

រដ្ឋាភិបាលកម្ពុជា និងវៀតណាមឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនាក់កងទ័ពនៃប្រទេសទាំងពីរ ក្នុងពេលយោធាកម្ពុជា និងថៃកំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអស់រយៈពេល ៩ថ្ងៃមកហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១១ ធ្នូ ស្ដីពីលទ្ធផលកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម នៅខេត្តសៀមរាប កាលពីថ្ងៃទី៨-៩ ធ្នូ ដោយមានរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ឡេ ហ័យជុង (Le Hoai Trung) ជាសហប្រធានដឹកនាំ ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាយន្តការសន្ទនាគោលនយោបាយការពារជាតិ និងឯកភាពអនុវត្តលិខិតូបករណ៍នានា នៃសហប្រតិបត្តិការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព រួមមានពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការស្ដីពីវិស័យការពារជាតិ និងអនុស្សរណៈយោគយល់ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែន។ ភាគីទាំងពីរក៏បានប្ដេជ្ញាពង្រឹងការបណ្តុះបណ្តាលកងទ័ពរយៈពេលខ្លី និងរយៈពេលវែងឱ្យកាន់តែស៊ីជម្រៅ ដើម្បីបំពេញសេចក្តីត្រូវការលើវិស័យការពារជាតិដែលកំពុងមានការវិវត្ត។
ពាក់ព័ន្ធនឹងកិច្ចការព្រំដែនវិញ កម្ពុជា-វៀតណាមប្ដេជ្ញាចិត្តមុតមាំក្នុងការពន្លឿនការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នានៅក្នុងការកសាងនូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ក្នុងពេលកម្ពុជាហាក់មានទំនាក់ទំនងល្អជាមួយប្រទេសវៀតណាមនៅព្រំដែនខាងកើត ចំណែកនៅព្រំដែនភាគខាងលិចឯណេះវិញ កងទ័ពកម្ពុជាកំពុងប្រយុទ្ធស្វិតស្វាញក្នុងសង្គ្រាមវាយប្រហារឈ្លានពានរបស់កងទ័ពថៃ។ ក្នុងជម្លោះរវាងកម្ពុជា-ថៃនេះ ប្រទេសវៀតណាមបានត្រឹមអំពាវនាវឱ្យភាគីទាំងពីរអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី។
ទោះជាយ៉ាងណា ក្រោយពីចូលរួមកិច្ចប្រជុំនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ឡេ ហ័យជុង បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយលោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅថ្ងៃទី១៤ ធ្នូ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam Plus។
នៅក្នុងជំនួបនោះ លោក ឡេ ហ័យជុង បានប្រាប់រដ្ឋមន្ត្រីការបរទេសថៃថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសអាស៊ានដើម្បីចូលរួមថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ជាថ្មីទៀត លោកបានជំរុញឱ្យកម្ពុជា និងថៃអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់៕









