពារដោយរដ្ឋអំណាចនៃរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន នៅតែល្បីល្បាញទូទាំងពិភពលោក និងត្រូវបានស្ថាប័នអន្តរជាតិធំៗបន្តលាតត្រដាងជាបន្តបន្ទាប់។ ថ្វីត្បិតឧក្រិដ្ឋជនរូបនេះធ្លាប់ផ្ដល់ផលប្រយោជន៍ឱ្យក្រុមគ្រួសារលោក ហ៊ុន តាមរយៈលុយកាក់រាប់លានដុល្លារ និងត្រូវបានបញ្ជូនទៅប្រទេសចិនក៏ក្ដី ប៉ុន្តែឧក្រិដ្ឋជន ចេន ហ្ស៊ី បានបន្សល់រឿងខ្មៅកខ្វក់ និងបណ្ដាញឧក្រិដ្ឋជននៅកម្ពុជា រួមទាំងភាពអាម៉ាស់មួយចំនួនដល់លោក ហ៊ុន សែន ដែរ។
រឿងអាម៉ាស់សម្រាប់លោក ហ៊ុន សែន នោះគឺការណ៍ដែលឧក្រិដ្ឋជន ចេន ហ្ស៊ី ទទួលបានសញ្ជាតិខ្មែរ។ ក្នុងព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយព្រះមហាក្សត្រក្នុងការផ្ដល់សញ្ជាតិឱ្យឧក្រិដ្ឋជន ចេន ហ្ស៊ី កាលពីឆ្នាំ២០១៤ បង្ហាញថា លោក ហ៊ុន សែន គឺជាតួអង្គសំខាន់មួយរូបដែលកាលនោះមានតួនាទីជានាយករដ្ឋមន្ត្រីគឺជាអ្នកសម្របសម្រួល និងស្នើឯកសារពាក់ព័ន្ធ ដើម្បីឱ្យព្រះមហាក្សត្រផ្ដល់សញ្ជាតិឱ្យឧក្រិដ្ឋជនរូបនេះ។ ក្រោយពេលនេះទទួលសញ្ជាតិខ្មែរឧក្រិដ្ឋជន ចេន ហ្ស៊ី បានពង្រីកបណ្ដាញឧក្រិដ្ឋកម្មលូតលាស់យ៉ាងឆាប់រហ័សតាមរយៈមុខជំនួញវិស័យធនាគារ និងអចលនទ្រព្យ ដើម្បីធ្វើជាខែលសម្រាប់អំពើលាងលុយកខ្វក់ និងឆបោកតាមអនឡាញនៅកម្ពុជា។ ទន្ទឹមគ្នានោះ ឧក្រិដ្ឋជន ចេន ហ្ស៊ី ក៏ចាប់ផ្ដើមមានកាន់តែមានទំនាក់ទំនងស្អិតល្មួតជាមួយរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ដោយបរិច្ចាគលុយក្នុងមួយឆ្នាំៗឱ្យរាប់សិបលានដុល្លារ។
ទោះជាយ៉ាងណា នៅពេលអាមេរិកឃើញថា ឧក្រិដ្ឋជន ចេន ហ្ស៊ី គឺជាបណ្ដាញឧក្រិដ្ឋជនលំដាប់អន្តរជាតិនោះ រដ្ឋាភិបាលកម្ពុជាបកស្រាយថា ការដកសញ្ជាតិខ្មែរពីឧក្រិដ្ឋជន ចេន ហ្ស៊ី មុននឹងត្រូវបានចាប់បញ្ជូនទៅចិនវិញនោះ គឺដោយសារឧក្រិដ្ឋជនរូបនេះបានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់កម្ពុជា។
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ចេញសេចក្ដីបំភ្លឺថា ការសម្រេចបណ្ដេញឧក្រិដ្ឋជន ចេន ហ្ស៊ី ចេញពីកម្ពុជាដោយសារតែរកឃើញថា ឧក្រិដ្ឋជនរូបនេះបានបន្លំឯកសារក្នុងការទទួលបានសញ្ជាតិខ្មែរ។ ចំណែកដំណើរការដកសញ្ជាតិខ្មែរពីឧក្រិដ្ឋជន ចេន ហ្ស៊ី គឺផ្អែកតាម ច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ កាលពីខែធ្នូ ឆ្នាំ២០២៥។
ទាក់ទងនឹងករណីនេះ មេធាវី សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ផ្អែកការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឧក្រិដ្ឋជន ចេន ហ្ស៊ី បានបន្លំឯកសារដើម្បីទទួលបានសញ្ជាតិដែលករណីនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ លើសពីនេះ មេធាវីរូបនេះបញ្ជាក់ទៀតថា យោងតាមច្បាប់អ្នកដែលពាក់ព័ន្ធក្នុងការសម្រួលឱ្យមានការក្លែងបន្លំឯកសារ ដើម្បីទទួលបានសញ្ជាតិនោះក៏ត្រូវទទួលទោសព្រហ្មទណ្ឌ និងទណ្ឌកម្មផ្នែករដ្ឋបាលដែរ។
លោក សឺន ជុំជួន៖ «ជនបរទេសវិញក៏គ្មានស្មារតីណាមួយជឿជាក់លើប្រព័ន្ធច្បាប់កម្ពុជាដែរ អ៊ីចឹងធ្វើឱ្យបុគ្គលិកដទៃទៀត ជនបរទេសដទៃទៀតហ្នឹងងាយស្រួលក្នុងការប្រើប្រាស់ឥទ្ធិពលអំណាចទឹកប្រាក់របស់ខ្លួន អាចធ្វើឡើងតាមទំនើងចិត្ត ឬការចង់បានរបស់គេជាបន្តបន្ទាប់ទៀត។ នេះក្នុងករណីបើមិនមានវិធានការណាមួយឱ្យបានត្រឹមត្រូវក្នុងការរកអ្នកពាក់ព័ន្ធឱ្យឃើញថា ពិតជាបានក្លែងបន្លំឯកសារសញ្ជាតិជាដើម។ អ៊ីចឹងសង្ខេបមកវិញត្រូវតែមានវិធានការ ដើម្បីស៊ើបអង្កេតរកមុខមាត់ក្រុមបក្ខពួកដែលផ្ដល់សញ្ជាតិក្លែងក្លាយនេះ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ទាំងផ្លូវរដ្ឋបាលក្ដី ទាំងទណ្ឌកម្មផ្នែកព្រហ្មទណ្ឌក្ដីទាំងនេះគឺត្រូវតែអនុវត្តឱ្យបានប្រសើរ»។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ លើកឡើងថា ការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាទំនងចង់លាងខ្លួនឱ្យលោក ហ៊ុន សែន ក្នុងការផ្ដាច់ពីទំនាក់ទំនងជាមួយឧក្រិដ្ឋជន ចេន ហ្ស៊ី ប៉ុន្តែលោកថា មកដល់ពេលនេះនឹងមិនអាចលាងជ្រះឡើយ ដោយសារតែលោក ហ៊ុន សែន និងបក្ខពួកកំពុងប្រឡូកប្រឡាក់យ៉ាងជ្រៅក្នុងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។
លោក គឹម សុខ៖ «លោក ហ៊ុន សែន និងរដ្ឋាភិបាលត្រកូល ហ៊ុន ដោះខ្លួនមិនរួចទេ ពីព្រោះពួកគេចូលប្រឡូកផ្ទាល់ក្នុងការដឹកនាំធ្វើប្រតិបត្តិការឆបោកតាមអនឡាញ។ បើយើងនិយាយពីការដោះស្រាយ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិវិញគឺមានវិធី គឺវិធីដែលប្រជាពលរដ្ឋរួមគ្នាបណ្ដេញក្រុមគ្រួសារត្រកូល ហ៊ុន ចេញពីអំណាចឱ្យមានមេដឹកនាំថ្មីសហការជាមួយបណ្ដាប្រទេសនានា ដើម្បីកម្ចាត់ឧក្រិដ្ឋកម្មអនឡាញ និងការលាងលុយកខ្វក់ហ្នឹង»។
ទន្ទឹមអ្នកច្បាប់ និងអ្នកឃ្លាំមើលចាត់ការបកស្រាយរបស់រដ្ឋាភិបាលថា មិនសមហេតុផលករណីដកសញ្ជាតិខ្មែរពីឧក្រិដ្ឋជន ចេន ហ្ស៊ី នេះក៏នៅមានឧក្រិដ្ឋជនអន្តរជាតិមួយចំនួនទៀតដែលប៉ូលិសអន្តរជាតិតាមចាប់ខ្លួន ហើយពួកគេថែមទាំងមានសញ្ជាតិខ្មែរ និងកំពុងទទួលបានកាងការពារពីរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន។
មេធាវី សឺន ជុំជួន លើកឡើងថា ការណ៍ដែលគ្មានចំណាត់ការស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះការផ្ដល់សញ្ជាតិខ្មែរឱ្យឧក្រិដ្ឋជន ចេន ហ្ស៊ី នឹងជះឥទ្ធិពលអាក្រក់ដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធនីតិរដ្ឋ។ បន្ថែមពីនេះ មេធាវី សឺន ជុំជួន ថា សហគមន៍អន្តរជាតិក៏កាន់តែគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌កម្ពុជាដែរ ហើយអ្នកដែលពាក់ព័ន្ធដែលរួចទោសទណ្ឌក្នុងការផ្ដល់សញ្ជាតិខ្មែរឱ្យឧក្រិដ្ឋជន ចេន ហ្ស៊ី ពួកគេនឹងនៅតែប្រព្រឹត្តអំពើខុសច្បាប់ដដែលៗបែបនេះបន្តទៀត៕









