
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ អះអាងថា ការបង្កើតច្បាប់ស្ដីពីការប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺរដ្ឋាភិបាលមានគោលបំណងជំរុញប្រសិទ្ធភាពបង្ក្រាប និងទប់ស្កាត់ដើម្បីកុំឱ្យឧក្រិដ្ឋកម្មឆបោកអនឡាញរីករាលដាលនៅកម្ពុជា។ លោកអះអាងថា ច្បាប់នេះ ក៏មានការចែងដាក់ទោសទណ្ឌលើជនល្មើសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះរហូតដល់អស់មួយជីវិត។ អ្នកឃ្លាំមើលថា ដើម្បីអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពលុះត្រាតែមេដឹកនាំក្រុងភ្នំពេញចេះគោរពច្បាប់ មិនឃុបឃិតជាមួយឧក្រិដ្ឋជន រីឯកម្លាំងអាជ្ញាធរក៏ត្រូវតែធ្វើការដោយឯករាជ្យ ដោយមិនមែនចាំតែស្ដាប់បញ្ជា។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ លើកឡើងថា រដ្ឋាភិបាលកម្ពុជានឹងមិនដកដៃក្នុងយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញឡើយ។ លោកទទួលស្គាល់ថា ឧស្សាហកម្មមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាមានទំហំធំដែលមិនត្រឹមតែបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងសន្តិសុខជាតិនោះទេ ប៉ុន្តែក៏បានបង្កការរាំងស្ទះដល់វិស័យវិនិយោគ និងសេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ។
លោក កើត រិទ្ធ ថ្លែងថា ការបង្កើតច្បាប់ស្ដីពីការប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ ក៏ជាការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ក្រាប និងទប់ស្កាត់អំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញកុំឱ្យរីករាលដាលនៅកម្ពុជា។
លោក កើត រិទ្ធ៖ «ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះគឺមានគោលដៅដើម្បីបម្រើឱ្យសភាពការណ៍ចំពោះមុខ ដែលយើងកំពុងតែធ្វើយុទ្ធនាការក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញ (Scam Online) ធានាថា រួមចំណែកក្នុងការធ្វើឱ្យច្បាស់លាស់ថា អំពើឆបោក (Scam) នេះនឹងមិនវិលត្រឡប់ក្នុងទ្រង់ទ្រាយបែបនេះមកកាន់កម្ពុជាវិញ ប៉ុន្តែច្បាប់នេះ ក៏នឹងបម្រើឱ្យសភាពការណ៍ក្នុងរយៈពេលមធ្យមផងដែរ។ មានន័យថា ធ្វើយ៉ាងម៉េច គ្រាន់តែតាមរយៈមើលច្បាប់ហ្នឹង គឺថា ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អត់ហ៊ានមក។ ប៉ុន្តែដល់ពេលអត់មានច្បាប់ ឬក៏ច្បាប់យើងមានចន្លោះខ្វះខាត ឧក្រិដ្ឋជនគាត់ឃើញអាហ្នឹងជាចន្លោះប្រហោងច្បាប់ អ៊ីចឹងគាត់យកអាហ្នឹងមកធ្វើ។ ឥឡូវច្បាប់របស់យើងគឺក្រឡាបង់ទៅគ្រប់ទាំងអស់ ក្រឡាសំណាញ់ហ្នឹងគឺថា ញឹកហ្នឹងគឺដើម្បីធ្វើយ៉ាងណាឱ្យអស់អំពើឆបោក (Scam) ពីកម្ពុជា ញឹកហ្នឹងគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា»។
លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី៣ ខែមេសា។ លោក កើត រិទ្ធ អះអាងទៀតថា ស្មារតីនៃច្បាប់នេះក៏បានកំណត់ឱ្យមានការផ្ដន្ទាទោស រួមទាំងការដាក់ទណ្ឌកម្មនានាលើជនល្មើស និងបណ្ដាញឧក្រិដ្ឋជនបរទេសមិនចូលកម្ពុជាបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញកម្ពុជាបាន។

រដ្ឋាភិបាលត្រកូល ហ៊ុន បានរៀបចំធ្វើច្បាប់ថ្មីមួយស្ដីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បន្ទាប់ពីកម្ពុជាបានក្លាយជាឋានសួគ៌របស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ។ ច្បាប់នេះមាន ៥ជំពូក និង ២៤មាត្រា ដែលមានចែងចំពោះការដាក់ទោសទណ្ឌលើអ្នកដែលរៀបចំ ឬបង្កើតមជ្ឈមណ្ឌលឆបោក អ្នកជ្រើសរើសមនុស្សយកមកបណ្ដុះបណ្ដាលឱ្យធ្វើការងារឆបោកតាមអនឡាញ អ្នកប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ និងសកម្មភាពលាងលុយកខ្វក់ដែលបានមកពីអំពើឆបោកតាមអនឡាញជាដើម។
ក្រៅពីនេះ ម្ចាស់អគារ ឬម្ចាស់ផ្ទះជួលដែលឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញក៏ត្រូវទទួលទោសព្រហ្មទណ្ឌ និងត្រូវបានសមត្ថកិច្ចរឹបអូសទ្រព្យសម្បត្តិផងដែរ។
ច្បាប់ស្ដីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» មានការចែងកំណត់ផ្ដន្ទាទោសជនល្មើសយ៉ាងតិចចន្លោះពី ១ឆ្នាំ រហូតដល់អស់មួយជីវិត និងពិន័យជាប្រាក់ចាប់ពី ១រយលានរៀល រហូតដល់ ១ពាន់លានរៀល។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា និងកំពុងរង់ចាំព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។
ទាក់ទងនឹងរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអនឡាញដែលបង្កើតឡើងដោយរដ្ឋាភិបាលត្រកូល ហ៊ុន មិនអាចទប់ស្កាត់ការរីកដាលមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងលំហូរឧក្រិដ្ឋជនចូលមកកម្ពុជាបានឡើយ។ អ្នកស្រីបញ្ជាក់ថា មូលហេតុសំខាន់គឺដោយសារមេដឹកនាំកំពូលខ្លួនឯង ពាក់ព័ន្ធនឹងការបំផ្លាញច្បាប់ និងបង្កើតបណ្ដាញគាំទ្រកាងការពារឧក្រិដ្ឋជន ដើម្បីទទួលផលប្រយោជន៍ពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ក្រៅពីនេះ អ្នកស្រីថា ទោះបីមានច្បាប់ក៏ប្រព័ន្ធតុលាការ និងសមត្ថកិច្ចគ្មានភាពឯករាជ្យ ដើម្បីធានាចំពោះការបង្ក្រាបឧក្រិដ្ឋកម្មនេះដែរ ព្រោះអំណាចស្ថិតនៅលើការបញ្ជារបស់លោក ហ៊ុន សែន។
ទោះជាយ៉ាងណា អ្នកស្រី មូរ សុខហួរ ស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រើច្បាប់នេះចាត់វិធានការរឹបអូសទ្រព្យសម្បត្តិ និងស៊ើបអង្កេតចាប់ខ្លួនមន្ត្រីកំពូលឧកញ៉ាឈ្មួញគ្រាក់ៗ ដែលកំពុងរងការចោទប្រកាន់ពាក់ព័ន្ធដោយផ្ទាល់នឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
អ្នកស្រី មូរ សុខហួ៖ «មែនទែន យើងមិនចាំបាច់ត្រូវការដល់មានប្រព័ន្ធហ្នឹងទេ ការចាប់លោក លី គួង មានត្រូវការច្បាប់ហ្នឹងទេ? អត់មានត្រូវការទេ ដូច្នេះយើងត្រូវការឆន្ទៈនយោបាយរបស់អ្នកដឹកនាំ យើងត្រូវការមន្ត្រីរាជការ នគរបាលយុត្តិធម៌ដែលពិតជាអ្នកដែលទទួលខុសត្រូវ ឯករាជ្យ ហើយយកផលប្រយោជន៍ជាតិជាធំ យកច្បាប់ជាធំ យកនីតិរដ្ឋជាធំ។ ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ចង់ឃើញថា ច្បាប់ដែលទើបតែអនុម័តហើយនេះ អនុវត្តជាបន្ទាន់ទៅលើលោក ហ៊ុន តូ ពីព្រោះមានភស្តុតាងគ្រប់គ្រាន់យកលោក ហ៊ុន តូ ទៅប្រឈមនឹងច្បាប់ដែលទើបតែបង្កើតហើយនេះ»។
អ្នកស្រី មូរ សុខហួរ វាយតម្លៃថា ការបង្កើតច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអនឡាញគ្រាន់ជាឆាកល្ខោនបន្លំភ្នែកប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិប៉ុណ្ណោះ និងគ្មានឥទ្ធិពល ឬធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនខ្លាចញញើតក្នុងការបន្តសកម្មភាពឧក្រិដ្ឋកម្មនានានៅកម្ពុជាឡើយ។ អ្នកស្រីថា បញ្ហានេះកេរ្តិ៍ឈ្មោះកម្ពុជា និងការខ្ទេចខ្ទាំសេដ្ឋកិច្ចជាតិនឹងបន្តរងគ្រោះក្នុងរយៈពេលយូរអង្វែងទៀត ដោយសារតែប្រព័ន្ធអំណាចដឹកនាំបែបគ្រួសារបក្ខពួកនិយម និងឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយបណ្ដាញឧក្រិដ្ឋជន៕










