នាយករដ្ឋមន្ត្រី​មាឡេស៊ី​ជំរុញ​ឱ្យ​ថៃ និង​កម្ពុជា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​ត្រឹម​ម៉ោង​១០​យប់​នេះ

0
114
ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅក្នុង​ការិយាល័យ​របស់​លោក។ រូប៖ ហ្វេសប៊ុក លោក Anwar Ibrahim
ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅក្នុង​ការិយាល័យ​របស់​លោក។ រូប៖ ហ្វេសប៊ុក លោក Anwar Ibrahim

ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ជំរុញ​ឱ្យ​ថៃ និង​កម្ពុជា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា នៅ​ត្រឹម​ម៉ោង ១០​យប់​នេះ ហើយ​អះអាង​ថា នឹង​ប្រើទិន្នន័យពី​រូបភាព​ផ្កាយ​រណប​តាម​សំណើ​កម្ពុជា។


លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅ​រសៀល​ថ្ងៃ​ទី១៣ ធ្នូ បន្ត​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រយុទ្ធ​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា ដោយ​មិន​ព្រម​ស្ដាប់​នូវ​អន្តរាគមន៍​បទ​ឈប់​បាញ់​របស់​ប្រធានាធិបតី​អាមេរិក។ លោក​បន្ត​ថា លោក​នឹង​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ ដោយ​ត្រូវ​បង្ហាញ​រូបភាព​ពី​ផ្កាយ​រណប ដើម្បី​ពន្យល់​អំពី​ស្ថានភាព​ជាក់ស្តែង ក្រោយបទឈប់បាញ់​ចាប់ពី​យប់​នេះ​តទៅ រួម​ទាំង​ជំហរ​របស់​ភាគី​ទាំងពីរ និង​ការ​ទទួលខុសត្រូវ ការ​កសាង​ទំនុកចិត្ត និង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។


លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្ត​ថា ដើម្បី​គាំទ្រ​​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​លើក​កម្ពស់​តម្លាភាព ​លោក​បាន​ស្នើសុំ​​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​អគ្គមេបញ្ជាការ​កងកម្លាំង​ការពារ​ជាតិ​ម៉ាឡេស៊ី ដើម្បី​តាមដាន​ការ​វិវឌ្ឍ​នៅ​នឹង​កន្លែង។


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ព្រឹក​នេះ​បាន​ស្នើ​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី ជ្រើសរើស​វិធានការ​តាមដាន​តាម​ផ្កាយ​រណប​ប្រកប​ដោយ​តម្លាភាព ដើម្បី​ឱ្យ​ប្រាកដ​ថា ប្រទេស​ណា​​បាន​វាយ​ប្រហារ​មុន កាល​ពី​ថ្ងៃ​ទី៧ ធ្នូ កន្លង​ទៅ។


លោក ហ៊ុន ម៉ាណែត ផ្តល់​យោបល់​ថា កងទ័ព ឬ​ស្ថាប័ន​ជំនាញ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ាឡេស៊ី អាច​ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន​របស់​ពួកគេ ដូចជា​រូបភាព​ផ្កាយរណប​ដែល​បាន​ថត​អំឡុង​ពេលនោះ និង​ក្រោយ​ពេលនោះ​រយៈពេល ២៤ ម៉ោង ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ភាគី​ណា​បាញ់​មុន។
លោក​បន្ថែម​ថា វិធីសាស្ត្រ​នេះ​អាច​ជា​វិធីសាស្ត្រ​ងាយស្រួល និង​មាន​តម្លាភាព​បំផុត ក្នុង​ការ​ផ្ទៀងផ្ទាត់​ហេតុការណ៍​នេះ ហើយ​កម្ពុជា​ត្រៀមខ្លួន​សហការ ក្នុង​ករណី​មាន​តម្រូវការ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ