អគារ​កាស៊ីណូ​ធំៗ​ក្នុង​ខេត្ត​ព្រះសីហនុ​រង​ការ​ចោទប្រកាន់​ថា នៅតែ​មាន​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
46
ទិដ្ឋភាពសមត្ថកិច្ច​បង្ក្រាបឧក្រិដ្ឋជនអនឡាញ (Online Scam) នៅ​កម្ពុជា។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពសមត្ថកិច្ច​បង្ក្រាបឧក្រិដ្ឋជនអនឡាញ (Online Scam) នៅ​កម្ពុជា។ រូប៖ បណ្ដាញសង្គម

អគារ​កាស៊ីណូ​ធំៗ និង​អគារ​ពាណិជ្ជកម្ម​ខ្ពស់​ស្កឹមស្កៃ​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេ​សង្ស័យ​ថា នៅតែ​មានការ​បង្កប់ និង​បង្ខាំង​ជនបរទេស​បង្ខំ​ឱ្យធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។ ទន្ទឹម​គ្នា​នេះ អគារ​កាស៊ីណូ​ដែល​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ភាគច្រើន​គឺជា​កម្មសិទ្ធិ​របស់​អ្នកជំនួញ​ជនជាតិ​ចិន​ដែល​មាន​ឈ្មោះ​ជា​ឧក្រិដ្ឋជន និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមគ្រួសារ​ត្រកូល «​ហ៊ុន​»​។ ពលរដ្ឋ​ស្នើ​ឱ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ​នៅ​តាម​អគារ​ធំៗ​ទាំងនោះ និង​ទាមទារ​ឱ្យ​មាន​ការ​ចុះ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្រុងព្រះសីហនុ​លើកឡើង ថា អគារ​ធំៗ​មួយចំនួន រួម ទាំង​សណ្ឋាគារ កាស៊ីណូ និង​មជ្ឈមណ្ឌល​កម្សាន្ត​ច្រើន​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​នៅតែ​បើក​ដំណើរការ​យ៉ាង​អាថ៌កំបាំង ព្រមទាំង​មាន​ក្រុម​កម្លាំង​សន្តិសុខ​យាម​ការពារ​យ៉ាង​តឹងរ៉ឹង​។ លើស​ពី​នេះ​ទៀត ពលរដ្ឋ ឬ​អ្នកកាសែត​ដែល​ហ៊ាន​ទៅ​ថតរូប​ភាព​នៅ​តំបន់​បរិវេណ​នៃ​អគារ​គឺ​តែង​ត្រូវ​បាន​កង​ឆ្មាំ​សន្តិសុខ​គំរាមកំហែង និង​បង្ខំ​ឱ្យ​លុប​រូបភាព។

បុគ្គលិក​កាស៊ីណូ​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ថ្លែង​សុំ​លាក់​អត្តសញ្ញាណ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ហាក់​ធ្វើឡើង​ដោយ​ច្បោលៗ ឬ​ដោយ​ដុំៗ​នៅ​តាម​ទីតាំង​កន្លែង​ណា​ដែល​រង​ការរិះគន់​ខ្លាំង​ទើប​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​បង្ហាញ​ពី​ការ​ឃាត់ខ្លួន​ជនបរទេស ប៉ុន្តែ​នៅ​តាម​អគារ​កាស៊ីណូ​ជាច្រើន​ទៀត​នៅតែ​មានការ​បង្កប់ និង​បង្ខាំង​ជនបរទេស ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ។

ទោះជា​យ៉ាងណា បុគ្គលិក​រូប​នេះ​បញ្ជាក់​ថា បុគ្គលិក​នៅ​តាម​អគារ​កាស៊ីណូ និង​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​លើ​វិស័យ​ឆបោក​តាម​អនឡាញ​ជាច្រើន​នាក់​កំពុង​ព្រួយបារម្ភ​ពី​ការបាត់បង់​ចំណូល និង​ប្រឈម​អត់​ការងារ​ធ្វើ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ចុះ​បង្ក្រាប​នៅ​តាម​អគារ​ឆបោក​តាម​អនឡាញ។

ពលរដ្ឋ​លាក់ឈ្មោះ៖ «នៅ​មាន​អន​ឡាញ (Online) តាស៎ ប៉ុន្តែ​គេ​អត់​ប្រាប់ថា ធ្វើ​នៅ​កន្លែង​ណា​ទេ​គេ​ស្ងាត់​ចង់​ងាប់​ហើយ​គេ​ខ្លាច​គេ​ចាប់។ នៅ​មាន​អនឡាញ​តែ​គេ​អត់ឱ្យ​បុគ្គលិក​ចេញ​ទេ អត់​មាន​អ្នកណា​ដឹង​ទេ​។ អ្នកខ្លះ​ថៅកែ​ឱ្យ​កុំព្យូទ័រ​បុគ្គលិក​មក​ធ្វើ​នៅ​បន្ទប់​នៅតែ​មាន​អ៊ីចឹង​អនឡាញ​គ្រាន់តែ​គេ​មិន​ឱ្យ​ដឹង។ របៀប​ថា គេ​មាន​ក្រុមហ៊ុន​ពីរ ក្រុមហ៊ុន​មួយ​គេ​បំបែក​គ្នា​ទៅ​នេះ​ទៅនោះ​ខ្លះ​អ៊ីចឹង​។ គេ​បើក​វិញ​តាស៎​ប៉ុន្តែ​គេ​អត់ឱ្យ​យើង​ដឹង​ទេ​គេ​ខ្លាច​ចាប់​ទៀត គេ​បើក​ខ្លះៗ​ហើយ ទល់​តែ​សភាពការណ៍​ស្ងប់ស្ងាត់​អី​ទើប​គេ​រើស​មនុស្ស​ពេញលេញ​ដូច​លើក​មុន​វិញ»។

ចំណែក ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ថា នៅ​តាម​អគារ​កាស៊ីណូ និង​អគារ​ពាណិជ្ជកម្ម​ធំៗ​មួយចំនួន​នៅតែ​មានការ​បង្កប់​អំពើ​ឆបោក​តាម​អន​ឡាញ និង​មាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ដូចជា ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន និង​ចិន ជាដើម​ត្រូវ​បាន​ថៅកែ​ចិន​បង្ខាំង ដើម្បី​ឱ្យ​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។ ពលរដ្ឋ​រូប​នេះ​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រោយ​សមត្ថកិច្ច​ចុះ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​គឺ​ថៅកែ​ចិន​បាន​កាត់បន្ថយ​ចំនួន​បុគ្គលិក និង​ប្រមូល​ជនបរទេស​ណា​ដែល​ពូកែ​ឆបោក ដើម្បីអោយ​បន្ត​ធ្វើ​ការ​។ ពលរដ្ឋ​រូប​នេះ​ស្នើ​ដល់​សមត្ថកិច្ច​ចុះ​ពិនិត្យ​តាម​ទីតាំង​អគារ​កាស៊ីណូ និង​តំបន់​អគារ​ពាណិជ្ជកម្ម​ខ្ពស់ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

ពលរដ្ឋ​ថ្លែងលាក់ឈ្មោះ៖ «​ខ្ញុំ​មើលទៅ​ដូចជា​គេ​បង្ក្រាប​ដែរ​តែ​បង្ក្រាប​ដូចជា​អត់​ស្អាត​មាន​កន្លែង​ខ្លះ​នៅ​លួច​បើក កន្លែង​ខ្លះ​ខ្សែ​ធំ​គេ​លួច​បើក​។ ពេល​ផ្អើល​មួយ​ឆួល​គេ​គេ​ចុះ​ចាប់ អ៊ីចឹង​គេ​លួច​បើក​គេ​លួច​បើក​វិញ​ពី​មនុស្ស ៣​រយ​នាក់​បន្ថយ​មក​ត្រឹម ១​រយ ៥០​នាក់​គេ​ជម្រើស​អ្នក​ដែល​ពូកែ​រក​ភ្ញៀវ​គេ​យក​ធ្វើការ​បន្ត​ទៀត​។ សន្តិសុខ​គេ​នៅ​មាន​នៅ​មើល​ខាងក្រោម​គេ​អត់​អាច​ឱ្យ​អ្នក​ដែល​ចម្លែក​មុខ​ចូល​ធ្វើការ​ទេ​។ យើង​មុននឹង​ចូល​ធ្វើ​ការ​គេ​មើល​ថា យើង​ជា​មនុស្ស​នៅក្នុង​ហ្នឹង​មែន​អត់ ដូច​ថា សន្តិសុខ​គេ​មាន​គ្រុប (Group Chat) ក្រុមហ៊ុន​គេ​ហើយ​មាន​គេ​ឃុំឃាំង ជនជាតិ​ចិន​ខ្លះ​ដែល​លួច​រត់ចេញ​ត្រូវ​គេ​វាយ»។

ទីតាំង​អគារ​ដែល​ប្រជាពលរដ្ឋ​សង្ស័យ​នៅ​មាន​បង្កប់​អំពើ​ឆបោក​តាម​អនឡាញ​នោះ​រួមមាន អគារ​ភ្លោះ​កម្ពស់ ១៨​ជាន់​ស្ថិតនៅ​ផ្លូវ​ឯករាជ្យ​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ និង​សណ្ឋាគារ​អន្តរជាតិ និង​កាស៊ីណូ សុង ហ៊ួ វ៉េ (Zhong HuaWei International Hotel & Casino) ស្ថិតនៅ​កណ្ដាល​ក្រុងព្រះសីហនុ​ជាដើម។ ពលរដ្ឋ​ជឿជាក់​ថា នៅ​តាម​អគារ​កាស៊ីណូ​ទាំងនេះ និង​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ផ្សេងទៀត​ក្រៅពី​មានការ​បង្កប់​អំពើ​ឆបោក​តាម​អនឡាញ​ក៏​មាន​បទល្មើស​ជាច្រើន​ទៀត​ដូចជា ការ​ជួញដូរ​មនុស្ស គ្រឿងញៀន អំពើ​ពេស្យាចារ និង​ល្បែងស៊ីសង​តាម​អនឡាញ ដោយសារតែ​នៅ​តាម​អគារ​នីមួយៗ​សុទ្ធ​តែ​មាន​ក្រុម​សន្តិសុខ​យាមកាម​យ៉ាង​តឹងរ៉ឹង ចំណែក​នៅ​តាម​របង​អគារ​ក៏​មាន​ព័ទ្ធ​ដោយ​លួស​បន្លា។

ក្រៅ​ពី​នេះ អគារ​មជ្ឈមណ្ឌល​កម្សាន្ត​នៃ​ក្រុមហ៊ុន ហ្គោលដិន សាន់ ស្កាយ (Golden Sun Sky Hotel & Casino) និង​តំបន់​អគារ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឆៃណាថោន (China Town) ជាច្រើន​ទៀត​របស់​មហាសេដ្ឋី​ខ្មែរ​ដើមកំណើត​ចិន​គឺ​លោក ដុង លីឆេង (Dong Lecheng) នៅតែ​រង​ការ​ចោទប្រកាន់​ថា បន្ត​បង្ខាំង​មនុស្ស​រាប់​សិប​នាក់​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ ហើយ​មកដល់ពេលនេះ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​នៅ​ឡើយ។

លោក ដុង លីឆេង គឺជា​អ្នកជំនួញ​ចិន​ម្នាក់​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​សម្បូរ​រឿងរ៉ាវ​អាស្រូវ​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម និង​អំពើ​លាងលុយកខ្វក់​។ លោក​ត្រូវ​បាន​តុលាការ​ចិន​កាត់ទោស​កាលពី​ឆ្នាំ​២០០៨ ពាក់ព័ន្ធ​នឹង​ការ​បើក​បន​ល្បែង​ខុសច្បាប់ និង​លាងលុយកខ្វក់ ប៉ុន្តែ​លោក​បាន​បង្វែរ​អាជីវកម្ម​មក​រក​ស៊ី​លើ​វិស័យ​កាស៊ីណូ​នេះ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣៦០​លាន​ដុល្លារ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១០​។ កាលពី​ឆ្នាំ​២០១៤ ឧក្រិដ្ឋជន​រូប​នេះ ក៏​បាន​ផ្ដល់​លុយ​មិន​ក្រោម ៥០​ម៉ឺន​ដុល្លារ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​។ លើស​ពី​នេះ ក្នុង​ឆ្នាំ​២០១៨ ឧក្រិដ្ឋជន ដុង លីឆេង ក៏​ត្រូវ​បាន​រាយការណ៍​ថា បាន​ផ្ដល់​យន្តហោះ​ឯកជន​ឱ្យ​លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​ជិះ​ទៅ​ប្រជុំ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក (US) ថែម​ទៀត​ផង​។ គម្រោង​អគារ​នៃ​ក្រុមហ៊ុន ហ្គោលដិន សាន់ ស្កាយ របស់​ឧក្រិដ្ឋជន ដុង លីឆេង ស្ថិតនៅ​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ក្នុង​ខេត្ត​ព្រះសីហនុ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស (UK) ដាក់​ទណ្ឌកម្ម​ចូលក្នុង​បញ្ជីខ្មៅ​កាលពី​ឆ្នាំ​២០២៣ ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ស រដ្ឋា និង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាល​គប្បី​យកចិត្ត​ទុកដាក់​ចំពោះ​ការ​រាយការណ៍​ពលរដ្ឋ និង​បោសសម្អាត​អំពើ​ឆបោក​តាម​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព ដោយសារតែ​ឧក្រិដ្ឋកម្ម​នេះ​បាន​បំផ្លាញ​ទាំង​មុខ​មាត់ និង​សេដ្ឋកិច្ច​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​ប្រកាស​ពី​ការ​ប្ដេជ្ញាចិត្ត​គឺជា​ការ​ល្អ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​ក្នុង​ការ​បោសសម្អាត និង​ចាប់​មេខ្លោង​ដែល​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​គឺជា​រឿង​សំខាន់​សម្រាប់​បង្ហាញ​ប្រាប់​អន្តរជាតិ និង​ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា។

លោក អំ សំអាត៖ «ដូច្នេះ នៅពេល​ទទួល​បាន​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លោក​ចូលរួម​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពី​ទីតាំង ឬ​កន្លែង​ណា​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​អនឡាញ​ស្កែម (Online Scam) អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ស្រាវជ្រាវ និង​ធ្វើការ​ស៊ើបអង្កេត និង​ចាត់វិធានការ​បង្ក្រាប​ទៅតាម​ផ្លូវច្បាប់​។ អ្វី​ដែល​សំខាន់​ធ្វើ​ម៉េច​កុំ​មានការ​ដាក់បន្ទុក​ទៅលើ​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​ពី​ទីតាំង​អនឡាញ​ស្កែម​ហ្នឹង​ពីព្រោះ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់ បើ​មានការ​ធ្វើ​ឱ្យ​គាត់​មានការ​ភ័យខ្លាច​គឺ​បាត់​ការចូលរួម​ពី​ពួកគាត់»។

លោក អំ សំអាត ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ឱកាស​ការងារ​ស្របច្បាប់ និង​មាន​ស្ថិរភាព​សម្រាប់​ប្រជាពលរដ្ឋ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អនឡាញ​អាច​ពួកគាត់​គ្មាន​ជម្រើស និង​មិនសូវ​ទទួល​បាន​ការអប់រំ​លើ​ការងារ​ដែល​ទទួល​បាន​ចំណូល​ខ្ពស់ តែ​ជា​ប្រភេទ​ការពារ​បែប​ឧក្រិដ្ឋកម្ម និង​ប្រឈម​គ្រោះថ្នាក់​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ទាមទារ​ដល់​រដ្ឋាភិបាល​បង្កើន​ការ​ផ្សព្វផ្សាយ និង​អប់រំ​សាធារណៈ ដើម្បី​បង្ការ​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​វិស័យ​ឆបោក​តាម​អនឡាញ ព្រោះ​អ្នក​ពាក់ព័ន្ធ​ប្រឈម​ហានិភ័យ​ផ្លូវច្បាប់ និង​បាត់បង់​ការងារ​ពេល​សមត្ថកិច្ច​បើក​យុទ្ធនាការ​បង្ក្រាប​ដូច​ពេល​បច្ចុប្បន្ន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ