

អង្គការលីកាដូលើកឡើងថា ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង ស្ថិតនៅភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវកងទ័ពថៃឈូសកម្ទេចចោល ក្រោយពេលមានបទឈប់បាញ់ ដែលធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ ត្រូវបាត់បង់ទីជម្រក។ លីកាដូថា សកម្មភាពរបស់កងទ័ពថៃនេះ គឺជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដ៏ធ្ងន់ធ្ងរ។
រូបភាពពីផ្កាយរណបនៃទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency’s Sentinel-2) ដែលបានផ្សព្វផ្សាយដោយសារព័ត៌មានមួយចំនួន បានបង្ហាញថា ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានវាយកម្ទេចចោល នៅក្នុងតំបន់ចំនួនពីរ ដែលភាគីថៃកំពុងគ្រប់គ្រង។ នេះជាការអះអាងរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ដែលហៅកាត់ថា លីកាដូ នៅក្នុងរបាយការណ៍ ដែលមានចំណងជើងថា «ការឈូសបំផ្លាញផ្ទះពលរដ្ឋកម្ពុជាជាច្រើន ក្នុងភូមិដែលកងទ័ពថៃគ្រប់គ្រងក្រោយបទឈប់បាញ់ ជាការរំលោភលើបទដ្ឋានគតិយុត្តិអន្តរជាតិ» ចេញផ្សាយនៅថ្ងៃទី២០ ខែមករា។ លីកាដូបានលើកឡើងថា ទីតាំងដែលក្រុមយោធាថៃ បានឈូសកម្ទេចផ្ទះរបស់ពលរដ្ឋខ្មែរ គឺស្ថិតនៅក្នុងតំបន់ដែលភាគីទាំងពីរ កំពុងប្រទាញប្រទង់គ្នា ដោយអះអាងថា ជាទឹកដីរបស់ខ្លួន និងមួយចំនួនទៀត ស្ថិតនៅក្នុងតំបន់ដែលភាគីទាំងពីរបានទទួលស្គាល់ថា ជាទឹកដីកម្ពុជា និងទឹកដីថៃ។
យោធាថៃបានចោទថា សំណង់ និងអាគារដែលពួកគេបានឈូសកម្ទេចចោលនោះ គឺជាទីតាំងរបស់យោធាខ្មែរ ហើយពួកគេចោទទៀតថា ពលរដ្ឋខ្មែរបានកសាងសំណង់ទាំងនេះ ចូលទៅក្នុងទឹកដីថៃ។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃ បានព្រមានជាច្រើនលើក មិនឱ្យកម្ពុជា ប្រើប្រាស់ពាក្យថា «ថៃឈ្លានពានកម្ពុជា» ថែមទៀតផង។
ទោះជាយ៉ាងណា លីកាដូថា ទោះបីជាផ្ទះសម្បែង របស់ជនស៊ីវិលទាំងនោះ ស្ថិតនៅក្នុងទឹកដីប្រទេសណាមួយក៏ដោយ ក៏ការបំផ្លិចបំផ្លាញ ក្រោយពេលមានបទឈប់បាញ់ គឺមិនអាចចាត់ទុកថា ជាការបំផ្លាញទីតាំងប្រើប្រាស់ សម្រាប់គោលបំណងរបស់យោធានោះទេ ហើយសកម្មភាពនេះ គឺជាអំពើរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
អង្គការលីកាដូ បានបង្ហាញដោយយោងតាមរូបភាពពីផ្កាយរណបថា ពលរដ្ឋបានមករស់នៅក្នុងភូមិជោគជ័យ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហើយអ្នកភូមិជាច្រើន បានអះអាងថា ពួកគាត់បានចាប់ផ្ដើមរស់នៅទីតាំងនេះ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ខណៈភាគីកម្ពុជា និងថៃ បានបង្ហាញផែនទីជាច្រើន និងអះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួនទាំងសងខាង។
ក៏ប៉ុន្តែ ក្រោយពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃ បានរាយបន្លាលួស និងតម្រៀបទូកុងទឺន័រ នៅក្នុងភូមិជោគជ័យ ដោយព័ទ្ធយកទៅទាំងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ និងសាលាបឋមសិក្សានៅក្នុងភូមិ ហើយប៉ុន្តែថ្ងៃក្រោយពីការព័ទ្ធយក យោធាថៃបានឈូសកម្ទេចសំណង់អាគារទាំងនោះ រាបដល់ដី។
ចំណែកឯតំបន់បឹងត្រកួនវិញ អង្គការលីកាដូ បានរកឃើញថា ភាគីថៃបានរាយបន្លាលួស និងតម្រៀបទូរកុងទឺន័រ ចូលមកទឹកដីកម្ពុជា លើសពីតំបន់ដែលគ្មានជម្លោះ និងជាតំបន់ដែលភាគីទាំងពីរធ្លាប់ទទួលស្គាល់ថា ជាទឹកដីរបស់កម្ពុជា ប្រមាណជា ៩០០ម៉ែត្រ នៅខាងកើតពីខ្សែព្រំដែន ដែលភាគីថៃបានអះអាង។
អង្គការលីកាដូ លើកឡើងទៀតថា ក្រោយពីមានបទឈប់បាញ់ យោធាថៃ បានបំផ្លិចបំផ្លាញផ្ទះសម្បែង របស់ពលរដ្ឋខ្មែរអស់រាប់រយខ្នង នៅក្នុងតំបន់បឹងត្រកួន ក្នុងនោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងមណ្ឌលសុខភាពផងដែរ។ ជាមួយគ្នានេះ អង្គការលីកាដូ ក៏បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះភូមិព្រៃចាន់ ផងដែរ បន្ទាប់ពីប្រជាពលរដ្ឋនៅតំបន់នោះ បានអះអាងថា ពួកគេមិនអាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ។
គិតមកដល់ពេលនេះ មានពលរដ្ឋចំនួនជាង ១សែន ៣ម៉ឺននាក់ (១៣៣.០៧០) ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមានជាង ២០ថ្ងៃទៅហើយក្ដី។ ក្នុងចំណោមពលរដ្ឋ ដែលបន្តរស់នៅជំរំភៀសសឹកទាំងនោះ មានស្ត្រីជិត ៧ម៉ឺននាក់ (៦៩.៨៣២) និងកុមារចំនួនជាង ៤ម៉ឺននាក់ (៤៣.៤៦០)។
អង្គការលីកាដូ ជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពវាយកម្ទេចឈូសឆាយផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងភូមិ និងតំបន់ ដែលដណ្ដើមបានពីកម្ពុជា ខណៈភាគីទាំងពីរ នឹងបន្តការចរចាកំណត់ខណ្ឌសីមាព្រំដែន នៅពេលខាងមុខ និងស្នើឱ្យរដ្ឋាភិបាលថៃ ផ្ដល់ដំណោះស្រាយ និងសំណងស្របច្បាប់ដល់ប្រជាពលរដ្ឋក្រុមគ្រួសារ និងសហគមន៍ ដែលរងផលប៉ះពាល់ ទៅតាមទំហំនៃការខូចខាត ពីការបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ។
ទន្ទឹមគ្នានេះ លីកាដូស្នើឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែធានាថា ពលរដ្ឋដែលកំពុងស្ថិតនៅជំរំភៀសខ្លួន ទទួលការរស់នៅសមរម្យ និងគ្រប់គ្រាន់ ដែលរួមមានទីជម្រកសមរម្យផងដែរ។
ពាក់ព័ន្ធនឹងវិវាទព្រំដែននេះដែរ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែង នៅក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២០ ខែមករា ថា ការដោះស្រាយជម្លោះព្រំដែន ជាមួយប្រទេសថៃ គឺធ្វើឡើងតាមរយៈយន្តការច្បាប់ និងការទូតដោយសន្តិវិធី តាមស្មារតីបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលភាគីទាំងពីរ បានឯកភាពគ្នាកន្លងទៅ។ ទោះជាយ៉ាងណា លោកបន្តថា កម្ពុជានៅតែតវ៉ាយ៉ាងខ្លាំង ប្រឆាំងរាល់សកម្មភាព រំលោភបំពានរបស់យោធាថៃ នៅតាមព្រំដែនក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ។
តាមបញ្ញត្តិមាត្រា ៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវ (Geneva Conventions) ទី៤ ចែងថា ការវាយកម្ទេចផ្ទះសម្បែង ដែលជាទ្រព្យសម្បត្តិរបស់ជនស៊ីវិល ដោយអាជ្ញាធររដ្ឋ ដែលគ្រប់គ្រងនៅទីនោះ (លើកលែងតែករណីចាំបាច់បំផុតផ្នែកយោធា) គឺត្រូវបានហាមឃាត់។ ដូចគ្នានេះដែរ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ បានការពារសិទ្ធិមានលំនៅឋានសមរម្យ និងហាមឃាត់រាល់ការបំផ្លិចបំផ្លាញផ្ទះប្រជាជនស៊ីវិលតាមទំនើងចិត្ត និងការបណ្ដេញដោយបង្ខំ ទោះបីជាដីនោះជាកម្មសិទ្ធិរបស់ជនណា ឬប្រទេសណាក៏ដោយ៕








