

អ្នកសារព័ត៌មានពីររូបជាប់ពន្ធនាគារ ដោយសារបង្ហោះរូបភាពថតជាមួយទាហានខ្មែរនៅតាព្រំដែន ស្នើឲ្យសាលាឧទ្ធរណ៍បាត់ដំបងដោះលែងពួកគាត់ដោយថា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។ អ្នកជំនាញសារព័ត៌មាន និងសង្គមស៊ីវិលសង្ឃឹមថា សាលាឧទ្ធរណ៍បាត់ដំបង នឹងពិចារណាចំពោះសំណើរបស់អ្នកសារព័ត៌មានទាំងពីរ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ នៅចុងខែមីនាខាងមុខនេះ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បាត់ដំបងនៅថ្ងៃទី១៣ ខែមីនា បានបើកសវនាការបណ្ដឹងឧទ្ធរណ៍របស់អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ លោក ផន សុភាព និងអ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលកាត់ឲ្យពួកគេមានទោសក្នុងម្នាក់ៗរយៈពេល ១៤ឆ្នាំ ក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» បន្ទាប់ពីពួកគេ បង្ហោះរូបភាពដែលខ្លួនបានថតនៅប្រាសាទតាក្របី ជាប់គ្រាប់មីននៅចំហៀងខាងក្រោយនៅពេលពួកគេបានយកជំនួយមនុស្សធម៌ទៅជូនក្រុមទាហានជួរមុខ។
អ្នកសារព័ត៌មានលោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ដាច់ដោយឡែកពីគ្នា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីវិលត្រឡប់ពីរាយការណ៍ព័ត៌មាន នៅខេត្តឧត្តរមានជ័យ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យិន ម៉េងលី យល់ថា ការបង្ហោះរូបភាពចែក អំណោយរបស់អ្នកសារព័ត៌មានទាំងពីររូបនេះ ក្នុងគោលបំណង ដើម្បីឲ្យសប្បុរស ជន ឬម្ចាស់អំណោយបានឃើញ និងដឹងថា ពួកគេពិតជាបានជូន សម្ភារៈទៅដល់ទីតាំងយោធានោះប្រាកដមែន ដោយមិនមានចេតនាបង្ហោះរូបភាពឲ្យអ្នកណាយកទៅប្រើប្រាស់នោះទេ។
លោក យិន ម៉េងលី៖ «ពួកគាត់ជាអ្នកសារព័ត៌មាន ការថតរូបរបស់គាត់ហ្នឹង យើងអាចថា ការថតរបស់ពួកគាត់ចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ដែលគាត់ថតទៅឲ្យជាប់គ្រាប់មីន ហើយគាត់ខ្ជីខ្ជាមិនបានប្រុងប្រយ័ត្នហើយបង្ហោះទៅ វាធ្វើឲ្យប៉ះពាល់ទៅសន្តិសុខជាតិអ៊ីចឹងទៅ។ អ៊ីចឹងនេះជាបទមជ្ឈិម»។
លោក យិន ម៉េងលី ស្នើឲ្យតុលាការយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្ត ប៉ុន្តែប្រសិនបើមិនបានយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្តនោះទេ តុលាការគួរពិនិត្យមើលមាត្រា ៤៧៩ នៃក្រមព្រហ្មទណ្ឌមកដាក់ទោសលើពួកគេ ជាជាងយកមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌមកអនុវត្ត។
លោក យិន ម៉េងលី៖ «មាត្រា ៤៧៩ ហ្នឹង បាននិយាយពីការធ្វើសកម្មភាពថតខ្ជីខ្ជាមិនប្រុងប្រយ័ត្នអ៊ីចឹងទៅ។ អ៊ីចឹងយកមាត្រា ៤៧៩ មកអនុវត្តលើគាត់វិញ នៅក្នុងវាក្យ ខណ្ឌទី ២ អ៊ីចឹងពួកគាត់អាចនឹងត្រូវបានធ្វើការដោះលែង នៅថ្ងៃប្រកាសសាលដីកាតែម្ដង ។ អ៊ីចឹងមាន ២ ចំណុច ដែលខ្ញុំទទូចសុំឲ្យតុលាការពិចារណាឡើងវិញទៅលើ ចំណុចទាំងអស់ហ្នឹង»។
ស្រដៀងគ្នានេះ នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា (CamboJa) លោក ណុប វី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ ខែមីនា ថា លោកយល់ស្រប ចំពោះការលើកឡើងរបស់មេធាវីការពារក្ដីឲ្យអ្នកសារព័ត៌មានទាំងពីរដែលបានស្នើទៅកាន់ចៅក្រមនៅក្នុងអង្គសវនាការឲ្យប្ដូរបទចោទប្រកាន់ ពីព្រោះអ្នកសារព័ត៌មានពីររូបនេះ មិនមានចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស ក្នុងការផ្ដល់ព័ត៌មានឲ្យរដ្ឋបរទេសនោះឡើយ។
លោក ណុប វី៖ «អ្នកសារព័ត៌មានទាំងពីររូប ដែលបង្ហាញជូនទៅដល់តុលាការ នៅព្រឹកនេះ គឺយើងឃើញថា គាត់បង្ហាញនូវអ្វីដែលជាភាពស្មោះត្រង់ អ្វីដែលជាភាពស្នេហា ជាតិរបស់ពួកគាត់ទាំងពីររូប ហើយហ្នឹងការប្រើប្រាស់នូវអ្វីដែលជាសក្ដានុពល ហើយ នឹងតួនាទីរបស់ពួកគាត់នៅក្នុងការផ្ដល់ព័ត៌មាន ដើម្បីកុំឲ្យមានការយល់ច្រឡំពីសាធារណជន ជុំវិញរឿងទាក់ទងជាមួយនឹងការកាន់កាប់តំបន់ប្រាសាទ កាលពីពេលហ្នឹង។ អ៊ីចឹងហើយ ចេតនារបស់ពួកគាត់ល្អទេ បើមែនទែនទៅ អ្វីដែលអ្នកសារព័ត៌មានគាត់បានលើកឡើង»។
លោក ណុប វី ទទូចឲ្យតុលាការយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្ត ប្រសិនបើមានការចោទប្រកាន់លើអ្នកសារព័ត៌មាននៅពេលខាងមុខ។
លោក ណុប វី៖ «ខ្ញុំសង្ឃឹមថា នៅថ្ងៃទី២៦ ខែមីនានេះ តុលាការខេត្តបាត់ដំបងសម្រេចឲ្យអ្នកសារព័ត៌មានទាំងពីររូប គឺលោក សុភាព និង លោក ភារ៉ា រស់នៅក្រៅពន្ធនាគារ ហើយពិចារណាសម្រេចឲ្យពួកគាត់មានសេរីភាពឡើងវិញ ហើយទម្លាក់ចោលនូវការចោទប្រកាន់ទាំងឡាយលើពួកគាត់ទាំងពីរនាក់ ដើម្បីឲ្យពួកគាត់បានបន្តបម្រើវិស័យសារព័ត៌មានបន្តទៀត»។
របាយការណ៍ប្រចាំត្រីមាស របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចាដែលទើប ចេញផ្សាយនៅថ្ងៃទី១៩កុម្ភៈ បានរកឃើញថា ចន្លោះពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៥ មានអ្នកសារព័ត៌មានចំនួន១៤នាក់ បានរងការធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួន។ ទន្ទឹមគ្នានេះការបៀតបៀន និងបំពានសិទ្ធិអ្នកសារព័ត៌មានភាគច្រើន កើតមាននៅក្នុងខេត្តឧត្តរមានជ័យ នៅពេលចុះរាយការណ៍ស្ដីពី បញ្ហាព្រំដែន កម្ពុជា-ថៃ។ ក្នុងនោះ អ្នកសារព័ត៌មានជាស្ត្រីចំនួន ៤ នាក់ ទទួលរងការគំរាមកំហែង ហើយបៀតបៀនផ្លូវភេទ ការប៉ះពាល់ដល់រាងកាយ ការគំរាមកំហែង ដោយពាក្យសម្ដី រួមនិងការគំរាមកំហែង ផ្នែកផ្លូវច្បាប់។
ក្រោយពីបើកសវនាការសួរដេញដោលជាង ១ ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាត់ដំបង លោក អ៊ី ឃាង សម្រេចប្រកាសសាលដីកាសំណុំរឿង អ្នកសារព័ត៌មានទាំងពីររូប នេះ នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ៕









