លោក ហ៊ុន ម៉ាណែត លែង​ប្រើ​ពាក្យ «ថៃឈ្លានពានកម្ពុជ» នៅ​ក្នុង​សារ​ចុងក្រោយ បន្ទាប់​ពី​ថៃ​ព្រមាន

0
167
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ Photo Courtesy

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ប្រើ​ពាក្យ​ថៃ​ឈ្លានពាន​កម្ពុជា បន្ទាប់ពី​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​ថៃ​ព្រមាន​មិន​ឱ្យ​ប្រើ​ពាក្យ​នេះ​ដើម្បី​កុំឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ ដែល​ខុស​ពី​ការ​ថ្លែង​សារ​របស់​លោក​កាលពី​ពេលមុនៗ និង​ការ​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា ដែល​ហៅ​ការ​កាន់កាប់​ទឹកដី​ខ្មែរ​របស់​យោធា​ថៃ​ជាង ១០​កន្លែង ជា​ការ​ឈ្លានពាន។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​ពិសេស​កាលពី​យប់​ថ្ងៃទី​១០ មករា ដោយ​ហៅ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​ពី​ភាគី​ថៃ​ថា ជា​ជម្លោះ​ប្រដាប់​អាវុធ ជា​ជាង​ការឈ្លានពាន។

លោក ហ៊ុន ម៉ាណែត៖ «​រាជរដ្ឋាភិបាល​យល់​ច្បាស់​ណាស់​អំពី​ទុក្ខ​លំបាក និង​បញ្ហា​ប្រឈម​នានា​របស់​បងប្អូន​ជនរួមជាតិ​យើង ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ជម្លោះព្រំដែន»។

កាលពី​ថ្ងៃទី​៨ ខែ​មករា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក នីកនដេត ផ្លាំងគូន (Nikorndej Balankura) បាន​ទាមទារ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ថា ប្រទេស​ថៃ​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ ដោយ​ឈប់​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ករណី​យោធា​ថៃ ចូលកាន់​កាប់​ទឹកដី​កម្ពុជា នៅ​តំបន់​ព្រំដែន។ លោក​ព្រមាន​ថា ការ​ទាមទារ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិយាកាស​អំណោយផល​ដល់​ការចរចា​ដោយ​សន្តិវិធី។

កាលពី​ថ្ងៃទី​៣ មករា ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ទទួលស្គាល់​ជា​លើកដំបូង​ថា យោធា​ថៃ​បាន​កាន់កាប់​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង​ដោយ​ខុសច្បាប់​អន្តរជាតិ បន្ទាប់ពី​រក្សា​ភាព​ស្ងៀមស្ងាត់​ក្រោយ​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ក្រោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។ ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុក​ទង្វើ​ទាំងនេះ​ជា​ទង្វើ​ឈ្លានពាន ដោយ​យោធា​ថៃ​បាន​វាយ​សម្រុក​ដោយ​គិតទុក​ជាមុន​ចូល​ទន្ទ្រាន កាន់កាប់ និង​ឈរជើង គ្រប់គ្រង​ជាក់ស្តែង​លើ​តំបន់​នានា ដែល​ស្ថិតនៅ​យ៉ាង​ជាក់ច្បាស់ ក្នុង​ទឹកដី​កម្ពុជា​ជាង ១០​កន្លែង​ក្នុង​ខេត្ត​ចំនួន ៤ រួមមាន​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ ភូមិ​បឹង​ត្រកួន អូរ​ស្មាច់ ប្រាសាទខ្នា ប្រាសាទ​តា​ក្របី ប្រាសាទ​តាមាន់ធំ​ជាដើម។

កាលពី​ថ្ងៃទី​២៩ ធ្នូ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​យ៉ាង​វែង​អន្លាយ​រៀបរាប់​ពី​ផល​លំបាក​នៃ​សង្គ្រាម ដោយ​លោក​ហៅថា ជា​សោកនាដកម្ម​បង្កឡើង​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។

ចំណែក​ពលរដ្ឋខ្មែរ​ភាគច្រើន​មិន​គាំទ្រ​នឹង​ការ​ឈប់​ប្រើ​ពាក្យ​ថៃ​ឈ្លានពាន​កម្ពុជា​នោះ​ទេ។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​ទស្សនៈ​ហាក់​ខឹង​សម្បារ​នឹង​ការ​ព្រមាន​របស់​ភាគី​ថៃ និង​បញ្ជាក់​ថា ពួកគេ​នៅតែ​ប្រើ​ពាក្យ​ថា ថៃ​ឈ្លានពាន​កម្ពុជា​ជានិច្ច បើ​ទោះ​ជា​រដ្ឋាភិបាល​លែង​ប្រើ​ក៏​ដោយ។ ពួកគេ​ថា នេះ​ជា​ភាព​ជាក់ស្ដែង​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​កម្ពុជា​យ៉ាង​កម្រោល និង​អមនុស្សធម៌​ជា​ទី​បំផុត។ ផ្អែក​លើ​ច្បាប់​អន្តរជាតិ សកម្មភាព​យោធា​របស់​ថៃ​នេះ គឺ​ជា​ការ​វាយប្រហារ​ឈ្លានពាន​កម្ពុជា មិន​អាច​ប្រកែក​បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ