បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ចាប់ផ្ដើម​ផ្សាយ​រឿង​ថៃ​គ្រប់គ្រង​ដី​ខ្មែរ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ទទួលស្គាល់

0
235
ទិដ្ឋភាព​ទាហាន​ថៃ​ចូល​រឹបអូស​អាវុធ​របស់​កម្ពុជា​ដែល​ខ្លួន​កំពុង​កាន់កាប់ ក្រោយ​ការ​ឈ្លានពាន​កម្ពុជា។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា
ទិដ្ឋភាព​ទាហាន​ថៃ​ចូល​រឹបអូស​អាវុធ​របស់​កម្ពុជា​ដែល​ខ្លួន​កំពុង​កាន់កាប់ ក្រោយ​ការ​ឈ្លានពាន​កម្ពុជា។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា

កាសែត​ក្នុងស្រុក​ចាប់ផ្ដើម​ផ្សាយ​រឿង​ថៃ​គ្រប់គ្រង​ដី​ខ្មែរ បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទទួលស្គាល់​ថា កងទ័ព​ថៃ​កំពុង​កាន់​កាប់​ទឹកដី​កម្ពុជា​ជាច្រើន​តំបន់។ អ្នកសារព័ត៌មាន​ឯករាជ្យ​ថា សហគមន៍​អន្តរជាតិ​ពុំ​សូវ​ចាប់អារម្មណ៍​នឹង​កម្ពុជា ដោយសារ​ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ភាគច្រើន ត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល ឬ អ្នក​មាន​អំណាច។

អ្នកសារព័ត៌មាន​ឯករាជ្យ​លោក ភួង វ៉ាន់ថា មើល​ឃើញ​ថា ជា​រឿង​ល្អ ប្រសិនបើ រដ្ឋាភិបាល បើក​សេរីភាព​ឲ្យ​អ្នកកាសែត ចុះ​ទៅ​យក​ព័ត៌មាន នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់ តំបន់​ខូចខាត និង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ថៃ។ លោក​ថា ការងារ​របស់​អ្នកកាសែត​ដែល​ប្រមូល​ព័ត៌មាន​នៅ​ទីតាំង​ព្រឹត្តិការណ៍ គឺជា​ភស្តុតាង ដែល​បញ្ជាក់​អំពី​ការឈ្លានពាន​របស់​ថៃ និង​បន្ថែម​លើ​នេះ​ទៀត អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឃើញច្បាស់ ហើយ​រក​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​រងគ្រោះ​ជាក់ស្ដែង នៃ​ពលរដ្ឋ​ភៀស​សឹក ដូចជា ការ​លំបាក​ជីវភាព និង​ការបាត់បង់​ផ្ទះសំបែង​របស់​ពួកគាត់​ជាដើម។

ទិដ្ឋភាព​​អ្នកកាសែត​កម្ពុជា​ចុះ​យក​ព័ត៌មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្រោយ​​ការ​ឈ្លានពាន​របស់​ថៃ ដែល​ក្រសួង​ព័ត៌មាន​រៀបចំ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា

លោក ភួង វ៉ាន់ថា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៦ ខែមករា ថា ការ​បើក​ឲ្យ​អ្នកកាសែត​យក​ព័ត៌មាន អាច​ឲ្យ​មហាជន​ខ្មែរ និង​សហគមន៍​អន្តរជាតិ ទទួល បាន​ព័ត៌មាន​ពិត ឲ្យ​មើលឃើញ​ពី​ទង្វើ​អមនុស្សធម៌​របស់​ថៃ​ប្រព្រឹត្ត​មក​លើ​ប្រទេស​កម្ពុជា ជាជាង​ការ​ឈ្លោះប្រកែក​គ្នា​លើ​ប្រភព​ព័ត៌មាន​មិន​ផ្លូវការ ឬ ព័ត៌មាន​យឺតយ៉ាវ ដោយសារ ការ​ខ្វះ​កិច្ចសហការ​របស់​អាជ្ញាធរ។

លោក ភួង វ៉ាន់ថា៖ «កត្កា​ទាំងអស់​ហ្នឹង ដែល​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន គាត់​មានការ​ភ័យខ្លាច​ក្នុង​ការ​រាយការណ៍ ដោយសារតែ​ខ្លាច​ពេល​ដល់​រាយការណ៍​ទៅ អាជ្ញាធរ មាន​សមត្ថកិច្ច​ថា មិន​ពិត ព្រោះ​យើង​ឃើញ​ថ្មីៗ​ហ្នឹង ក៏​មាន​ការ​ច្រានចោល ហើយក៏​មានការ​ចាប់​អ្នកកាសែត ដែល​ទៅ​រាយការណ៍​ផ្ទាល់​ពី​មូលដ្ឋាន​ហ្នឹង យើង​ឃើញ​មាន​ចំនួន​កើនឡើង​ពីរ​ទៅ​បី​ករណី​ដែរ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក នេត ភក្ត្រា និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ទេ នៅ​ថ្ងៃទី៦ ខែ​មករា។

ទោះជា​យ៉ាងណា ក្នុង​ពេល​កន្លងទៅ អង្គការ​លីកាដូ បាន​រាយការណ៍​ថា លោក ផន សុភាព និង​លោក ភាព ភារ៉ា ដែល​ធ្វើ​ការ​ឱ្យ​សារព័ត៌មាន​អនឡាញ TSP 68 TV Online ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​ត្រឡប់​មកពី​បំពេញបេសកកម្ម​នៅ​ជិត​ព្រំដែន​វិញ ។ អ្នក​ទាំងពីរ​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប ចោទប្រកាន់​ពី​បទ​«​ប្រមូល​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ»។ អង្គការ​លីកាដូ (Licadho) ឲ្យ​ដឹង​ថា បទ​ចោទ នេះ ជា​ប្រភេទ​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​មួយ ដែល​នាំ​ឱ្យ​ពួកគេ​អាច​ប្រឈម​នឹង​ជាប់ទោស​ពន្ធនាគារ​ពី ៧ ទៅ ១៥ ឆ្នាំ​ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) លោក ណុប វី កត់សម្គាល់​ថា ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​រង​ការឈ្លានពាន​របស់​កង​ទ័ព​ថៃ សហគមន៍​អន្តរជាតិ​ហាក់ដូចជា​មិនសូវ​ផ្ដល់​តម្លៃ​ដល់​កម្ពុជា​ទេ ដោយសារ​គេ​មិនសូវ​ទទួល​បាន​ព័ត៌មាន​ពិត​ពី​ក្នុងស្រុក ។ លោក​ថា សហគមន៍​អន្តរជាតិ​មិន​សូវ​មាន​ទំនុកចិត្ត ដោយ​គេ​មើលឃើញ​ថា ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ភាគច្រើន ត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល ឬ អ្នក​មាន​អំណាច។

លោក ណុប វី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៦ ខែ​មករា​ថា ការ​បើក​លំហ​សេរីភាព​ព័ត៌មាន​គឺជា​រឿង​សំខាន់​ណាស់ ដោយ​លោក​ថា ទាល់តែ​អ្នកសារព័ត៌មាន​អាច​អនុវត្ត​តួនាទី​ដោយ​គ្មាន​ការភ័យខ្លាច ទើប​អាច​ធានា​បាន​នូវ​តម្លៃ​ព័ត៌មាន ផលប្រយោជន៍​សាធារណៈ និង​បុព្វហេតុ​ជាតិ។ លោក​ថា អ្នកសារព័ត៌មាន គួរតែ​អាច​បំពេញ​ការងារ​របស់​ខ្លួន ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​សេរី និង​ប្រកប​ដោយ​វិជ្ជាជីវៈ នៅពេល​ប្រទេស​ជាតិ កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​ធំធេង​ដូច​ក្នុងករណី​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​ជាដើម។

លោក ណុប វី៖ «ប្រជាជន​ដែល​ទឹកដី​និង​លំនៅឋាន​របស់​ពួកគាត់ រួម​ជាមួយ​នឹង ទីកន្លែង​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​ហ្នឹង គឺថា​ត្រូវ​បាន​រឹបអូស ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួកគាត់​ចូល​ទៅ​រស់នៅ ចូល​ទៅ​អាស្រ័យ​ផល​វិញ​ជាដើម គឺជា​ចំណែក​មួយ​ដែល​ជះឥទ្ធិពល​ទៅដល់​សង្គម​ធំធេង។ កាលណា​រឿង​ដែល​មាន​ការ​ជះឥទ្ធិពល​ធំធេង​ទៅដល់​សង្គម​នេះ មែនទែន​ទៅ​អ្នកសារព័ត៌មាន អាច​មើល​ឃើញ​ថា វា​គឺជា តម្លៃ​នៃ​ព័ត៌មាន ដែល​ពួកគាត់​ផ្សព្វផ្សាយ​ហើយ ពួកគាត់​អត់​ចាំបាច់​មើល​អំពី​ទំនោរ​ឬក៏​មានការ​ព្រួយបារម្ភ​ថា វា​អាច​ប៉ះពាល់​ទៅដល់​ទៅ​ទំនាក់ទំនង ឬមួយ ក៏​ប៉ះពាល់​ទៅដល់​អ្វីមួយ ដែល​ពួកគាត់​យល់​ឃើញ​ថា មានការ​ព្រួយបារម្ភ​នោះ​ទេ»។

បន្ទាប់ពី​សភាពការណ៍​ស្ងប់ស្ងាត់​បន្តិច ពី​ការ​បាញ់​ផ្លោង​របស់​កងទ័ព​ថៃ​ចូល​ទឹកដី​កម្ពុជា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ចេញ​សេចក្ដីថ្លែងការណ៍ ទទួលស្គាល់​ពី​ការបាត់បង់​ទឹកដី​កម្ពុជា ស្រដៀង​គ្នា​នឹង​ការ​ផ្សព្វផ្សាយ​ខ្លះ​របស់​អ្នកកាសែត ដែល​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ដែរ។ ក្រសួងការបរទេស​កម្ពុជា បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃទី​០៣ ខែ​មករា​ថា ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បើក​ប្រតិបត្តិ​ការ​វាយ​លុក​ផ្នែក​យោធា ដែល​បាន​គិតទុក​មុន និង​ជា​ប្រព័ន្ធ លើ​ទីតាំង​ជាច្រើន​តាម​បណ្តោយ​ព្រំដែន ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ក្រសួងការបរទេស​បន្ថែម​ថា យោធា​ថៃ​វាយ​សម្រុក​ចូល​ទន្ទ្រាន កាន់កាប់ និង​ឈរ ជើង គ្រប់គ្រង​ជាក់ស្តែង​លើ​តំបន់​នានា​ដែល​ស្ថិត​យ៉ាង​ជាក់ច្បាស់ ក្នុង​ទឹកដី​កម្ពុជា នៅ​ខេត្ត​ចំនួន​បួន រួមមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និង ខេត្ត​ឧត្តរមានជ័យ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ