សាច់ញាតិ​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ព័ត៌មាន​ពី​កងទ័ព​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ថៃ

0
104
ពិធីបុណ្យសពទាហានដែលពលី​ដោយសារការពារ​ព្រំដែន ក្នុងជម្លោះឈ្លានពាន​របស់ថៃ នៅខែធ្នូ ២០២៥។ រូប៖ រដ្ឋបាលខេត្ត​ស្វាយរៀង
ពិធីបុណ្យសពទាហានដែលពលី​ដោយសារការពារ​ព្រំដែន ក្នុងជម្លោះឈ្លានពាន​របស់ថៃ នៅខែធ្នូ ២០២៥។ រូប៖ រដ្ឋបាលខេត្ត​ស្វាយរៀង

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ ជួយ​ផ្ដល់​ព័ត៌មាន​ដល់​គ្រួសារ ក្នុង​ករណី​កងទ័ព​ឈរជើង​នៅ​ជួរមុខ ពុំ​អាច​ទាក់ទង​មក​សាច់ញាតិ​បាន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​ក្រោយ​ពី​សង្គ្រាម​កម្ពុជា​-​ថៃ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។ ពួកគាត់​ថា ការ​ជូន​ដំណឹង​នេះ គឺជា​រឿង​ល្អ ដើម្បី​កុំឱ្យ​គ្រួសារ មានការ​ព្រួយបារម្ភ​ខ្លាំង​ពេក ខណៈ​ដែល​កងទ័ព​ជួរមុខ​មួយ​ចំនួន ដែល​​គ្រួសារ​នៅ​ពុំ​អាច ទាក់ទង​បាន​នៅ​ឡើយ​មក​ទល់​ពេល​នេះ។

បើ​ទោះ​បី​ជា​សង្គ្រាម ត្រូវ​បាន​ផ្អាក​ ២​ថ្ងៃ​មកហើយ​ក្ដី កងទ័ព​ខ្មែរ​ខ្លះ នៅតែ​ពុំ​ទាន់​អាច​ទាក់ទង​មក​គ្រួសារ​បាន​នៅឡើយ ករណីនេះ​បណ្ដាល​ឱ្យ​ពួកគាត់​ព្រួយបារម្ភ​ជា​ខ្លាំង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ថា ក្នុង​សង្គ្រាម​កម្ពុជា​-​ថៃ​នេះ គេ​សង្កេត​ឃើញ​ថា ព័ត៌មាន​មិន​ពិត និង​ក្លែងក្លាយ​ជាច្រើន​ត្រូវ​បាន​គេ​យក​មក​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ខណៈ​កងទ័ព​ខ្មែរ ខ្លះ ពុំ​ទាន់​បាន​ពលី​នៅឡើយ ក៏​ត្រូវ​បាន​គេ​យក​មក​ចែក​ចាយ​ថា បាន​ស្លាប់​ហើយ ករណីនេះ​បាន​បង្ក​ផល​ប៉ះពាល់​ផ្លូវចិត្ត​ជា​ខ្លាំង​ដល់​គ្រួសារ។ លោក​ថា សាច់​ញាតិ​ខ្លះ នៅតែ​ពិបាក​ទាក់ទង ទាហាន ជួរមុខ បើ​ទោះ​ជា​សង្គ្រាម​កម្ពុជា​-​ថៃ បាន​ស្ងប់ស្ងាត់​ហើយ​ក្ដី ខណៈ​គ្រួសារ​ខ្លះ បាន​បង្ហោះ​ស្វែងរក កងទ័ព​ដែល​បាត់​ខ្លួន នៅ​លើ​បណ្ដាញ​សង្គម ដោយ​សង្ឃឹម​ថា នឹង​អាច​ទទួល​បាន​ដំណឹង​ខ្លះ។

លោក​បន្ត​ថា អាជ្ញាធរ ឬ​អង្គភាព​ពាក់ព័ន្ធ គួរតែ​ជូនដំណឹង​មកកាន់​គ្រួសារ​ឱ្យ​បាន​ដឹង​ខ្លះ ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​កងទ័ព​ទាំងនោះ ដើម្បី​កុំឱ្យ​គ្រួសារ​មានការ​ព្រួយបារម្ភ ។ លោក​ថា សង្គ្រាម​កម្ពុជា​-​ថៃ​នេះ ពុំ​មែន​ត្រឹមតែ​ជា សង្គ្រាម​ឈ្លានពាន​ទឹកដី​របស់​យោធា​ថៃ​នោះ​ទេ គឺជា​សង្គ្រាមចិត្តសាស្ត្រ តាមរយៈ​ផ្សព្វផ្សាយ ព័ត៌មាន​នានា​ផង​ដែរ ដូច្នេះ ត្រូវ​ឱ្យ​អាជ្ញាធរ​ជូនដំណឹង​ការពិត​ដល់​សាធារណជន។

លោក ប៉ោ មករា៖ «ឱ្យ​ពួកគាត់​ជឿជាក់​ថា តើ​សាច់ញាតិ​របស់​គាត់​ដែល​នៅ​ជួរមុខ តើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា។ ចំណុច​នេះ​យើង​ត្រូវធ្វើ​ដើម្បី​ឱ្យ​ផ្លូវចិត្ត​របស់​ពួកគាត់​មាន​ភាពរឹងមាំ និង​ឱ្យ​ច្បាស់​ជាមួយនឹង​រដ្ឋាភិបាល​។ អ៊ីចឹង​ខ្ញុំ​គិតថា ព័ត៌មាន​ច្បាស់ ហើយ​ព័ត៌មាន​កៀក​ចិត្តថ្លើម​គ្នា​ទៅវិញទៅមក ជា​ចំណុច​មួយ​ក្នុង​ការ​ទប់​ការឈ្លានពាន​មួយ​របស់​ថៃ​ដែរ​។ បច្ចុប្បន្ន​នេះ មិនមែន​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង បាញ់​គ្នា​បែប​បុរាណ​ទេ ប៉ុន្តែ​វា​ជា​សង្គ្រាមចិត្តសាស្ត្រ​ផង»។

ការ​លើកឡើង​នេះ ក្រោយពី​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា បទ​ឈប់​បាញ់​រយៈពេល ៧២​ម៉ោង ចាប់ពី​ថ្ងៃទី​២៧ ខែធ្នូ ។ ទន្ទឹមគ្នា​នោះ រយៈពេល​ពីរ​ថ្ងៃ​មក​នេះ គេ​នៅ​ពុំ​ទាន់​ឃើញ​ក្រសួង និង​អាជ្ញាធរ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​ថា​តើ កងទ័ព​កម្ពុជា​ប៉ុន្មាន​នាក់​បាន​ពលី និង​ប៉ុន្មាន​នាក់ ដែល​កំពុង​តែ រង​បួស​ធ្ងន់ និង​ស្រាល ដើម្បី​ឱ្យ​សាធារណជន​បាន​ដឹង ខណៈ​សាច់ញាតិ ខ្លះ​ព្រួយបារម្ភ ព្រោះ​ពុំ​អាច​ទាក់ទង​កងទ័ព​ជា​សាច់ញាតិ​បាន​នៅឡើយ។

ជាក់ស្ដែង អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ម្នាក់​ឈ្មោះ ជីន សុខចម្រើន (Chin Sok Chamroeun) បាន​បង្ហោះ​សារ​នៅ​លើ គណនី​ហ្វេសប៊ុក នៅ​ថ្ងៃទី​២៩ ខែធ្នូ ដោយ​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឱ្យ​ជួយ​រក​កងទ័ព​ជួរមុខ ដែល​ឈរជើង​នៅ​លើ​ភ្នំ​អានសេះ ឈ្មោះ ថុង សុផាន់ណូ ដែល​បាន​បាត់​ដំណឹង ចាប់តាំងពី​ថ្ងៃទី​១២ ខែ​ធ្នូ ។ ករណីនេះ​ធ្វើ​ឱ្យ​គ្រួសារ​ព្រួយបារម្ភ​ជា​ខ្លាំង។

ចំណែក វីរកងទ័ព ម្នាក់ទៀត ឈ្មោះ យ៉េន ថា ដែល​ឈរជើង​ការពារ​នៅ​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ស្រុក​អូរជ្រៅ ក៏​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​បាន​បាត់​ដំណឹង​ចំនួន ៥​ថ្ងៃ​មក​ហើយ ពុំ​ទាន់​ឃើញ​ទាក់ទង​ទៅ​គ្រួសារ​នោះ​ឡើយ ខណៈ គ្រួសារ​កំពុងតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ រីឯ ហ្វេសប៊ុក​ម្នាក់ទៀត​ឈ្មោះ សុខលី ផល (Sokly pal) ក៏បាន​បង្ហោះ​នៅ​ថ្ងៃ​ដដែល​នេះ​ថា ក្នុងនាម លោក​ជា​ឪពុក និង​ជា​ម្ដាយ​បង្កើត របស់​កងទ័ព ឈ្មោះ ភី សុខនី ដែល​ឈរជើង​ការពារ​នៅ​ភ្នំ​ទ្រព្យ សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ ឱ្យ​ជួយ​ស្វែងរក​ដំណឹង កូន​ដែល​បាន​បាត់​ដំណឹង​តាំងពី​ថ្ងៃទី​៧ ខែធ្នូ អំឡុង​ពេល​កម្ពុជា​-​ថៃ ផ្ទុះ​សង្គ្រាម​លើក​ទី​២​មក​ម្ល៉េះ។

ជាមួយគ្នា​នោះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ជាច្រើន​ទៀត បាន​បញ្ចេញមតិ​ថា កងទ័ព​ដែល​បាត់​ខ្លួន ហើយ​សាច់ញាតិ នៅ​ពុំ​ទាន់​អាច​ទាក់ទង​បាន​នោះ មាន​ច្រើន​នាក់​ទៀត ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​និយាយ។ ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ដំណឹង​មក​គ្រួសារ បើ​ទោះ​ជា​កងទ័ព​ទាំងនោះ នៅ​មាន​ជីវិត ឬ​ពលី ហើយ​ក្ដី គឺ​ត្រូវតែ​ជូនដំណឹង​ជា​ជាង​បិទបាំង​ព័ត៌មាន។

ជាមួយនឹង​ក្ដី​ព្រួយបារម្ភ​នេះ គេ​សង្កេត​ឃើញ​ថា បណ្ដាញ​សារព័ត៌មាន​ថៃ​ខ្លះ បាន​ផ្សព្វផ្សាយ​រូបភាព កងទ័ព​ខ្មែរ​ដេក​ស្លាប់​នៅ​តាម​ទីតាំង​ដែល​ពួក​យោធា​ថៃ បាន​រំលោភ​យក ក្នុង​អំឡុង​ពេល​សង្គ្រាម​២១​ថ្ងៃ​មកនេះ​។ ពួកគេ​លើកឡើង​ថា សាកសព​ទាហាន​ខ្មែរ​ទាំងនោះ បាន​ដេក​ស្លាប់ ដោយ​ពុំ​ឃើញ ខាង​ភាគី​កម្ពុជា មក​យក​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយ​តប ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា កម្ពុជា​អាច​លាក់បាំង​អំពី​លេណដ្ឋាន​កងទ័ព ទីតាំង​យោធា និង​ព័ត៌មាន​រសើបៗ អំពី​កងទ័ព ដើម្បី​រក្សា​សុវត្ថិភាព​បាន ប៉ុន្តែ អាជ្ញាធរ ក៏​មិន​គួរ​លាក់បាំង​ព័ត៌មាន​អំពី​កងទ័ព​ស្លាប់ ឬ​រស់​ប្រាប់​ដល់​សាច់ញាតិ​នោះ​ដែរ ព្រោះថា ការ​ធ្វើ​សង្គ្រាម​តែងតែ​មាន​អ្នក​ស្លាប់ និង​របួស​ជា​រឿង​ធម្មតា​។ លោក​ថា ពេល​នេះ​រឿង​ដែល​សំខាន់​បំផុត​សម្រាប់​ជាតិ​នោះ គឺ​រដ្ឋាភិបាល​ត្រូវការ​ប្រឹងប្រែង​តស៊ូ ចរចា ជាមួយ​ថៃ គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ធ្វើ​យ៉ាងណា ប្រកាន់​ជំហរ​រឹងមាំ និង​ច្បាស់​លាស់ ក្នុង​ការ​ទាមទារ​យក​ដែន​អធិបតេយ្យ​កម្ពុជា​មកវិញ ដោយ​សន្តិវិធី។

លោក ម៉ែន ណាត៖ «យើង​ត្រូវ​ដឹង​មូល​ហេតុ​ដែល​ថៃ​ធ្វើសង្គ្រាម​នេះ គឺថា​មិន​ចង់ទៅ​តុលាការ ឡាអេ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ខ្មែរ។ រឿង​តែមួយ​នេះ​ទេ ហើយ​ថៃ​ប្រឆាំង​ជំទាស់​នឹង ផែនទី​សន្ធិសញ្ញា​បារាំង​សៀម អ៊ីចឹង​ទៅ​បាន​ថៃ បង្ក​លេស​ផ្សេងៗ ។ បង្កជម្លោះ​បង្កើត​សង្គ្រាម ជាមួយ​យើង។ អ៊ីចឹង យើង​ភាគី​ខ្មែរ​កុំ​ចាញ់​កលល្បិច​ថៃ»។

លោក ម៉ែន ណាត បន្ត​ករណី​ដែល​កម្ពុជា​មិនអាច​ដោះស្រាយ​ដោយ​សន្តិវិធី ជាមួយនឹង​យោធា​ថៃ កម្ពុជា ក៏​ត្រូវតែ​ត្រៀមខ្លួន ក្នុង​ការ​ប្រយុទ្ធ​ជា​លើក​ទី​៣ ដោយ​ភាព​ឈ្លាសវៃ និង​យុទ្ធសាស្ត្រ ច្បាស់លាស់។ ទន្ទឹមគ្នា​នោះ លោក​ថា ដើម្បី​ឱ្យ​កម្ពុជា​អាច ធ្វើសង្គ្រាម​ជាមួយ​ថៃ​បាន​យូរ និង​មាន​ប្រៀប​លើ​ការ​ចរចា​កាន់តែ មាន​ធ្ងន់​នោះ គឺ រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បង្រួបបង្រួម​ជាតិ តាមរយៈ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ តាមរយៈ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។

បន្ថែម​ពី​នោះ លោក​ថា កម្ពុជា​ត្រូវ​មាន​ភាព​ម៉ឺងម៉ាត់ និង​ក្លាហាន​ចំពោះមុខ​សាធារណជន បើ​ខុស​ថា​ខុស បើ​ត្រូវ​ថា ត្រូវ ហើយ​បើ​មាន​គ្រួសារ​ណា ពុំ​អាច​ទាក់ទង​សាច់ញាតិ ដែល​ជា​កងទ័ព ជួរមុខ​បាន ក្នុង​ដំណាក់កាល​ពេល​នេះ ត្រូវតែ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ជួយ​រក និង​ជូន​ដំណឹង​មក​គ្រួសារ​ភ្លាមៗ ដោយ​មិន​ត្រូវ​បិទបាំង​ព័ត៌មាន​នោះ​ទេ។ លោក​ថា ការ​បិទបាំង​ព័ត៌មាន និង​ការ​មិន​អើពើ ជាមួយ​នឹង​ពលរដ្ឋ​ខ្លួន ពុំ​មែន​ជា​ចំណុច​ល្អ របស់​មេដឹកនាំ​នោះ​ឡើយ ផ្ទុយទៅវិញ ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​ជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល ហើយ​ប្រទេសជាតិ នឹង​បន្ត​បែកបាក់​ផ្ទៃក្នុង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ