សារព័ត៌មាន​ធំៗ​ក្នុង​ស្រុក​​មិន​ហ៊ាន​ផ្សាយ​ករណី​យោធា​ថៃ​គ្រប់គ្រង​ទឹកដី​ខ្មែរ​តាម​ព្រំដែន

0
111
ទិដ្ឋភាពប្រាសាទតាក្របី​របស់​កម្ពជា ដែល​យោធាថៃ​កំពុង​កាន់កាប់ ក្រោយ​សម្រេចបាន​មហិច្ចតាឈ្លានពានកម្ពុជា។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពប្រាសាទតាក្របី​របស់​កម្ពជា ដែល​យោធាថៃ​កំពុង​កាន់កាប់ ក្រោយ​សម្រេចបាន​មហិច្ចតាឈ្លានពានកម្ពុជា។ រូប៖ បណ្ដាញសង្គម

ករណី​ក្រុម​ទាហាន​ថៃ កំពុង​ចូល​ឈូស​ឆាយ និង​រាយ​បន្លា​លួស ដើម្បី​គ្រប់គ្រង​ភូមិឋាន​របស់​ពលរដ្ឋ​ខ្មែរ និង​វត្ត​អារាម​ខ្មែរ រួម​ទាំង​ប្រាសាទបុរាណ​ជាច្រើន​កន្លែង​ទាំង​នៅក្នុង​ខេត្តព្រះវិហារ ខេត្ត​ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់​ជាដើម​នោះ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​សារព័ត៌មាន​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ។ អ្នកជំនាញ​ផ្នែក​សារព័ត៌មានយល់​ឃើញ​ថា សារព័ត៌មាន​ទាំងអស់ គឺ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​​​​​ការ​រាយការណ៍​ព័ត៌មាន​ពិត ទៅដល់​សាធារណជន​បានដឹង។

នៅក្នុង​សង្គ្រាម​រយៈពេល​២១​មួយថ្ងៃ សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សព្វផ្សាយ អំពី​ការឈ្លានពាន​ទឹកដី​ពី​សំណាក់​យោធា​ថៃ​។ ប៉ុន្តែ​ក្រោយ​មាន​បទ​ឈប់​បាញ់ សារព័ត៌មាន​ធំៗ​នៅ​កម្ពុជា មិនបាន​ផ្សព្វផ្សាយ អំពី​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ទឹកដី វត្ត​អារាម ឈូស​ឆាយ​ផ្ទះ និង​ប្រាសាទខ្មែរ​ជាច្រើន​ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន​នោះ​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ មាន​ដូចជា ទូរទស្សន៍​បាយ័ន (BTV) របស់​កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទូរទស្សន៍ ស៊ី.ធី​.អ៊ិន (CTN) ​របស់ លោក គិត ម៉េង ទូរទស្សន៍ ភី​.អ៊ិន​.​អ៊ិន (PNN) របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ និង​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​កាត់​ថា (ទទក) ព្រមទាំង​ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​ទៀត​។ ផ្ទុយទៅវិញ ស្ថាប័ន​ទាំងនេះ នាំគ្នា​ផ្សព្វផ្សាយ​ពី​សារ​ជូនពរ​គ្នា​ទៅវិញទៅមក និង​អ្នក​កាន់​អំណាច​ចុះ​ចែក​អំណោយ​តែប៉ុណ្ណោះ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង ម្ចាស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ទូរទស្សន៍ ស៊ី.ធី.អ៊ិន ទូរទស្សន៍ ភី​.អ៊ិន​.​អ៊ិន និង​តំណាង​ទូរទស្សន៍​ជាតិ​កម្ពុជា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១ ខែ​មករា។

ជុំវិញ​បញ្ហា​យោធា​ថៃ កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា មិន​បាន​លើក​យក​បង្ហាញ នៅក្នុង​សន្និសីទ​កាសែត ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​នោះ​ទេ។ ដោយ​លោក​អះអាង​ថា ក្រោយ​មាន​បទ​ឈប់​បាញ់ ស្ថានភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ភាព​ស្ងប់ស្ងាត់​ធម្មតា។ លើស​​ពី​នោះ​លោក​ថា រាល់​ការ​រាយ​បន្លា​លួស​កំណត់​បន្ទាប់​ព្រំដែន​ដោយ​យោធា​ថៃ កម្ពុជា​មិន​ទទួល​ស្គាល់​ឡើយ។

លោក ប៉ែន បូណា៖ «​គោរព​តាម​គោលការណ៍​អន្តរជាតិ គោរព​តាម​ខ្សែ​បន្ទាត់​ព្រំដែន​មិន​កែប្រែ គោរព​អនុសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន របស់​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​ទៅ កម្ពុជា​មិន​ទទួលស្គាល់ នូវ​ការ​កែប្រែ​នូវ​ព្រំដែន​ណាមួយ ដែល​កើត​ចេញ​ពី​ការប្រើប្រាស់​កម្លាំង​នោះ​ឡើយ»។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១ ខែ​មករា។

ករណី​យោធា​ថៃ កំពុង​ឈរជើង​គ្រប់គ្រង​លើទឹក​ដី​ខ្មែរ​នេះ គេ​សង្កេត​ឃើញ​ថា មានតែ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ផ្ទាល់ និង​អ្នកប្រើប្រាស់​បណ្តេញ​សង្គម​មួយចំនួន រួម​ទាំង​មន្ត្រី​គណបក្សប្រឆាំង​ប៉ុណ្ណោះ ដែល​នាំគ្នា​បង្ហោះ​វីដេអូ និង​រូបភាព​ពី​សកម្មភាព​របស់​ទាហាន​ថៃ កំពុង​ឈូស​ឆាយ និង​រាយ​បន្លាយ​លួស​ព័ទ្ធ​យក​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង ដូចជា​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ និង​តំបន់​បឹង​ត្រកួន ក្នុង​ខេត្តបន្ទាយមានជ័យ តំបន់​អូរស្មាច់ ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ច្រក​អានសេះ និង​តំបន់​ភ្នំ នៅ​ខេត្ត​ព្រះវិហារ រួម​ទាំង​តំបន់​ថ្មដា និង​អូរ​ភ្លុក​ដំរី នៅ​ខេត្ត​ពោធិ៍សាត់ ជាដើម។

ទាក់ទង​នឹង​បញ្ហា​នេះ ព្រះចៅ​អធិការ​វត្ត​ជោគជ័យ ស្ថិត​នៅ​ឃុំ​អូរបីជាន់ ព្រះភិក្ខុ ឡុច សុធា ឲ្យ​ដឹង​ថា ចាប់តាំងពី​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​ទឹកដី និង​វាយ​កម្ទេច​ចោល​វត្ត​អារាម ផ្ទះសម្បែង របស់​ប្រជាពលរដ្ឋ​ក្រោយ​បទ​ឈប់​បាញ់​មក មិនទាន់​ឃើញ​សារព័ត៌មាន​ធំៗ​នៅក្នុង​ស្រុក​ចុះ​យក​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ករណី​នេះ​ឡើយ​។ លើស​ពី​នោះ អាជ្ញាធរ​ក៏បាន​ហាមឃាត់ អ្នកកាសែត និង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​តំបន់​យោធា​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ឡើយ ដោយ​លើ​ហេតុផល​ការពារ​សុវត្ថិភាព​ពលរដ្ឋ។

ព្រះភិក្ខុ ឡុច សុធា៖ «ឈឺចាប់​វា​ហួស​ពី​ការឈឺចាប់ ពីព្រោះ​យើង​បាត់បង់​វត្ត បាត់បង់​ផ្ទះសម្បែង ដែល​ប្រជាពលរដ្ឋ​ធ្លាប់​រស់នៅ មាន​អារម្មណ៍​ឈឺចាប់​ដូច​តែ​គ្នា​ម្នាក់ៗ សោកស្ដាយ​វត្ត​អារាម​ខំ​កសាង​ជាច្រើន​ឆ្នាំ​មក កសាង​កុដិ កសាង​សាលា បាន​ចាក់​ដី មិន​ងាយ​ឯណា នៅ​សុខៗ​គេ​មក​ព័ទ្ធ​យក គេ​មក​ដេញ​យើង​ចេញ វា​ឈឺចាប់ កាលៈទេសៈ​អ៊ីចឹង​ហើយ​មិនដឹង​ដោះស្រាយ​យ៉ាងណា​យើង​មាន​នៅតែ​ស្ងៀម ចាំ​មើល​ថ្នាក់​ដឹង​នាំ​គាត់​ដោះស្រាយ»។

ក្រៅ​ពី​នេះ ពលរដ្ឋ​ដែល​រងគ្រោះ​បាត់បង់​ដី និង​ផ្ទះសម្បែង​ខ្លះទៀត បង្ហាញ​ការឈឺចាប់​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​ពួកគាត់​មិន​អាច​វិល​ទៅ​រស់នៅ​ក្នុងផ្ទះ​វិញ ដោយសារ​យោធា​ថៃ វាយកម្ទេច និង​កំពុង​គ្រប់គ្រង​នោះ បែរ​ជា​អាជ្ញាធរ​ខ្មែរ តាម​គំរាមកំហែង​ពួកគាត់​មិន​ឲ្យ​និយាយ​អំពី​រឿង​នេះ​ឡើយ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កំពុង​ថ្នម​ស្ថានការណ៍។

ចំណែក ប្រធាន​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប វី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១ ខែមករា​ថា នៅ​កម្ពុជា​មិន​មាន​ច្បាប់​ហាមឃាត់ ឬ​ចាត់ទុក​ការ​រាយការណ៍​របស់​អ្នកសារព័ត៌មាន ជា​បទ​លើស​នោះ​ទេ ហើយ​គ្រប់​សារព័ត៌មាន​ទាំងអស់ គឺ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ពិត ទៅដល់​សាធារណជន​បានដឹង។

លោក ណុប វី៖ «​សេចក្ដីរាយការណ៍ បញ្ហា​ទាំងអស់​នេះ​សុទ្ធតែ​អាច​ធ្វើ​សេចក្ដីរាយការណ៍​បាន ក៏ដូចជា​នៅក្នុង​ករណី​ដែល​ការ​រាយការណ៍ ឬក៏​សកម្មភាព​ណាមួយ ដែល​មិន​មាន​ចែក​អំពី​បទល្មើស​ទេ ដូច្នេះ​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើ​សេចក្ដីរាយការណ៍ និង​ថតរូប​ភាព​ទាំងអស់​នេះ ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​បាន»។

លោក ណុប វី លើកឡើង​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែបើ​ចំហ​សិទ្ធិ​សេរីភាព និង​ជួយ​សម្របសម្រួល​ឲ្យ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចុះទៅ​តំបន់​រងគ្រោះ ដើម្បី​ឲ្យ​ទីភ្នាក់ងារ​ធំៗ​ទាំងនោះ ជួយ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ