រដ្ឋាភិបាល​ក្រៅ​ប្រទេស​គ្រោង​ដាក់​ពាក្យ​ប្ដឹង​មេដឹកនាំ​ថៃ ទៅ​កាន់​តុលាការ​ICCពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

0
170
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី បាន​ពឹង​ពាក់​មេធាវី​អន្តរជាតិ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​និង​យោធា​ថៃ ដូចជា​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​និង​ផ្សែង​ពុល ការ​សម្លាប់​ជនសុវិល​កម្ពុជា​រួម​ទាំង​កុមារ និង​ការ​ទម្លាក់​គ្រាប់បែក​បំផ្លាញ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ ព្រមទាំង​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី​ជាដើម​។ រដ្ឋាភិបាល​នេះ ក៏​អំពាវនាវ​ឱ្យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បើក​ការ​ត្រួតពិនិត្យ​បឋម ដើម្បី​ធានា​ថា​ការទទួលខុសត្រូវ​នឹង​ត្រូវ​អនុវត្ត ខណៈ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត ពុំបាន​យក​ករណី​ព្រំដែន​កម្ពុជា​-​ថៃ ប្ដឹង​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​នៅឡើយ​ទេ។

សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ចុះ​ថ្ងៃទី​២៩ ខែធ្នូ បាន​លើកឡើង ថា រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា បាន​ពឹងពាក់​មេធាវី​អន្តរជាតិ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) លើ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​ប្រព្រឹត្ត​ដោយ​កងកម្លាំង​ថៃ និង ការទទួលខុសត្រូវ​ផ្នែក​ឧក្រិដ្ឋកម្ម​យ៉ាងធ្ងន់ធ្ងរ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា បន្ទាប់​ពី​ជន​ស៊ីវិល ដែល​ត្រូវ​បាន​ជួញដូរ និង​ឃុំខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​ឆបោក​ក្រោម​ការ​ការពារ​ដោយ​រដ្ឋ ត្រូវ​បាន​ទុក​ឱ្យ​ប្រឈម​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ខុសច្បាប់ ។ បណ្ដឹង​នេះ ដាក់​ការ​ទទួលខុសត្រូវ​លើ​ឈ្មោះ​ភាគី​ទាំងពីរ សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​លើ​ដែនដី​ប្រទេស​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា៖ «​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា អំពាវនាវ​ឱ្យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បើក​ការ​ត្រួតពិនិត្យ​បឋម និង ដើម្បី​ធានា​ថា ការទទួលខុសត្រូវ​នឹង​ត្រូវ​អនុវត្ត ទាំង​ចំពោះ​អ្នក​ដែល​ទម្លាក់​គ្រាប់បែក និង ទាំង​អ្នក​ដែល​បាន​ដាក់​ជន​ស៊ីវិល ឱ្យ​ស្ថិត​នៅ​ក្នុង​ផ្លូវ​គ្រោះថ្នាក់»។

សេចក្ដីថ្លែងការណ៍​នេះ បាន​អះអាង​ថា ព័ត៌មាន​នៃ​បណ្ដឹង​នេះ ដាក់​ការ​ទទួលខុសត្រូវ​ករណី​ឧក្រិដ្ឋកម្ម​ដោយ​ចំពោះ ទៅលើ​ថ្នាក់ដឹកនាំ​នយោបាយ​របស់​ប្រទេស​កម្ពុជា ក្នុង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ភ្ជាប់​នឹង​រដ្ឋ ដែល​គ្រប់គ្រង និង​ទទួល​បាន​ផល​ចំណេញ​ពី​មជ្ឈមណ្ឌល​ឆបោក​ទាំងនោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក គឹម សុខ បាន​មានប្រសាសន៍​ថា ករណី​នេះ​គឺជា​រឿង​អំណាច អំពើពុករលួយ និង​ការ​មិន​ទទួលខុសត្រូវ ទុក​ឱ្យ​ពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ លោក​ថា នេះ​មិនមែន​ជា​ការខូចខាត​ដោយ​ចៃដន្យ​ទេ គឺជា​អំពើ​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ដោយ​ភាគី​ទាំងពីរ។

លោក គឹម សុខ៖ «​យើង​ជា​រដ្ឋាភិបាល​តំណាង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​និង​ការពារ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ដូច្នេះ​យើង​ត្រូវតែ​ចេញមុខ ប្តឹង​ដើម្បី​ការពារ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ហើយ​នៅ​ពេល​ដែល​មានការ​បំពាន​ពី​បរទេស​នេះ​គឺជា​កាតព្វកិច្ច​របស់​យើង​ក្នុងនាម​ជា​រដ្ឋាភិបាល​នៃ​ប្រទេសជាតិ​កម្ពុជា»។

បន្ថែម​ពីលើ​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា នឹង​ពឹងពាក់​មេធាវី​អន្តរជាតិ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បន្ទាប់ពី​ការ​ដាក់​បណ្តឹង​ទៅ ICC រួចរាល់។ លោក​និង​ក្រុមការងារ​កំពុង​មមារ​ញឹក​ក្នុង​ការ​ពិនិត្យមើល​ផែនទី​ខ្នាត ១/២០០ ០០០ និង​ឯកសារ​នានា​ដើម្បី​ត្រៀម​នឹង​ប្តឹង​ទៅ ICJ បន្ទាប់ពី​ទៅ​ប្តឹង ICC រួចរាល់។

លោក អ៊ុំ សំអាន សរសេរ​បញ្ជាក់​បន្ថែម​ថា៖ «សង្ឃឹមថា ពលរដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​យុត្តិធម៌​ហើយ​សង្ឃឹម​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​ថៃ​និង​យោធា​ថៃ»។

ទាក់ទង​នឹង​បណ្តឹង​ទៅកាន់​តុលាការ ICC នេះដែរ នៅ​ថ្ងៃទី​២៣ ខែធ្នូ យុវជន​ខ្មែរ​បញ្ចប់​ការសិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ថា ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន​ទទួល​យក​បណ្ដឹង​របស់​ពលរដ្ឋ​ខ្មែរ ជា​ផ្លូវការ​ហើយ។ លោក​ថា នេះ​មានន័យថា បណ្ដឹង​នេះ​នឹង​ត្រូវ ICC យក​ទៅ​ពិនិត្យ ដើម្បី​ពិចារណា​ដោយ​ផ្អែកលើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។

កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បាន​ប្រកាស​ពី​ការ​ប្តឹង​ភាគី​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ចំពោះ​ការឈ្លានពាន​របស់​ភាគី​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​យក​សំណុំរឿង​ព្រំដែន​កម្ពុជា​-​ថៃ ប្តឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​យក​សំណុំរឿង​ជម្លោះព្រំដែន​ជាមួយ​ថៃ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទើប​ជា​រឿង​ដ៏​ប្រសើរ ក៏ប៉ុន្តែ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ចរចា ជម្លោះព្រំដែន​លក្ខណៈ​ទ្វេភាគី​ជាមួយ​ថៃ កម្ពុជា​មាន​តែ​ខាតបង់ ហើយ​ថៃ​ជា​អ្នកទទួល​ផល​ចំណេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ