
ថ្មីៗនេះ ព្រះសង្ឃ និងគណៈកម្មការវត្តពោធិព្រឹក្សគិរីវង្ស ហៅស្វាយសៀមចាស់ ស្ថិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម បានរៀបចំកម្មវិធីប្រឡងសម្រស់នារីខ្មែរប្រចាំឆ្នាំ ២០២៦។ ព្រះសង្ឃអះអាងថា កម្មវិធីប្រឡងនេះ មិនត្រឹមតែជួយផ្សព្វផ្សាយ និងលើកកំពស់តម្លៃវប្បធម៌ខ្មែរនោះទេ ថែមទាំងចូលរួមចំណែកលើកកំពស់តម្លៃរបស់ស្ត្រីខ្មែរក្រោមដែលគេមិនសូវគិតគូរដល់ទៀតផង។
«បេក្ខនារីដែលទទួលបានជ័យលាភីលេខ១ បានទៅលើបក្ខនារីមានលេខសម្គាល់ ០១៣ គឹម ធីថាញតៀង»
នេះជាសំឡេងរបស់ពិធីករ និងពិធីការិនីដែលបានប្រកាសលទ្ធផលវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រកួតសម្រស់នារីខ្មែររដូវកាលទី៥ កាលពីថ្ងៃទី២ ខែមករា ចេញពីក្នុងមណ្ឌលសីមា នៃវត្តស្វាយសៀមចាស់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម។
វត្តស្វាយសៀមចាស់ គឺជាវត្តខ្មែរក្រោមដំបូងគេបង្អស់ និងតែមួយគត់នៅកម្ពុជាក្រោម ដែលបានរៀបចំកម្មវិធីប្រឡងសម្រស់នារីខ្មែរចាប់តាំងពីឆ្នាំ២០១៩ មក ក្រោមការផ្ដួចផ្ដើមគំនិតរបស់អ្នកមានទ្រព្យធនខ្មែរក្រោមនៅក្រៅប្រទេស និងព្រះចៅអធិការវត្តស្វាយសៀមចាស់ និងដោយមានការជួយឧបត្ថម្ភថវិកាពីសមាគមខ្មែរក្រោមសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សមានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានលោក ថាច់ តារា ជាប្រធាន។
សម្រាប់លក្ខន្តិកៈនៃការប្រឡង បេក្ខនារីត្រូវតែជាកូនចៅអ្នកឈាមជ័រខ្មែរក្រោមដែលកំពុងរស់នៅតាមបណ្តាខេត្តក្រុងនៅកម្ពុជាក្រោម។ តែនារីខ្មែរក្រោមដែលកំពុងរស់នៅ ឬធ្វើការនៅក្រៅដែនដីកម្ពុជាក្រោម ក៏អាចស្នើសុំដាក់ពាក្យចូលរួមប្រឡងបានដែរ។
ជាអ្នកផ្ដួចផ្ដើមគំនិតមួយអង្គ ព្រះចៅអធិការវត្តស្វាយសៀមចាស់ ព្រះភិក្ខុ ថាច់ ថាយយៀង មានថេរដីកាប្រាប់ទូរទស្សន៍អាស៊ីសេរីថា បេក្ខនារីក្រៅតែពីជាជនជាតិខ្មែរក្រោម និងមានសម្រស់រូបឆោមល្អ ពួកគេចាំបាច់ត្រូវតែចេះនិយាយភាសាខ្មែរ ទើបអាចដាក់ពាក្យចូលរួមប្រកួតបាន។ ព្រះតេជព្រះគុណមានថេរដីកាបន្តថា ការផ្តួចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង គឺដើម្បីផ្តល់ឱកាសឱ្យនារីវ័យក្មេងខ្មែរក្រោមបញ្ចេញនូវភាពក្លាហាន ទេពកោសល្យ និងសមត្ថភាពរបស់ខ្លួននៅចំពោះមហាជនប្រកបដោយមោទនភាពក្នុងនាមជាកូនចៅខ្មែរក្រោម។ ក្នុងពេលជាមួយគ្នា វាក៏ឱកាសផ្សព្វផ្សាយនូវតម្លៃវប្បធម៌របស់ខ្មែរក្រោមតាមរយៈការសម្តែងសិល្បៈវប្បធម៌ផ្សេងៗនៅក្នុងកម្មវិធីប្រឡងម្តងៗ។
ព្រះភិក្ខុ ថាច់ ថាយយៀង៖ «កម្មវិធីនេះមានសារប្រយោជន៍មួយចំនួនសម្រាប់ខ្មែរក្រោមយើង ទី១យើងអាចបង្ហាញពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ចង់បង្កើតឱ្យមានការគាំទ្រសម្លៀកបំពាក់ខ្មែរ ទី២ដើម្បីផ្តល់កិត្តិយសដល់នារីខ្មែរ លើកតម្កើងដល់នារីខ្មែរ កុំឱ្យខ្មែរក្រោមយើងមានការអៀនប្រៀនច្រើន មានការហ៊ានដូចជានារីជនជាតិដទៃ ដែលគេហ៊ាននិយាយ ហ៊ានថា ហេតុដូច្នេះហើយ អាត្មាភាពចង់បានបែបហ្នឹងជាមួយនឹងខ្មែរក្រោមយើង»។
វត្តស្វាយសៀមចាស់ត្រូវបានកសាងឡើងនៅឆ្នាំ១៦៥៧ ជាវត្តមានវ័យចំណាស់មួយក្នុងចំណោមវត្តទាំងអស់ ១៤៣ នៅក្នុងទឹកដីខេត្តព្រះត្រពាំង។ បើទោះជាកម្មវិធីប្រឡងនេះធ្វើឡើងនៅក្នុងវត្តក្រោមការចាត់ចែងរបស់ព្រះសង្ឃ ក៏គណៈកម្មការប្រឡង និងគណៈមេប្រយោគជ្រើសរើសបេក្ខនារី គឺមានសមាសភាពចេញពីអ្នកសិល្បៈ ឬអតីតអ្នកសិល្បៈនៃក្រុមរស្មីប្រទីបខេត្ត អ្នកខ្លះជាអ្នកសំអាងការ អ្នកកែសម្ផស្ស គ្រូបង្រៀនភាសាខ្មែរ និងវប្បធម៌ជាដើម។
បើទោះជាកម្មវិធីប្រឡងសម្រស់នារីខ្មែរប្រព្រឹត្តទៅរយៈពេលតែមួយល្ងាចដោយមានការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរ គណៈកម្មការចាត់ចែងការប្រឡងបានបញ្ចូលកម្មវិធីសម្ដែងសិល្បៈវប្បធម៌ផ្សេងៗទៀតទៅក្នុងកម្មវិធីនេះដែរ ដូចជារបាំជូនពរ របាំកសិករ របាំយក្ស របាំរឿងរាមកេរ្តិ៍ ចំរៀងចាប៉ីដងវែង ការសំដែងសិល្បៈចំរៀង និងរាំវង់ រាំក្បាច់ សារ៉ាវា់ន់ជាដើម។
នៅពេលសួរថា តើវាអាចមើលទៅឆ្គងបន្តិចដែរទេ នៅពេលកម្មវិធីប្រឡងមួយដែលបង្ហាញពីរូបឆោមសម្ផស្សរបស់នារី ត្រូវបានរៀបចំនៅក្នុងទីអារាមយ៉ាងដូច្នេះ? ព្រះភិក្ខុ ថាច់ ថាយយៀង អះអាងថា វាអាចមានអ្នករិះគន់ពីបញ្ហានេះដែរ ប្រសិនបើអ្នកទាំងនោះ មិនដឹងពីស្ថានភាពរស់នៅ និងតួនាទីរបស់វត្តអារាមនៅកម្ពុជាក្រោម។ ព្រះអង្គមានថេរដីកាថា កម្មវិធីនេះអាចរៀបចំនៅក្រៅវត្តបាន ប៉ុន្តែត្រូវចំណាយធនធានច្រើន ហើយព្រះសង្ឃនិងគណៈកម្មការរៀបចំកម្មវិធីក៏អាចពិបាកក្នុងការគ្រប់គ្រងការប្រឡង។ ក្រៅពីនេះ ព្រះអង្គថា ការប្រើប្រាស់ និងការនិយាយភាសាខ្មែរនៅក្នុងកម្មវិធីប្រឡងទាំងមូលគឺជារឿងចាំបាច់។ ព្រះអង្គបន្តថា ការសម្រេចយកវត្តអារាមជាកន្លែងប្រារព្ធ គឺចង់បង្ហាញថា នៅកម្ពុជាក្រោមរាល់ទម្រង់ នៃសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់។ល។ គឺស្ថិតនៅក្នុងវត្តអារាមដែលជាឃ្លាំងរក្សាទុកនូវតម្លៃវប្បធម៌ទាំងអស់នេះ។
ព្រះភិក្ខុ ថាច់ ថាយយៀង៖ «ការប្រឡងកម្មវិធីសម្រស់នារីខ្មែរនេះ គឺយើងបានផ្តល់ផលប្រយោជន៍ដល់ខ្មែរក្រោមយើង ដូចជាទី១ គឺការថែរក្សាវប្បធម៌ ប្រពៃណី មានសម្លៀកបំពាក់ និងប្អូនៗនារីអាចបញ្ចេញសមត្ថភាពខ្លួនឯងនៅក្នុងវត្តបាន ប្រសិនជាយើងធ្វើនៅខាងក្រៅ យើងនិយាយជាមួយនឹងភាសាគេ (វៀតណាម) ចំណែកធ្វើនៅក្នុងវត្តយើងនិយាយភាសាខ្មែរទោះបីប្អូនៗខ្មែរយើងនិយាយមិនសូវច្បាស់ពិតមែន»។
កម្ពុជាក្រោមមាន ២១ខេត្តក្រុង ត្រូវបានអាណានិគមបារាំងផ្ទេរឱ្យរដ្ឋអំណាចវៀតណាមត្រួតត្រាបន្តកាលពីឆ្នាំ១៩៤៩។ នៅក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រៅពីរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ខ្មែរក្រោមវៀតណាមក៏កំពុងលូកដៃជ្រៀតជ្រែកចូលចាត់ចែងការប្រារព្ធពិធីបុណ្យរបស់ខ្មែរក្រោមមួយចំនួនដែរ។
ជាក់ស្តែង ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យអុំទូករបស់ខ្មែរក្រោម គេឃើញរដ្ឋអំណាចវៀតណាមជាអ្នករៀបចំវេទិកាដោយដាក់បដាជាភាសាវៀតណាម គណៈអធិបតីដែលឡើងថ្លែងបើកបិទកម្មវិធីក៏ជាមន្ត្រីរដ្ឋការវៀតណាម ភ្ញៀវកិត្តិយសចូលរួមភាគច្រើនក៏ជាមន្ត្រីវៀតណាម ខណៈការផ្សព្វផ្សាយ និងអត្ថាធិប្បាយកម្មវិធីក៏មានពិធីករ និងពិធីការិនីជនជាតិវៀតណាមចូលរួម ដែលធ្វើឱ្យពិធីទាំងមូលមើលទៅមិនមានរូបភាពជារបស់ខ្មែរសុទ្ធសាធ បើទោះជាពិធីបុណ្យអុំទូកជាបុណ្យប្រពៃណីរបស់ខ្មែរក៏ដោយ។ នេះគេនៅមិនទាន់និយាយដល់ការដាក់បង្ហាញរូបលោក ហូជីមិញ និងទង់ជាតិវៀតណាម នៅលើប្រទីប និងទូកងរបស់ខ្មែរក្រោមនោះផង។ ខ្មែរក្រោមព្រួយបារម្ភថា ការជ្រៀតជ្រែករបស់រដ្ឋការវៀតណាមដូចនេះ បើខ្មែរក្រោមមិនព្យាយាមទប់ស្កាត់ ទៅថ្ងៃអនាគត ពិធីបុណ្យនេះអាចត្រូវបានកម្លាយបន្តិចម្តងៗទៅជាពិធីបុណ្យរបស់វៀតណាម។
ងាកមកនិយាយពីរឿងប្រឡងសម្រស់នារីខ្មែរនៅវត្តស្វាយសៀមចាស់វិញ ក្រៅតែពីរូបសម្រស់ និងចេះនិយាយភាសាខ្មែរ ចំណេះដឹងទូទៅរបស់បេក្ខនារីជាពិសេសពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណីខ្មែរ ក៏ជាកត្តាសំខាន់ដែរ។ ទោះជាយ៉ាងណា នៅកម្ពុជាក្រោម បើប្រៀបធៀបជាមួយបុរសដែលអាចបួលរៀនបាន ស្ត្រីខ្មែរក្រោមមិនសូវទទួលបានឱកាសសិក្សាភាសាខ្មែរឱ្យបានខ្ពង់ខ្ពស់នោះទេ បើប្រៀបធៀបជាមួយការសិក្សាភាសាវៀតណាម។ ស្ត្រីខ្មែរក្រោមដែលអាចរៀនសូត្រភាសា និងវប្បធម៌ខ្មែរខ្ពង់ខ្ពស់ លុះត្រាតែពួកគេមានការប្តេជ្ញាចិត្តខ្ពស់ និងមានការជំរុញ និងគាំទ្រខ្លាំងពីសំណាក់ក្រុមគ្រួសារ។
ព្រះភិក្ខុ ថាច់ ថាយយៀង មានថេរដីកាថា ព្រះអង្គ និងអ្នកផ្ដួចផ្ដើមដទៃទៀត នឹងបន្តខិតខំរៀបចំឱ្យមានការប្រឡងនេះជារៀងរាល់ឆ្នាំ ព្រោះព្រះអង្គជឿជាក់ថា កម្មវិធីបែបនេះ បានចូលរួមចំណែកជំរុញឱ្យនារីវ័យក្មេងខ្មែរក្រោមស្រឡាញ់ភាសាខ្មែរ ខិតខំនិយាយ និងរៀនសូត្រភាសាខ្មែរ និងវប្បធម៌ខ្មែរកាន់តែច្រើន។ លើសពីនេះ កមុ្មវិធីនេះ ក៏ជួយផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរក្រោមទៅកាន់ពិភពលោកផងដែរ៕








