ជនភៀសសឹក​​ជួប​ទុក្ខ​លំបាក​ទ្វេដង ខណៈ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​បន្ត​ស្ងប់ស្ងាត់

0
60
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
កុមារជនភៀសសឹក​កម្ពុជា បន្ទាប់ពីយោធាថៃ​វាយប្រហារឈ្លានពាន។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​គ្រួសារ ដែល​កំពុង​រងគ្រោះ ដោយសារតែ​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ នៅ​តាម​ព្រំដែន កំពុង​ជួប​ទុក្ខ​លំបាក​បន្ត​កើនឡើង​ទ្វេដង ជាពិសេស ការរស់នៅ​ពុំ​សូវ​មាន ផាសុកភាព ដោយសារតែ​កង្វះ​អាហារ​ហូបចុក ទឹក​ស្អាត អនាម័យ និង​ទីជម្រក​សមរម្យ​បណ្ដាល​ឱ្យ​កើត​ជំងឺឆ្លង​ជា​បន្តបន្ទាប់ ខណៈ​ដំណោះស្រាយ ពី​រដ្ឋាភិបាល ក៏​បន្ត​ស្ងាត់​សូន្យឈឹង។

រយៈពេល​៤៣​ថ្ងៃ​ហើយ ដែល​ជនភៀសសឹក រាប់ពាន់​គ្រួសារ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា​ខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​ពោធិ៍សាត់ មិនទាន់​បាន​ត្រឡប់​ទៅ​ភូមិកំណើត​វិញ ដោយសារតែ ផ្ទះ​អ្នកភូមិ​ខ្លះ ស្ថិត​ក្នុង​តំបន់​ក្រហម និង​ខ្លះទៀត ត្រូវ​បាន​យោធា​ថៃ​កាន់កាប់ ក្រោយពី​ចប់​សង្គ្រាម​២១​ថ្ងៃ ។ ក្នុង​នោះ​ខេត្ត​ដែល​មាន ជនភៀសសឹក​ច្រើន​ជាងគេ គឺ​ខេត្ត​បន្ទាយមានជ័យ ក្នុង​តំបន់ ភូមិ​ជោគជ័យ ភូមិ​ព្រៃ​ចាន់ និង​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក។

អ្នកភូមិ​ដែល​កំពុង​រស់នៅ​ជំរំ​ជនភៀសសឹក មកពី​តំបន់​បឹង​ត្រកួន ភូមិ​ត្រពាំង​សំរោង ឃុំ​គោករមៀត ស្រុក​ថ្មពួក កញ្ញា ល សុខប៉ាវ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែ​មករា ថា ស្ថានភាព ជនភៀសសឹក​ឥឡូវនេះ កាន់តែ​លំបាក​ទ្វេដង ព្រោះថា អំណោយ​សប្បុរសជន ក៏​កាន់តែ​ខើច មិន​សូវ​មាន​ដូច​មុន​។ បញ្ហា​នេះ ធ្វើ​ឱ្យ​គ្រួសារ​កញ្ញា ប្រឈម​បញ្ហា​ខ្វះខាត​អាហារ​ហូបចុក ទឹក​ស្អាត សម្រាប់​បរិភោគ ចំណែក បង្គន់​អនាម័យ​វិញ​មាន​ចំនួន​តិច តែ​អ្នកប្រើប្រាស់​មាន​ចំនួន​ច្រើន ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម កើត​ជំងឺឆ្លង ក្ដៅខ្លួន ផ្ដាសាយ និង​ក្អក ព្រោះ​ខ្វះ​អនាម័យ។

ទន្ទឹមគ្នា​នោះ កញ្ញា​ថា រាល់ថ្ងៃ សឹងតែ​ចង់​រត់​ចេញពី​ជំរំ​ម្ដងៗ ព្រោះថា ការរស់នៅ​ក្នុង​ជំរំ​នេះ គឺ មានតែ​ការ​ចំណាយ តែ​គ្មាន​ចំណូល។ បន្ថែម​ពី​នោះ កញ្ញា​ថា ជនភៀសសឹក​ភាគច្រើន​មាន​អារម្មណ៍​ធុញថប់ និង​ស្មុគស្មាញ នៅពេល​គិតដល់​រឿង​អនាគត​ម្ដងៗ​។ កញ្ញា​ថា មក​ទល់​ពេល​នេះ​ជាង​១​ខែ​ហើយ ដែល​បាន​ចាក​ចេញពី​ភូមិកំណើត ចំណែក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ក៏​គ្មាន។ កញ្ញា​ថា​ពេល​ខ្លះ មាន​អារម្មណ៍​ថា ហាក់​រស់​ដូច​ស្លាប់ ព្រោះ​លែង​មាន​ក្ដី​សង្ឃឹម​អ្វី​ទៀត​ក្នុង​ជីវិត ចំណែក ផ្ទះសម្បែង និង​ដីធ្លី ត្រូវ​បាន​ពួក​យោធា​ថៃ រំលោភ​យក​អស់។

កញ្ញា ល សុខប៉ាវ៖ «បើសិន​បញ្ហា​ព្រំដែន​នេះ​បន្ត​អូស​បន្លាយ​ជា​អ៊ីចឹង​ទៀត ខ្ញុំ​ពិបាក​រស់នៅ ប្រសិន​ត្រូវ​បង្ខំចិត្ត គិត​ពី​ផ្លូវ​ផ្សេង​ទៀត​ហើយ​បង។ ព្រោះ​ពិបាក​នៅ ជាក់ស្ដែង​ដូច​ម៉ាក់​ខ្ញុំ​គាត់​ត្រូវ​លេបថ្នាំ​រម្ងាប់​អារម្មណ៍ ហើយ​ថ្នាំ​នឹង​ពេល​គាត់​លេប​ហើយ ត្រូវ​ធ្វើ​ទុក្ខ​។ គាត់​ត្រូវការ​ញាំ​ទឹក​ច្រើន គាត់​ត្រូវ​ការ​ចូល​បន្ទប់​ទឹក​ញឹក បញ្ហា​ទាំង​ហ្នឹង សុទ្ធតែ​ខ្ញុំ​កំពុងតែ​ជួប។ កាល​គាត់​នៅផ្ទះ មិនសូវ​ក្រឡាស់​អ្វី​នោះ​ទេ តែ​ដល់ពេល​មក​នៅ​នេះ តង់​កៅស៊ូ តូច ធ្វើ​បាយ ធ្វើ​ទឹក​នៅ​ហ្នឹង ញាំ​នៅ​នឹង​អង្កើល​តែ​ខ្លួន​បាន​បន្តិចៗ»។

រីឯ ជនភៀសសឹក​ដទៃទៀត នៅ​តំបន់​បឹង​ត្រកួន ដែល​បាន​មក​ប្រជុំ​គ្នា ចំនួន​៤​ភូមិ មាន​ភូមិ​ត្រពាំង​សំរោង ភូមិ​ថ្នល់បំបែក ភូមិ​សាមគ្គី និង​ភូមិ​មានរិទ្ធិ ស្ថិត​ក្នុង​ស្រុក​ថ្មពួក​ដែរ​នោះ ពួកគាត់​បាន​លើកឡើង​ថា នៅក្នុង​ជំរំ​ភៀស​សឹក​នេះ មានរឿង​ដ៏​ឈឺចាប់​មួយ​គឺ នៅ​ពេល​ដែល​សប្បុរសជន បរិច្ចាគ​អំណោយ អាជ្ញាធរ​បាន​ប្រមូល​មក​ដាក់​ក្នុង​ឃ្លាំង​រួម ប៉ុន្តែ​ពេល​យក​មក​បែងចែក ដល់​ជនភៀសសឹក គឺ​គ្មាន​តម្លាភាព និង​ប្រកាន់​បក្ខពួក​។ ករណីនេះ អ្នកខ្លះ​ដែល​ពុំ​មែន​ជា បក្ខពួក​ខាង​អាជ្ញាធរ ពុំ​ទទួល​បាន​អំណោយ​នោះ​ឡើយ ឬ បើ​ទទួល​បាន ក៏​ក្នុង​ចំនួន​តិច​តូច​បំផុត​។ ដូច្នេះ ពួកគាត់​ទទូច​ឱ្យ​សប្បុរសជន បើ​យក​អំណោយ​មក ចែក​ដល់​ជនភៀសសឹក សូម​ចែក​ដោយ​ផ្ទាល់ដៃ កុំ​ដាក់​ក្នុង​ឃ្លាំង ព្រោះ​ថា​មាន​រឿង​អយុត្តិធម៌​ជាច្រើន។

ចំណែក​ជនភៀសសឹក​ម្នាក់​ទៀត ដែល​កំពុង​រស់នៅ ក្នុង​ជំរំ​ភៀស​សឹក ក្នុង​បរិវេណ វត្ត​ចាន់​ស៊ី ស្ថិត ក្នុង​ស្រុក​អូរជ្រៅ លោក ព្រំ ចិត្ត លើកឡើង​ថា នៅក្នុង​ជំរំ​នេះ មាន​ជនភៀសសឹក​ជិត​២​ពាន់​គ្រួសារ មក​ពី ភូមិ​ជោគជ័យ និង​ព្រៃចាន់។ លោក​ថា ជនភៀសសឹក កំពុងតែ​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ រួម ដោយ​អារម្មណ៍​តែលតោល ខណៈ​រស់​មួយថ្ងៃ​គិត​មួយ​ថ្ងៃ ។ លោក​បន្ត​ថា ពេល​ខ្លះ គិត​ច្រើនពេក ដេក​ពុំ​សូវ​លក់ និង បារម្ភ​ពី​អនាគត​កូនតូចៗ​ក្នុង​បន្ទុក​គ្រួសារ មិនដឹង​ត្រូវ​អ្វី​បន្ត​ទៀត ព្រោះ​ផ្ទះ និង​ដីធ្លី​ត្រូវ យោធា​ថៃ​យក​អស់។ លោក​ថា បច្ចុប្បន្ន​មានតែ​សង្ឃឹមលើ​រដ្ឋាភិបាល​ឱ្យ​ជួយ​ទាមទារ​ដីធ្លី ពី​ថៃ​មក​វិញ បើ​ពុំ​ដូច្នោះ​ទេ ពលរដ្ឋ​កាន់តែ​លំបាក។

លោក ព្រំ ចិត្ត៖ «សម្រាប់​ខ្ញុំ​វិញ​គឺ​ចង់​សំណូមពរ​រដ្ឋាភិបាល ក្នុង​ពន្លឿន​ផ្ដល់​ទីជម្រក​ពិតប្រាកដ​ណាមួយ។ ខ្ញុំ​ចង់​បានតែ​ប៉ុណ្ណឹង​។ វា​អាច​មាន​ផល​លំបាក​រឿង​ជំងឺ​ដង្កាត់ ហើយ​ជីវភាព​យើង កាន់​តែ​ដុនដាប​ទៅមុខ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២១ ខែ​មករា។ ទោះជា​យ៉ាងណា កាល​ពី​ពេល​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​បាន​ទទូច​ឱ្យ​ជនភៀសសឹក​ទាំងអស់​រក្សា​ភាព​អត់ធ្មត់ ហើយ ជឿជាក់​លើ​រដ្ឋាភិបាល ក្នុង​ការ​ការ​ដំណោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី។

ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត កំពុងតែ​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក ក្នុង​ការ​ដោះស្រាយ​បញ្ហា ជនភៀសសឹក មិន​អាច​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ​បាន ក្រោយ​ពី​យោធា​ថៃ កាន់កាប់ និង​មិន​ព្រម​មក​ចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា។ ក្នុង​នោះ អ្នកឃ្លាំមើល​ថា កម្ពុជា​មិន​អាច​ទាមទារ ដី​ពី​ថៃ​បាន​វិញ​ឡើយ ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ប្រើ​យន្ត​ការ​ចរចា​ទ្វេភាគី ដោយ​មិន​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

ទាក់ទិន​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ជនភៀសសឹក​ឱ្យ​បាន​ដិតដល់ ជាពិសេស ត្រូវ​រៀបចំ​ទីជម្រក អាហារ​ហូបចុក ទឹក​ស្អាត និង​បង្គន់​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ​។ ទន្ទឹមគ្នា​នោះ លោក​ថា រដ្ឋាភិបាល​ក៏​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ បញ្ហា​ដីធ្លី និង​ផ្ទះសម្បែង​ជូន​ពលរដ្ឋ​ឱ្យ​បាន​លឿន​ផង​ដែរ មិន​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ បែប​នេះ​ឡើយ។

លោក យង់ គិមអេង៖ «ទីជម្រក​គួរតែ​ឱ្យ​មាន​ភាពសមរម្យ សម្រាប់​ពួកគាត់​ទៅ អាច​នឹង​ជួយ​ដល់​ពួកគាត់​អាច​រស់​នៅ​បាន កុំឱ្យ​គាត់​ប៉ះពាល់​ខាង​ផ្លូវចិត្ត​ហ្នឹង​ធ្ងន់ធ្ងរ។ នេះ​ជា​រឿង​សំខាន់​។ ខ្ញុំ​គិតថា​ភាគី​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​គួរតែ​ពន្លឿន​ដោះស្រាយ​ជូន​ពួកគាត់ ហើយ​នឹង​គិតគូរ​អំពី​ការ​ស្នាក់នៅ ហូបចុក និង​បញ្ហា​សុខភាព អនាម័យ​គ្រប់បែបយ៉ាង»។

អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) នៅ​ថ្ងៃទី​២០ ខែ​មករា បាន​លើកឡើង នៅក្នុង​របាយការណ៍​រក​ឃើញ​ថា ក្រោយ​ពី​សង្គ្រាម​ឈ្លានពាន របស់​យោធា​ថៃ​មក​លើ​កម្ពុជា​មក ចំនួន​ផ្ទះសម្បែង ជាច្រើន នៅក្នុង​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ និង​តំបន់​បឹងត្រកួន ខេត្តបន្ទាយមានជ័យ ត្រូវ​បាន កងកម្លាំង​ប្រដាប់អាវុធ​ថៃ ឈូស​ឆាយ និង​បំផ្លិចបំផ្លាញ ចោល​អស់​ខ្ទេចខ្ទី ហើយ​ការ​បំផ្លិចបំផ្លាញ ផ្ទះ​សម្បែង របស់​ជន​ស៊ីវិល​នេះ គឺ​ជា​សកម្មភាព រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ