អ្នក​ជំនាញ​​សារព័ត៌មាន​ថា​​​ ​​​​​ការ​​​​​​​រឹតត្បិត​​​​​​មិន​ឱ្យ​រាយការណ៍​ព័ត៌មាន​​​​​​​​​ពី​សង្គ្រាម​​​​ពុំ​​​​​​​ចំណេញ​ដល់​ជាតិ​នោះ​ទេ​​​

0
31

អ្នក​ជំនាញ​​សារព័ត៌មាន​​លើក​ឡើង​ថា​​​​ ​​​​​​​​ការ​ដែល​អាជ្ញាធរ​​​ ​​​​​​​​​​​​រឹតត្បិត ​​អ្នក​សារព័ត៌មាន​​​មិន​ឱ្យ​រាយការណ៍ ​​​ឱ្យ​បាន​​​​​​​​​​ទូលំទូលាយ​ ​និង​​​​ឯករាជ្យ​​​​ ​​​​ជុំ​វិញ​​ផល​ប៉ះពាល់​​​​​ ​​​​​​ពី​ការ​​​​​​ផ្ទុះ​​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​របស់​​យោធា​ថៃ​​ ​មក​លើ​កម្ពុជា​ ​​ជា​លើក​ទី​២​នេះ​​​​​​​​​​​​​​ ​​​ពុំ​ធ្វើ​ឱ្យ​ចំណេញ​​ដល់​ប្រទេស​ជាតិ​នោះ​ទេ​​​។​

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​វិភាគ​លើក​ឡើង​ថា ​កម្ពុជា​​គួរតែ​បើក​លំហ​ ​សេរីភាព​សារព័ត៌មាន​ និង​ សេរីភាព​បញ្ចេញ​មតិ​​​​​​​​ ដោយ​គ្មាន​​ការ​រឹតត្បិត​​ ​ព្រោះ​ថា​ការ​រាយការណ៍​​ព័ត៌មាន​​ពិត​ ​​​​​នឹង​ជួយ​ឱ្យ​ រដ្ឋាភិបាល​​​​​​ ឆាប់​ទទួល​បាន​ព័ត៌មាន​ និង​ ​​ឆាប់​​បាន​ជួយ​​​​​​​​ដល់​​​ពលរដ្ឋ​​​ដែល​​​​ជួប​ទុក្ខ​លំបាក​ បាន​ទាន់​ពេលវេលា​។​

​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេ​ម​បូ​ចា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ណុប វី ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ថា​ ចាប់​​តាំង​ពី​យោធា​ថៃ​បាន​​បើក​ការ​បាញ់​ប្រហារ​មក​​លើ​កម្ពុជា​ជា​​លើក​ទី​២ ឃើញ​ថា​អាជ្ញាធរ​កម្ពុជា​បាន​សម្រួល​ឱ្យ​អ្នក​សារព័ត៌មាន​​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ ចុះ​​​​​រាយការណ៍​​ ពី​ផល​ប៉ះពាល់ និង​ ស្ថានភាព​​​​​ជនភៀសសឹក​ បាន​ខ្លះ​ដែរ​។​​ ​ប៉ុន្តែ​​​​លោក​ថា ​​​​​ការ​រាយការណ៍​​​​ ជុំវិញ​ជម្លោះ​ព្រំដែន​នេះ​​ ​​​ពុំ​​​សូវ​បាន​​ទូលំទូលាយ​នោះ​ទេ​ ​ខណៈ​​អ្នក​សារព័ត៌មាន​​​​ខ្លះ​​ ​​​​​​​​​ត្អូញត្អែរ​ថា​ ​​ពិបាក​ ​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​​​​ ​ព្រោះ​មាន​​ការ​រឹតត្បិត​ពី​អាជ្ញាធរ​។​

លោក​​បន្ត​ថា​​​​ការ​រឹតត្បិត​ ​​សេរីភាព​​សារព័ត៌មាន ​​ទាំង​ស្ថាប័ន​អន្តរជាតិ និង​ស្ថាប័ន​ព័ត៌មាន​​ឯករាជ្យ​​កន្លង​មក​ កម្ពុជា​ពុំ​ទទួល​បាន​ផល​ចំណេញ​​​ដល់​ប្រទេស​ជាតិ​នោះ​​ទេ​​។​ ជាក់ស្ដែង​​លោក​ថា​ ​​​ស្រប​​​ពេល​​​កម្ពុជា​ ត្រូវ​បាន​យោធា​ថៃ​ ​ឈ្លាន​ពាន​ទឹក​ដី​​​ ​គឺ​​​​ ពុំ​សូវ​ មាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​​​​​រាយការណ៍​​ បាន​​ទាន់​ពេល​វេលា​​ និង​​​​​ ស៊ីជម្រៅ​នោះ​​ឡើយ​ ខណៈ​​​​ភាគី​ជា​សត្រូវ​មាន​ប្រៀប​​ជាង លើ​បណ្ដាញ​សារព័ត៌មាន​​។​​ ​លោក​​បន្ត​ថា​ រដ្ឋាភិបាល​​គួរតែ​គិត​ពិចារណា​​​​​ឡើង​វិញ​ ​ហើយ​ត្រូវ​បើក​លំហ​ ​ដល់​អ្នក​សារព័ត៌មាន​​ ​អាច​រាយការណ៍​​​ដោយ​ឯករាជ្យ និង​ ​គ្មាន​ការ​រឹតត្បិត​។​

អាជ្ញាធរ ក៏​ដូច​ជា​រដ្ឋាភិបាល​លោក​គួរតែ​សម្រប​ ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​ គាត់​អាច​ធ្វើ​កិច្ចការ​ហ្នឹង​បាន​។ ពីព្រោះ​កាល​ណា​ដែល​អ្នក​សារព័ត៌មាន​គាត់​អាច​ធ្វើ​កិច្ចការ​ហ្នឹង​បាន គាត់​អាច​បង្ហាញ​ពិភព​លោក​ទាំង​មូល​អំពី​អ្វី​ដែល​ វា​ពិត​ជា​កើត​មាន​ឡើង​ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ជាជាង​ការ​រឹតត្បិត​នឹង ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ ហើយ​មាន​ចម្ងល់​ពី​សាធារណជន​ទូទៅ។​​​​

​​​​​​​​​​​​​​​​​​​​​​​​ទូរទស្សន៍​អាស៊ីសេរី​ ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន លោក ទេព​ អស្នារិទ្ធ ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៥​ ខែ​ធ្នូ ​។

ទោះ​ជា​យ៉ាង​ណា​ លោក ទេព​ អស្នារិទ្ធ​ ​ធ្លាប់​​ប្រាប់​​​សារព័ត៌មាន​ ក្នុង​ស្រុក​ថា​​ មិន​ថា​អ្នក​សារព័ត៌មាន ​និង​ អ្នក​បង្កើត​មាតិកា​នោះ​ទេ​​​ នៅ​ពេល​​ ចុះ​យក​ព័ត៌មាន​​​​​​ដោយ​ផ្ទាល់​ ​​​​​​​​​​ពាក់ព័ន្ធ​ជម្លោះ​​កម្ពុជា​-​ថៃ​ ​តាម​ព្រំដែន ​​គឺ​ត្រូវ​តែ​​ ​គោរព​​​នូវ ក្រម​សីលធម៌​​វិជ្ជាជីវៈ​សារព័ត៌មាន​ ឱ្យ​បាន​ត្រឹមត្រូវ​។ ទន្ទឹម​គ្នា​នោះ​ ​លោក​ថា​ អ្នក​សារព័ត៌មាន​ ​ត្រូវ​​​​សហការ​ជា​មួយ​​​អាជ្ញាធរ​​​​​​​មូលដ្ឋាន​​ និង​​ដាក់​ពាក្យ​ស្នើ​សុំ​​​ចុះ​យក​ព័ត៌មាន​ជា​មុន​​​​ដើម្បី​​ការ​ពារ​​សន្តិសុខ​ជាតិ​​​ ​និង ​សុវត្ថិភាព​ ​ក្នុង​សហគមន៍​​។

​​ជុំវិញ​រឿង​នេះ​ អ្នក​សារព័ត៌មាន​ឯករាជ្យ​​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​បាន​​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ ក្នុង​លក្ខខណ្ឌ មិន​បញ្ចេញ​ឈ្មោះ​ និង​សំឡេង​ថា​ ចាប់​តាំង​ពី​​កម្ពុជា​ និង​​ថៃ​បាន​​ផ្ទុះ​អាវុធ​​ ជា​​លើក​ទី​១ ​រហូត​ដល់​​លើក​ទី​២​​នេះ​ ​អាជ្ញាធរ​​​មូលដ្ឋាន បាន​ហាម​ឃាត​ ​អ្នក​សារព័ត៌មាន​ យ៉ាង​តឹងរ៉ឹង​​ ​មិន​ឱ្យ​​​​​​រាយការណ៍​ តាម​តំបន់​រង​ផល​ប៉ះពាល់​ពី​ការ​ទម្លាប់​គ្រាប់​ របស់​យោធា​ថៃ​ដោយ​សេរី​នោះ​ទេ​។​ ជា​មួយ​គ្នា​នោះ នៅ​តាម​ជំរំ​ជន​ភៀស​សឹក​​ អាជ្ញាធរ​តែង​តែ​សួរ​នាំ​ពី​​​​គោលបំណង ​ឈ្មោះ​ស្ថាប័ន​ព័ត៌មាន ​​​អត្តសញ្ញាណប័ណ្ណ ​កាត​​អ្នក​សារព័ត៌មាន ​និង​សួរ​ណែនាំ​​​ពាក់​ព័ន្ធ​​អាជ្ញាប័ណ្ណ​ព័ត៌មាន ដែល​​​​​​​​​ទទួល​ស្គាល់​ពី​​ក្រសួងព័ត៌មាន​​​​​។​

អ្នក​សារព័ត៌មាន​ខ្លះ​ទៀត ​ដែល​ពុំ​បាន​ ឆ្លើយ​តប និង​បង្ហាញ​ពី​គោលបំណង​​ជា​ទី​ពេញ​ចិត្ត​ដែល​អាជ្ញាធរ​ត្រូវ​​ការ​នោះ ពួកគេ​ពុំ​ត្រូវ​បាន​​អនុញ្ញាត​ឱ្យ​ ​ចុះ​ផ្ដិត​រូប​ភាព​ និង​ប្រមូល​ព័ត៌មាន​​នៅ​ទី​នោះ​ឡើយ​ បើ​ទោះ​ជា​កន្លែង​ទាំង​នោះ គឺ​ជា​តំបន់​ ជនស៊ីវិល និង​ជា​ជំរំ​ជន​ភៀស​សឹក​ក្ដី។​ រីឯ​តំបន់​ខ្លះ​ទៀត អាជ្ញាធរ​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​​ពី​​​ក្រសួង​ព័ត៌មាន​​ ​​​​​ជា​មុន​សិន​​។ ករណី​នេះ​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​​ខ្លះ​ ​ពុំ​ចង់​​ ចុះ​​យក​ព័ត៌មាន​ ដោយ​ផ្ទាល់​នោះ​ឡើយ​។​​

ទាក់ទិន​រឿង​នេះ​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី លើក​ឡើង​ថា​ នៅ​ក្នុង​ប្រទេស​​​​លោក​សេរី នៅ​ពេល​​​មាន​សង្គ្រាម គេ​តែង​តែ​​ឱ្យ​អ្នក​សារព័ត៌មាន​​ មាន​លទ្ធភាព​​​គ្រប់គ្រាន់​ ​អាច​​​ប្រមូល​ព័ត៌មាន​​​ដោយ​សេរី និង​ គ្មាន​ការ​រឹតត្បិត​​។​​ ​​​ ចំណែក​ប្រទេស​​​​កុម្មុយនិស្ត​​ គេ​​តែង​​លាក់បាំង​ព័ត៌មាន​ និង​ ​​​ហាម​​​​​មិន​​ឱ្យ​ មាន​អ្នក​សារព័ត៌មាន ​ផ្សាយ​ពី​​សកម្មភាព ​​​​សមរភូមិ​​សង្គ្រាម​​​​​​​​នោះ​ទេ​​ ​ព្រោះ​​​​ពួក​គេ​ ចូល​ចិត្ត​បោកប្រាស់​ កុហក និង​ សម្លាប់​មនុស្ស​ ឃោរឃៅ​។​

បណ្ឌិត មាស នី បន្ត​ថា ក្នុង​​សង្គ្រាម​កម្ពុជា-ថៃ​នេះ​​​​អាជ្ញាធរ​ ​មិន​គួរ​​រឹតត្បិត​អ្នក​សារព័ត៌មាន​​​ពេក​នោះ​ទេ​ ត្រូវ​​លើក​ទឹក​ចិត្ត​​​​ឱ្យ​​​មាន​ការ​ផ្សាយ​​ឱ្យ​​បាន​​​​​ទូលំទូលាយ ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ ក្នុង​គោលដៅ​ដើម្បី​ផល​ប្រយោជន៍។​​

​កន្លែង​ខ្លះ​ក៏​ត្រូវ​គិត​ដែរ​ថា ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​ទៅ​បាំង​បាន​ទេ។ កន្លែង​ណា​ដែល​មិន​សម​បាំង ក៏​ជួយ​ឱ្យ​គេ​ឯង​ដឹង​​ទៅ ក៏​ល្អ​ម្យ៉ាង​​។ កុំ​ឱ្យ​ថា ខំ​បាំង​ទៅ​ ពេល​នោះ​វា​មិន​ល្អ​ វា​នៅ​តែ​ ជះ​ក្លិន​មិន​ល្អ​ នៅ​ថ្ងៃ​ក្រោយ​វិញ​ដដែល​។​​ អ៊ីចឹង​ វា​ជះ​ផល​ត្រឡប់​មក​រក​អ្នក​ទទួល​ខុស​ត្រូវ​វិញ។​​​​ ​​​ វា​អត់​ទៅ​ណា​ឆ្ងាយ​ទេ​។

ទន្ទឹម​​នឹង​ ការ​រឹតត្បិត​ផ្នែក​សារព័ត៌មាន​នេះ​ ​ ពលរដ្ឋ និង​អ្នក​តាម​ដាន​បញ្ហា​សង្គម​ ​​​នៅ​តែ​​​មាន​ចម្ងល់​​​​​ជុំវិញ​​សង្គ្រាម​កម្ពុជា-ថៃ ​​ខណៈ​​មក​ទល់​ពេល​នេះ​ ​អាជ្ញាធរ​កម្ពុជា ពុំ​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ថា​តើ ​មាន​តំបន់​ណា​ខ្លះ ​​​​ត្រូវ​បាន​យោធា​ថៃ​ គ្រប់​គ្រង​ និង​តំបន់​ណា​ខ្លះ ​ដែល​កម្ពុជា បាន​ដណ្ដើម​ ​យក​មក​វិញ​​​​។​ ​​ជា​មួយ​គ្នា​នោះ​ ​គេ​សង្កេតឃើញ​ថា ​​អាជ្ញាធរ​ថៃ​តែង​​​ប្រកាស​​ពី​ចំនួន​​ទាហាន​ថៃ​​​​​​ស្លាប់​ ​ប៉ុន្តែ កម្ពុជា ពុំ​​​មាន​ការ​ប្រកាស​នៅ​ឡើយ​ ដែល​ធ្វើ​ឱ្យ​គ្រួសារ​​កងទ័ព​ខ្លះ​មិន​ស្ងប់​ចិត្ត ខណៈ​​​​​​ថៃ​​​​​​បន្ត​បាញ់​ប្រហារ​​​​កម្ពុជា​​​កាន់​តែ​ខ្លាំង​​​ ​ទាំង​ជើង​អាកាស​​និង​ជើង​គោក​។​​​​​

ម្យ៉ាងវិញទៀត ក្នុង​ពេល​ដែល​​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា​នេះ គេ​បែរ​ជា​ឃើញ​សារ​បែក​ធ្លាយ​មួយ​របស់​លោក ហ៊ុន សែន និយាយ​ពី​ការ​គំរាមកំហែង​ចាប់​​​ពលរដ្ឋ​​ដាក់​គុក ប្រសិន​បើ​​​​​ហ៊ាន​រិះគន់ ​ពី​ចំណុច​ ​អវិជ្ជមាន​​នៃ​ការ​ដឹកនាំ​របស់​លោក​ និង​​​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​គ្មាន​ការ​លើក​លែង​​​។​ ​​ជា​មួយ​គ្នា​នោះ​ លោក ហ៊ុន សែន ហាក់​ពុំ​ខ្វល់​ នឹង​ការ​​អំពាវនាវ ​របស់​ពលរដ្ឋ ដែល​ឱ្យ​ បង្រួបបង្រួម​ជាតិ​ឡើង​វិញ​​ តាម​រយៈ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​សង្គម ​បរិស្ថាន និង​សិទ្ធិមនុស្ស​ ដើម្បី​សាមគ្គី​ជាតិ​ ​​ក្នុង​​ ការ​ការពារ និង​​ទប់ទល់​សត្រូវ​ឈ្លានពាន​ទឹក​ដី​ ​នៅ​ចំពោះ​មុខ​នៅ​ឡើយ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ