អ្នកច្បាប់​ថា កម្ពុជា​ប្ដឹង​ថៃ​ទៅ ​UN គ្រាន់តែ​ចង់​បង្វែរ​ភាព​អសកម្ម​របស់​លោក ហ៊ុន ម៉ាណែត រឿង​ព្រំដែន

0
122
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ថ្នែងក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០២៣។ Photo Courtesy of AP
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ ថ្នែងក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីឆ្នាំ​២០២៣។ Photo Courtesy of AP

អ្នកច្បាប់ និង​អ្នកវិភាគ​លើកឡើង​ថា ការដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្ដឹង​ថៃ​ទៅ​កាន់​ស្នងការ​អង្គការសហប្រជាជាតិ (UN) នៅ​ពេលនេះ គឺ​គ្រាន់តែ ចង់​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ ដែល​កំពុងតែ​ខឹងសម្បា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ព្រំដែន ក្នុង​ពេល​យោធា​ថែ បង្កើន​ការ​រំលោភបំពាន​ដីធ្លី និង​ដុត​ផ្ទះសម្បែង​អ្នកភូមិ​យ៉ាង​អនាធិបតេយ្យ។

អ្នកច្បាប់ និង​អ្នកវិភាគ បញ្ហា​សង្គម និង​នយោបាយ ថា ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​យុត្តិធម៌​កម្ពុជា​គួរតែ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

អ្នកច្បាប់ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៦ ខែ​មករា ថា ករណី​ប្ដឹង​ថៃ​នេះ គឺ​គ្រាន់តែ​ជា​ការ​បង្វែរ​ការចាប់អារម្មណ៍​របស់​មហាជន ដែល​កំពុង​បាញ់​ឆ្ពោះ​ទៅ​រក រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​ជា​អ្នកដឹកនាំ​អសមត្ថភាព ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ដីធ្លី ផ្ទះសម្បែង និង​ប្រាសាទ​បុរាណ​មួយ​ចំនួន។ ទន្ទឹមគ្នា​នោះ លោក​ថា គិត​មក​ទល់​ពេល​នេះ លោក ហ៊ុន ម៉ាណែត ក៏​គ្មាន​គោលជំហរ​ម៉ឺងម៉ាត់ ក្នុង​ការ​ទាមទារ​ដែន​អធិបតេយ្យ ដែល​ថៃ​បាន​រំលោភ​យក​មក​វិញ​នោះ​ដែរ។

លោក វ៉ន ចាន់ឡូត៖ «ការ​ស្ទាក់ស្ទើរ​នេះ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល ហាក់​នៅ​ស្ងៀម មិន​ធ្វើ​សកម្មភាព​អ្វី​សោះ បែរ​ជា​បណ្ដែត​បណ្ដោយ​ឱ្យ​បុគ្គល ឬ​ក្រុម​ក្រៅ​រដ្ឋាភិបាល​ជា​អ្នកដើរ​តួនាទី​ជំនួស ដែល​យើង​ឃើញ​ឮ​ថា​វា​គ្រាន់តែ​ជា​សំឡេង​ឱ្យ​មាន​ការចាប់អារម្មណ៍ ក៏ប៉ុន្តែ​ទំនងជា​មិន​ទទួល​បាន​ប្រសិទ្ធភាព ឬក៏​យុត្តិធម៌​នោះ​ទេ។ បើ​ចង់ឱ្យ​កម្ពុជា​ទទួល​បាន​យុត្តិធម៌​លុះត្រាតែ​រដ្ឋាភិបាល​ខ្លួនឯង ធ្វើ​សកម្មភាព​ឱ្យ​ខ្លាំងក្លា​បំផុត តាមរយៈ​បណ្ដា​ទូត ដែល​មាននៅ​អង្គការសហប្រជាជាតិ តាមរយៈ​ការ​ដាក់​ពាក្យ​ប្ដឹង​ជា​ផ្លូវការ​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​ទៅកាន់​តុលាការ IJC»។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​០៦ ខែ​មករា បាន​លើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា បាន​ដាក់​បណ្ដឹង​ប្ដឹង​ថៃ​ទៅកាន់​ឧត្ដមស្នងការ​នៃ​ការិយាល័យ​អគ្គស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលគើ ធើក ( Volker Turk) និង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ នៅ​ប្រទេស​ស្វីស លោក បាឡាគ្រិះស្នាន រ៉ាចាហ្គោប៉ាល (Balakrishnan Rajagopal) ជុំវិញ​បញ្ហា​យោធា​ថៃ​ឈ្លានពាន​ទឹកដី និង​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​ខ្មែរ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើ​ឱ្យ​អង្គការសហប្រជាជាតិ ពិនិត្យ​និង​ដោះស្រាយ ជាបន្ទាន់​ចំពោះ ផល​ប៉ះពាល់​ដែល​បង្កឡើង​ដោយ​ទង្វើ​រំលោភបំពាន និង​ការ​បំផ្លិចបំផ្លាញ ពី​សំណាក់​យោធា​ថៃ មក​លើ​សិទ្ធិ​មាន​លំនៅឋាន និង​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ ក្នុង​ប្រទេស​កម្ពុជា។ ជាមួយគ្នា​នោះ កម្ពុជា​ស្នើ​ឱ្យ​មានការ​ចូលរួម​រវាង​យន្តការ​អង្គការសហប្រជាជាតិ និង​រដ្ឋ​ពាក់ព័ន្ធ​នានា ក្នុង​ការ​បញ្ឈប់​ភ្លាមៗ ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បន្ត​ឈ្លានពាន មក​លើ​កម្ពុជា​តាមរយៈ​ការប្រើប្រាស់​អាវុធ​ធុន​ធ្ងន់។

បន្ថែម​ពី​នោះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​ស្នើ​ឱ្យ​ប្រទេស​ថៃ ត្រូវតែ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំផ្លិចបំផ្លាញ និង​ធានា​ការ​វិលត្រឡប់​វិញ​ដោយ​សុវត្ថិភាព និង​សេចក្ដីថ្លៃថ្នូរ របស់​ជនភៀសសឹក​កម្ពុជា។ ជា​ចុងក្រោយ​កម្ពុជា​ជំរុញ​ឱ្យ​ប្រទេស​ថៃ ត្រូវតែ​ទទួលខុសត្រូវ​លើ​ការ​ជួសជុល រាល់​ការ​ខូចខាត​នានា ដល់​ជន​រងគ្រោះ​កម្ពុជា ដូចជា ការ​ផ្ដល់​សំណង និង​ការធានា​មិន​ឱ្យ​មាន​ករណី អរិភាព​បែប​នេះ កើត​ឡើង​ជាថ្មី​ម្ដង​ទៀត។

ទូរទស្សន៍ អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី៦ ខែ​មករា។

ទោះជា​យ៉ាងណា អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ លើកឡើង​ថា ការ​ប្ដឹង​ថៃ​នេះ ប្រៀប​នឹង​ការ​ជូនដំណឹង តែ​ពុំ​មាន​ទម្ងន់ និង​ប្រសិទ្ធភាព ដែល​អាច​ទាក់ចិត្ត​ឱ្យ​អង្គការ​សហប្រជាជាតិ យក​មក​ដាក់​សម្ពាធ​ភាគី​ថៃ ឱ្យ​មក​រក​តុ​ចរចា​នោះ​ឡើយ ខណៈ​កម្ពុជា​នៅតែ​គ្មាន​សកម្មភាព ការទូត​ឱ្យ​បាន​សកម្ម និង​ផុលផុស។ ពួកគាត់​ថា បច្ចុប្បន្ន​ថៃ​ពុំ​សូវ​ខ្វល់​ពី​ច្បាប់​អន្តរជាតិ និង​ការ​អំពាវនាវ​របស់​ស្ថាប័ន​អន្តរជាតិ​នោះ​ទេ ដូច្នេះ​តម្រូវ​ឱ្យ​កម្ពុជា ត្រូវធ្វើ​កិច្ច​ការទូត​ឱ្យ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​ប្រាប់​ដល់​ពិភពលោក នោះ​ទើប​មាន​ប្រសិទ្ធភាព​ខ្លះ។

ទាក់ទិន​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា បញ្ហា​ថៃ​ឈ្លានពាន​ទឹកដី ដុត​បំផ្លាញ​ផ្ទះសម្បែង​អ្នកភូមិ និង​បាញ់សម្លាប់​ជន​ស៊ីវិល ខ្មែរ​អស់​ជាច្រើន​នាក់​កន្លង​មក លោក ហ៊ុន ម៉ាណែត ផ្ទាល់ គឺ​ត្រូវតែ​ចេញ​មុខ​ធ្វើ​សកម្មភាព​ប្ដឹង​ប្រទេស​ថៃ តាមរយៈ​ក្រសួង​ការបរទេស មិនមែន​គណៈកម្មាធិការ​សិទ្ធិមនុស្ស ដែល​ជា​ស្ថាប័ន​តូចតាច​នោះ​ទេ។

លោក​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ បើទោះបីជា យោធា​ថៃ​បាន​ឈ្លានពាន​កម្ពុជា ចំនួន​២​លើក ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ បាញ់​ស្រោច​មក​លើ​កម្ពុជា ទាំង​ខុសច្បាប់​ច្បាប់​ក្ដី ក៏​កម្ពុជា​មិន​ប្ដឹង​យោធា​ថៃ ជា​ផ្លូវការ​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​នៅ​ឡើយ។

លោក ម៉ែន ណាត៖ «ជា​គំនិត​យើង​ជំរុញ​នៅ​លើ​យន្តការ​បី​យ៉ាង ដែល​កម្ពុជា​ត្រូវ​តែ​មាន​ជាប្រចាំ​។ ទី​១.​ការទូត​បន្ត​ធ្វើ​សកម្មភាព​ឱ្យ​ខ្លាំង ទី​២ ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ទី​៣. ត្រូវ​ត្រៀម​លក្ខណសម្បត្តិ​ជាស្រេច​ដដែល​ការពារ​ខ្លួន បើសិន​ជា​មាន​ករណី​ឈ្លានពាន​ណាមួយ​កើតឡើង​ទៀត»។

ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃទី​៣ មករា បាន​ប្រកាស​ទទួលស្គាល់​ជា​លើកដំបូង​ថា យោធា​ថៃ​បាន​កាន់កាប់​ទឹកដី​ខ្មែរ ជាច្រើន​កន្លែង​ដោយ​ខុសច្បាប់​អន្តរជាតិ។ ក្នុង​នោះ យោធា​ថៃ​បាន​វាយ​កាន់កាប់​ក្នុង​ខេត្ត​ចំនួន ៤ រួមមាន​ខេត្ត​បន្ទាយមានជ័យ មាន​ភូមិ​ព្រៃចាន់ ភូមិ​ជោគជ័យ ភូមិ​បឹងត្រកួន។ ខេត្ត​ពោធិ៍សាត់ មាន​តំបន់​ភ្លុកដំរី ច្រក​អន្តរជាតិថ្មដា (​ច្រក​ជ័យជម្នះ)។ ខេត្ត​ព្រះវិហារ មាន​តំបន់​អានសេះ តំបន់​តាថាវ និង​តំបន់​ភ្នំ​ទ្រព្យ។ ចំណែក​ខេត្ត​ឧត្តរមានជ័យ មាន​តំបន់​អូរស្មាច់ ប្រាសាទខ្នា ប្រាសាទ​តា​ក្របី ប្រាសាទ​តាមាន់ធំ តំបន់​ជប់​អង្គុញ និង​តំបន់​ចូក​គ្រួស។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​លើកឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ ទទូច ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គួរតែ​ចុះ​ចេញពី​តំណែង​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​មេដឹកនាំ​ថ្មី ដឹកនាំ​ក្នុង​ការ​ទាមទារ​ទឹកដី​ខ្មែរ​ដែល​បាត់បង់​ចំនួន ២៨​ទីតាំង​យក​មក​វិញ តាមរយៈ​ការ​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក​បន្ត​ថា មេដឹកនាំ​របស់​ត្រកូល «​ហ៊ុន​» នឹង​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ICJ និង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​នោះ​ទេ ដូច្នេះ​ការលាលែង​ពី​តំណែង នៅ​ពេល​នេះ គឺជា​ការ​បញ្ជាក់​ពី​ការ​ស្រឡាញ់​ទឹកដី ការទទួលខុសត្រូវ​នៅ​ចំពោះមុខ​ប្រវត្តិសាស្ត្រ និង​ការ​មិន​ចង់ឱ្យ​ទឹកដី​ខ្មែរ បាត់បង់​បន្ត​ទៀត។ លោក​ថា ការលាលែង​ពី​តំណែង​នេះ ក៏​ស្រប​នឹង​បំណង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ធ្លាប់​សន្យា​ថា យក​សមាជិកគ្រួសារ មក​ធានា​ការពារ​ទឹកដី មិន​ឱ្យ​បាត់បង់​សូម្បី​ ១​មិល្លីម៉ែត្រ ក៏ប៉ុន្តែ​ពេល​នេះ ទឹកដី​ជាច្រើន​នៅ​តាម​ព្រំដែន​ត្រូវ​បាត់បង់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ